ជនជាតិចិនជិត ១៨០០ នាក់ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ទីតាំង​ឆបោក​ក្នុង​ប្រទេស​កម្ពុជា​ចំ​ពេល​មាន​សម្ពាធ​ពី​ចិន

កម្ពុជា​បាន​បើក​ប្រតិបត្តិ​ការ​ឆ្មក់​បង្ក្រាប​ទ្រង់​ទ្រាយ​ធំ​មួយ​លើ​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក ដោយ​បាន​ឃាត់​ខ្លួន​មនុស្ស​ជាង ​២០០០​​នាក់ ចំ​ពេល​មាន​សម្ពាធ​ពី​ប្រទេស​ចិន​ឱ្យ​បង្ក្រាប​លើ​ឧស្សាហ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ។

យោងតាមក្រសួងមហាផ្ទៃកម្ពុជា ជនជាតិ​ចិន​ជិត ១ ៨០០​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំង​នោះ។

សេច​ក្តី​ថ្លែងការណ៍របស់ក្រសួង បានឱ្យដឹងថា កងកម្លាំងនគរបាលកម្ពុជា បាន​បើក​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​ក្នុង​ទ្រង់​ទ្រាយ​ធំ កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​៣១ ខែ​មករា នៅ​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​ក្នុង​ក្រុង​បាវិត ដែល​ជា​ក្រុង​​​ធំ​បំផុត​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ភាគ​អាគ្នេយ៍​នៃ​ប្រទេស ជាប់​ព្រំដែន​ជាមួយ​វៀត​ណាម។

ជនបរទេសសរុបចំនួន ២ ០៤៤ នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ក្នុង​នោះ​មាន ១ ៧៩២ នាក់​មក​ពី​ចិន​ដីគោក ៥ នាក់​មកពី​តៃវ៉ាន់ និង ១៧៧ នាក់​មក​ពី​វៀត​ណាម។

ក្រសួងបានបន្តថា ក្នុងនោះមានជនជាតិមីយ៉ាន់ម៉ាចំនួន ១៧៩ នាក់ទៀត ខណៈដែលអ្នកនៅសេស​សល់​មានប្រភព​​មក​ពី​បណ្តា​ប្រទេស​ជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។

សេចក្តីថ្លែងការណ៍ ​មិនបានបញ្ជាក់ថា តើកម្ពុជាមានបំណងធ្វើបត្យាប័នជនសង្ស័យបរទេស​ទាំង​នោះ ទៅ​​កាន់​ប្រទេស​​កំណើត​របស់​ពួក​គេ​វិ​ញ​ឬ​យ៉ាង​ណា​នោះ​ទេ។

ទោះជាយ៉ាងណាក៏ដោយ ជនជាតិចិនត្រូវបានគេរំពឹងថានឹងត្រូវប្រគល់ទៅឱ្យទីក្រុង​ប៉េកាំង ដូច​ករណី​មេក្លោងឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធឺណិត លោក Chen Zhi ស្ថាបនិក និង​ជាប្រធាន​ក្រុម​ហ៊ុន Prince Holding Group ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅវិញ​កាលពីដើម​ខែ​មករា។

លោក Chen ត្រូវបានចោទប្រកាន់ពីសកម្មភាពខុសច្បាប់ផ្សេងៗ រួមមាន ការបើកកាស៊ីណូ ការ​ឆបោក ប្រតិបត្តិ​ការ​ខុស​ច្បាប់ និង​ការ​លាក់​បាំង​ផលនៃបទល្មើស។

សារព័ត៌មាន Cambodia China Times បានរាយការណ៍កាលពីយប់ថ្ងៃទី​៣១ខែ​មករា​ថា ការ​ឆ្មក់​បង្ក្រាប​នៅ​ក្រុង​បាវិត​​នេះ​ គឺ​ជា «ប្រតិបត្តិ​ការ​ដ៏​ធំ​បំផុត» ចាប់​តាំង​ពី​កម្ពុជា​បាន​ចាប់​ផ្តើម​យុទ្ធ​នាការ​បង្ក្រាប​ការ​ឆបោក​តាម​អន​ឡាញ​ទូទាំង​ប្រទេស​នា​ពេល​ថ្មី​ៗ​នេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានលើកឡើងកាលពីថ្ងៃទី​១ខែ​កុម្ភៈ​ថា៖ «នេះ​ពិត​ជា​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា រាជ​រដ្ឋា​ភិបា​ល​កម្ពុជា​នឹង​មិន​បន្ធូរ​បន្ថយ​ការ​បង្ក្រាប​លើ​ឧក្រិដ្ឋ​ជនឆបោកតាមអនឡាញឡើយ»

លោកបានកត់សម្គាល់ថា កម្ពុជា «មិនមែនជាឋានសួគ៌ប្រកបដោយសុវត្ថិភាពនោះទេ ប៉ុន្តែ​គឺ​ជា​ឋាននរក​សម្រាប់​ក្រុម​ឧក្រិដ្ឋ​ជន»។

ទីតាំងនៅក្នុងក្រុងបាវិតនោះ រួមមានអគារចំនួន ២២ និងបានដំណើរការក្រោមរូបភាព​​ជាកាស៊ីណូ។ តាមសេចក្តីរាយ​ការណ៍ ទីតាំងនេះ​ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាព​ខុសច្បាប់​ជាយូរមកហើយ រួមមាន ការ​ឆបោក​តាមប្រព័ន្ធ​​ទូរគមនា​គមន៍ និងតាមអនឡាញ។

សកម្មភាពបង្ក្រាបក្នុងពេលដំណាលគ្នាដែលកំណត់គោលដៅលើសកម្មភាពខុសច្បាប់ទាំងនេះ ក៏ត្រូវបានធ្វើឡើងនៅ​ក្នុងតំបន់ជាច្រើនទៀតផងដែរ រួមទាំងខេត្តព្រះសីហនុ ដែលស្ថិតនៅចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ ភាគនិរតី​នៃ​រាជធានីភ្នំពេញ។

យោងតាមសារព័ត៌មាន Cambodia China Times ការបង្ក្រាបយ៉ាងខ្លាំងក្លានេះ បានធ្វើឱ្យទីតាំងឆបោកមួយចំនួន​​សម្រេច​ចិត្តបិទទ្វារដោយខ្លួនឯង ខណៈដែលអ្នកពាក់ព័ន្ធបានចាកចេញពីតំបន់នោះ។

រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងការបង្ក្រាបលើបទល្មើសពាក់ព័ន្ធនឹងការឆបោក ចាប់តាំងពីខែ​​មុនមក ដែលជា​វិធាន​ការ​មួយ​ជំរុញ​ដោយ​ផ្នែក​ខ្លះ​ពីសម្ពាធរបស់ប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ