ចលនាមាតាធម្មជាតិ នៅដើមខែកុម្ភៈនេះ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook) ភ្ជាប់រូបភាពវីដេអូបង្ហាញភស្តុតាងជាក់ស្តែង ពីសកម្មភាពសាឡង់ជាច្រើនគ្រឿង ធ្វើអាជីវកម្មបូមខ្សាច់ទ្រង់ទ្រាយធំនៅដងទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម បណ្តាលឱ្យប៉ះពាល់បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ការបង្ហោះវីដេអូនេះ ក្រោយពីមានករណីបាក់ច្រាំងទន្លេ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ធ្វើឱ្យខូចខាតសំណង់តាមបណ្ដោយច្រាំងទន្លេ និងសួនច្បារមាត់ទន្លេទាំងស្រុង រួមទាំងផ្លូវកៅស៊ូ ប្រវែង ៧០ម៉ែត្រ និងបាក់ស្រុតសំណង់បេតុងទប់ច្រាំងចូលទឹកទន្លេទាំងស្រុង។
ចលនាមាតាធម្មជាតិ ចាត់ទុកគ្រោះមហន្តរាយនេះ បណ្តាលមកពីអាជីវកម្មបូមខ្សាច់ ដែលពួកគេតែងតែសិក្សាស្រាវជ្រាវ និងបង្ហោះវីដេអូបង្ហាញពីអាជីវកម្មទាញខ្សាច់ពីទន្លេដោយគំហុក ធ្វើឱ្យបាតទន្លេខ្វះតុល្យភាព បាក់ច្រាំង ហើយអាជីវកម្មខ្លះពុំមានការសិក្សាពីផលប៉ះពាល់បរិស្ថានជាមុន និងក្រុមហ៊ុនខ្លះទៀតធ្វើអាជីវកម្មខុសច្បាប់។
ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គខេត្តកណ្តាល លោក ឆន ម៉ៅ សង្កេតឃើញថា អាជីវកម្មបូមខ្សាច់នៅតែកើតមានច្រើននៅតាមដងទន្លេមេគង្គលើ ក្នុងស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន ក្នុងខេត្តកំពង់ចាម បណ្តាលឱ្យច្រាំងទន្លេបាក់ជាបន្តបន្ទាប់ ហើយនឹងមានហានិភ័យខ្ពស់នៅរដូវវស្សាខាងមុខនេះ បើអាជ្ញាធរមិនបញ្ឈប់។ រីឯតាមដងទន្លេមេគង្គក្រោមឯណោះវិញ លោកថា ក្នុងស្រុកខ្សាច់កណ្តាល ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកមុខកំពូល ខេត្តកណ្តាល នៅតែមានអាជីវកម្មបូមខ្សាច់ទាំងយប់ទាំងថ្ងៃ។
លោកចាត់ទុកអាជីវកម្មទាំងនេះ បម្រើប្រយោជន៍ក្រុមហ៊ុនឯកជន ដោយមិនខ្វល់ពីប្រយោជន៍រួម។
លោក ឆន ម៉ៅ និយាយថា៖ «សូមមេត្តាពិនិត្យមើលឡើងវិញ កុំឱ្យមានការបូមដល់ថ្នាក់ហ្នឹងពេក ព្រោះយើងគិតថា បន្តបូមរបៀបនេះ គឺពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ប្រឈមបញ្ហាគ្រោះថ្នាក់ ការបាក់ស្រុតមិនប្រាប់មុនទេ។ អាជ្ញាធរពាក់ព័ន្ធគិតគូរចំណុចទាំងអស់នេះ សុទ្ធជាហានិភ័យ ប៉ះពាល់អាយុជីវិតពលរដ្ឋថែមទៀតផង»។
ចាប់តាំងពីឆ្នាំ២០១៣ មកទល់ពេលនេះ ភូមិឋានប្រជាពលរដ្ឋរស់នៅត្រើយខាងកើតនៃទន្លេមេគង្គ ដូចជា នៅសង្កាត់តាព្រហ្ម ខណ្ឌច្បារអំពៅ កោះនរា ខណ្ឌមានជ័យ ស្រុកមុខកំពូល ខេត្តកណ្តាល និងស្រុកកងមាស ក្នុងខេត្តកំពង់ចាម បានទទួលរងបាក់ច្រាំងធ្ងន់ធ្ងរ រហូតដាច់បាត់ផ្លូវក្នុងភូមិ និងរបូតផ្ទះអ្នកភូមិជាច្រើនខ្នងចូលទន្លេ។
រដ្ឋបាលខេត្តកំពង់ចាម ថ្មីៗនេះ ចេញសេចក្ដីបំភ្លឺមួយ បង្ហាញករណីបាក់ច្រាំងទន្លេក្នុងក្រុងកំពង់ចាម បណ្តាលមកពីតំបន់នោះ ឋិតនៅទល់មុខអន្លង់ទឹកកួចជ្រៅ បូកផ្សំសំណង់ច្រាំងទន្លេមានអាយុជាង ១៤ឆ្នាំមកហើយ។
កាលពីដើមឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងជាសាធារណៈបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ យកចិត្តទុកដាក់គ្រប់គ្រងការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ ជាពិសេសខ្សាច់ទន្លេ ដោយការទទួលខុសត្រូវពីបរិស្ថាន និងផលប៉ះពាល់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ការធ្វើអាជីវកម្មរ៉ែគ្រប់កន្លែង គ្រប់ប្រភេទទទួលខុសត្រូវខ្ពស់។ គិតគូរពីបរិស្ថាន គិតគូរពីចិរភាពប៉ះពាល់ពលរដ្ឋ។ សិក្សាឱ្យច្បាស់លាស់មុននឹងផ្ដល់អាជ្ញាប័ណ្ណ ហើយបានអាជ្ញាប័ណ្ណហើយត្រូវតាមដាន ត្រួតពិនិត្យ ប្រតិបត្តិជាប់ជាប្រចាំ យើងមានតាមអនុលោមតាមគោលការណ៍របស់យើង»។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ ពន្យល់ថា ការបូមខ្សាច់ខុសបច្ចេកទេសនឹងធ្វើឱ្យចរន្តទឹកប្រែប្រួលខុសទិសដៅ បណ្ដាលឱ្យបាក់ច្រាំងទន្លេ ប៉ះពាល់សោភ័ណភាពបរិស្ថាន។ លោកពន្យល់ថា ដើម្បីចៀសវាងកុំឲ្យផ្លាស់ប្ដូរចរន្តទឹកខុសប្រក្រតី ប៉ះពាល់ជីវចម្រុះ អាជ្ញាធរជំនាញត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងសិក្សាវាយតម្លៃហេតុផលបរិស្ថានឱ្យបានត្រឹមត្រូវ មុននឹងផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់ក្នុងតំបន់ណាមួយ។
លោកថា៖ «យើងគួរតែរួមគ្នាយ៉ាងណា អ្នកពាក់ព័ន្ធទាំងអស់ហ្នឹង គោរពតាមច្បាប់ឱ្យល្អប្រសើរ ធ្វើឱ្យផ្ទៃទឹក ទន្លេការធ្វើអាជីវកម្មបានសមស្របទាំងអស់គ្នាសងខាង។ អាជីវកម្មក៏ចំណេញ ក៏មិនរងគ្រោះអីដែរ»។
កន្លងទៅ ពលរដ្ឋ និងសកម្មជនចលនាមាតាធម្មជាតិ តែងតែចោទជាបញ្ហាចម្បងពីអាជីវកម្មបូមខ្សាច់ដោយគ្មានការទទួលខុស ប៉ះពាល់បរិស្ថាន ច្រាំងទន្លេ និងលំនៅឋានពលរដ្ឋ ហើយអ្នកភូមិតែងតែតវ៉ា ដោយទាមទារឱ្យអាជ្ញាធរបញ្ឈប់អាជីវកម្មបូមខ្សាច់ខុសច្បាប់ ខ្វះបច្ចេកទេស ក៏ប៉ុន្តែសំឡេងតវ៉ារបស់ពលរដ្ឋ អាជ្ញាធរតែងតែឆ្លើយដោះសារ រួចទម្លាក់កំហុសបញ្ហានេះ លើគ្រោះធម្មជាតិ៕









