ក្រុម​ឧក្រិដ្ឋ​ជន​ប្រើ​ប្រាស់​យុវជន​ខ្មែរ​ជំនួស​កម្លាំង​បរទេស​ ដើម្បី​ប្រតិ​បត្តិការ​​ឆបោក​អន​ឡាញ

ខេត្តព្រះសីហនុ— បណ្តាញ​ឧក្រិដ្ឋ​ជន​​ដែ​ល​នៅ​ពី​ក្រោយ​ឧស្សាហ​កម្ម​ឆបោក​អន​ឡាញ​នៅ​កម្ពុជា ​បាន​​ប្ដូរ​ទិស​ដៅ​មក​ជ្រើស​​រើស​​យុវជន​ខ្មែរ ជំនួស​ការ​ពឹង​ផ្អែក​លើ​ពលករ​បរទេស ដោយ​សារ​តែ​ការ​បង្ក្រាប​កាន់​តែ​តឹង​រ៉ឹង​​​ពី​សំណាក់​អាជ្ញាធរ​​​កម្ពុជា និង​ដោយ​សារ​​តែ​​ភាព​មិន​ប្រាកដ​ប្រជា​នៃ​អំពើ​ឆបោក​ជា​សាកល​នេះ ក្រោយ​មាន​សម្ពាធ​កាន់​តែ​ខ្លាំង។

ភាព​មិន​ប្រាកដ​ប្រជា​នេះ រួម​មាន​ទាំង​​ការ​​ចាប់​ខ្លួនជ​នជា​តិ​ចិន​ដែល​មាន​​​សញ្ជាតិ​ខ្មែរ ​លោក ចេន ហ្ស៊ី (Chen Zhi) កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២៦ ដែល​អាជ្ញាធរ​អះ​អាង​ថា​មាន​ពាក់​ព័ន្ធ​នឹង​បណ្តាញ​ឆបោក​អន​ឡាញ​អន្តរ​ជាតិ​ទ្រង់​​ទ្រាយ​​ធំ និង​ការ​បង្រ្កាប​កាន់​តែ​ខ្លាំង​ឡើង ក្រោយ​ការ​ចាប់​ខ្លួន​លោក ចេន ហ្ស៊ី។

ការ​ជ្រើសរើសកម្មករខ្មែរ ត្រូវបានគេមើល​ថា​ជា​វិធី​មួយ ដើម្បី​បំពេញ​ការ​ខ្វះ​ខាត​កម្លាំង​ពលកម្ម និង​កាត់​បន្ថយ​ការ​ចាប់​អារម្មណ៍​ពី​អាជ្ញាធរ​ខ្មែរ​ ដែល​បាន​ចុះប​ង្រ្កាប​ទី​តាំង​​អគារ​​​ដែល​​មាន​​ជនប​រទេស​​​ច្រើន។

បើ​តាម​ការសម្ភាសន៍​កម្មករ​ខ្មែរ​​បច្ចុប្បន្ន និង​អតីត​កម្មករ ព្រម​ទាំង​ការ​សង្កេត​ផ្ទាល់​របស់​អ្នក​សារ​ព័ត៌​មាន​វីអូឌី នៅក្រុ​ង​ព្រះសី​ហនុ កាល​ពី​ខែវិ​ច្ឆិកា ឆ្នាំ​២០២៥ និង​កាល​ពី​ដើម​ខែម​ករា ឆ្នាំ​២០២៦ ទីតាំង​សំខាន់​មួយ​ត្រូវ​បាន​អ្នក​ក្នុង​តំបន់​ហៅ​ថា “អគារ​ភ្លោះ” (Twin Buildings) ជា​អគារ​ខ្ពស់ ២១​ជាន់ ស្ថិត​នៅ​តំបន់​China Town នៃក្រុ​ង​សីហនុ​ដែល​មាន​អគារ​ខ្ពស់ៗ​ជា​ច្រើន ត្រូវ​បាន​ប្រើ​ប្រាស់​​សម្រាប់​ប្រតិ​បត្តិ​ការ​ឆបោក​អន​ឡាញ ដោយ​ប្រើ​ប្រាស់​កម្លាំង​បរទេស និង​យុវជន​ខ្មែរ​ជា​ច្រើន​នាក់។

ទោះជាយ៉ា​ងណា​ ក្រោយ​ចាប់​ខ្លួន​លោក ចេន ហ្ស៊ី អាជ្ញាធរ​កម្ពុជា​​បាន​ចុះ​ទៅ​បង្រ្កាប​ទីតាំង​មួយ​ចំនួន​ក្នុង​តំបន់ China Town ក្នុង​ខេត្ត​ព្រះ​សីហនុ ក្នុង​នោះក៏​មាន​​អគារ​ភ្លោះផ​ង​ដែរ។ កាល​ពីថ្ងៃ​ទី​២​៣ ខែ​មករា ឆ្នាំ​២០២៦ អ្នក​យក​ព័ត៌​មាន​វីអូឌី​បាន​ចុះ​ទៅ​ដល់​ទីតាំង​អគារ​ភ្លោះ​សារ​ជា​ថ្មី ហើយ​​សង្កេត​ឃើញ​ថា​ស្ថាន​ភាព​ខាង​មុខ​អគារ​​​ប្រែ​ជា​ស្ងប់​ស្ងាត់ លែង​មាន​​កម្មករ​ខ្មែរ​ និង​បរទេស​មក​ធ្វើ​ការ​ដូច​មុន​ទៀត។ តូប​លក់​អីវ៉ាន់​នៅ​ក្បែរ​នោះ​​មួយ​ចំនួន ក៏​បិទ​ទ្វារ​ទាំង​ស្រុង​។ ខ្លោង​ទ្វារ​អគារ​​ក៏លែង​មាន​សន្តិសុ​ខ​យាម​កាម​ដូច​មុន។

ក្រោមលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព អ្នក​លក់​ភេសជ្ជៈ និង​អាហារ​នៅ​ក្បែរ​នោះ ប្រាប់​ថា អគារ​​​មួយ​​នេះ​​បាន​បិទ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៦ ហើយ​ថា​ ការ​បិទ​នេះ​បង្ក​ផល​ប៉ះ​ពាល់​ដល់​ការ​លក់​ដូរ​របស់​គាត់​យ៉ាង​ខ្លាំង​ផង​ដែរ។

អ្នក​លក់​ភេសជ្ជៈ​នោះ​ថ្លែង​ថា៖ «បិទ​អស់​ហើយ។ ឥឡូវ​លក់ រកទិញបាយហូបមិនបានផង»។

អគារ​ភ្លោះនេះ ត្រូវបានអាជ្ញាធរបង្រ្កាប ​កាលពីខែ​តុលា ឆ្នាំ​២០២៥ ហើយ​ជន​បរទេស​​ត្រូ​វ​បាន​រាយ​ការណ៍​ថា បាន​​​ចាក​ចេញ​ពី​អគារ​មួយ​នេះ។ ប៉ុន្តែ​មុន​ពេល​លោក ចេន ហ្ស៊ី ត្រូវ​បាន​ចាប់​ខ្លួន ប្រតិ​បត្តិ​ការ​ឆបោក​អន​ឡាញ​ចេញ​ពី​អគារ​​​ភ្លោះ​នោះ នៅ​តែ​អាច​ដំណើរ​​ការ​​បាន។ នេះ​ជា​ការ​លើក​ឡើង​របស់​​អ្ន​ក​លក់​ដូរ​មួយចំ​នួន​នៅ​ជិត​ទីតាំង​នោះ ប្រាប់​វីអូឌី ដោយ​ដោយ​សុំ​លាក់​អត្ត​សញ្ញាណ ដើម្បី​សុវត្ថិ​ភាព​ និង​​ក្នុង​ន័យ​​បញ្ចៀស​នូ​វ​​ផល​​ប៉ះ​​ពាល់​​ដល់​​ការ​​រក​ស៊ី​របស់​ពួក​គាត់​។

អ្នក​លក់​ភេសជ្ជៈ​ម្នាក់​នៅ​ជិត​អគារ​នោះ និយាយ​កាល​ពី​ខែដើ​ម​ខែ​មករា​ថា៖ «ឥឡូវ យើង​មិន​សូវ​ឃើញជ​ន​បរទេស​ដូច​មុន​ទេ ជាពិសេស​ជន​ជាតិ​ចិន។ ឥឡូវ​ភាគ​ច្រើន​គឺ​យុវជន​ខ្មែរ ជា​ពិសេស​ក្មេង​ស្រី វ័យ​ក្មេងៗ ដែល​ធ្វើការ​នៅ​ក្នុង​អគារ»។

អ្នកលក់ដូរ និងអ្នកបើកកង់បី​ដែលធ្វើការនៅជុំវិញអគារ​នោះ និយាយ​ថា ការ​ងារ​នៅ​ខាង​ក្នុង​ គឺ​ជា​“ការ​ងារ​អន​ឡាញ” ប៉ុន្តែ​មិន​មាន​​នរណា​ម្នាក់​អាច​ពន្យល់​បាន​ច្បាស់​ថា កំពុ​ង​ធ្វើ​អ្វី​នៅ​ខាង​ក្នុង​នោះ​ឡើយ ដែល​វា​បង្ហាញ​ពី​ភាព​សម្ងាត់​ខ្ពស់​នៃ​ប្រតិ​បត្តិ​ការ។

ក្នុង​ការ​ចុះ​ស្រាវ​ជ្រាវ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អ្នក​សារ​ព័ត៌​មាន​វីអូឌី បាន​ឃើញ​យុវជន​ខ្មែរ​រាប់​រយ​នាក់ កំពុង​ធ្វើកា​រ​ក្នុង​អគារ​ភ្លោះនេះ​។ កម្មករ​ខ្មែរ​មួយ​ចំនួន ​និយាយ​ថា ​ពួក​គេ​ត្រូវ​បាន​ផ្ដល់​ភារកិច្ច​នៅ​ផ្នែក “scripting” ដែល​មាន​តួនាទី​ផ្ញើ​សារ​ដែល​បាន​រៀប​ចំ​ជា​មុន ជា​ភាសា​បរទេស ដូច​ជា អ៊ីតាលី និង​អេស្ប៉ាញ ទៅ​កាន់​មនុស្ស​នៅ​ក្រៅ​ប្រទេស។

កម្មការិនីម្នាក់​ ​និយាយ​ថា នាង​ទទួល​បាន​ប្រាក់​ខែ​ ៦០០​ដុល្លារ ក្នុង​មួយ​ខែ មាន​កន្លែង​ស្នាក់​នៅ​ផ្តល់​ជូន និង​ធ្វើកា​រ ១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ចាប់​ពី​ម៉ោង ២រសៀល ដល់​ម៉ោង​២​យប់។

កញ្ញា​ប្រាប់​វីអូឌីថា​៖ «ខ្ញុំផ្ញើសារជាភាសាអេស្ប៉ាញ ដោយ​ប្រើកម្ម​វិធី​បក​ប្រែ។ ខ្ញុំ​មិន​ដឹង​ថា​បន្ទាប់​ពី​នោះ​មាន​​អ្វី​​កើត​​ឡើង​​ទេ។ ខ្ញុំ​គ្រាន់​តែ​ស្វែង​រក​អតិថិជន​ឲ្យ​ពួក​គេប៉ុ​ណ្ណោះ»។

កាល​ពី​ដើម​ខែម​ករា ឆ្នាំ​២០២៦ នារី​ពីរ​នាក់​ដែល​ទើប​បាន​ចូល​ធ្វើកា​រ​នៅ​អគារ​ភ្លោះ និយាយ​ថា​ពួក​គេ​ត្រូវ​បាន​បញ្ជា​ឲ្យ​ស្វែងរ​ក​អតិថិជន​នៅ “New Mexico” ឬ​ហៅ​ថា​ញូម៉ិក​ស៊ីកូ​ដែល​ជា​រដ្ឋ​មួយ​នៅ​សហរដ្ឋ​អាមេរិក។ ពួក​គេ​ប្រើប្រា​ស់​អ៊ីន​ធឺណិត ហើយ​ប្រើ​ប្រាស់​កម្មវិ​ធី​បក​ប្រែ​(Google Translate) ដើម្បី​ផ្ញើ​សារ។ ម្នាក់​ក្នុង​ចំណោម​ពួក​គេ និយាយ​ថា នាង​សម្រេច​ចិត្ត​ឈប់​ធ្វើ​ការ​ ព្រោះ​មិន​អាច​រក​អតិថិជន​បាន។

កញ្ញានិយាយថា៖ «ខ្ញុំសម្រេចចិត្តឈប់ ព្រោះខ្ញុំរកអតិថិជនឲ្យ​ពួក​គេ​មិន​បាន។ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ ព្រោះខ្ញុំ​​ខ្លាច»។

កម្មការិនីម្នាក់ទៀត​ដែលមានឈ្មោះ​ថា លក្ខណ៍ និយាយ​ថា នាង​ធ្វើកា​រ​នៅ​ទី​នោះ ត្រឹម​តែ​​៧ថ្ងៃ​ប៉ុណ្ណោះ។ ភារកិច្ច​របស់​នាង​គឺ “Adding contact” ដែល​មាន​ន័យ​ថា​​ ភ្ជាប់​ទំនាក់​ទំនង ដោយ​តាម​ដាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជា​​ជ​ន​ជាតិ​កូរ៉េ​ខាង​ត្បូង។ នាង​ទទួល​បាន​ប្រាក់​ខែ​៥០០ដុល្លារ ក្នុង​មួយ​ខែ ធ្វើ​កា​រ​១២​ម៉ោង ចាប់​ពី​ម៉ោង​៣រសៀល ដល់​ម៉ោង​៣ព្រឹក។

កញ្ញា លក្ខណ៍ និយាយថា៖ «ពេលដែលទាក់ទងជនជាតិកូរ៉េបានជោគ​ជ័យ អ្នក​​គ្រប់​គ្រង​ជន​ជាតិ​ចិន​នឹង​ទាក់​ទង​បន្ត​ទៀត»។ 

អ្នកសារព័ត៌មានវីអូឌី បានសម្ភាសន៍​កម្មករ​ខ្មែរ​មួយ​ចំនួន​ទៀត ដែល​បាន​ពិពណ៌នា​នូវ​ភារ​កិច្ច​របស់​ពួក​គេ​សុទ្ធ​តែ​ស្រដៀងៗ​គ្នា។ ពួក​គេ​និយាយ​ថា ការ​ងារ​របស់​ពួក​គេ​មាន​តែ​ការ​ភ្ជាប់​ទំនាក់​ទំនង ផ្ញើ​សារ​ទៅ​ជន​បរទេស ដោយ​ប្រើ​កម្មវិធី​បក​ប្រែ។

កម្មករម្នាក់ជាបុរសអាយុ១៩ឆ្នាំ និយាយ​ថា៖ «ពួក​គេ​ឲ្យ​បញ្ជី​ឈ្មោះ​មក​យើង ហើយ​ប្រាប់​ថា​មនុស្ស​ទាំង​នេះ​ស្ថិត​នៅ​អេស្ប៉ាញ និង​អ៊ីតាលី។ ខ្ញុំ​ផ្ញើសា​រ​ដោយ​ប្រើ​កម្ម​វិធី​បក​ប្រែ។ ពេល​មាន​អ្នក​ឆ្លើយ​តប ខ្ញុំ​គ្រាន់​តែ​បញ្ជូន​ទៅ​ឲ្យអ្ន​ក​គ្រប់​គ្រង»។

ចំណែក កម្មករស្រ្តីវ័យ២២ឆ្នាំម្នាក់ និយាយថា អ្នកគ្រប់គ្រងជនជាតិចិន​ជាអ្នក​សម្រេច​ចិត្ត​គ្រប់​យ៉ាង​ក្នុង​ការ​ជ្រើស​រើស​អតិថិជ​ន​ឲ្យក​ម្មករ​ខ្មែរ​ទាក់​ទង​ទៅ ដើម្បី​បោក​បញ្ឆោត​តាម​អន​ឡាញ។

កញ្ញានិយាយ​ថា៖ «ពួកគេប្រាប់ថាអតិថិជនស្ថិតនៅ​អឺរ៉ុប និង​កូរ៉េ​ខាង​ត្បូង។ យើង​មិន​ស្វែង​រក​ដោយ​ខ្លួន​ឯង​ទេ។ គណនី TikTok និ​ង​ស្គ្រីប ត្រូវ​បាន​ផ្តល់​ដោយ​អ្នក​គ្រប់​គ្រង​ជន​ជាតិ​ចិន»។

ទោះបី​ជាអ​គារ​ភ្លោះ​នេះ ធ្លាប់​ត្រូវ​បាន​វាយ​ឆ្មក់​ក៏​ដោយ ប្រតិ​បត្តិ​ការ​នៅ​តែ​បន្ត។ អគារ​នេះ មាន​ការ​យាម​កាម​​យ៉ា​ង​តឹង​រ៉ឹង ដោយ​មាន​អ្នក​សន្តិសុខ​ប្រមាណ​១០​នាក់ ឈរ​ការ​ពារ​​​នៅ​ច្រក​ទ្វារ​ចូល​អគារ។

កាលពីថ្ងៃទី២ ខែ​មករា ឆ្នាំ​២០២៦ អ្នកសារព័ត៌មានវីអូឌី​បាន​ឃើញ​រថយន្ត​ក្រុង​៤៥​កៅ​អី ដឹកកម្មករ​ពី​កន្លែង​ស្នាក់​នៅ​មក​ធ្វើ​ការ​នៅ​អគារ​ភ្លោះ​នេះ។

អ្នកយកព័ត៌មានវីអូឌី បានសង្កេតឃើញ កម្មករខ្មែរ​និង​បរទេស​​ចេ​ញ​ចូល​អគារ​ភ្លោះ គ្រប់​ពេល​វេលា ទាំង​ថ្ងៃ​ទាំង​យប់។ ក្នុង​នោះ អ្នក​សារ​ព័ត៌​មាន​បាន​កត់​ត្រា​ការ​ប្តូរ​វេន​ការ​ងារ​របស់​កម្មករ​ជា​​បន្ត​បន្ទាប់។ កម្មករ​ខ្លះម​ក​កន្លែង​ការ​ងារ ដោយ​​ដើរ ខ្លះ​ជិះ​ម៉ូតូ ខ្លះ​ជិះ​កង់​បី ឬ​តុក​តុក និង​កម្ម​ករ​ខ្លះ​ទៀត​ចេញ​ចូល​អគារ​ភ្លោះ​នោះ​ ដោយ​ជិះ​រថយន្ត​របស់​ក្រុម​ហ៊ុន។ ចំណែក​បុរស​ជា​​សន្តិសុខ​ជា​អ្នក​ផ្លុំ​កញ្ចែ ជូន​ដំណឹង​អំពី​ការ​ចូល​ចេញ​រថយន្ត ដើម្បី​សម្រួល​ចរាចរណ៍។

ទោះជាយប់ជ្រៅក៏ដោយ អាជីវកម្មជុំវិញនៅតែរវល់ ដោយបម្រើអាហារ ភេសជ្ជៈ និង​សម្ភារៈ​ចាំបា​ច់​ដល់​កម្មករ។ ព​ន្លឺ​ភ្លើង​នៅ​ក្នុង​បន្ទប់​ជា​ច្រើន​នៅ​តែ​ភ្លឺ​រហូត​ដល់​យប់​ជ្រៅ​ បង្ហាញ​ថា​សកម្ម​ភាព​នៅ​ខាង​ក្នុង​មិន​ឈប់​សម្រាក​ឡើយ។

បើមើលពីចំហៀង​អគារ​ភ្លោះដែ​ល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​ប្រាស់​នេះ គេ​ឃើញ​មាន​​កាស៊ី​ណូ​ឈ្មោះ “Forever Gold Casino” ប៉ុន្តែ​កាស៊ីណូមួ​យ​នេះ​​មិ​នដំ​ណើរ​ការ​ឡើយ។ ផ្លាកនេះ​ត្រូវ​បាន​គេមើ​ល​ថា ​ប្រើ​ដើម្បី​លាក់​បាំង​គោល​បំណង​ពិត​ប្រាកដ​នៃ​ប្រតិ​បត្តិ​ការ​បោក​ប្រាស់​ចេញ​ពី​អគារ​​ទាំ​ង​នេះ។ ប៉ុន្តែ​ឈ្មោះ​កាស៊ីណូ​ត្រូវ​បាន​បិទ​បាំង បន្ទាប់​ពី​អគារ​ភ្លោះ​ត្រូវ​បាន​បិទ​ទ្វារ។

វីអូឌី បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយ​ ពី​អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ តាម​ប្រព័ន្ធ​តេឡេក្រាមកា​ល​ពី​ថ្ងៃ​ទី២​២ ខែ​មករា ឆ្នាំ​២០២៦ ប៉ុន្តែ​យ៉ាង​ណា​ពុំ​ទទួល​ការ​ឆ្លើយ​តប​ឡើយ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ។

លោក Jacob Sims អ្នកជំនាញស្រាវជ្រាវអំពីឧស្សាហកម្មបោកប្រាស់​អន​ឡាញ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ថ្លែង​ថា ​កា​រ​ប្រើ​ប្រាស់​កម្លាំង​ក្នុង​ស្រុក ជា​ការ​បន្ថែម​​​ទៅ​លើ​កម្លាំង​បរទេស ខណៈ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ជាច្រើន​ ក្នុ​​ងឧ​ក្រិដ្ឋ​ក​ម្ម​​បោក​​ប្រាស់​​​កំពុង​កើត​ឡើង ដូច​ជា ការ​វាយ​ប្រហារ​របស់​ថៃ ទៅលើ​ទី​តាំង​ឆបោក​អន​ឡាញ​នៅ​តាម​ព្រំដែន ការ​ដាក់​ទណ្ឌ​កម្ម​ពី​សហរដ្ឋ​អាមេរិក និង​ប្រតិ​បត្តិ​ការ​អនុវត្ត​ច្បាប់​ដឹក​នាំ​ដោយ​អាជ្ញាធរ​​ចិន​​​ជាដើម។

បើតាមលោក Jacob Sims ការរកឃើញថា ឧក្រិដ្ឋជន​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ខ្មែរ «ពិត​ជា​ភស្តុ​តាង​ល្អមួ​យ» ដែល​បង្ហាញ​​ថា ​ការ​ជ្រើស​រើស​ការ​ងារ​ក្នុង​ស្រុក និង​ការ​ជួញ​ដូរ​មនុស្ស​កំពុង​កើន​ឡើង។

គួរបញ្ជាក់ថា ​ក្រោយការចាប់ខ្លួនលោក ចេន ហ្ស៊ី ទីតាំងប្រតិបត្តិ​ការ​ឆបោកអ​ន​ឡាញ​មួយ​ចំនួន​​ត្រូវ​បាន​ចុះ​បង្រ្កាប ដែល​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ទីតាំង​អន​ឡាញ​ផ្សេង​ទៀត។ ទីតាំង​ឆបោក​អន​ឡាញ​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បាន​ចាប់​ផ្តើម​ឲ្យ​កម្មករ​​បរទេស​ចាក​ចេញ​ ដោយ​សេរី ដែលពី​​មុន​ពួក​គេ​មិន​អាច​ចេញ​ពី​ទីតាំង​អគារ​​បា​ន​ឡើយ។ ជន​បរទេស​មួយ​ចំនួន​​រួម​មាន ជន​ជាតិ​ចិន ឥណ្ឌូ​នេស៊ី មីយ៉ាន់​ម៉ា ប៉ាគីស្ថា​ន និង​ជន​បរទេស​ស្បែក​ខ្មៅ​ផ្សេង​ទៀត​ ចាប់​ផ្តើម​ស្វែង​រក​ជំនួយ​ពី​ស្ថាន​ទូត​របស់​ពួក​គេ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​សារ​​ពួ​ក​គេ​​មិន​មាន​លិខិត​ឆ្លង​ដែន មិន​មាន​ឯកសារ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ខ្វះ​ខាត​ថវិកា ដើម្បី​ធ្វើដំ​ណើរ​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ