មេដឹកនាំកំពូលរបស់ប្រទេស​អ៊ីរ៉ង់ ព្រមាន​​ពី​​សង្គ្រាម​តំបន់ ប្រសិ​ន​បើ​សហរដ្ឋ​អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់

មេដឹកនាំ​កំពូល​របស់​ប្រទេស​អ៊ីរ៉ង់ លោក​ Ayatollah Ali Khamenei បាន​ព្រមាន​ថា រាល់​ការ​វាយ​ប្រហារ​ណា​មួយ​នឹង​បង្ក​ឱ្យ​មាន​ជម្លោះ​ក្នុង​តំបន់ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​បន្ត​បង្កើន​កម្លាំង​ទ័ព​របស់​ខ្លួន​នៅ​ក្បែរ​នោះ។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានដកស្រង់សម្តីលោក Khamenei ដែលបាន​ថ្លែង​ថា៖ «ជន​ជាតិ​អាមេរិក​គួរ​តែ​ដឹង​ថា ប្រសិន​បើ​ពួក​គេចា​ប់​ផ្តើម​សង្គ្រាម លើកនេះវានឹងក្លាយជាសង្គ្រាមក្នុងតំបន់»

លោក Donald Trump បានលើកឡើងកាលពីពេលមុនថា ប្រទេសអ៊ីរ៉ង់កំពុងស្ថិតក្នុង «ការពិភាក្សាដ៏​ធ្ងន់​ធ្ងរ» ហើយ​​លោក​សង្ឃឹម​ថា វា​នឹង​នាំ​ទៅ​រក​អ្វី​មួយ​ដែល «អាច​ទទួល​យក​បាន» ខណៈ​ដែល​មន្ត្រី​សន្តិ​សុខ​កំពូល​របស់​អ៊ីរ៉ង់​ លោក Ali Larijani ក៏បាននិយាយផងដែរថា ក្របខ័ណ្ឌសម្រាប់ការចរចាកំពុង​មានវឌ្ឍនភាព។

លោក Trump បានគំរាមធ្វើអន្តរាគមន៍លើប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន និង​បន្ទាប់​ពី​ការ​បង្ក្រាប​យ៉ាង​សាហាវ​លើ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

ជាផ្នែកមួយនៃការបង្កើនកម្លាំងទ័ព សហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅកាន់​តំបន់​នោះ ហើយ​កាល​ពី​ចុង​សប្តាហ៍មុន បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា នាវានេះកំពុង​ធ្វើប្រតិបត្តិការនៅក្នុងសមុទ្រអារ៉ាប់។

លោក Khamenei បានបន្ថែមថា៖ «លោក Trump តែងតែនិយាយថា លោកបានបញ្ជូននាវាទាំង​នោះ​មក ប៉ុន្តែ​ប្រជា​ជាតិ​អ៊ីរ៉ង់ មិនត្រូវខ្លាចរឿងទាំងនេះឡើយ»

អ៊ីរ៉ង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកដោយប្រើគ្រាប់​ពិតរយៈពេលពីរថ្ងៃនៅថ្ងៃ១កុម្ភៈ ក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតមួយក្នុងពិភពលោក និងជាផ្លូវគន្លឹះសម្រាប់ការផ្គត់ផ្គង់ថាមពល។

ប្រហែលមួយភាគប្រាំនៃប្រេងដែលជួញដូរក្នុងពិភពលោក ឆ្លងកាត់តាមផ្លូវទឹកនេះ ដែលមានទទឹងប្រហែល ៣៣ គីឡូម៉ែត្រ (២១ ម៉ៃល៍) នៅត្រង់ចំណុចតូចបំផុតរវាងអ៊ីរ៉ង់ និងអូម៉ង់។ កាលពីមុន អ៊ីរ៉ង់ធ្លាប់បានគំរាមបិទច្រកសមុទ្រនេះ ប្រសិនបើខ្លួនរងការវាយប្រហារ។

សហរដ្ឋអាមេរិក បានព្រមានអ៊ីរ៉ង់ប្រឆាំងនឹង «អាកប្បកិរិយាមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ» ណាមួយនៅក្បែរកម្លាំងទ័ពរបស់ខ្លួនក្នុងតំបន់នោះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានឆ្លើយតបថា៖ «បច្ចុប្បន្ន កងទ័ពសហរដ្ឋអាមេរិកកំពុងព្យាយាម​​បង្គាប់​បញ្ជា​ថា តើ​កង​កម្លាំង​ប្រដាប់​អាវុធដ៏មានអំណាចរបស់យើង គួរធ្វើការហ្វឹកហាត់បាញ់គោលដៅនៅក្នុងទឹកដីរបស់ខ្លួនដោយរបៀបណា»។

កាលពីថ្ងៃទី៣១​ខែ​មករា ការផ្ទុះចំនួនពីរលើកក្នុងប្រទេសអ៊ីរ៉ង់ បានបង្កើនការព្រួយបារម្ភក្នុងប្រទេស។ អាជ្ញាធរ​មូល​ដ្ឋាន​​បាន​​និយាយ​ថា ការផ្ទុះទាំង២នេះ បានសម្លាប់មនុស្ស៥នាក់ និងរបួស ១៤ នាក់គឺបណ្តាលមកពីការលេចធ្លាយ​ហ្គាស។ នេះបើយោងតាមសារព័ត៌មាន Tehran Times របស់អ៊ីរ៉ង់។

កាលពីថ្ងៃទី​២៩ខែ​មករា លោក Trump បាននិយាយ​ថា លោកបានប្រាប់អ៊ីរ៉ង់ថា អ៊ីរ៉ង់​ត្រូវធ្វើរឿងពីរយ៉ាង ដើម្បី​ចៀស​​វាង​សកម្ម​ភាព​យោធា​របស់សហរដ្ឋអាមេរិក៖ «ទីមួយ មិនត្រូវមាននុយក្លេអ៊ែរ និងទីពីរ បញ្ឈប់ការសម្លាប់ក្រុម​អ្នក​តវ៉ា»។

ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និយាយថា ខ្លួនបានបញ្ជាក់ពីការសម្លាប់មនុស្សច្រើនជាង ៦,៣០០ នាក់ ចាប់តាំងពីភាពចលាចលបានចាប់ផ្តើមនៅចុងខែធ្នូ ហើយកំពុងស៊ើបអង្កេតលើរបាយការណ៍អ្នកស្លាប់ចំនួន ១៧,០០០ នាក់ផ្សេងទៀត។

ក្រុមមួយទៀត គឺអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសន័រវែស បានព្រមានថា ចំនួនអ្នកស្លាប់​ចុង​ក្រោយ​អាចលើសពី ២៥,០០០ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ