ការចរចាដើម្បីបញ្ចៀសការបិទទ្វាររដ្ឋាភិបាលសហរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលកាន់តែតឹងរ៉ឹង នៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយមានរបាយការណ៍ថា មន្ត្រីនានា កំពុងខិតជិតសម្រេចបាននូវកិច្ចព្រមព្រៀង ក្នុងការចរចាជុំវិញប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍របស់រដ្ឋបាលលោក Trump។
សមាជិកគណបក្សប្រជាធិបតេយ្យ បាននិងកំពុងជំរុញឱ្យដកថវិកាសម្រាប់ក្រសួងសន្តិសុខមាតុភូមិ (DHS) ចេញពីកញ្ចប់ចំណាយរបស់រដ្ឋាភិបាលចំនួន ១.២ ទ្រីលានដុល្លារ បន្ទាប់ពីមានករណីបាញ់សម្លាប់លោក Alex Pretti វ័យ ៣៧ ឆ្នាំ នៅក្នុងទីក្រុង Minneapolis កាលពីថ្ងៃទី២៤ខែមករា។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា សេតវិមាន និងថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភា កំពុងខិតជិតសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលនឹងឆ្លើយតបទៅនឹងការទាមទាររបស់ខាងគណបក្សប្រជាធិបតេយ្យ ក្នុងការដាក់ចេញនូវការរឹតត្បិតថ្មីៗ លើភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ។
រឿងនេះមានន័យថា សេចក្តីព្រាងច្បាប់ចំណាយចំនួន ៥ ក្នុងចំណោម ៦ អាចនឹងត្រូវអនុម័តមុនឱសានវាទថ្ងៃទី៣០ខែមករា ខណៈដែលសេចក្តីព្រាងច្បាប់សម្រាប់ក្រសួង DHS នឹងទទួលបានការបន្តសុពលភាពរយៈពេលខ្លី ដើម្បីទុកពេលសម្រាប់ការពិភាក្សាបន្ថែម លើការរឹតត្បិតថ្មីដែលបានស្នើឡើង ដូចជា ការប្រើប្រាស់ម៉ាស់ដោយភ្នាក់ងារអន្តោប្រវេសន៍ជាដើម។
ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចទេនោះ ការបិទទ្វាររដ្ឋាភិបាលជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នឹងចាប់ផ្តើមនៅនាទីទីមួយ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ នាថ្ងៃសុក្រ ទី៣០ ខែមករានេះ។
សេចក្តីព្រាងច្បាប់ចំណាយនេះ ត្រូវបានអនុម័តរួចហើយនៅក្នុងរដ្ឋសភា ប៉ុន្តែត្រូវការសំឡេងឆ្នោតគាំទ្រចំនួន ៦០ ក្នុងព្រឹទ្ធសភា ដើម្បីអាចបន្តទៅមុខបាន។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្នុងចំណោមការផ្លាស់ប្តូរដែលគណបក្សប្រជាធិបតេយ្យកំពុងស្វែងរក រួមមាន តម្រូវការឱ្យភ្នាក់ងារសហព័ន្ធត្រូវមានដីកាបង្គាប់មុននឹងធ្វើការចាប់ខ្លួន និងច្បាប់ច្បាស់លាស់ជាងមុនក្នុងការកំណត់អត្តសញ្ញាណ។
នៅក្នុងព្រឹទ្ធសភាដែលមានសមាជិក ១០០ រូប គឺមានសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋត្រឹមតែ ៥៣ រូបប៉ុណ្ណោះ ដែលមានន័យថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ នឹងតម្រូវឱ្យមានការគាំទ្រយ៉ាងហោចណាស់ពីសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន។
កាលពីដើមសប្តាហ៍នេះ មេដឹកនាំភាគតិចក្នុងព្រឹទ្ធសភា លោក Chuck Schumer បានមានប្រសាសន៍ថា៖ «ខ្ញុំនឹងមិនបោះឆ្នោតគាំទ្រទេ លើច្បាប់ណាដែលផ្តល់ថវិកាដល់ភ្នាក់ងារ ICE រហូតទាល់តែភ្នាក់ងារនេះ ត្រូវបានគ្រប់គ្រង និងកែទម្រង់ឡើងវិញ ហើយសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ មានសាមគ្គីភាពយ៉ាងខ្លាំងលើបញ្ហានេះ»។
មេដឹកនាំភាគច្រើនក្នុងព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក John Thune បានលើកឡើងថា ការចរចា “ប្រកបដោយផ្លែផ្កា” កំពុងបន្តធ្វើឡើង។ ប្រសិនបើមានការផ្លាស់ប្តូរណាមួយ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅឱ្យរដ្ឋសភាអនុម័តជាថ្មីម្តងទៀត ដែលបច្ចុប្បន្នរដ្ឋសភាកំពុងស្ថិតក្នុងអំឡុងពេលសម្រាកនៅឡើយ។
កាលពីថ្ងៃទី២៨ខែមករា សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យមួយចំនួន បានបង្កើនការទាមទាររបស់ពួកគេ ដោយបានអំពាវនាវចំៗឱ្យមានការដកតំណែងរដ្ឋលេខាធិការ DHS លោកស្រី Kristi Noem និងការផ្លាស់ប្តូររចនាសម្ព័ន្ធទាំងនៅក្នុងភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ក៏ដូចជាភ្នាក់ងារល្បាតព្រំដែនអាមេរិកផងដែរ។ លោក Schumer បានថ្លែងថា៖ «ភាពឆ្កួតលីលានេះ… ភេរវកម្មនេះត្រូវតែបញ្ឈប់»។
សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនបានបង្ហាញការជំទាស់ ដោយក្នុងនោះ លោក John Cornyn មកពីរដ្ឋតិចសាស់ លើកឡើងថា «រាល់ការផ្លាស់ប្តូរណាមួយ មិនត្រូវធ្វើឡើងក្នុងតម្លៃនៃការបិទទ្វាររដ្ឋាភិបាលនោះឡើយ»៕









