គណបក្ស​ឆន្ទៈ​​ខ្មែរ​​គ្រោង​​បង្កើត​​រដ្ឋាភិបាល​​ស្រមោល​​ដូច​​បណ្ដា​ប្រទេស​​លោក​​ខាង​​លិច

រដ្ឋាភិបាល​​ស្រមោល​​អាច​​​ជា​​បរិប​ទ​​ថ្មី​ស្រឡាង​​សម្រាប់​​កម្ពុជា ប៉ុន្តែ​ប្រទេស​​ប្រជា​ធិប​តេយ្យ​​ជឿន​លឿន​​នៅ​​បស្ចិម​ប្រទេស​​​មាន​​អូស្ត្រាលី កាណាដា និង​​អង់​គ្លេស​​ជាដើម បាន​​អនុវត្ត​​យ៉ាង​​ជោគ​ជ័យ ហើយ​ជំរុញ​ឱ្យ​ប្រទេស​​ទាំង​​នោះ​​រីក​ចម្រើន​​យ៉ាង​​លឿន។

សម្រាប់​កម្ពុជា​​នៅ​ពេល​នេះ​វិញ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​​អាសនៈ​​ព្រឹទ្ធ​សភា ៣​​កៅអី ចង់​​យក​​គំរូ​​តាម​​ដើម្បី​​​អនុវត្ត​​ដូច​គ្នា។ អនុ​ប្រធាន​​គណបក្ស​​ឆន្ទៈ​​ខ្មែរ ​លោក សុន ឆ័យ ប្រាប់​​វី​អូឌី​​​នៅ​​ថ្ងៃ​ទី៣ ខែ​កុម្ភៈ​ថា លោក​​និង​​ក្រុម​ការ​ងារ​​កំពុង​​ដាក់​​ចេញ​នូវ​​ផែនការ​បង្កើត​រដ្ឋាភិបាល​ស្រមោល ដែល​លោក​អះអាង​ថា ជា​សកម្ម​ភាព​​ស្របច្បាប់​សម្រាប់​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស តាម​បែប​សភា​និយម។

​លោក សុន ឆ័យ ថ្លែង​ថា៖ «គោលការណ៍​នៃ​ប្រជាធិបតេយ្យ​នេះ ឃើញ​ថា ដើម​កំណើត​នៃ​រដ្ឋធម្មនុញ្ញ​យើង ទាំង​​របៀប​​​នៃ​​ការ​​អនុវត្ត​​មិន​​មាន​​ភាព​​ខុស​​ប្លែក​​នឹង​​ការ​​អនុវត្ត​នៅ​ប្រទេស​អូស្ត្រាលី កាណាដា និង​អង់គ្លេស​ទេ​ គឺ​មាន​ប្រជាធិបតេយ្យ​បែប​សភា​និយម។ ប្រទេស​បែប​នេះ ​គេ​ចាំបាច់​មាន​រដ្ឋាភិបាល​ស្រមោល។ វា​មាន​ប្រយោជន៍​មិន​មែន​​សម្រាប់​​គណបក្ស​ក្រៅ​រដ្ឋាភិបាល ឬ​គណបក្ស​ប្រឆាំង ឱ្យ​មាន​រចនាសម្ព័ន្ធ​ការងារ​មួយ​នោះ​ទេ ប៉ុន្តែ​វា​ជួយ​ឱ្យ​មាន​​ការ​រិះគន់ ជជែក​វែកញែក​ទាំង​នៅ​ក្នុង និង​ក្រៅ​រដ្ឋសភា​ឱ្យ​មាន​លក្ខណៈ​បច្ចេក​ទេស​​ជាក់​ស្ដែង»។

ទន្ទឹម​នឹង​នេះ ​លោក​ក៏​ចង់​​ដឹង​ពី​ជំហរ​របស់​គណបក្ស​កាន់​អំណាច​​ថា នឹង​អាច​បើក​ភ្លើង​ខៀវ​សម្រាប់​គណបក្ស​​នយោ​​បាយ​​ក្រៅ​រដ្ឋាភិបាល ដើម្បី​ចូលរួម​​តាមដាន និង​កែ​លម្អ​សកម្មភាព​រដ្ឋាភិបាល​​ជា​ប្រចាំ ដើម្បី​ឱ្យ​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​​ការ​​កសាង​​ប្រទេស​​ជាតិ។

វីអូឌី ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​​កម្ពុជា​លោក ជា ធីរិទ្ធ បាន​ទេ​នៅ​ថ្ងៃ​ទី៣ កុម្ភៈ។

ប៉ុន្តែ​ប្រធាន​ព្រឹទ្ធសភា ​លោក ហ៊ុន សែន តែង​ព្រមាន​ជា​រឿយ​ថា រដ្ឋាភិបាល​គណបក្ស​របស់​លោក​នឹង​ចាត់​​វិធាន​ការណ៍​​​ច្បាប់​​លើ​ជន​​ទាំង​ឡាយ​​ណា​ដែល​​លោក​​ចោទ​​ថា ក្រុម​​ប្រឆាំង​​ជ្រុល​​និយម បង្ក​​ភាព​​វឹក​វរ អសន្តិ​សុខ​​ក្នុង​​សង្គម បង្ក​ឱ្យ​មាន​ជម្លោះ​ជាមួយ​រដ្ឋ​ដទៃ និង​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​បំផ្លាញ​​សន្តិភាព​ជាដើម។ លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ខួប ៤៦ឆ្នាំ ថ្ងៃ៧មករា កាល​ពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

លោក ហ៊ុន សែន ថ្លែងថា៖ «ក្នុងស្មារតីនេះ ខ្ញុំយល់ថាវាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់​ចំពោះ​ជន​ណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្ក​ភាពវឹកវរ អសន្តិ​សុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល​ស្រប​ច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ ព្រមជាមួយនោះ យើង​ក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាព​នឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះ​ផ្សា​ជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកប​ដោយចីរភាព និងបរិយាបន្នទេនោះ»។

ក្រៅ​ពី​សារ​គំរាម​ជា​ហូរហែ លោក ហ៊ុន សែន ក៏​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ងើប​១ វ៉ៃ​១ យ៉ាង​មាន​ប្រសិទ្ធភាព។ បច្ចុប្បន្ន​តុលាការ​របស់​លោក​បាន​ឃុំ​ខ្លួន ផ្ដន្ទាទោស​អ្នក​ទោស​មនសិការ​ជិត ១០០​នាក់ ដោយសារ​ការ​ប្រើ​សិទ្ធិ​​បញ្ចេញ​មតិ ក្នុង​​នាម​​អ្នក​នយោបាយ​បក្ស​ជំទាស់ សកម្មជន​សង្គម ពលរដ្ឋ​សាមញ្ញ និង​​អ្នក​ការពារ​បរិស្ថាន​​ជាដើម។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ​និង​នយោបាយ​ លោក​បណ្ឌិត មាស នី យល់​ថា ការ​បង្កើត​នេះ​គួរ​ប្រុង​ប្រយ័ត្ន​លើ​​ការ​​ប្រើ​​ពាក្យ​ពេចន៍ ក្រែង​​​ជាប់​​អន្ទាក់​​តុលាការ និង​អាច​ត្រូវ​​បាន​ចាប់​ខ្លួន ចោទ​ប្រកាន់​ជាដើម ព្រោះ​ច្បាប់​​​កម្ពុជា​​ពុំ​ទាន់​អនុញ្ញាត​​ឱ្យ​មាន​រដ្ឋាភិបាល​ស្រមោល​នោះ​ទេ។

 អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​​រូប​នេះ ​ផ្ដល់​យោបល់​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​គួរ​បង្កើត​ត្រឹម​ក្រុម​ឃ្លាំមើល​វិស័យ​​មួយ​ៗ​​ឱ្យ​ជាក់លាក់ ​ដើម្បី​ផ្ដល់​យោបល់​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​ចំ​គោលដៅ។

លោក​​បណ្ឌិត មាស នី ថ្លែង​ថា៖ «នៅ​អូស្ត្រាលី​មាន​រដ្ឋាភិបាល​ស្រមោល ប៉ុន្តែ​គេ​​ទទួល​​ស្គាល់​​ដោយ​​រដ្ឋាភិបាល​​តែម្ដង បាន​​ន័យ​​ថា គេ​​មាន​​សិទ្ធិ​​គ្រប់​គ្រាន់​​ក្នុង​​ការ​​តាម​ដាន​​ទិន្នន័យ​​​ផ្សេងៗ​​ក្នុង​​វិស័យ​​មួយៗ​​បាន កាល​​ណា​​វា​​បើក​​ដោយ​​ច្បាប់។ កាល​​ណា​​វា​​មិន​​បើក​​ដោយ​​ច្បាប់ វា​​ពិបាក។ កាល​ណា​​រុក​រក​​ខ្លាំង យើង​​ដឹង​​ហើយ​​ថា ប្រព័ន្ធ​​គ្រប់​គ្រង​​រដ្ឋ​​យើង រឿង​​តម្លាភាព​​នេះ ពិបាក​​យល់​​រឿង​​លាក់ សូម្បី​ទិន្នន័យ​ត្រូវ​ផ្សព្វផ្សាយ​​ជា​សាធារណៈ​ក៏​មិន​ផ្សាយ។ ក្នុង​នាម​ខ្ញុំ​អ្នក​ស្រាវជ្រាវ​ពិបាក​រក។ យើង​មិន​ជួយ​យ៉ាង​ម៉េច​បើ​នៅ​តែ​បិទបាំងៗ»

ទោះ​យ៉ាងណា អនុប្រធាណ​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក សុន ឆ័យ ដែល​កំពុង​មាន​ក្ដីក្ដាំ​​នៅ​តុលាការ​​ផង​អះ​អាង​​ថា គម្រោង​​​បង្កើត​​រដ្ឋាភិ​បាល​​ស្រមោល​​នេះ ​នឹង​​ត្រូវ​​លើក​​ទៅ​​ជជែក​​នៅ​​ចុង​​ខែ​​កុម្ភៈ ឬ​ដើម​​ខែ​​មីនា ដើម្បី​​ស្វែង​​រក​​ការ​​គាំទ្រ​​ពី​​បណ្ដា​​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត ធ្វើ​យ៉ាងណា​រក​អ្នក​មាន​សមត្ថភាព​ធ្វើ​ការ​រួមគ្នា ដោយ​​ត្រឹម​ត្រូវ និង​តម្លាភាព។

ចំណែក ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​​​ដឹកនាំ​​ដោយ ​លោក សម រង្ស៊ី បាន​ដំណើរការ​រដ្ឋាភិបាល​​កម្ពុជា ឯករាជ្យ​​២៣​តុលា ហើយ​តាំង​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០២៥​មក។ លោក សម រង្ស៊ី អះ​អាង​​ថា រដ្ឋាភិ​​បាល​​​​ក្រៅ​​ប្រទេស​​​របស់​​លោក នឹង​​ស្រោច​​​ស្រង់​​កម្ពុជា ពី​​ក្រុម​​​គ្រួសារ​​លោក ហ៊ុន សែន ដែល​បន្ត​ដឹក​នាំ​​ប្រទេស​​ឆ្ពោះ​ទៅ​ផ្លូវ​មរណៈ ដូចជា​ការ​បាត់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង និង​ក្លាយ​ជា​ជំរុំ​​ក្រុម​ឆបោក​តាម​អន​ឡាញ និង​​ជួញ​ដូរ​មនុស្ស ដែល​​កំពុង​ល្បី​​ឈ្មោះ​អាស្រូវ​ពាសពេញ​ពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ