បទយកការណ៍៖ គ្រួសារ​យុទ្ធជន​ពលី​​​នៅ​​ខេត្ត​​ព្រះ​វិហារ​បារម្ភ​​​​ពី​​​សម្ពាធ​​បំណុល​ក្រោយ​​ពី​​​ប្តី​​ស្លាប់​នៅ​សមរភូមិ

គ្រួសារ​​យុទ្ធជន​​ពលី​​នៅ​​ខេត្ត​​ព្រះ​វិហារ ​ព្រួយ​​បារម្ភ​​ពី​​សម្ពាធ​​បំណុល​ ហើយ​​គ្មាន​​លទ្ធ​ភាព​​សង​​បំណុល​​ធនាគារ ក្រោយ​​​ពី​​​ប្តី​​ដែល​​ជា​កង​ទ័ព​ជួរ​មុខ ច្បាំង​ជាមួយ​ទ័ព​សៀម​​ដោយ​ត្រូវ​ផ្សែង​ពុល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២៥ ទើប​តែ​​បាត់​បង់​ជីវិត​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​​មករា ឆ្នាំ​​២០២៦។

គាត់អះអាងថា ​ ក្រោយ​ពី​ប្តី​បាត់បង់​ជីវិត មាន​សប្បុរសជន និង​មន្ត្រី​រដ្ឋាភិបាល​ឧបត្ថម្ភ​ថវិកា​​មួយ​ចំនួន និង​​ផ្គត់​ផ្គង់​សម្ភារៈ​​រៀប​ចំ​​បុណ្យ​​សព​ ក៏​ប៉ុន្តែ​​ទោះ​​យ៉ាង​​ណា​ គាត់​នៅតែ​ត្រូវការ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត រឿង​បញ្ហា​​បំណុល និង​​ប្រាក់​ឧបត្ថម្ភ​ផ្គត់ផ្គង់​ជីវភាព​ បន្ទាប់​ពី​អត់​ប្តី​ដែល​ជា​អ្នក​ជំហរ​រឹងមាំ​ក្នុង​គ្រួសារ។

ស្ត្រី​ឈ្មោះ សរ នឿន អាយុ​ ៤២​ឆ្នាំ រស់​នៅ​ភូមិ​ជ័យសែន ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​ ប្រាប់​​វីអូឌី​​នៅ​​ថ្ងៃ​ទី​៣០ ខែ​​មករា​​ថា ប្តី​​អ្នក​​ស្រី ឈ្មោះ អឿន ភារុណ អាយុ ៤០​ឆ្នាំ ​ត្រូវ​​ផ្សែង​​ពុល​ ខណៈ​​ពេល​​​ប៉ះ​​ប្រយុទ្ធ​​គ្នា​​ជា​មួយ​​ទ័ព​​ថៃ​​នៅ​​ចំណុច​​ជើង​​ភ្នំ​​ខ្មោច​ ដោយ​បន្សល់​ទុក​អ្នកស្រី​ម្នាក់​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​គ្មាន​កូន រស់​នៅ​ម្នាក់​ឯង​ គ្មាន​ការ​ងារ​​ធ្វើ ​​និង​​មុខ​របរ​​ច្បាស់លាស់​នៅ​ឡើយ។

​អ្នកស្រី​ថា  គ្រួសារ​អ្នក​​ស្រី​ជំពាក់​បំណុល​​ធនាគារ ៨០លាន​រៀល​ ដែល​​បាន​​ខ្ចី​ដើម្បីសង់​​ផ្ទះ​ និង​​ធ្វើ​កសិកម្ម​ កាល​ពី​ដើម​​​ឆ្នាំ​​២០២៥ ដោយ​រំពឹង​​ប្រាក់​​ខែ​​របស់​​ប្តី​ បង្វិល​​សង​ធនាគារ​ជា​រៀង​រាល់​ខែ។

អ្នកស្រី សរ នឿន និយាយ​ថា៖ «ថប់​ដង្ហើម​ពេទ្យ​ថត​ទៅ​​រលាក​​សួត ណែន​​ទ្រូង​ រាជ​រដ្ឋាភិបាល​​ជួយ​​ដោះ​ស្រាយ​​បំណុល​​ឱ្យ​​​ខ្ញុំ ព្រោះ​​ខ្ញុំ​​​ប្តី​​ស្លាប់​បាត់​ហើយ អត់​មាន​អី​សង​ធនាគារ។ កាល​ប្តី​ខ្ញុំ​យក​ មក​ធ្វើ​ចម្ការ»

ស្ត្រី​ដដែល​ បន្ថែម​ថា ការពីប្តីនៅមានជីវិត ហើយគាត់​ទំនេរ​ពីកិច្ចការ​យោធា ​គាត់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​​សត្វ និង​​ដាំ​​​បន្លែ​ នៅ​ផ្ទះ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ហើយ​បន្ទាប់​ពី​ប្តី​លា​ចាក​លោក​​ទៅ​ មុខ​របរ​​ទាំង​អស់​នេះ នឹង​បាត់បង់។

កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ ​ផ្ដល់​ការ​​អនុគ្រោះ​ដល់​យោធិន​ដែល​​បាន​ពលី​, ដោយ​សម្រេច​លុប​បំណុល ៨០លានរៀល ចំពោះ​យោធិន​ពលី, លុប​បំណុល ១០​លាន​រៀល ចំពោះ​យោធិន​ពិការ​ និង​លើក​លែង​ការ​ផាក​ពិន័យ, ការ​ទូទាត់​សង​ការ​ប្រាក់ និង​ពន្យារ​សង​​ប្រាក់ដើម​ ចំពោះ​​យោធិន​ក្នុង​សមរភូមិ​ប្រយុទ្ធ។

ឆ្លើយ​តប​រឿង​នេះ អ្នកស្រី​ សរ នឿន បន្ថែម​ថា មក​ទល់​ពេល​នេះ ​មិន​ទាន់​ឃើញ​ធនាគារ​ដោះ​ស្រាយ​​បញ្ហា​​បំណុលនេះ ​ជូន​​គ្រួសារ​​អ្នក​ស្រី ដែល​មាន​ប្តី​ជា​យោធា​ពលី​នៅ​ឡើយ​ទេ។  អ្នកស្រី​អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ជួយ​អន្តរា​គមន៍​​ដោះ​ស្រាយ​​បំណុល។

អ្នកស្រី សរ នឿន និយាយ​ថា៖ «កាល​គាត់​នៅ​ទៅ គាត់​ធ្វើ​នេះ ធ្វើ​នោះ​បាន​​លុយ​ឱ្យ​យើង​ដែរ​ អត់​ពី​ប្តី​ទៅ ខ្ញុំ​អត់​ដឹង​​រក​​អី។ ពិបាក​ដែល​ពេល​អត់​ពី​ប្តី​ ពិបាក​ចិត្ត​ខ្លាំង​រឿង​ដោះស្រាយ​បំណុល​ធនាគារ»

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ថ្លែង​ជា​សាធារណ:កាល​ពី​ពេល​ថ្មីៗ​នេះ ឆ្លើយតប​ចំពោះ​​​ការ​លះបង់​របស់​​យុទ្ធជន​​ពលី អះអាងថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​បាន​​ដាក់​ចេញ​​គោល​​នយោ​បាយ​​​ជួយ​សម្រួល​ដល់​ក្រុម​គ្រួសារ​​កង​ទ័ព​ពលី ​រួមមាន ផ្តល់​មុខ​របរ​ចិញ្ចឹម​​ជីវិត​ ស្រោច​​ស្រង់​សមាជិក​​គ្រួសារ ផ្ដល់​​អាហា​​រូបករណ៍​​ដល់​​កូនៗ​​សិក្សា​​ដល់​​កម្រិត​​បរិញ្ញាបត្រ​ រៀប​ចំ​​ឥណទាន​​សារ​ជាថ្មី​ ដោះស្រាយ​​បំណុល​​ជូន​​វីរ​​យុទ្ធជន​​ក្នុង​​សមរភូមិ និង​​បង្កើត​មូលនិធិ​ទ្រទ្រង់​ដល់​គ្រួសារ​យុទ្ធ​ជន​ពលី​ ថែម​ទៀត។

លោក​ថា មក​ទល់​ពេល​នេះ ​គ្រឹះស្ថាន​ផ្តល់​ប្រាក់​កម្ចី និង​ធនាគារ​បាន​លុប​បំណុល ទាំង​​​ប្រាក់​ដើម​ សរុប ១លាន​ដុល្លារ​​អាម៉េរិក សម្រាប់​យោធិន​ជួរមុខ យោធិន​រង​របួស និង​គ្រួសារ​យុទ្ធជន​ពលី។

លោក ប៉ែន បូណា ថ្លែងថា៖ «សម្តេច ហ៊ុន ម៉ាណែត​ បាន​សម្ដែង​ការ​ដឹង​​គុណ​ជ្រាលជ្រៅ​បំផុត ចំពោះ​ការ​លះបង់​មិន​​អាច​កាត់​ថ្លៃ​បាន​របស់​វីរកង​ទ័ព​ និង​វីរ​នគរបាល​ជាតិ​អង់​អាច​ក្លាហាន​គ្រប់​រូប បំពេញ​ភារកិច្ច​ដ៏​ឧត្ដុង្គឧត្ដម​ការ​ពារ​​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។ គុណូបការៈ​ទាំងនេះ ពិត​ជា​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់ ហើយ​និង​ត្រូវ​​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប និង​គ្រប់​ជំនាន់»

ចំណែក ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ដឹកនាំ​ដោយ ​លោក សម រង្ស៊ី​  ធ្លាប់​ចេញ​​សេ​ចក្ដី​ថ្លែង​​ការណ៍​​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​​កម្ពុជា ​គិត​​គូរ​តប​ស្នង​គុណ​​បំណាច់​របស់​​យុទ្ធជន​ខ្មែរ ដែល​កាន់​អាវុធ​ក្រាញ​ននៀល​​ប្រយុទ្ធ​ការ​ពារ​ទឹក​ដី​កម្ពុជា​នៅ​សមរភូមិ​​ជួរ​មុខ។

លោក​ថា ​ រដ្ឋាភិបាល​កម្ពុជា ​ត្រូវ​លុប​ចោល​បំណុល​ទាំង​អស់ ដែល​គ្រួសារ​យុទ្ធ​ជន​សមរភូមិ​ជួរ​​មុខ​ជំពាក់​ធនាគារ ហើយ​​​រដ្ឋាភិបាល​ត្រូវ​បង់​សង​ជំនួស​វិញ។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​រៀបចំ​តម្លើង​​ប្រាក់​​ខែ បុណ្យ​​ស័ក្ដិ ក្នុង​​លក្ខ​ខណ្ឌ​​​ពិសេស ព្រម​ទាំង​សង់​ផ្ទះ​ជូន​ពួក​​គាត់ និង​គ្រួសារ​​ឲ្យ​ស័ក្ដិ​សម​ចំពោះ​ការ​ពលិកម្ម​ការ​ពារ​ទឹក​ដី។

ដោយ​ឡែក យុទ្ធជន​ពលី រដ្ឋាភិបាល​គួរ​ប្រគល់​ប្រាក់​បំណាច់​ដល់​គ្រួសារ​ពួក​គាត់​ យ៉ាង​តិច​មួយ​គ្រួសារ ១០​ម៉ឺន​ដុល្លារ​​អាមេ​រិក។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​បន្ថែម​ជុំ​វិញ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន ​បូណា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោកស្រី ម៉ាលី សុជាតា បាន​នៅ​ឡើយ​ទេ គឹមត្រឹម​ម៉ោង​ផ្សាយ​នេះ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សង្កេត​ឃើញ​ថា​ មន្ត្រី​យោធា​ជាប់​ខ្សែ​ស្រឡាយ​អ្នក​មាន​​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​​ជីវភាព​ហឺ​ហារ ​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ និង​ឋានន្តរសក្ដិ​ខ្ពស់ៗ រហូត​ដល់​ពាក់​ផ្កាយ  ផ្ទុយ​​ស្រឡះ​ពី​យោធា​ការពារ​ព្រំដែន​។ 

លោក​ថា ​យុទ្ធជន​ការ​ពារ​ព្រំដែន​នៅ​មាន​ជីវភាព​ក្រ​លំបាក​នៅ​ឡើយ ដែល​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ ឱ្យ​សម​​តាម​វីរភាព​​យុទ្ធជន​ខ្មែរ​ ដែល​ហ៊ាន​បូជា​ជីវិត​ដើម្បី​ជាតិ​មាតុ​ភូមិ។

 លោកថា៖ «ទាហាន​ជួរ​មុខ​ពេល​ដល់​ស្លាប់​បាន​យើង​ដឹង មើល​ផ្ទះ​គាត់​ក្រ អ្នក​​ខ្លះ​អត់​មាន​ផ្ទះ​នៅ​ផង ខ្លះ​សុំ​ផ្ទះ​គេ​នៅ ជីវភាព​ក្រីក្រ។  ខ្ញុំ​យល់​ឃើញ​ថា​ មិន​មាន​ការ​យក​ចិត្ត​ដាក់​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចំពោះ​ទាហាន​តស៊ូ​ពិត​ប្រាកដ​អត់​ខ្សែ​មាន​ខ្នង។ ការ​តម្លើង​បុណ្យស័ក្ដិ​ក៏​មិន​បាន​ឡើង​នឹង​គេ ដូច​ទាហាន​មាន​​ខ្សែ​មាន​ខ្នង​ដែរ»

លោក អ៊ុំ សំអាន បន្ថែម​ថា កន្លង​ទៅ​ ទាហាន​ខ្មែរ​ធ្វើ​សង្គ្រាម ធ្លាក់ខ្លួន​ពិការភាព បាក់​ដៃ បាក់​ជើង​ និង​​ពិការ​​ភ្នែក​​ជាដើម ក្រោយ​​ពី​ចប់​សង្គ្រាម បាន​ដើរ​សុំ​ទាន​​គេ និង​​ខ្លះ​រើស​អេតចាយ​ចិញ្ចឹម​ជីវិត ​រស់​នៅ​យ៉ាង​លំបាក​វេទនា​ ខ្វះ​ការ​​ជួយ​​ជ្រោម​​ជ្រែង​​ទំនុក​បម្រុង​ពី​រដ្ឋ។

លោក​ថា ការ​យក​ចិត្ត​ទុក​ដាក់​ទំនុក​បម្រុង​ដល់​យោធា​ពលី និង​​យោធា​ពិការ​ រួម​​ចំណែក​លើក​ទឹក​ចិត្ត​កង​ទ័ព មាន​កម្លាំង​​ចិត្ត​ការពារ​ទឹកដី។​

ចំណែក ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​រឹបអូស​​ទ្រព្យ​សម្បត្តិ​​ពី​​ក្រុម​ឧកញ៉ា និង​​មន្ត្រី​ខិលខូច​ដែល​​កេង​ប្រវ័ញ្ច​ជាតិ បំផ្លាញ​ធនធាន​ធម្មជាតិ​ ទៅ​ឧបត្ថម្ភ​ជួយ​ដល់​គ្រួសារ​​យោធា​​ព​លី និង​​គ្រួសារ​​យោធាពិការ​ជាដើម។

លោក​ថា ​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្រួសារ​កង​ទ័ព​ពលី​ ជា​ការ​រួម​ចំណែក​ពង្រឹង​ស្មារតី​សាមគ្គី​ជាតិ និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព។

លោក ម៉ែន ណាត និយាយថា៖ «ពួក​ឧកញ៉ា​ធំៗ​គេង​ប្រវ័ញ្ច​ជាតិ បំផ្លិច​​បំផ្លាញ​ធម្មជាតិ​​អី​ហ្នឹង​ យក​លុយ​បាន​ពី​ការ​បំផ្លាញ​​ហ្នឹង យក​ទៅ​ជួយ​រដ្ឋាភិបាល ដើម្បី​យក​លុយ​ហ្នឹង​ជួយ​កងទ័ព​​ជួរ​មុខ​ ជួយ​ធ្វើ​ទំនើប​កម្មវិស័យ​កង​ទ័ព។ ឱ្យ​មាន​​សមាន​ចិត្ត​អ៊ីចឹង ចូល​រួម​ចំណែក​សាមគ្គី ស្មារតី​ជាតិ។ អំពើ​ពុក​រលួយ​នេះ រដ្ឋាភិបាល​ក្រសួង​ការពារជាតិ ត្រូវ​មើល​​ឱ្យ​ឃើញ​ អ្នកណា​កិបកេង​ប្រាក់​ខែ​កងទ័ព ដាក់​ពិន័យ​ធ្ងន់ធ្ងរ ពិន័យ​មិន​ស្ដាប់​ដក​ហូត​ដំណែង និង​ដាក់​គុក​ទៀត»

អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​​ថា មក​ទល់​ពេល​នេះ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​ដែល​ជា​​សមាជិក​របស់​សមាគម​​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ បាន​សម្រេច​លើកលែង​​ការ​ប្រាក់​សរុប​ជាង ១០,៦​លាន​ដុល្លារ​អាម៉េរិក សម្រាប់​​គ្រួសារ​ជនភៀសសឹក​ និង​បាន​លុប​ចោល​បំណុល (ទាំងប្រាក់ដើម ទាំងការប្រាក់) សរុប ១លានដុល្លារ​អាម៉េ​រិក សម្រាប់​យោធិន​ជួរមុខ​ យោធិន​រង​របួស និង​គ្រួសារ​របស់​យោធិន​ពលី។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​​រៀបចំ​ឥណទាន​​ឡើង​វិញ​ក្នុង​ទំហំ​ទឹក​ប្រាក់ ៥០០លាន​ដុល្លារ​អាម៉េរិក​ ដើម្បី​សម្រាល​សំពាធ​ហិរញ្ញវត្ថុ​ជូន​ដល់​​ជន​ភៀស​សឹក និង​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ផ្សេងៗ​ទៀត។

ទោះ​ជា​យ៉ាង​ណា ​មន្ត្រី​សង្គម​ស៊ីវិល ​ទទូច​ឱ្យ​រដ្ឋាភិបាល ​តាមដាន​ពី​ការអនុវត្ត​គោលនយោបាយ​​នេះ ព្រោះ​គ្រួសារ​យោធា​​​ពលី​មួយចំនួន មិន​ទាន់​​ទទួល​បាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ