អ៊ីស្រាអែលយល់ព្រមបើកច្រក​ព្រំដែន Rafah ក្នុង​តំបន់​ហ្គាហ្សា​ឡើ​ងវិ​ញ​ក្នុង​កម្រិត​មាន​កំណត់

ច្រក​ព្រំដែន Rafah រវាង​តំបន់​ហ្គាហ្សា​ និង​ប្រទេស​អេស៊ីប ត្រូវ​បាន​បើក​ឡើង​វិញ​ដោយ​អ៊ីស្រាអែល សម្រាប់​មនុស្ស​មួយ​ចំនួន​តូច ដែល​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ខណៈ​ដែល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ទូត​ដ៏​ផុយ​ស្រួយ​ ក្នុង​ការ​ធ្វើ​ឱ្យ​ជម្លោះ​​មាន​ស្ថិរភាព កំពុង​បោះ​ជំហាន​ទៅ​មុខ​បន្តិច​ម្តងៗ។

កង​កម្លាំងអ៊ីស្រាអែល បានគ្រប់គ្រងច្រក Rafah ដែលជាច្រកចេញចូលតែមួយគត់របស់​ហ្គាហ្សា មិន​ជាប់​ជាមួយ​អ៊ីស្រា​អែល កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៤ ដោយ​បាន​ពណ៌​នា​ថា វា​ចាំបាច់​ដើម្បី​ទប់​ស្កាត់​ការ​រត់​ពន្ធ​អាវុធ​ដោយ​ក្រុម​ហាម៉ាស។ វិធាន​ការ​នេះ បាន​ធ្វើ​ឱ្យ​ទឹក​ដី​នេះ ត្រូវ​បាន​កាត់​ផ្តាច់ និង​បង្កក​ផ្លូវ​ដង្ហើម​ដ៏​សំខាន់​សម្រាប់​ប្រជាជន​ប៉ាឡេ​ស្ទីន​ ដែល​​ស្វែង​រក​សេវា​ព្យាបាល ការ​ធ្វើ​ដំណើរ និង​ការ​ជួញ​ដូរ។

អ៊ីស្រាអែល បានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការឆ្លងកាត់ច្រកព្រំដែននេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យសន្តិសុខរួមគ្នា​រវាងអ៊ីស្រាអែល និងអេស៊ីប ហើយ​សម្រាប់ពេលនេះ មានតែជនជាតិប៉ាឡេស្ទីនដែលមានរបួស និងមានជំងឺមួយចំនួនតូចប៉ុណ្ណោះ ក្នុងចំណោមរាប់ម៉ឺននាក់ នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញជារៀងរាល់ថ្ងៃ។

យោងតាមមន្ត្រីអេស៊ីបម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AP ថា មានតែជនជាតិប៉ាឡេស្ទីន ៥០ នាក់​ប៉ុណ្ណោះ នឹង​ត្រូវ​បាន​អនុញ្ញាតឱ្យឆ្លងកាត់ក្នុងទិសដៅនីមួយៗ នៅថ្ងៃដំបូងនៃប្រតិបត្តិការ។

មុនពេលសង្គ្រាម ច្រក Rafah គឺជាបង្អួចតែមួយគត់របស់ហ្គាហ្សាទៅកាន់ពិភពខាងក្រៅ ដែលមិនត្រូវបានគ្រប់គ្រង​ដោយ​អ៊ីស្រា​អែល។ ការ​បើកឡើងវិញ​នេះ អាចជួយសម្រួលដល់ការទទួលបានសេវាព្យា​បាល អនុញ្ញាតឱ្យមានការធ្វើ​ដំណើរទៅក្រៅប្រទេសក្នុងកម្រិតមានកំណត់ និងអាចឱ្យមានការទៅសួរសុខទុក្ខសមាជិកគ្រួសារក្នុងប្រទេសអេស៊ីប ដែលមានជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់កំពុងរស់នៅរួចស្រាប់។

ជនស៊ីវិលរាប់ពាន់នាក់ បានចុះឈ្មោះជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីជម្លៀសចេញទៅព្យាបាល​។ ក្រសួង​សុខាភិបាល​ហ្គាហ្សា បាននិយាយថា មាន​អ្នកជំងឺយ៉ាងហោច​ណាស់ ២០,០០០ នាក់ កំពុងរង់ចាំចាកចេញ​។ យោង​តាមអង្គការគ្រូពេទ្យ​គ្មានព្រំដែន (MSF) មនុស្សច្រើនជាងម្នាក់ក្នុងចំណោមប្រាំនាក់នៃអ្នកជំងឺទាំងនោះ គឺជាកុមារ។ អ្នកមានជំងឺរួមមានអ្នកជំងឺមហារីកជាង ១១,០០០ នាក់។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ បានធ្វើឱ្យប្រព័ន្ធសុខាភិបាលប៉ាឡេស្ទីនក្លាយជាគំនរបាក់​​​បែក។ កាល​ពីខែមីនា ឆ្នាំ​២០២៥ អ៊ីស្រាអែល​​បានបំផ្លាញមន្ទីរពេទ្យព្យាបាល​ជំងឺមហារីក​ឯកទេសតែមួយគត់របស់​ហ្គាហ្សា។ ចាប់តាំងពីពេលនោះ​មក គ្រូពេទ្យត្រូវបានបង្ខំឱ្យទៅធ្វើការក្នុងគ្លីនិកបណ្តោះអាសន្ន ដោយប្រតិបត្តិការដោយស្ទើរតែគ្មានធនធាន រួមទាំងឧបករណ៍ចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យផងដែរ។

យោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្គាហ្សា មានមនុស្សប្រហែល ៤,០០០ នាក់ ដែល​មានលិខិត​បញ្ជូន​ជា​ផ្លូវ​ការ​សម្រាប់​ការ​ព្យាបាល​ទៅ​កាន់​ប្រទេស​ទីបី ប៉ុន្តែ​មិន​អាច​ឆ្លង​កាត់​ព្រំដែន​បាន។

លោក Tamer al-Burai អាយុ ៥០ ឆ្នាំ ដែលមានជំងឺស្ទះដង្ហើមពេលសម្រាក និងត្រូវពឹងផ្អែកលើម៉ាស៊ីន CPAP ដើម្បី​ដក​ដង្ហើម បាន​ប្រាប់ Reuters ថា៖ «ខ្ញុំបានអំពាវនាវដល់ក្រុមមនុស្សធម៌ អង្គការសុខភាព​ពិភព​លោក អាជ្ញាធរ​ប៉ាឡេ​​ស្ទីន ឬ​​នរណា​​ក៏​​បាន ដើម្បី​ឱ្យខ្ញុំ​អាច​ចាក​ចេញ សង្គ្រោះជីវិត និងជួបជុំគ្រួសារវិញ»។

សម្រាប់អ្នកខ្លះ ការបើកឡើងវិញនេះគឺយឺតពេលទៅហើយ។ កញ្ញា Dalia Abu Kashef អាយុ ២៨ ឆ្នាំ បានស្លាប់កាល​ពី​សប្តាហ៍​មុន ខណៈកំពុងរង់ចាំការអនុញ្ញាតឆ្លងដែនដើម្បីប្តូរថ្លើម។

ស្វាមីរបស់នាង លោក Muatasem El-Rass បានប្រាប់ Reuters ថា៖ «យើងរកបានអ្នកស្ម័គ្រចិត្តម្នាក់ ដែលជាបង​ប្រុសរបស់​នាង ដែល​ត្រៀមខ្លួន​បរិច្ចាគផ្នែកខ្លះនៃថ្លើមរបស់គាត់។ យើងបានរង់ចាំឱ្យច្រកព្រំដែនបើក ដើម្បីយើង​អាច​ធ្វើដំណើរទៅវះកាត់ ដោយសង្ឃឹមថានឹងមានលទ្ធផលល្អ។ ប៉ុន្តែស្ថានភាពរបស់នាងបានធ្លាក់ចុះដុនដាបខ្លាំង ហើយនាងក៏បានស្លាប់»

អង្គការសុខភាពពិភពលោក និយាយថា មនុស្ស ៩០០ នាក់ រួមទាំងកុមារ និងអ្នកជំងឺមហារីក បានស្លាប់បាត់បង់ជីវិត​រួចទៅហើយ ខណៈកំពុងរង់ចាំការជម្លៀសចេញ។

ការបើកច្រក Rafah ក្នុងកម្រិតមានកំណត់នេះ ក៏ផ្តល់ឱកាសដ៏កម្រសម្រាប់ក្រុមគ្រួសារដែលបែកបាក់គ្នាដោយ​សារ​​សង្គ្រាម​​ជាង​ពីរឆ្នាំ ឱ្យ​បាន​ជួបជុំគ្នាវិញ។ គ្រួសារជាច្រើនដែលបានភៀសខ្លួនទៅទីក្រុងគែរ តាំងពីដើមសង្គ្រាម មិនដែលរំពឹងថានឹងត្រូវស្នាក់នៅទីនោះយូរយ៉ាងនេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ