សង្គមខ្មែរបច្ចុប្បន្នត្រូវបានគេមើលឃើញនៅនឹងភ្នែកថា បាននិងកំពុងរួមរិតទៅដោយវិបត្តិចាក់ស្រែស រាប់ចាប់តាំងពីអំពើអយុត្តិធម៌ អំពើពុករលួយបក្ខពួកនិយមជាប្រព័ន្ធពេញបន្ទុក ការឈ្លានពានទឹកដីតាមអំពើចិត្តពីថៃ អំពើឆបោកគ្រប់ទម្រង់ ការដាក់ប្រាក់វិនិយោគមិនអាចដកប្រាក់បានវិញ ទិញផ្ទះទិញដីបង់ប្រាក់គ្រប់ចំនួនមិនបានផ្ទះមិនបានដី។
ការណ៍នេះ ធ្វើឱ្យគេមើលឃើញថា អ្នកមានបន្តរំលោភយកដីអ្នកក្រក្រោមរូបភាពអភិវឌ្ឍ ល្បែងអនឡាញចាប់ជម្រិត ការរីករាលដាលនៃគ្រឿងញៀន ការបំផ្លិចបំផ្លាញធនធានធម្មជាតិ កសិផលរបស់កសិករគ្មានទីផ្សារ និងការប្រកបរបររកទទួលទានផ្សេងៗជួបការលំបាកយ៉ាងខ្លាំងជាដើម។
ក្នុងចំណោមបញ្ហាចាក់ស្រែស ដែលបានរីកដុះដាលកាន់តែខ្លាំងចាប់តាំងពី លោក ហ៊ុន ម៉ាណែត ត្រូវបានលើកបន្តុបឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសឪពុករបស់លោក គឺលោក ហ៊ុន សែន អស់រយៈពេលជាង២ឆ្នាំមកនេះ អំពើអយុត្តិធម៌ក្នុងសង្គមត្រូវបានគេមើលឃើញថា មិនត្រឹមតែមិនថមថយប៉ុណ្ណោះទេ ថែមទាំងហាក់រីកកាន់តែធំថែមទៀត ធ្វើឱ្យអ្នកក្រីក្រទន់ខ្សោយគ្មានអំណាចកាន់តែច្រើនទទួលរងគ្រោះ។ បញ្ហាទាំងនេះ ជាការចោទសួរថា តើកត្តាអ្វីខ្លះធ្វើឱ្យអំពើអយុត្តិធម៌កាន់តែរីកធំក្នុងសង្គមខ្មែរ?
មុននឹងធ្វើការវិភាគទៅលើសំណួរគន្លឹះនេះ វីអូឌី សូមលើកយកសំណុំរឿងមួយចំនួនដែលទើបកើតឡើងថ្មីចុងក្រោយ ដែលត្រូវបានមជ្ឈដ្ឋានមួយចំនួន និងអង្គការសង្គមស៊ីវិល ចាត់ទុកថា ជារឿងអយុត្តិធម៌ ខណៈគិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលនៃបក្សប្រជាជនកំពុងបន្តឃុំខ្លួនអ្នកប្រើសិទ្ធិ ឬហៅថា អ្នកទោសមនសិការចំនួន៩៤នាក់ ក្នុងនោះក៏មាន លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិផងដែរ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះជិត១០ឆ្នាំមកហើយ។
ជុំវិញបញ្ហានេះ គម្រោងយុត្តិធម៌ពិភពលោក World Justice Project ក្នុងឆ្នាំ២០២៤ បានចាត់កម្ពុជាឱ្យបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាង ពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌ក្នុងសង្គម ពោលគឺចំណាត់ថ្នាក់ទី១៤១ក្នុងចំណោម១៤២ប្រទេស។ ជាមួយគ្នានេះ WJP ដែលជាអង្គការស្រាវជ្រាវសង្គមពិភពលោកនេះ បានដាក់ចំណាត់ថ្នាក់កម្ពុជាទាបជាងគេ ក្នុងចំណោម១៤៣ប្រទេស ក្នុងសន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំ២០២៤។ ចំណែកទាក់ទងស្ថានភាពអំពើពុករលួយវិញ អង្គការតម្លាភាពកម្ពុជា (TIC) បានចាត់ចំណាត់ថ្នាក់កម្ពុជា បន្តស្ថិតនៅលេខរៀងទាបបំផុតទីពីរ ជាប្រទេសដែលមានអំពើពុករលួយខ្លាំងក្នុងតំបន់អាស៊ាននៅឆ្នាំ២០២៤ ដោយថយចុះ១ពិន្ទុបន្ថែមទៀតបើធៀបនឹងឆ្នាំមុន។ សូមបញ្ជាក់ថា ស្ថាប័នជំនាញអន្តរជាតិទាំងនេះ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅជិតបាតតារាងជាប់ៗគ្នាបែបនេះ អស់រយៈពេលជិត១០ឆ្នាំមកហើយ។
សម្រាប់ចំណាត់ថ្នាក់ឆ្នាំ២០២៥ លើកម្រិតយុត្តិធម៌ នីតិរដ្ឋ និងអំពើពុករលួយ ដែលមិនទាន់ចេញនៅឡើយកម្ពុជា ក៏ទំនងជាមិនទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំកន្លងមកដែរ ខណៈរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជន មិនបានបន្ធូរដៃដល់អ្នកមានមតិផ្ទុយឡើយ ពោលគឺនៅតែបន្តធ្វើទុក្ខបុកម្នេញចាប់ខ្លួនឃុំខ្លួន តាមយុទ្ធសាស្រ្តហិង្សារបស់ លោក ហ៊ុន សែន ងើបមួយវ៉ៃមួយដដែល បើទោះបីជាទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងតែបញ្ចេញសារជាញឹកញាប់ ជំរុញឱ្យប្រជាជាតិខ្មែររួបរួមសាមគ្គីគ្នា ក្នុងគ្រាដ៏លំបាក ដែលថៃលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជា ប្រមាថមើលងាយខ្មែរយ៉ាងខ្លាំងយ៉ាងណាក៏ដោយ។
ថ្មីៗចុងក្រោយនេះ តុលាការកម្ពុជាដែលគេដឹងឮយ៉ាងទូលំទូលាយថា ស្ថិតនៅក្រោមកណ្តាប់ដៃលោក ហ៊ុន សែន នៃបក្សប្រជាជន បានសម្រេចបន្តឃុំខ្លួនក្នុងពន្ធនាគារ៤ឆ្នាំ និងបន្ថែមការពិន័យជាប្រាក់ ៥លានរៀល លើលោក សុខ ស៊ុនណារ៉េត ជាអតីតមន្ត្រីយោធា និងជាឪពុករបស់សកម្មជនគណបក្សជំទាស់លោក ស៊ន ដារ៉ា ក្រោមការចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជាបទចោទដែលក្រុមគ្រួសារ និងមន្ត្រីសិទ្ធិមនុស្សថា ជាការប្រឌិតដោយសារតែការចាប់ខ្លួននេះ បានកើតឡើងបន្ទាប់ពីលោក ស៊ន ដារ៉ា បានបដិសេធមិនព្រមចុះចូលជាមួយលោក ហ៊ុន សែន។
បន្ថែមពីនេះ សាលាឧទ្ធរណ៍ ក៏បានសម្រេចបន្តឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរដាក់ឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល និងបានចាប់ឃុំខ្លួនលោក ហ៊ុក រ៉េន អាយុ៥១ឆ្នាំ ជាប្រជាពលរដ្ឋ លោក រ័ត្ន សុធី ជំទប់ទី២ ឃុំអន្លង់វិល និងជាប្រធានប្រតិបត្តិស្រុកនៃគណបក្សភ្លើងទៀនស្រុកសង្កែ និងលោកសឹង ហៀង អាយុ៤៦ ឆ្នាំ ប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ស្រុកភ្នំព្រឹក ជាដើម ក្រោមការចោទប្រកាន់ពីបទញុះញង់ និងបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គម ដោយសម្តែងការខ្វាយខ្វល់ពីបញ្ហាជាតិជាពិសេសបញ្ហាទឹកដីដែលថៃកំពុងឈ្លានពានកម្ពុជា។
ក្រៅពីនេះ មានសកម្មជននយោបាយនិងសកម្មជនសង្គមជាច្រើន ដែលបានប្តឹងជំទាស់ប្រឆាំងនឹងការឃុំខ្លួនលើពួកគេទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល ក៏មិនត្រូវបានតុលាការជាន់ខ្ពស់ទាំងពីរនេះ បន្ធូរបន្ថយទោស ឬដោះលែងឡើយ ខណៈលោក កឹម សុខា ដែលត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិចាត់ទុកថា ត្រូវបានចាប់ឃុំខ្លួនដោយសារតែរឿងនយោបាយ ត្រូវបានសាលាឧទ្ធរណ៍ពន្យាពេលសវនាការជាច្រើនលើកមកហើយ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិគប់គិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល បើទោះបីសហរដ្ឋអាមេរិកជា ពិសេសលោកប្រធានាធិបតីត្រាំបានបដិសេធរួចហើយថា សហរដ្ឋអាមេរិកមិនបានគប់គិតជាមួយលោក កឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាក្តី ក៏តុលាការកម្ពុជានៅតែកាត់ទោសលោកឱ្យជាប់ទោសរហូតដល់២៧ឆ្នាំ បើទោះបីជាគ្មានភស្តុតាងដាក់បន្ទុករឹងមាំយ៉ាងណាក្តី។
គេហទំព័រអ្នកជាប់ឃុំដោយប្រើសិទិ្ធរបស់អង្គការសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធរ និងស្ថាប័នអនុវត្តច្បាប់មួយចំនួន បន្តចាប់ឃាត់ និងឃុំខ្លួន អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន៩៤នាក់ ដោយចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដោយសារតែភាពសកម្មនិយម ឬការបញ្ចេញមតិរបស់អ្នកទាំងនោះ។
លីកាដូ រួមជាមួយក្រុមអ្នកសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលមួយចំនួន អំពាវនាវឱ្យមានការដោះលែងអ្នកទាំងនោះជាបន្ទាន់ និងលើកចោលបទចោទប្រកាន់ដោយអនុញ្ញាត ឱ្យពួកគេបន្តភាពសកម្មនិយម ដើម្បីឱ្យកម្ពុជាកាន់តែប្រសើរឡើង ។
លោក ផែង ហេង សហមេធាវីការពារក្តីឱ្យលោកកឹម សុខា បានសរសេរលើបណ្តាញសង្គមរបស់លោកថា៖ «ឃើញអំពើអយុត្តិធម៌ចេះតែចង់បញ្ចេញមតិ»។
មេធាវីចាស់វស្សារូបបនេះ ពន្យល់ថា អយុត្តិធម៌មិនមែនសន្តិភាពទេ គឺជាហិង្សា។ អ្នករងអយុត្តិធម៌ដីធ្លី ផ្ទះសម្បែង នយោបាយ។ល។ ទាល់តែរដ្ឋមាននយោបាយច្បាស់លាស់ មិនអាចឲ្យអ្នកទាំងនេះ បន្តរងគ្រោះរាំរ៉ៃទេ ហើយក៏មិនត្រូវស្តាប់តែភាសារលើកជើងនោះដែរ។
លើសពីនេះ អ្នកជំនាញច្បាប់និងបញ្ញវ័ន្តខ្មែរជាច្រើន ដែលមិនចំណុះរដ្ឋាភិបាល បានលើកឡើងថា ការរំលាយប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំ ខ្លាំង មានប្រជាពលរដ្ឋគាំទ្រជិតកន្លះប្រទេសកាលពីចុងឆ្នាំ២០១៧ បានធ្វើឱ្យបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាច ខណៈលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាកាន់តែអាចជិះសេះលែងដៃធ្វើអ្វីៗតាមអំពើចិត្ត តាមអារម្មរណ៍របស់ខ្លួន ដោយមេដឹកនាំរូបនេះថែមទាំងអាចត្រួតត្រាស្ថាប័នជាតិបានទាំងអស់ រាប់ចាប់តាំងពីក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រឹទ្ធសភា រដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។
បន្ថែមពីនេះ តួនាទីក្នុងស្ថាប័នយុត្តិធម៌គ្រប់ជាន់ថ្នាក់ រាប់ចាប់តាំងពីកាន់តួនាទីជាព្រះរាជអាជ្ញា និងចៅក្រមជាដើម ដែលមានសិទ្ធិកាត់សេចក្តីលើអ្នកនយោបាយប្រឆាំង ដែលជាគូប្រជែងរបស់ខ្លួន ដូចជាលោក ឌិត មន្ទី និងលោក ជីវ កេង ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជាដែលលោក ហ៊ុន សែន ជាប្រធាន។
ពួកគេបានប្រើតួនាទីជាចៅក្រមតុលាការកំពូល ធ្វើការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងឃុំខ្លួនលោក កឹម សុខា ដែលជាគូប្រជែននយោបាយយ៉ាងស្រួចស្រាល់របស់គណបក្សខ្លួនជាដើម។
បន្ថែមពីនេះ ការលុបបំបាត់ស្ថាប័នសារព័ត៌មានឯករាជ្យ និងរិតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលព្រមទាំងរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីគ្រប់ជ្រុងនៃសង្គមក៏រួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យអំពើអយុត្តិធម៌សង្គមរីកកាន់តែធំ និងមានការរីករាលដាលអំពើពុករលួយ និងបក្ខពួកនិយម ព្រមទាំងការឆបោកគ្រប់ទម្រង់ផ្សេងៗកាន់តែខ្លាំង ដែលបង្កហានីភ័យដល់ពលរដ្ឋ និងសង្គមជាតិទាំងមូលកាន់តែខ្លាំងផងដែរ។
សម្រាប់ លោកមេធាវី ផែង ហេង យុត្តិធម៌គឺមានឫសគល់ចេញពីឆន្ទៈមេដឹកនាំកំពូល និងការមិនជ្រៀតជ្រែកកិច្ចការតុលាការរបស់មន្ត្រី។ ជាពិសេសអ្នកសម្រេចសេចក្តី និងអ្នកមានកាតព្វកិច្ចក្នុងវិស័យយុត្តិធម៌ ត្រូវតែជាមនុស្សចង់បានយុត្តិធម៌ តែបើជាមនុស្សដែលប្រាថ្នាលុយកាក់ បុណ្យស័ក្តិទេ គួរទៅធ្វើពាណិជ្ជកម្ម ឬកិច្ចការក្រៅពីនេះ៕









