ចិននិងអង់គ្លេស​បាន​ព្រម​ព្រៀង​គ្នា​អភិវឌ្ឍន៍​ “ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ប្រកប​ដោយ​ស្ថិរ​ភាព និង​យូរ​អង្វែង”

ប្រទេស​ចិន និង​ចក្រ​ភព​អង់​គ្លេស បាន​ប្តេជ្ញា​ពង្រឹង​ការ​សន្ទនា និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី​​២៩ខែ​មករា ខណៈ​ដែល​មេដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា ដែល​ជា​សញ្ញា​នៃ​ភាព​កក់​ក្តៅ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។

ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យ​មាន “ជំពូក​ថ្មី” នៅ​ក្នុង​ទំនាក់​ទំនង ហើយ​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស លោក Keir Starmer បាន​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​បច្ចុប្បន្ន​ គឺ​ស្ថិត​ក្នុង “ស្ថាន​ភាព​ដ៏​រឹង​មាំ”។

បន្ទាប់មក លោក Starmer បានប្រកាសថា កិច្ចព្រមព្រៀងមួយចំនួនត្រូវបានសម្រេច​ជាមួយ​ទីក្រុង​ប៉េកាំង រួម​មាន​ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អង់​គ្លេស​ចូល​ប្រទេស​ចិន ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋា​ការ​ក្នុង​រយៈ​ពេល​រហូត​ដល់ ៣០​ថ្ងៃ និង​កិច្ច​ព្រម​ព្រៀង​មួយ ដើម្បី​សិក្សា​ពីល​ទ្ធភាព​នៃ​ការ​ឈាន​ទៅ​រក​ការ​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​សេវា​កម្ម​ទ្វេ​ភាគី។

ចក្រភព​អង់គ្លេស គឺជាប្រទេសនាំចេញសេវាកម្មធំជាងគេ​ទីពីរ​នៅ​លើ​ពិភព​លោក ហើយ​តម្រូវ​ការ​ពី​ប្រទេស​ចិន​នៅ​ក្នុង​វិស័យ​នេះ កំពុង​តែ​មាន​ការ​កើន​ឡើង។ ភាព​ជា​ដៃ​គូ​ផ្នែក​សេវា​កម្ម​នេះ អាច​នឹង​ជួយ​សម្រួល​ដល់​ក្រុម​ហ៊ុន​អង់​គ្លេស​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ចិន​ឱ្យកា​ន់​តែ​ងាយ​ស្រួល​ជាង​មុន។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅវិមាន Great Hall of the People លោក Xi និង​លោក Starmer បាន​ព្រម​ព្រៀង​គ្នាក្នុ​ង​ការ​អភិវឌ្ឍន៍​ “ភាព​ជា​ដៃ​គូយុ​ទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ប្រកប​ដោយ​ស្ថិរភាព និង​យូរ​អង្វែង” នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​រដ្ឋ Xinhua។

បន្ថែមពីនេះ លោក Xi បានជំរុញឱ្យប្រទេសទាំង​ពីរ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ជា​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំៗ បង្កើន​កិច្ច​សហ​ការ​ដើម្បី​ការ​ពារ​សន្តិ​ភាព និង​ស្ថិរភាព​ពិភព​លោក។

លោកបានមានប្រសាសន៍ថា៖ «ប្រទេសចិនមានឆន្ទៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​ចក្រ​ភព​អង់​គ្លេស ដើម្បី​ប្រកាន់​ខ្ជាប់​នូវ​ទស្សន​វិស័យ​ប្រវត្តិ​សាស្ត្រ​ដ៏ទូលំ​ទូលាយ ងើប​ឱ្យ​ផុត​ពី​ការខ្វែង​គំនិត​គ្នា គោរព​គ្នា​ទៅ​វិញ​ទៅ​មក… បើ​ក​ទំព័រ​ថ្មី​មួយ​ក្នុង​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ចិន និង​អង់​គ្លេស ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ទាំង​ពីរ និង​​ពិភព​​លោក»។

លោក Xi បានបញ្ជាក់ថា ទំនុកចិត្តគ្នាទៅវិញទៅមកគួរតែជាគ្រឹះនៃទំនាក់​ទំនង ដោយ​លោកបាន​បន្ថែម​ថា៖ «មិន​ថា​​ប្រទេស​​ចិន​​អភិវឌ្ឍន៍​ និង​រីក​ចម្រើន​ខ្លាំង​កម្រិត​ណា​នោះ​ទេ វា​នឹង​មិន​បង្ក​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស​ដទៃ​ឡើយ»។

លោក Starmer ដែលបានចាប់ផ្ដើមដំណើរកម្សាន្តរយៈ​ពេលបួន​ថ្ងៃ​ ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៨ខែ​មករា គឺ​ជា​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ដំបូង​គេ ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច ចាប់​តាំង​ពី​លោក​ស្រី Theresa May ក្នុង​ឆ្នាំ ២០១៨។

លោក​កំពុងស្ថិតក្នុងបេសកកម្ម ដើម្បីជួសជុលទំនាក់ទំនងរបស់ប្រទេសលោក​ជាមួយ​ទីក្រុង​ប៉េកាំង បន្ទាប់​ពី​ទំនាក់​​ទំនង​​បាន​ល្អក់​កករ ក្រោម​ការ​ដឹក​នាំរ​បស់​គណបក្ស​អភិរក្ស ទោះ​បី​ជាមា​ន​ការ​ខិត​ខំ​ប្រឹង​ប្រែង​នាពេ​ល​កន្លង​​មក ក្នុង​ការ​បង្កើត “យុគស​ម័យ​មាស” នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពី​រ​ក៏ដោយ។

លោកក៏បានមកបំពេញទស្សនកិច្ចក្នុ​ងពេលដែលបណ្តាប្រទេសសេដ្ឋកិច្ចលោកខាងលិច កំពុងព្យាយាមស្វែងរកផ្លូវក្នុង​បរិយាកាសអន្តរជាតិ​ដែលកាន់តែមានភាពតានតឹង ក៏ដូចជាភាពមិនច្បាស់លាស់នៃសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump។

របាយការណ៍របស់ Xinhua មិនបានលើកឡើងចំៗពីសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែបានបញ្ជាក់ថា លោក Xi បានព្រមាន​អំពីគ្រោះថ្នាក់នៃការកើនឡើងនៃលទ្ធិឯកតោភាគីនិយម លទ្ធិគាំពារនិយម និងនយោបាយប្រើអំណាច — ដែល​ជាភាសាដែលប្រទេសចិនតែងតែប្រើ ដើម្បីសំដៅលើសកម្មភាពរបស់រដ្ឋបាលលោក Trump រួមទាំងការដំឡើង​ពន្ធ​យ៉ាង​គំហុក និងការវាយប្រហារលើប្រទេសវេណេស៊ុយអេឡានាពេលថ្មីៗនេះ។

លោកមានប្រសាសន៍ថា៖ «ច្បាប់អន្តរជាតិមានប្រសិទ្ធភាពពិតប្រាកដ លុះត្រាតែគ្រប់ប្រទេសទាំងអស់គោរពតាម ហើយជាពិសេសមហាអំណាចត្រូវតែធ្វើជាអ្នកដឹកនាំ។ បើមិនដូច្នោះទេ យើងនឹងធាក់ថយក្រោយទៅរកពិភព​លោក​​ដែល​ដូច​ជា​ព្រៃផ្សៃ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ