អ្នកតាមដានថាសារលោក ហ៊ុន ម៉ាណែត ហាក់​បង្ហាញ​ពី​ភាព​បរា​ជ័យ​ការ​ពារ​ទឹក​ដី

អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោ​បាយ​​មិន​ចំណុះ​ឱ្យ​រដ្ឋាភិ​បាល បារម្ភ​ថា ដី​ខ្មែរ​តាម​ព្រំដែន​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​សត្រូវ​បន្ថែម​ទៀត ក្រោយ​លោក ហ៊ុន ម៉ាណែត និយាយ​ថា​កម្ពុជា​មិន​បាន​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ទឹក​ដី​ទេ ដោយ​ថា​កម្ពុជា​ចង់​បាន​ព្រំដែន​សន្តិ​ភាព។

ការបារម្ភនេះ ខណៈថៃកំពុងយកបញ្ហាផ្ទៃក្នុងរបស់ខ្លួន គំរាមចង់​ផ្ទុះ​អាវុ​ធ​លើក​ទី៣ មុន​បោះឆ្នោ​ត​នា​ថ្ងៃ​ទី​៨ខែ​កុម្ភៈ​​នេះ ដើម្បី​ប្រគល់​អំណាច​ឱ្យ​ក្រុម​យោធា​ថៃ​បន្ត​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ បន្ថែម​ទៀត ក្រោយ​ថា​បើក​ការ​ឈ្លាន​ពាន​ចំនួន​២១​ថ្ងៃ​ ដែល​គេ​ជឿ​ថា​ថៃ​ដណ្តើម​យក​ដី​ខ្មែរ​ទៅ​គ្រប់​គ្រង​យ៉ាង​តិច​៤១​ទីតាំង រួ​ច​ទៅ​ហើយ​នោះ។

ការសំអាង​បែបនេះ ក្រោយពីនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​ទៅ​កាន់​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​ព្រះ​វិហារ កាល​ពី​ថ្ងៃ​ទី៣១ ខែមករា ប៉ុន្មាន​ថ្ងៃ​មុននេះ។

លោកនិយាយថា៖ «យើងអត់មានព្រាង [ត្រៀម]​សម្រាប់​សង្គ្រាម​ទេ យើង​ចង់​បាន​នូវ​ព្រំដែន​សន្តិ​ភាព​ជាមួយ​ប្រទេស​​ជិត​ខាង។ សង្គ្រាម​ហែក​ហួរ​ផ្ទៃ​ក្នុង វា​យូរ​ណាស់​មក​ហើយ ដែល​កម្ពុជា​មិន​ចង់​បាន​ពីព្រោះ​វា​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​របស់​យើង។ ប៉ុន្តែ​វា​កើត​ហើយ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ធានា​នូវ​សុខ​សុវត្ថិ​ភាព​ប្រជា​ពលរដ្ឋ​របស់​យើង គាំទ្រ​ដល់​កង​កម្លាំង​រប​ស់​យើង។ ប៉ិនសំខាន់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ដែល​អត់​ដឹង»។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ រដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេត​កែវ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យសា​រព័​ត៌​មាន​ថៃ ដោយ​ព្រមាន​ថា បើ​ទាហាន​កម្ពុជា​នៅ​តែ​បន្ត​ប៉ះ​ពាក្យ​សម្តី​គ្នាជា​មួយ​ទាហាន​ថៃ​នៅតា​ម​ព្រំដែន​ទៀត ការ​ផ្ទុះ​អាវុធ​លើក​ទី៣ អាច​នឹង​កើត​មាន​ឡើង មុន​ការ​បោះ​ឆ្នោត ៨ កុម្ភៈខាង​មុន​នេះ គឺ​ត្រូវ​ប្រគល់​អំណាច​ឱ្យ​យោធា​ថៃ ​ដើម្បី​ការ​ពារ​ទឹក​ដី​ថៃ​តាម​ព្រំដែន។

បើតាមសារព័ត៌មាន Amarin News និង The Standard បានចុះផ្សាយដក​ស្រង់​សម្តី​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ និយាយ​ថា បើ​ទាហាន​ខ្មែរ​តាម​ព្រំដែន មិន​ធ្វើ​តាម​ថៃ បន្ត​ប៉ះ​សម្តី​គ្នា​ជាមួយ​ទាហាន​ថៃ​ទៀត​។ លោក​បារម្ភ​ថា ការផ្ទុះ​អាវុធ​លើក​ទី​៣ អាច​នឹង​កើត​ឡើង មុ​នការ​បោះ​ឆ្នោត​ថ្នាក់​ជា​តិ​ថ្ងៃទី​​៨ ខែ​កុម្ភៈ​ខាង​មុន​នេះ ព្រោះអំ​ណាច​ទាំង​អស់ ត្រូវ​ប្រគល់​ឱ្យ​យោធា​ថៃ ដើម្បី​គ្រប់​គ្រង​ទឹក​ដី។

ជុំវិញ​រឿងនេះ តំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី៣ ខែ​កុម្ភៈ​នេះ​ថា សាររបស់​លោក ហ៊ុន ម៉ាណែត ឆ្លុះ​បញ្ចាំង​ពីភា​ព​កំសាក និង​ភាព​បរាជ័យ​ក្នុង​ការ​ការ​ពារ​ទឹក​ដី​បុព្វ​បុរស​ខ្មែរ​។

លោក​អះអាងថា ថៃនឹងបន្តប្រើលេសប្រគល់សិទ្ធិអំណាចឱ្យក្រុមយោធា​ថៃ បន្ត​ពង្រីក​ការ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​តាម​ព្រំដែន ដើម្បី​មហិច្ច​តា​លេប​ទឹក​ដី​ខ្មែរ​បន្ថែម​ទៀត​តាម​ផែន​ទី​ចោរ​ខ្នាត ១/៥០​ពាន់​របស់​គេ។

លោកថា៖ «រដ្ឋាភិបាលដឹកនាំដោយត្រកូលហ៊ុន ឬរដ្ឋាភិបាលដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​ហ្នឹង គឺ​ខ្លាច​ថៃ​រហូត​ដល់​លើក​ទង​់ស​ ដើម្បី​សុំកា​រ​ចុះចា​ញ់​ចំពោះ​ថៃ​ ដោយ​សារ​ធ្វើ​សង្គ្រាម​ពី​រ​ដង​ហើយ មិន​អាច​ច្បាំង​ឈ្នះ​ថៃ​នោះ​ទេ អ៊ីចឹង​ហើយ​បើ​សិន​ជា​ច្បាំង​ម្ដង​ទៀត អាច​នឹង​បាត់ប​ង់​ទឹក​ដីប​ន្ថែម​ទៀត ហើយ​អាច​ថៃ​ទម្លាក់​ត្រកូល​ហ៊ុន ពី​អំណាច​​ជា​ដើម ទើប​ធ្វើ​ឲ្យ​ត្រកូល​ហ៊ុន​លើក​ទង់​ស​ចំពោះ​ថៃ​គឺចុះ​ចា​ញ់​ថៃ»។

សម្រាប់ លោក អ៊ុំ សំអាន ហាក់ស្តីបន្ទោស​ថា គ្មានមេដឹកនាំកម្ពុជារូបណា​ដែល​កំសាក អសមត្ថ​ភាព និង​បរាជ័យ​ការ​ពារ​ទឹក​ដី ដូច​មេដឹ​កនាំ​​គ្រួសារ​ហ៊ុន​នេះ​ទេ សុខ​ចិត្ត​ក្រាញ​អំណាច មិនខ្វល់រឿងបាត់ទឹកដី។

លោកបន្តថា បើលោក ហ៊ុន ម៉ាណែត មិនចង់ឱ្យពលរដ្ឋខ្មែរស្តីបន្ទោសរឿង​បាត់ទឹកដី​ទៅ​ប្រទេស​ថៃ ត្រូវ​បង្ហាញ​ពី​ការ​ប្តឹង​ថៃ​ទៅតុ​លាការ​អន្តរ​ជាតិ និង​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស ២៣​តុលា ដើម្បី​ការ​ពារ និង​ទាម​ទារ​ទឹក​ដី​ខ្មែរ​ត្រឡប់​មក​វិញ។

លោកថា៖ «ពេលដែលមានមេដឹកនាំកំសាកដូចត្រកូល​ហ៊ុន ហើយ​អត់​មាន​សម​ត្ថ​ភាព​ពង្រឹង​វិស័យ​យោធា​ក្នុង​ការ​ការ​ពារ​ទឹក​ដី វា​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​យើង​ទៅ​ថៃ​ចំនួន​៤១​ទីតាំង​ហ្នឹង​ហើយ អាច​បាត់​បង់​ទឹក​ដី​ខ្មែរ​បន្ថែម​ទៀត បើ​សិន​ជា​មាន​សង្គ្រាម​លើក​ទី​៣ ដូច្នេះទឹ​ក​ដី​ខ្មែរ​យើង​ក្រោម​ការ​ដឹក​នាំ​របស់​ត្រកូល​ហ៊ុន​នេះ គឺ​បាត់​បង់​ចំនួន​​៤១​ទីតាំង​ ថៃ​រួច​ហើយ​អាច​នឹង​បាត់​បង់​បន្ថែម​ទៀត ប្រសិ​នជា​​នៅ​តែដឹ​ក​នាំដោ​យ​ត្រកូល​ហ៊ុន បើ​សិន​ជា​មាន​ការ​ផ្លាស់​ប្តូរ​ត្រកូល​ហ៊ុន ចេញ​អាហ្នឹង​វា​អាច​ការ​ពារ​បាន»។

ចំណែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត បង្ហោះសារ​ថា គ្មាន​អត្ថន័យ និង​ខ្លឹម​សារ​សោះ ចំពោះ​​មេដឹក​នាំ​ណាមួ​យ ដែល​អសមត្ថ​ភាព​ការ​ពារ​ទឹក​ដី ទោះ​បី​ពួក​គេនៅតែប្រឹងក្ដោបអំណាច។

លោក ចាន់ឡូត និយាយថា៖ «ការបាត់បង់ទឹកដីនេះ ជាកំហុសដ៏ធំ និងភាពអាម៉ាស​រក​អ្វី​ផ្ទឹ​មពុំ​បាន ក្នុង​ប្រវត្តិ​សាស្ដ្រ»។

លើស​ពី​នេះ ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ​លោក ​ម៉ែត ណាត​ ធ្លាប់​និយាយ​ថា​ ថៃ​​​គឺ​​​ជា​ចោរ​ប្លន់​​ដោយ​​ចំហរ​​​ដោយ​​​ក្រអឺត​​ក្រទម ​ដោយ​គឃ្លើន​ ដែល​​បាន​លើក​ទ័ព​​ចូល​​មក​​​ប្លន់​​​ឈ្លាន​​ពាន​​ទឹក​ដី​កម្ពុជា។

លោកបន្តថា ​​បើ​សិន​ជាកម្ពុជាបន្ត​ធ្វើការ​ចរចា​​ទ្វេ​ភាគី ​ដោយ​​ទាម​ទារ​​​ឱ្យ​ថៃ​ដែល​​ជាភាគី​​ចោរ​ប្លន់​ ប្រគល់​​សង​​ទឹក​​ដី​​​​និង​ផ្តល់​​សំណង​ខូច​​ខាត​​ឱ្យ​កម្ពុជា​វិញ ​​ប្រាកដ​ណាស់​គឺ​​ថៃ​នឹង​​មិនប្រគល់​​ទឹកដី​ឱ្យ​កម្ពុជា​​វិញ ​និង​ក៏​​មិន​​សង​ការ​ខូច​​ខាត​​ដល់​កម្ពុជា​នោះ​ដែរ​។ ហេតុដូច្នេះគឺ​ចាំបាច់​ណាស់​រដ្ឋាភិបាល ​​លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​​តែ​ដាក់​ពាក្យ​​​ប្តឹង​ថៃ​​​ទៅ​ ICJ និង​ ​ICC ​​​។

​សម្រាប់ លោក ​អ៊ុំ សំអាន​ ធ្លាប់បានបង្ហោះសារកាលពី​ថ្ងៃទី​១ ខែកុម្ភៈ រំឮក​លោក ហ៊ុន ម៉ាណែត ​​ថា​«មាន​​​ជម្រើស​តែ​៣​​​​គត់ គឺ​​ទី​១. កាត់​ទឹក​ដី​ខ្មែរចំនួន៤១​ទីតាំង ឱ្យ​ថៃ​ដូរ​យក​សន្តិ​ភាព និង​អំណាច​ ដោយ​អង្វរ​​លន់​​តួ​សុំ​​ទឹក​​ដី​ខ្មែរ​ពី​​ថៃ​​ពី​​ ៥% ​ទៅ​ ១០% ​មក​វិញ តាម​រយៈ​ការ​​ចរចា​ទ្វេភា​គី។

​ទី​២. រក្សា​ទុក​ទឹក​ដីខ្មែរ​ចំនួន​៤១​ទីតាំង ឱ្យ​ថៃ​គ្រប់​​គ្រង​រហូត​ដល់​៣០​ឆ្នាំ ឬ​៥​០​ឆ្នាំ គឺ​ទុក​ទាល់​តែ​កូន​គាត់​ ឬ​ក្មេង​ជំនាន់​ក្រោយ​កាត់​ទឹក​​ដី​ខ្មែរ​ចំនួន​៤១​ទីតាំង​ឱ្យ​​ថៃ​ដូច លោក ហ៊ុន សែន កាត់​កោះត្រ​ល់​ឱ្យ​​វៀត​ណាម និង​​កាត់​កោះ​គុត​ឱ្យ​ថៃ​។

ចំណែក​​ទី​ ៣. លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​​ចុះ​ចេញពីតំណែង ដើម្បីផ្ត​ល់​ឱកាស​ឱ្យ​​មេដឹក​នាំ​ថ្មី​ដែល​មាន​សមត្ថ​ភាព ដើម្បី​​​​​ទាម​​ទារ​ទឹក​ដី​ខ្មែរ​ចំនួន​៤១​ទីតាំង​មក​វិញ។

ក្រៅពីជម្រើសទាំង៣នេះ ​លោក ​អ៊ុំ សំអាន ​និយាយ​ថា លោក​មើលមិនឃើញថា លោក ហ៊ុន ម៉ាណែត ​មាន​​ជម្រើសអ្វី​​ផ្សេង​នោះ​ទេ។ បន្ថែម​​​ពី​នេះ​ លោកថា​ ព័ត៌​មាន​ដែល​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំប្រ​ទេស​បារាំង​​ថា​ បារាំង​នឹង​ផ្តល់​ឯកសារ​​និង​ផែន​ទី​ឱ្យ​​កម្ពុជា​ប្តឹង​ថៃ​​​ទៅតុ​លាការ​យុត្តិ​​ធម៌​អន្តរ​ជាតិ (ICJ) ជា​នយោ​​បាយ​​ប្រជា​ភិថុត​តែ​ប៉ុណ្ណោះ។ តាម​ពិត​​​បារាំង​ត្រៀម​ផ្តល់​ឯកសារ និង​ផែន​ទី​ឱ្យ​​កម្ពុជា​យូរ​ហើយ គ្រាន់​តែ​លោក​ ហ៊ុន ម៉ាណែត គ្មាន​បំណង​នឹង​ប្តឹង​​ថៃ​ទៅ ICJ នោះ​ទេ គិត​​រហូត​មក​​ដ​ល់​ពេល​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ