ភៀសសឹកវ័យ​ចំណាស់​ខ្លះ​ធ្លា​ក់​ខ្លួន​ឈឺ​និង​ខ្លះស្លា​ប់​ក្នុង​ជំរំ​ក្រោយ​ថៃ​ឈ្លាន​ពាន

ក្រោយ​ភៀស​ខ្លួន​ទៅ​រស់​នៅ​ជំរំ​ភៀស​សឹក​ជាង​មួយ​ខែ ពលរដ្ឋ​វ័យ​ចំណាស់​មួយ​ចំ​នួ​ន​បាន​ធ្លាក់​ខ្លួន​​ឈឺ​​ជា​​បន្ត​បន្ទាប់ ដោយសា​រ​ការ​ហូប​ចុក និង​សម្រាក​មិន​គ្រប់​គ្រាន់ បូក​ផ្សំ​និង​ផ្លូវ​ចិត្ត​ចុះ​ខ្សោយ ក្រោ​យ​ដី​​ធ្លី​និង​ផ្ទះ​សម្បែង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ ក្នុង​សង្គ្រាម​ឈ្លាន​ពាន​របស់​យោធា​ថៃ។ ភាព​​​គ្រាំ​​គ្រា​ទាំង​​ផ្លូវ​​កា​យ​ និង​ផ្លូវ​ចិត្ត​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​បាត់​បង់​ជីវិត​ក្នុង​ជំរំ​ផង​ដែរ។

ពលរដ្ឋមកពីភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ ថ្លែង​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​​ព្រោះ​​បារម្ភ​​ពី​សុវត្ថិ​​ភាព ប្រាប់​​វីអូឌី​ឱ្យ​ដឹង​ថា អ្នក​ភូមិ​របស់​អ្នក​ស្រី​ចំនួន​បីនាក់​បាន​ស្លាប់ ក្រោយ​​ពួក​​គាត់​ស្នាក់​​នៅ​ក្នុង​ជំរំ​មួយ​រយៈ។ អ្នក​ស្រី​បញ្ជាក់​ថា ពលរដ្ឋ​ទាំង​នោះ​សុទ្ធ​តែ​មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំ​​កាយ​ ហើយ​វិវត្ត​កាន់​តែ​ធ្ងន់​ធ្ងរ ក្រោយ​រងកា​រ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ពី​ស​ង្គ្រាម។

ពលរដ្ឋរូបនោះ​និយាយ​ថា៖ «បើនិយាយពីអាណិត លើស​ពី​អាណិត​ទៅ​ទៀត​បង​ ព្រោះ​ចង់​និយាយ​ថា បើ​និយា​យ​ពី​សុ​ខ​ភាព​​គាត់​ មិន​សូវ​ជា​ទ្រុឌ​ទ្រោម​ខ្លាំង​ដល់​ថ្នាក់​អាច​ស្លាប់​នៅ​ជំ​រំ​អី​អញ្ចឹង​ទេ វា​អាច ៨០​ភាគរយ​​ដែល​គា​​ត់​មាន​បញ្ហា​បាក់​ទឹក​ចិត្ត​ ដែល​គាត់​ត្រូវ​បាត់​បង់​ផ្ទះ​សម្បែង ដី​ធ្លី​ហ្នឹង ហើយ​វា​ជា​ញើស​​ឈាម​របស់​​គាត់ ដែល​គាត់​តស៊ូ​មក​តាំង​ពី​មុន​មក​បង​ ដូច​ម៉ាក់​ប៉ាខ្ញុំ​អី​​ហ្នឹង»។

ពលរដ្ឋដែលបាត់បង់ជីវិតនៅជំរំភៀសសឹក មិនមែនមានត្រឹមបីករណី​នេះ​​ហើយ ដោយ​អ្នក​ស្រី​ជឿ​ថា ​មា​​នច្រើ​ន​ជាង​​នេះ ដោយ​គ្រាន់​តែ​គ្មាន​អ្នក​ផ្សព្វ​ផ្សាយ​តែ​ប៉ុណ្ណោះ។ ស្ថាន​ភាព​ពេល​នេះ​ក៏​កំពុ​ង​ធ្វើ​ឲ្យ​អ្នក​ស្រី​បារម្ភ​ដល់​ឪពុក​ម្ដាយ​​ចាស់ៗ​ផង​ដែរ ដោយ​ពួក​គាត់​ក៏​កំពុង​វិវត្ត​ទៅ​រក​បញ្ហា​ផ្លូវ​ចិត្ត និងកំ​ពុ​​​ង​លេ​​​បថ្នាំ​​រម្ងាប់​អារម្មណ៍​ជា​ប្រចាំ។  

ពលរដ្ឋរូបនោះ​បន្តថា៖ «ហើយ​ម៉ាក់​ខ្ញុំ ដល់​ថ្នាក់​គាត់​ហូប​ថ្នាំ​រម្ងាប់​អារម្មណ៍​ហ្នឹង ​ហើយ​បើ​សិន​ជា​គាត់​អត់​ហូប​ទេ គាត់​​​អាច​នឹង​សរ​សៃ​ប្រសាទ​បាត់​ហើយ។ ខ្ញុំ​អាច​នឹង​បាត់​បង់​ម៉ាក់​ខ្ញុំ​ អាច​នឹង​ថាបា​ន​ដែរ ព្រោះ​គាត់​​អត់​ហូ​ប អត់​ដេក អត់​និយាយ​ទៅ​គាត់​អត់​គ្រប់​យ៉ាង អត់​ហូប​ អត់​សម្រាន្ត អត់​និយាយ នៅ​ធ្មឹងៗ។ កុំតែ​​បាន​ថ្នាំ​ញ៉ាំ​ទេ កុំ​អី​ក៏​ពិបាក​ដែរ […] បញ្ហា​ដែល​ពួក​គាត់ប្រ​ឈម​ខ្លាំង​ហ្នឹង គឺ​ការ​ដែ​​លបាត់​​បង់​ដីធ្លី​ផ្ទះ​ស​ម្បែង​អីហ្នឹង​ឯង​ ដែល​ធ្វើ​ឱ្យ​គាត់​ទៅ​ជា​គ្មាន​កម្លាំង​ចិត្ត​តទៅមុ​ខ​ទៀត។ កុំ​ថា​ឡើយ​ពួ​​ក​គាត់​ចាស់ សូម្បី​តែ​ពួក​ខ្ញុំ​ក្មេងៗ​ កម្លាំង​នៅ​មាំ​ហ្នឹង ក៏​ពួក​ខ្ញុំ​អ​ត់ទា​ន់​មាន​កម្លាំង​ចិត្ត ដើម្បី​ទៅ​​ធ្វើ​ការ​​ងារ​​​អីផ្សេង​ទៀត​ដែរ អស់​រលីង​ហ្មង»។

បើទោះ​បីបញ្ហាទាំងនេះ ត្រូវបានជនភៀសសឹក បញ្ជាក់​ថា គឺ​ជា​ការ​ពិត​ និង​ត្រូវ​បាន​ឃើញ​ដោយ​ផ្ទាល់​​ភ្នែក​​នូវ​ស្ថាន​ភាព​រស់​នៅ​តាម​ជំរំ ក៏​ប៉ុន្តែ​រដ្ឋាភិ​បាល​តាម​រយៈ​មន្ត្រី​ជាន់​ខ្ពស់​ និង​ក្រសួង​ពាក់​ព័ន្ធ នូវ​តែ​​អះ​អាង​ថា​ជាព័​ត៌មាន​មិន​ពិត។

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែមករា បានបដិសេធ និងចោទថាជា​ព័ត៌មាន​ក្លែង​ក្លាយ​ នូវ​ខ្លឹម​សា​​របង្ហោះ​របស់​គណនី​ហ្វេស​ប៊ុក​ឈ្មោះ ផន ផាន់​ណា អំពី​មរណ​ភាព​របស់​ដូន​ចាស់​ម្នាក់​នៅ​ជំរំ ដែល​អះ​​អាង​​​ថា​​បណ្ដាល​មក​ពី​ភាព​ឈឺចា​ប់ ដោយ​សារ​យោធា​ថៃ​យក​ផ្ទះ។ ក្រសួង​​មហា​ផ្ទៃ បាន​ហៅ​លោក ផន ផាន់​ណា ថាជា​បុគ្គល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ជ្រុល​និយម ដែល​ផ្សាយ​តែ​ព័ត៌​មាន​ក្លែង​ក្លាយ និង​​មាន​ចរិត​ញុះញ​ង់​បំបែក​បំបាក់​សាមគ្គី​ភាព​ជាតិ។

សារបង្ហោះនេះ ត្រូវបានអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជា​តំណាង​រាស្ត្រ គឺ​លោក ស ខេង យក​ទៅ​បង្ហោះ​បន្ត។ ប៉ុន្តែ​ក្រោម​សារ​បង្ហោះ​នេះ គឺ​ពោរ​ពេញ​ដោយ​មតិ​ពលរដ្ឋ​ដែល​រិះ​គន់ និង​ចោទ​សួ​​រ​ថា​តើ​រដ្ឋាភិ​បាល​ព្យាយាម​លាក់​​បាំង​ដល់​ពេល​ណា។ ពលរដ្ឋ​ខ្លះ​បាន​លើកឡើ​ង​ពី​ទុក្ខ​លំបាក​ផ្សេងៗ និង​ភាព​អស់​សង្ឃឹម​មិន​អាច​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​វិញ​បាន។

អ្នក​តាមដា​ន​សង្គម​ យល់ឃើញថា ទោះបីសារបង្ហោះ​លោក ផន ផាន់ណា មួយ​ចំនួន​ប្រើ​ពាក្យ​​ពេ​ជន៍​លើ​ស​ពី​តថភាព តែ​វា​ពិត​ជា​បាន​បង្ហាញ​ពី​ទុក្ខ​លំបាក​ពិត​ប្រាកដ​របស់​ពលរដ្ឋ​នៅ​ជំរំ​ភៀស​សឹក ខណៈ​​​ដែល​ព័ត៌មា​ន​ខ្លះត្រូ​វ​បាន​រដ្ឋាភិ​បាល​ព្យាយាម​លាក់​បាំង​ និង​គំរាម​កំហែង​​ដល់​ពលរដ្ឋ​ណា​​ដែល​​​ហ៊ាន​​លើក​ឡើង​ពី​ទុក្ខលំ​បាក​ទាំង​នោះ។

ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត កត់​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​​ព្យាយាម​លាក់​បាំង ព្រោះ​បញ្ហា​ខ្លះ បង្ហាញ​​ពី​ចំណុ​ច​ខ្សោយ​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន។ លោក​បន្ត​ថា ​ការលា​ក់​បាំង​នេះ​​ចំ​ណេ​​ញមុខ​មាត់​រដ្ឋាភិ​បាល តែ​វា​ជាកា​រ​ខាត​បង់​ធ្ងន់​ធ្ងរ​សម្រាប់​ជាតិ​ ព្រោះ​ពិភព​លោក​នឹ​​ងពិបា​​កដ​​​កស្រ​ង់​​ព័ត៌​មាន​ពិត ឯពលរដ្ឋ​ភៀស​សឹក​នឹង​ត្រូវ​បន្ត​រស់​នៅ​ក្នុង​ទុក្ខ​លំបាក និង​ការបំ​បិទ​សេ​​រីភាព​​នៃ​កា​រ​បញ្ចេញ​មតិ។

លោក ម៉ែន ណាត ថ្លែង​ថា៖ «បញ្ហានេះវាជាបញ្ហាព្រួ​យបារម្ភណាស់​សម្រាប់​​យើ​ង​ដែល​ជា​អ្នក​តាម​ដា​ន​ស្ថាន​​ភាព​ហ្នឹង។ យើង​បារម្ភ​ទីមួយ គឺ​កម្ពុជា​ប្រឈម​នឹង​ការ​​បាត់​បង់​ទឹក​ដី​​ដែល​សៀម​​ដណ្តើម​ឈ្លាន​​ពាន​​គ្រប់​​គ្រ​​ងបាន។ ហើយ​​បារម្ភ​ទីពីរ គឺ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​​សង្គ្រា​​ម​ត្រូ​វ​​បាន​គេ​បិទ​ខ្ទប់ និង​ផល​វិបាក​មួយ​ចំនួន​ទៀត​ដែល​កំពុង​តែ​ប្រឈម​សព្វ​ថ្ងៃ​ហ្នឹង»។

គិតមកដល់ពេលនេះ​ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង ៦សែន​៤ម៉ឺន​​នាក់ មាន​​​ប្រមា​​ណ​ជាង ​​​៥​​សែន​៣ម៉ឺន​​នាក់ ឬ​ជិត​​​៨៣% បាន​វិល​ត្រឡប់​ទៅលំនៅឋាន​វិញ​ហើយ​​។ បច្ចុប្បន្ន​មានពលរដ្ឋ​​ភៀស​សឹក​​ចំនួន​ជាង ១១ម៉ឺន​នាក់​ទៀត កំពុង​បន្ត​ស្នាក់​អាស្រ័យ​តាម​ជំរំ​នានា​ ដោយ​ហេតុ​ថា​លំ​​នៅ​ដ្ឋា​​ន​រ​បស់​ពួក​​គាត់​ស្ថិតក្នុ​ង​តំបន់​ក្រហម ខណៈ​មួយ​​ចំនួន​​ត្រូវ​បាន​យោធា​ថៃ​ឈូស​ឆា​​យ​ផ្ទះស​ម្បែង​ ក្នុ​​ង​តំ​បន់​​ដែ​​លឈ្លាន​ពាន​បាន​ក្រោយ​សង្គ្រាម។

ពលរដ្ឋភៀសសឹក អំពាវនាវឱ្យរដ្ឋាភិបាលចាត់ចែង​ក្រុម​គ្រូពេទ្យ​ចិត្ត​សាស្ត្រ​ ជួយ​លើក​ទឹក​ចិត្ត​ព​លរដ្ឋ​​តាម​ជំរំ ជាពិសេស​​​អ្នក​ដែល​បាត់​បង់​ផ្ទះស​ម្បែង និង​ត្រូវ​ធានា​ថា​ពួក​គេ​អាច​ទទួ​ល​បាន​ជម្រក​​ស​មរម្យ​មួយ​ ជាជាង​បណ្ដោយ​ឱ្យ​ពួក​គាត់​បន្ត​រស់​នៅ​ជំរំ​ស្ទើរ​ដំបូល​ស្ទើរ​ជញ្ជាំង និង​ពឹង​ជីវិត​តែលើ​​ជំនួ​​យ​​ស​ប្បុ​រស​ធម៌​បែប​នេះត​ទៅ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ