តុលាការកំពូល នៅថ្ងៃចន្ទ បដិសេធសំណើរសុំដោះលែងឱ្យមានសេរីភាព លើសកម្មជន២៣តុលា ក្រុមលោក ស៊្រុន ស្រ៊ន ដោយថាតុលាការកំពូលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ខណៈការបន្តឃុំខ្លួនសកម្មជន២៣តុលា ត្រូវបានអ្នកឃ្លាំមើល រិះគន់ពីនីតិវិធីរបស់តុលាការ ថាហាក់យកជីវិតមនុស្សទៅលេងសើច និងមិនឯករាជ្យពីបក្សនយោបាយ ដោយសារពួកគេជាប់ឃុំ២ភាគ៣នៃស្ថានទម្ងន់ទោស២ឆ្នាំមកហើយ។
ការរិះគន់នេះ ធ្វើឡើងស្របពេលដែលតុលាការកំពូល នៅថ្ងៃទី០២ ខែកុម្ភៈនេះ បានបើកសវនាការលើបណ្តឹងសារទុក្ខសុំដោះលែងឱ្យមានសេរីភាព និងស្នើសុំចំពោះពេលសវនាការរបស់ជនជាប់ចោទក្នុងឃុំលើសកម្មជន២៣តុលា ដែលរួមមាន កញ្ញា ភឹង សោភា លោក ស្រ៊ុន ស្រ៊ន និងលោក សាន សិទ្ធ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
មេធាវីការពារក្តីឱ្យសកម្មជន២៣តុលា លោក ឯម ចន្ថា មានប្រសាសន៍ថា ក្នុងសវនាការ តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់តុលាការថ្នាក់ទាបទុកជាបានការ ដោយបន្តឃុំខ្លួនសកម្មជន២៣តុលាទាំង៣រូប ក្នុងពន្ធនាគារដដែល ក្រោមហេតុផលថាការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការ។
លោកថា៖ «តុលាការកំពូល បានបញ្ជាក់និងបកស្រាយច្បាស់ហើយ អ្វីដែលយើងលើកឡើងថា រយៈពេលមួយខែ តាមរយៈការប្តឹងសាលក្រមនេះ វាមានការភ័ន្តច្រឡំ ព្រោះច្បាប់គេនិយាយអំពីការដោះលែង ការឃុំខ្លួន បើប្តឹងទាំងឡាយពាក់ព័ន្ធនឹងការឃុំខ្លួន គឺធ្វើឡើងក្នុងកំឡុងកំណត់ក្នុងច្បាប់តែ ៥ថ្ងៃទេ បើផុតពី៥ថ្ងៃវាខុសនឹងច្បាប់ មានន័យថាហួសសុពលភាពត្រូវប្តឹង ដូច្នេះតុលាការកំពូលបានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ទុកជាបានការ ហើយបដិសេធបណ្តឹងរបស់មេធាវីទាំង២នាក់ចោល[…] ខ្ញុំយល់ថា គឺជាការបំភ្លឺរបស់តុលាការកំពូល ដែលធ្វើឱ្យយើងជៀសផុតពីការភ័នច្រឡំតទៅទៀតនៅករណីក្រោយៗផ្សេងទៀត»។
ចំណែក កញ្ញា ភឹង សោភ័ណ បងស្រីរបស់កញ្ញា ភឹង សោភា បានបង្ហាញការសោកស្តាយដែលតុលាការសម្រេចតម្កល់សាលដីការបស់តុលាការថ្នាក់ទាប ទុកជាបានការ។ យ៉ាងណា កញ្ញាសង្ឃឹមថា សាលាដំបូងរាជធានីភ្នំពេញ នឹងពន្លឿននីតិវិធីក្នុងការស្វែងរកយុត្តិធម៌សម្រាប់សកម្មជន២៣។
កញ្ញាថា៖ «ព្រោះដោយសារនីតិវិធីនៅកំពូលនេះ គឺបានតម្កល់អាហ្នឹងចាត់ទុកជាបានការហើយ ចឹងមានតែស្នើសុំឱ្យមានការពន្លឿននីតិវិធីនៅសាលាដំបូង ឱ្យកាន់តែឆាប់រហ័ស ព្រោះមកដល់ឥលូវនេះគាត់បានជាប់ឃុំរហូតដល់ ១៨ខែជាងហើយ […] ចឹងហើយបានជាស្នើសុំឱ្យគាត់នៅខាងក្រៅ ឬស្នើឱ្យគាត់ហ្នឹងខាងតុលាការពន្លឿននូវនីតិវិធី ព្រោះផលលំបាកជាច្រើនដែលរងចាំគាត់មកដោះស្រាយ ហើយនិងរងចាំគាត់ចូលរួមជួយជាគំនិត ជាពិសេសមើលឃើញថា អត់មានអ្នកចែករំលែកអំពីច្បាប់ ដូចជាការផ្សាយផ្ទាល់តាមផេកតាមអីផ្សេងៗ ចឹង ពលរដ្ឋគឺពិតជាចង់រៀនអំពីច្បាប់ ចង់រៀនពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាប្រចាំថ្ងៃដដែលចឹង»។
សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់កម្ពុជា ទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ (CLV)។
មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បន្តរិះគន់នីតិវិធីរបស់តុលាការថាមានភាពខ្ជីខ្ជា ខណៈជនជាប់ចោទដែលជាសកម្មជន២៣តុលានេះ បានជាប់ឃុំជាង២ភាគ៣នៃចំនួនទោសដែលមានរយៈពេល២ឆ្នាំហើយ បែរជាតុលាការមិនទាន់កាត់ក្តីចប់នៅឡើយ។
លោកថា៖ «អ្វីដែលយើងមើលមួយទៀត វាហាក់ដូចជាស្ថាប័នឯករាជ្យនេះ ត្រូវបានគេយកមកលេងសើច ធ្វើជាល្បែង គេហៅថា នយោបាយក៏បាន ឬក៏ជាការពន្យាពេលក៏បាន យើងលើកដូចជាករណី ស្រ៊ុន ស្រ៊ន នេះ សំណុំរឿងនៅសាលាដំបូង គឺបំបែកជា៥ គ្រាន់តែជារឿងញុះញង់ប៉ុណ្នឹងទេ បំបែកជា៥ ហើយបង្កើតនីតិវិធីស្មុគស្មាញ ធ្វើមកដល់ពេលខ្លះសូម្បីតែយើងជាអ្នកតាមដានហ្នឹងក៏មិនដឹងថា សំណុំរឿងមួយណាដែលបំបែកជា៥ហ្នឹងសំណុំរឿងមួយណា មានអ្នកណាខ្លះ[…] ហើយរហូតមកដល់ពេលនេះ គឺអត់បានកាត់ក្តីអីទាំងអស់ នេះជាការខ្ជីខ្ជាមួយរបស់ស្ថាប័ននេះ ដែលយើងមិនដឹងថាតើស្ថាប័នតុលាការយើងសព្វថ្ងៃនេះ ជាស្ថាប័នឯករាជ្យដាច់ចេញពីនយោបាយ ឬមួយក៏ជាស្ថាប័ននេះស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់កូនក្តីដែលឃុំខ្លួនជិតដល់ថ្ងៃចេញហើយ មិនទាន់កាត់ក្តី នេះដែលយើងចង់និយាយសំដៅតែទៅលើនីតិវិធីនៃក្រុម២៣តុលានេះ»។
ការណ៍នេះ លោក យី សុខសាន្ត បានបន្តស្នើយ៉ាងទទូចសុំឱ្យតុលាការកំពូល ពិចារណាដោះលែងសកម្មជន២៣តុលាឱ្យមានសេរីភាពវិញ ដោយថា ពួកគេគ្រាន់តែបញ្ចេញមតិរិះគន់បែបស្ថាបនា ខណៈបញ្ហាអភិវឌ្ឍន៍តំបន់ត្រីកោណមាសកម្ពុជា-ឡាវ-វៀតណាម (CLV)នេះ រដ្ឋាភិបាលក៏បានលុបចោលហើយដែរ ក្រោយមានការរិះគន់ច្រើន។
លោកថា៖«យើងស្នើសុំឱ្យតុលាការកំពូល មេត្តាសម្រេចក្តីនៅចុងម៉ោងនេះ គឺសុំឱ្យដោះលែងទៅ វាអាក្រក់មើលណាស់ដែលយើងមើលទៅឃុំខ្លួនជិតប្រហែលជាពីរភាគបីហើយ មិនទាន់បើកសវនាការ បើរកមិនឃើញទេដោះលែងគាត់ទៅ ឱ្យគាត់មានសេរីភាព វាល្អជាជាងឃុំគាត់ទុក វាមិនបានស្មើនឹងពួកឆបោកតាមអនឡាញផងបើយើងមើល ឆបោកតាមអនឡាញគេចាប់តែមេទេ អាអ្នកដៃដល់ម៉ាកាគោក អាអ្នកបោកម៉ាកាគោក គេដោះលែង គេមិនមានធ្វើអី គេចាប់បញ្ជូន ហើយពួកគាត់គ្រាន់តែធ្វើការងារសង្គម គ្រាន់តែតិះទៀនស្ថាបនាប៉ុណ្ណឹង រឿងអីចោទប្រកាន់គាត់ដាក់គុក ដាក់ទោសមកលើពួកគាត់»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈនេះ។
ពាក់ព័ន្ធនឹងរឿងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA វិញ គឺមានមនុស្សប្រហែល ១០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៤ ហើយជាមួយគ្នានោះ មានជាង ៦០នាក់ ដែលត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារ សម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផែនការប្រមូលផ្តុំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេអំពីការជាប់ពាក់ព័ន្ធនៅក្នុងករណី CLV-DTA ក្នុងនោះមានទាំងសកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលានេះផងដែរ។
ដីការបស់តុលាការ បានលើកឡើងថា ជនជាប់ចោទបានបង្កើតព័ត៌មាន«បំភ្លៃ»និង«ប្រឌិត» ដោយមានចេតនាទុច្ចរិត ញុះញង់ឱ្យមានការខឹងសម្បារប្រឆាំងនឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
តែយ៉ាងណា ក្រោយមករដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម៕









