ការវាយប្រហារដ៏សាហាវនៅទូទាំង​ខេត្ត Balochistan ប្រទេស​​ប៉ាគីស្ថាន​​សម្លាប់​​មនុស្ស​​ជិ​ត​២០០​នាក់

ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង និង​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ខេត្ត Balochistan ភាគ​និរតី​នៃ​ប្រទេស​ប៉ាគី​ស្ថាន បាន​សម្លាប់​ជន​ស៊ីវិល ៣១ នាក់ និង​បុគ្គលិក​សន្តិ​សុខ ១៧ នាក់។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Sarfraz Bugti អភិបាល​ខេត្ត​នៃ​តំបន់​នោះ​នៅ​ថ្ងៃ​ទី​១​ខែ​កុម្ភៈ។

ជាមួយគ្នានេះ បើតាម​លោក Bugti កងកម្លាំងសន្តិសុខដែលបានឆ្លើយតបទៅ​នឹង​អំពើ​ហិង្សា​នេះ បាន​សម្លាប់​ខ្មាន់​​កាំភ្លើង​​យ៉ាង​​ហោច​ណាស់ ១៤៥ នាក់។ ក្រុម​ឧទ្ទាម​កង​ទ័ព​រំដោះ​បាឡូ​ជីស្ថាន (BLA) កាល​ពី​ពេល​មុន​ បាន​និយាយ​​ថា ខ្លួន​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ ដោយ​អះ​អាង​ថា​មាន​ទាហាន​រាប់​សិប​នាក់​ត្រូវ​បាន​សម្លាប់។

ការកើនឡើងនៃអំពើហិង្សានេះ គឺជាថ្ងៃដ៏សាហាវបំផុតមួយនៅក្នុងខេត្តដែលក្រីក្រមួយ​នេះ ដែល​​រដ្ឋាភិ​បាល​ប៉ាគីស្ថាន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បះបោររបស់​ក្រុម​ជនជាតិ​ភាគតិច អស់រយៈពេលជាច្រើន​ទសវត្សរ៍មក​ហើយ។

ប៉ាគីស្ថាន បានចោទប្រកាន់ប្រទេសឥណ្ឌាថា ​បានគាំទ្រក្រុម BLA។ ចំណែកឯទីក្រុង​ញូដេលី​វិញ បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ចោទ​ប្រកាន់​បែប​នេះ។

កងទ័ព បាននិយាយថា ការវាយប្រហារជាច្រើនបានកំណត់គោលដៅ​លើ​ជន​ស៊ីវិល នៅ​ជុំវិញ​ទី​ក្រុង​ Quetta ដែល​ជា​ទី​រួម​ខេត្ត និង​ទីតាំង​ផ្សេងៗ​ទៀត។

ការវាយប្រហារដោយគ្រាប់បែកដៃ និងកាំភ្លើងនៅក្នុងទីក្រុង និងទីប្រជុំជនចំនួន ១២ នៅទូទាំងខេត្ត បានកំណត់​​គោល​ដៅ​លើ​ទីតាំង​ប៉ូលីស និងកងកម្លាំងពាក់កណ្តាលយោធា ក៏ដូចជាពន្ធនាគារ និងអគាររដ្ឋាភិបាលផងដែរ។

មានសេចក្តីរាយការណ៍ថា អគាររដ្ឋបាលសំខាន់ៗមួយចំនួនក្នុង​ទីក្រុង Quetta និងផ្លូវថ្នល់នៅ​ក្បែរនោះ ត្រូវ​បាន​បិទ​​ខ្ទប់​ក្នុង​អំឡុង​ពេល​ថ្ងៃ។ សេវាទូរស័ព្ទចល័តត្រូវបានកាត់ផ្តាច់ ហើយសេវារថភ្លើងក្នុងតំបន់ត្រូវបាន​ផ្អាក។

ក្រោយមក នាយករដ្ឋមន្ត្រី Shehbaz Sharif បានសរសើរដល់កងទ័ព ដោយ​ប្តេជ្ញា​ថា «នឹង​បន្ត​សង្គ្រាម​ប្រឆាំ​ង​នឹង​​ភេរវ​កម្ម រហូត​ដល់​វា​ត្រូវ​បាន​លុប​បំបាត់​ទាំង​ស្រុង»។

ក្រុម BLA ចោទប្រកាន់រដ្ឋាភិបាលសហព័ន្ធរបស់ប៉ាគីស្ថាន​ថា បានកេងប្រវ័ញ្ច​ធនធាន​រ៉ែ​ដ៏ស​ម្បូរ​បែប​នៃ​ខេត្ត​ដ៏​ធំបំ​ផុត​មួយ​នេះ ដោយ​មិន​ឱ្យ​ប្រជាជន​ក្នុងតំបន់ទទួលបានផលប្រយោជន៍។

សកម្មជនក្នុងតំបន់ ក៏បានទម្លាក់កំហុសលើកងកម្លាំងសន្តិសុខ​ប៉ាគីស្ថាន ចំពោះ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ ដែល​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ទីក្រុង​អ៊ីស្លា​ម៉ាបាដ​បដិសេធ។

ខេត្ត Balochistan គ្របដណ្តប់លើផ្ទៃដីជិត ៤៤% នៃផ្ទៃដីសរុបរបស់​ប្រទេស ដោយ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​អ៊ីរ៉ង់ និង​អាហ្វ​ហ្គា​នី​ស្ថាន ហើយ​គ្រប​ដណ្តប់​លើ​ផ្នែក​ខ្លះ​នៃ​ឆ្នេរ​សមុទ្រ​អារ៉ាប់។ វា​គឺ​ជា​ទី​កន្លែង​រស់​នៅ​របស់​ប្រជា​ជន​ប្រហែល ៥% នៃ​ប្រជាជន​សរុប​ជាង ២៤០ លាន​នាក់​ក្នុង​ប្រទេស។

ខេត្តនេះក៏ជាតំបន់ដែលសម្បូរធនធានធម្មជាតិបំផុតផងដែរ រួមមានហ្គាស និងរ៉ែផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ