អ្នកឃ្លាំមើលថា​ការបញ្ជូន​លោក ចេន ហ្ស៊ី ទៅ​ប្រទេស​ចិន​ជា​ការ​រំលោភ​រដ្ឋ​ធម្ម​នុញ្ញ​និង​​មាន​​អាថ៌​​កំ​បាំ​ង​​នៅ​ពី​ក្រោយ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (ហៅកាត់ថា CAT) នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ បាន​ចេញ​ផ្សាយ​សេចក្តី​វិភាគ​ផ្លូវ​​ច្បាប់​មួយ ​ដោ​យ​​អះ​​អាង​ថា ការ​​បញ្ជូន​​ខ្លួន​លោក ចេន ហ្ស៊ី ទៅ​កាន់​ប្រទេស​ចិន គឺ​ជា​សកម្ម​​ភាព​ដែ​​លរំ​​លោ​​ភ​លើ​​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​​ជា​ធ​រមាន​របស់​កម្ពុជា​យ៉ាង​ធ្ងន់​ធ្ងរ។

ការចេញមុខមកប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​សេចក្តី​​បំភ្លឺ កាល​​ពី​ថ្ងៃ​ទី​២៦ ខែ​​មករា ឆ្នាំ​២០២៦ ដោយ​ការ​ពារ​ថា​ការ​បញ្ជូន​ខ្លួ​​ន​នេះ គឺ​ជា​ការ​អនុ​វ​ត្ត​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​ ប៉ុន្តែ​ក្រុម​​អ្នក​តស៊ូម​តិ​យល់​​ឃើញ​ថា នេះ​គឺ​ជាកា​រ​បំភាន់​មតិ​សាធារណៈ និង​ជាកា​រ​លាក់​បាំង​អាថ៌​កំបាំង​ដែល​​រដ្ឋាភិ​បាល​ព្យា​យាម​​បិទ​បាំង ។

ផ្អែកតាមការពិនិត្យលើសេចក្តីបំភ្លឺរបស់រដ្ឋាភិបាល ក្រុមអ្នកតស៊ូមតិ បានរ​ក​ឃើញ​ថា ការ​បណ្តេញ​​ចេញ​ដែល​​យោ​ង​​តាម​ការ​ប្តេជ្ញា​ចិត្ត​រវាង​កម្ពុជា និង​ចិន បង្ហាញ​ថា រដ្ឋាភិ​បាល​ឱ្យ​តម្លៃ​លើ​កិច្ច​​ស​ន្យា​ជា​មួយ​បរ​ទេស​ធំ​ជាង​ច្បាប់ និង​រដ្ឋ​ធម្មនុញ្ញ​របស់​ជាតិ​ខ្លួន​ឯង។ តាម​ច្បាប់​កំពូល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ពលរដ្ឋ​​​គ្រប់​រូប​មាន​សិទ្ធិ​ការ​ពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់ ហើយ​ការ​បញ្ជូន​ខ្លួន​ចេញ​ភ្លាមៗ​បែប​នេះ ធ្វើ​ឱ្យ​​សិទ្ធិ​ទទួល​​បា​ន​ការ​ការ​ពារ​ត្រូវ​បាត់​បង់​ទាំង​ស្រុង និង​ជា​កា​​រកម្ទេច​ភស្តុ​​តាង​ក្នុង​ការ​រ​​កការ​ពិត​នៃ​​ប​ទ​ល្មើស​​ដែល​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

ចំពោះការលើកឡើងរបស់រដ្ឋាភិបាល ស្ដីពី ការដកហូតសញ្ជាតិដោយសារ​ការ​បន្លំ​ព័ត៌​មាន ក្រុម​អ្នក​​តស៊ូ​មតិ ​បាន​បក​ស្រាយ​ថា រដ្ឋាភិបាល​មិន​មាន​តួនាទី​ជា​អ្នក​សម្រេច​ថា​បុគ្គល​ណា​ម្នាក់​បន្លំ ឬ​មិន​បន្លំ​​នោះ​ទេ ព្រោះ​អំណាច​ក្នុង​ការ​សម្រេច​សេចក្តី និង​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ព័ត៌​មាន គឺ​ជាស​ម​​ត្ថ​កិច្ច​ដាច់​ដោ​យ​ឡែក​របស់​តុលាការ មិន​មែន​ជា​ការ​ចោទ​ប្រកាន់​ឯក​​តោ​ភាគី​ដោយ​អំណា​ច​នីតិ​ប្រតិ​​បត្តិ​នោះ​​ឡើយ។

ក្នុងន័យនេះ លោក ចេន ហ្ស៊ី ទទួលបានសញ្ជាតិខ្មែរតាម​ព្រះរាជ​ក្រឹត្យ និង​មាន​តួនា​​ទី​​ជា​​ទីប្រឹក្សា​ថ្នាក់​ដឹក​នាំ​កំពូលៗ ដូច​ជា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​កា​​រដក​​ហូត​​សញ្ជាតិ​ត្រូ​វ​ឆ្លង​កាត់​នីតិវិធី​តុលាការ​ជាមុន​សិន។

ជាមួយគ្នានេះដែរ ក្រុមអ្នកតស៊ូមតិ សង្កេតឃើញថា លោក ចេន ហ្ស៊ី មាន​ឋានៈខ្ពស់ស្មើ​រដ្ឋ​មន្ត្រី និង​មាន​ស​កម្មភាព​​សង្គម​​សេដ្ឋកិច្ច​យ៉ាង​ទូលំ​ទូលាយ ដែល​បង្ហាញ​ថា​ទំនាក់ទំ​នង​រប​​ស់លោ​ក​ជាមួ​​យ​​ថ្នាក់​​ដឹក​នាំ គឺ​ជា​ទំនាក់​ទំនង​ពិសេស និង​អាថ៌​កំបាំង ដែល​អាច​សន្និដ្ឋាន​បាន​ថា លោក ចេន ហ្ស៊ី គឺ​ជា​ភ្នាក់​ងារ​បរទេស​ដែល​ដើរ​តួជា​ស្ពាន​ចម្លង​ប្រភព​ទុន​ពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា ឬ​សូម្បី​តែ​ជា​ភ្នាក់ងារ​តំ​ណាង​​ក្នុង​កិច្ច​ព្រម​​ព្រៀង​អនុញ្ញាត​ឱ្យ​ជន​ជាតិ​ចិន មក​រស់​នៅ​កម្ពុជា​ក្នុង​ចំនួន​ដ៏​ច្រើន​លើស​លប់ ។​

ការរំលោភបំពានអំណាចនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរំលង​មាត្រា​៥១ នៃ​រដ្ឋ​ធម្ម​នុញ្ញ​ ស្តីពី​ការ​បែង​ចែក​អំណាច​​រវាង​នីតិ​បញ្ញត្តិ នីតិ​ប្រតិ​បត្តិ និង​តុលាការ។ ក្រុម​អ្នក​តស៊ូ​មតិ បាន​លើ​​ក​​ឡើង​​ជា​​សំណួរ​ផ្លូវ​ច្បាប់​ថា តើ​ការ​បញ្ជូន​ខ្លួន​តាម​យន្ត​ហោះ​ចិន​នេះ ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់​អ្វី ហើយ​ស​កម្ម​ភា​ព​នេះ​​ហា​ក់​​ដូច​ជា​ការ​បំបាត់​ភស្តុតាង​នៃ​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា និង​ការ​លាងស​ម្អាត​ប្រាក់ ដែល​​​​ធ្វើ​ឱ្យ​កម្ពុជា​មិ​ន​អាច​រក​ការ​ពិត​ឃើញ ។

ក្រុមអ្នកតស៊ូមតិ មានការសង្ស័យថា ករណីនេះ ពាក់ព័ន្ធនឹងកិច្ចព្រម​ព្រៀង​នយោបាយ និង​សេដ្ឋ​កិច្ច​រវាង​​គ​ណបក្ស​​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយ​នីស្ត​ចិន ដោយ​ការ​បញ្ជូន​លោក ចេន ហ្ស៊ី ចេញ​ដោយ​បង្ខំ​ និង​ប្រញាប់​ប្រញាល់ គឺ​​ជា​​វិធី​តែមួ​យ​គត់ ដើម្បី​បិទ​បាំង​ដាន​ស៊ើប​អង្កេត​របស់​តុលាការ ដែល​អាច​នឹង​​នាំ​​ឱ្យ​រក​ឃើ​​ញ​ការ​ពិត​ពាក់ព័​ន្ធ​នឹង​​ថ្នាក់​ដឹកនាំកំ​ពូលៗ​ក្នុង​សំណុំរឿង​ថ្នាក់​ជាតិ។

ក្រុម​អ្នកតស៊ូមតិ បញ្ជាក់​ថា ពួកគេមិនការពារជន​ល្មើស​ឡើយ ប៉ុន្តែ​ផ្តល់​ការ​វិភាគ​តាម​ជ្រុង​​ច្បាប់​ ដើម្បី​ជា​​​កញ្ចក់​​ឆ្លុះ​​បញ្ចាំង​ពីត​ថភាព​សង្គម ក្រោម​របប​គ្រប់​គ្រង​បច្ចុប្បន្ន។

គិតមកទល់ពេលនេះ តុលាការប្រទេសចិន នៅមិនទាន់កាត់ទោសមេខ្លោងឧក្រិដ្ឋ​កម្ម​ឆ​បោក​​តាម​ប្រ​ព័ន្ធ​​​អ​ន​ឡាញ គឺ​លោក ចេន ហ្ស៊ី នៅ​ឡើយ​ទេ ខណៈ​សហគម​ន៍​ជាតិ និង​អន្ត​​រជាតិ កំ​ពុង​​រង់​ចាំ​មើល​នីតិ​វិធី ដ្បិត​ករណី​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​មនុស្ស​ជា​ច្រើន ក្នុ​ង​នោះ​​​ក៏មាន​មន្ត្រី​រដ្ឋា​​ភិបាល និង​​អ្ន​ក​ជំនួញ​គ្រាក់ៗ​នៅ​កម្ពុជា​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ