អ្នក​ជំនាញ​កសិកម្ម​ស្នើ​រដ្ឋាភិបាល​​បើក​​​​រោង​ចក្រ​​ច្នៃ​​ដំឡូង​មី​​​ជាង​​១០​ទីតាំង​​​ឡើង​​​វិញ​​ក្រោយ​​​ពី​​​បិទ​​​ស្ទើរ​​​​ទាំង​​អស់​

អ្នក​​ជំនាញ​​កសិកម្ម ​សង្កេត​​ឃើញ​​ថា មក​​ទល់​ពេល​​នេះ ​កម្ពុជា​​មាន​​រោង​ចក្រ​​​កែ​ច្នៃ​​ដំឡូង​​មី​​ យ៉ាង​​​ហោច​​ណាស់​ ជាង ១០​ទីតាំង​ផ្សេងៗ​គ្នា ​ឋិ​ត​​ក្នុង​​ខេត្ត​​មួយ​​ចំនួន ​រួម​មាន ​ខេត្ត​​រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ឆ្នាំង ឧត្តរមាន​ជ័យ ត្បូង​​ឃ្មុំ កំពង់​ស្ពឺ និង​​ខេត្ត​​បាត់ដំប​ង​​ជាដើម ក៏​ប៉ុន្តែ​​​គេ​​ឃើញ​មាន​​រោង​ចក្រ​​តិច​តួច​​ប៉ុណ្ណោះ​​នៅ​​ដំណើរ​ការ។

ប្រធាន​សមាគម​កសិករ​ដំឡូងមី​ខ្មែរ លោក អិល ឈិញ ប្រាប់​​វីអូឌី​នៅ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ​​ថា រដ្ឋាភិបា​ល​គួរតែ​​​​សិក្សា​ និង​​ស្រាវ​ជ្រាវ​​លម្អិត​​ពី​​រោង​ចក្រ​​កែច្នៃ​​ដំឡូង​មី​ដែល​ផ្អាក​ដំណើរ​ការ​ ​​ថា​តើ​​មាន​​មូល​​ហេតុ​អ្វី​​ខ្លះ? ហើយ​ត្រូវ​រក​មធ្យោ​បាយ​​ជំរុញ​ឱ្យ​ដំណើរការ​ឡើងវិញ​ ដើម្បី​លើក​កម្ពស់​ផលិតផល​កសិកម្ម​ក្នុង​ស្រុក និង​ផ្ដល់​ការងារ​ឱ្យ​ពលរដ្ឋ​ខ្មែរ។

លោក​សង្កេត​ឃើញ​ថា ចាប់តាំងពីឆ្នាំ២០១០ រហូត​មក​ទល់​ពេល​នេះ មាន​​រោង​ចក្រ​យ៉ាងហោចណាស់ជិត១០កន្លែង​ បាន​ចំណាយ​ទុនវិនិយោគ​រាប់​លាន​ដុល្លារ​អាមេរិក ដើម្បី​ដំណើរការ​សង្វាក់​ផលិតកម្ម​ ក៏ប៉ុន្តែ​បែរ​ជា​ផ្អាក​ទៅ​វិញ ដោយ​​​គ្មាន​មូលហេតុ​ផល​ច្បាស់លាស់។

លោក​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​​គួរ​តែ​​រឹប​អូស​​រោង​ចក្រ​​ដែល​​បិទ​​ទាំង​​អស់ ដើម្បី​​ស្វែង​​រក​អ្នក​​វិនិយោគ​​ថ្មី​​ជំនួស​ ប្រសើរ​​ជាង​បិទ​ទ្វារ​រោង​ចក្រ​នៅ​ទំនេរ​ចោល។

លោកថា៖ «ពាក់ព័ន្ធរឿងធំ ដល់ក្រសួង និងមន្ទីរ រោងចក្រអត់ដំណើរការ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ម៉េច? បើក​រោង​ចក្រ បើក​ដើម្បី​រក​ស៊ី ឬ​ក៏យ​ក​លុយ​មក​លាង យក​លុយ​មក​ចោល។ បើ​រោង​ចក្រ​ដំណើរ​ការ​យើង​គួរ​ពង្រឹង​តម្លៃ​ តម្លៃ​​ដំឡូ​ងកុំឱ្យ​ថ្លៃ​​តាម​តំបន់ វា​ត្រូវ​ដឹក​ទៅ​ខាង​វៀត​ណាម ហើយ​វា​ប្រមូល​ទិញ​ដំឡូង កសិករ​មិន​បារម្ភ​ប៉ុន្មាន។​ កសិករ​​ដាំ​ដំឡូង​ឱ្យ​តែ​មាន​អ្នក​ទិញ​មិន​ខ្វះ​អ្នក​ដាំ​ទេ»។

លោក អិល ឈិញ បន្ថែម​​ថា ​រដ្ឋាភិបាល​គួររៀបចំ​បែងចែក​តាម​​តំបន់​រោង​​ចក្រ​​កែច្នៃ​​ដំឡូង​​មី​​ តាម​​បណ្តា​ខេត្ត​នីមួយៗ ដើម្បី​​ងាយ​ស្រួល​​ឱ្យ​​​កសិករ​ស្វែង​រក​ទីផ្សារ​លក់​ចេញ​។

លោក​ថា ​ក្នុ​ង​​ចំណោម​​រោងចក្រ​ជាង ១០ កន្លែង​ នៅ​ទូទាំង​ប្រទេស​គេឃើញ​​មាន​តែ​រោងចក្រ​មួយ​​ចំនួន​​តូច​ប៉ុណ្ណោះ​ បន្ត​​​ដំណើរការ​សង្វាក់​​ផលិតកម្ម ​រួមមាន នៅ​​ខេត្ត​​មណ្ឌលគិរី ​ខេត្ត​រតនគិរី ខេត្ត​ក្រចេះ ខេត្ត​បាត់ដំបង ​និង​​​​​ខេត្ត​​​ឧត្តរ​​មាន​ជ័យ​។

ជុំវិញ​រឿង​នេះ​ កសិករ​ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន ប្រាប់​វីអូឌី​ថា កសិករ​ភាគច្រើន​ដាំ​ដំឡូង​​ទទួល​បាន​ទិន្នផល​ល្អ ក៏ប៉ុន្តែ​នៅ​ពេល​ប្រមូល​ផល​បែរ​ជា​ធ្លាក់​ថ្លៃ ត្រឹម​តែ ១៥០ រៀល ទៅ ២៤០ រៀល ក្នុង​មួយ​គីឡូក្រាម។ រីឯ​​ដំឡូង​ក្រៀម​ស្ងួត​​​មាន​​​តម្លៃ​​ចន្លោះ ៤៥០ រៀល ​ទៅ ៥៥០ រៀល ក្នុង​​មួយ​​គីឡូ​​ក្រាម។

លោក​បន្ថែម​ថា ឈ្មួញ​ដែល​ទិញ​ដំឡូង​របស់​លោក ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​ ហើយ​​ទម្រាំ​​ដឹក​​ដល់​​វៀតណាម មាន​​ឧបសគ្គ​​ច្រើន ដែល​​ជា​​​ហេតុ​​ធ្វើ​​ឱ្យ​ពួក​គេ​​ទម្លាក់​​តម្លៃ​​ដំឡូង​​របស់​​កសិករ។

លោក ថាន់ វ៉ន និយាយ​ថា៖ «មិនសូម្បីតែដំឡូងមី គ្រាប់ចន្ទីរអីក៏ដោយ រដ្ឋាភិបាល​បង្កើត​រោង​ចក្រ ២ ទៅ ៣ ខេត្តមាន​រោង​ចក្រ​មួយ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ការ​ងារ​ធ្វើ​ផង។ ឥលូវ​មិន​ប៉ះពា​ល់​ផ្លូវ​ចិត្ត​ទេ ពលរដ្ឋ​បាន​ប៉ុណ្ណា​ស៊ី​ប៉ុណ្ណឹង​ អ្វី​ដល់​អស្ចារ្យ​រដ្ឋាភិ​បាល ផលិត​ផល​ធ្លាក់ តើ​មុខ​គាត់​រីក​យ៉ាង​ម៉េច?»

​វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ឃឹម ហ្វីណង់ និង​​រដ្ឋ​មន្ត្រី​ក្រសួង​​កសិកម្ម លោក ឌិត ទីណា បាន​​នៅ​​ឡើយ​ទេ ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

តែ​យ៉ាង​ណា លោក ឌិត ទីណា បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា ​ក្នុង​ឆ្នាំ​២០២៥ ​កម្ពុជា​​នាំ​​​ចេញ​​ដំឡូង​មី​​ស្រស់​ថយ​​ចុះ ដោយ​សារ​​​កសិករ​បំប្លែង​​ពី​​ដំឡូង​មី​ស្រស់ ​និងក្រៀម ​ហើយ​កែច្នៃ​ជា​ម្សៅ ដើម្បី​រក្សា​ទុក​បាន​យូរ ​និង​មាន​តម្លៃ​ខ្ពស់។

លោក​ថា កម្ពុជា​បាន​នាំ​ចេញ​ដំឡូងមី​ក្រៀម​កើន​ឡើង​ ៦២,២២% និង​ម្សៅ​ដំឡូងមី​កើន​ឡើង​ចំនួន ៧៥,២៣% ​បើ​​ធៀប​​នឹង​​ឆ្នាំ​២០២៤។ 

ចំណែក ​បញ្ញវន្ត​ខ្មែរ​រស់​នៅ​រាជ​ធានី​ភ្នំពេញ លោក ឡុង បូរី សង្កេត​ឃើញ​​ថា ​កសិករ​​ជួបការ​លំបាក​ក្នុងកា​រ​លក់​ផលិត​ផល​កសិកម្ម​របស់​ខ្លួន​ជា​ច្រើន​ឆ្នាំម​ក​ហើយ ដែល​ជា​ឧបសគ្គ​ធ្វើ​ឱ្យពួ​ក​គាត់​មាន​បញ្ហា​បំណុល វិបត្តិ​​ផ្លូ​វ​ចិត្ត និង​ធ្វើ​​ចំណាក​​​ស្រុក​​​ជាដើម។

លោក ឡុង បុរី និយាយ​ថា៖ «កាល​ណាយើ​ង​អត់​មាន​រោង​ចក្រ​ផលិត​ខ្លួន​ឯង​ទេ យើង​ពឹង​លើ​ប្រទេស​ជិត​ខាង​ ប្រៀប​​ដូច​ជា​ពឹង​ខ្យល់​គេ​ដក។  គេផ្ត​ល់​ឧកស៊ីសែន​ឱ្យ​យើង​ដក គេ​ផ្តល់​ឱ្យ គេផ្ត​ល់​ឱ្យ កាល​ណាគេ​មិ​ន​ផ្តល់ គេ​បិទ​ឧក​ស៊ីសែ​ន យើង​នេះ​ស្ទះ​ខ្យល់»។

បញ្ញា​វន្ត​ខ្មែរ​ម្នាក់​ទៀត គឺលោក ប៉ុក បាន មើល​ឃើញ​ថា បញ្ហា​នេះ​គឺ​ជា​​រឿង​​ដដែលៗ​ រដ្ឋាភិបាល​​គ្មាន​​ដំណោះស្រាយ​​ឱ្យ​​មាន​​​ប្រសិទ្ធ​ភាព​​នៅ​​ឡើយ​​ទេ ក្នុង​​ពេល​​បិទ​​ព្រំដែន​​កម្ពុជា-ថៃ ជា​ឱកាស​មួយ​ដែល​​កម្ពុជាត្រូវ​​​ពង្រឹង​បច្ចេក​​ទេស​​​កែច្នៃ​ផលិតផល​ក្នុង​​ស្រុក ស្រប​ពេល​ដែល​ពលករ​ខ្មែរ​រាប់​សែន​នាក់​ បាន​វិល​មក​កម្ពុជា។

លោក ប៉ក់ បាន និយាយថា៖ «សង្កេតមើល យើងមើលតាំងពីដើមមក នាំចេញ​បានលុយមក គឺ​យើងអត់​បាន​គិត កាល​ណា​យើង​ធ្វើ​រោង​ចក្រ​កន្លែង​កែ​ច្នៃឱ្យ​វា​ទៅ​ជា​​ចំណី​អាហារ ទៅ​ជា​សម្ភារៈ​អ្វី​មួយ យើង​នឹង​ចំណេញ​បាន​ច្រើន​ លក់​បាន​ថ្លៃ។ យើង​អត់​បាន​គិត​ដល់​លទ្ធផល​សម្រេច»

របាយ​ការណ៍​ក្រសួង​កសិកម្ម ​បង្ហាញ​ថា កម្ពុជា​នាំចេញ​ដំឡូង​មី​ស្រស់​ ​សម្រេ​ច​បាន​​ជាង ​៣ ​លាន​​តោន​ នៅ​​​ក្នុង​​ឆ្នាំ​ ២០២៥ ​ធ្លាក់​​ចុះ​ ៩,៨២% ​ធៀប​​នឹង​​ឆ្នាំ​​២០២៤ ​ដោ​យសា​រ​​កសិករ​​បំប្លែង​​ពី​​ដំឡូង​​មី​​ស្រស់​ និង​​ក្រៀ​ម​​ស្ងួត ​ឱ្យ​ក្លាយ​​​​​ជា​ម្សៅ ដើម្បី​រក្សា​ទុក​បាន​យូរ មាន​តម្លៃ​ខ្ពស់។

បន្ថែម​ពី​នេះ នៅ​ក្នុង​ឆ្នាំ ​២០២៥ កម្ពុជា​រក​ចំណូល​បាន ពី​ការ​នាំ​ចេញ​ដំឡូងមី​ចំនួន ៦៤៦ ​លាន​ដុល្លារ ​ ធ្លាក់​ចុះ ១៤,៤៨% ធៀប​នឹង​ឆ្នាំ ២០២៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ