ក្រុងប៉ោយប៉ែត ដែលធ្លាប់តែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងចរាចរណ៍ឆ្លងដែនដ៏មមាញឹកមួយនៅព្រំដែនកម្ពុជា-ថៃ ពេលនេះកំពុងស្ថិតក្នុងសភាពស្ងប់ស្ងាត់អស់រយៈពេលជិតមួយខែមកហើយ ដែលជះឥទ្ធិពលផ្ទាល់ដល់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
អ្នករត់កង់បី លោក ព្រួញ ភាព ប្រាប់វីអូឌីឱ្យដឹងថា ការបិទច្រកព្រំដែនតាំងពីខែមិថុនា បានប៉ះពាល់ពលរដ្ឋមួយផ្នែក តែវាកាន់តែធ្ងន់ធ្ងរក្រោយយោធាថៃបាញ់ផ្លោងរំលងក្រុងប៉ោយប៉ែត កាលពីខែធ្នូ ដែលធ្វើឱ្យពលរដ្ឋខ្លះចាកចេញទៅស្រុកកំណើត ឯជនបរទេសក៏ផ្លាស់ទីទៅកន្លែងផ្សេង។ លោកបន្តថា ប៉ោយប៉ែតបច្ចុប្បន្នមានអ្នករស់នៅតិចតួច ដោយថ្ងៃខ្លះលោកគ្មានអតិថិជនជិះកង់បីសូម្បីម្នាក់។
លោក ព្រួញ ភាព និយាយថា៖ «អ្នកបន្តនៅហ្នឹង ក៏នៅទ្រាំទាំងត្រដាបត្រដួស ទាំងរក ព្រឹកខ្វះល្ងាចអញ្ចឹងទៅ ហើយក៏ត្រូវទប់ទល់នឹងការចំណាយប្រចាំថ្ងៃច្រើន ហើយអ្នកខ្លះក៏មានការជំពាក់នូវធនាគារទៀត បានត្រឹមតែរអ៊ូពីមាត់មួយទៅមាត់មួយ រអ៊ូដូចៗគ្នាថា រកអត់បាន ទាំងគេទាំងយើង»។
ទន្ទឹមនឹងការបាត់បង់ប្រាក់ចំណូល និងបំណុលធនាគារ ថ្លៃផ្ទះជួល និងបន្ទប់ជួលក៏កំពុងដាក់បន្ទុកជីវភាពបន្ថែមទៀតផងដែរ។ លោក ព្រួញ ភាព អះអាងថា មានម្ចាស់បន្ទប់ជួលភាគតិចណាស់ដែលចុះថ្លៃជួល ខណៈភាគច្រើននៅតែបន្តយកពេញថ្លៃ។ លោកអំពាវនាវឱ្យរដ្ឋាភិបាលគិតគូរពីជីវភាពអ្នកនៅតាមព្រំដែន ព្រោះពួកគាត់ក៏ជួបការលំបាកស្ទើរតែដូចជនភៀសសឹកទៅហើយ។
លោក ព្រួញ ភាព បន្តថា៖ «ស្របពេលដែលក្រុងប៉ោយប៉ែតកំពុងតែមានបញ្ហារាំងស្ទះសេដ្ឋកិច្ច រដ្ឋាភិបាលគួរណាស់តែយកភ្នែកមើល ក៏ដូចជាផ្តល់ដំណោះស្រាយឱ្យប្រជាជនរស់នៅតាមបណ្តោយព្រំដែន ក៏ដូចជាក្រុងប៉ោយប៉ែតហ្នឹងជាដើម។ ជាក់ស្តែងគឺរដ្ឋាភិបាលគួរតែអំពាវនាវដល់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលឱ្យមានការចុះថ្លៃឱ្យពិតប្រាកដ មិនមែនចុះថ្លៃតែនៅក្នុងបណ្តាញសង្គម ហើយនៅខាងក្រៅគឺដដែលហ្នឹងទេ»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជីវភាពរបស់ពលរដ្ឋនៅក្រុងប៉ោយប៉ែតស្ទើរតែទាំងស្រុង គឺពឹងផ្អែកលើការដោះដូរទំនិញឆ្លងដែន និងសកម្មភាពសេដ្ឋកិច្ចដែលកើតចេញពីការធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរ។ ប៉ុន្តែវិវាទព្រំដែន បានធ្វើឱ្យកម្ពុជាបិទច្រកព្រំដែន ក្រោយភាគីថៃបិទជាឯកតោភាគី តាំងតែពីខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ។
បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង ក្រោយយោធាថៃកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ បានបើកការបាញ់ប្រហារមកលើតំបន់ជុំវិញទីប្រជុំជនក្រុងប៉ោយប៉ែត បណ្ដាលឱ្យពលរដ្ឋរាប់រយគ្រួសារបង្ខំចិត្តភៀសខ្លួន។ មកទល់ពេលនេះ ពលរដ្ឋខ្លះបានវិលត្រឡប់ទៅផ្ទះ និងរស់នៅបន្តក្នុងក្រុងប៉ោយប៉ែត តែអ្នកខ្លះវិលទៅស្រុកកំណើត ដោយសារបារម្ភពីសុវត្ថិភាព ខណៈរថគ្រោះទាហានថៃបញ្ឈរជើងជាប់នៅម្ខាងក្រុង។
មិនត្រឹមតែអ្នកផ្តល់សេវាកម្មដឹកជញ្ជូននោះឡើយដែរប៉ះពាល់ សូម្បីការលក់ដូរ អាជីវកម្មតូចធំ និងកម្មករអូសរទេះ ក៏កំពុងស្ថិតក្នុងស្ថានភាពលំបាកដូចគ្នា។
ទាក់ទិនរឿងនេះ មន្រ្តីសម្របសម្រួលអង្គការអាដហុកខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា សង្កេតឃើញថា ក្រុមកម្មករពិសេសអ្នកអូសរទេះ គឺប្រឈមបញ្ហាជីវភាពខ្លាំងជាងគេ ដោយភាគច្រើនពួកគាត់មានជីវភាពខ្វះខាតស្រាប់ទៅហើយ។
លោកបន្តថា ដំណាក់កាលនេះ រដ្ឋត្រូវដោះស្រាយលើបញ្ហាចំពោះមុខ ដូចជាការបញ្ចុះតម្លៃផ្ទះជួល ការបង្កើតការងារមុខរបរ និងការរៀបចំសណ្ដាប់ធ្នាប់ឱ្យពលរដ្ឋអាចរកស៊ីចិញ្ចឹមជីវិតបាន។
លោក ស៊ុំ ចាន់គា ថ្លែងថា៖ «មានន័យថា យើងមិនមែនជាការមួយដែលដាក់បន្ទុកទៅរដ្ឋទាំងអស់នោះទេ ប៉ុន្តែរដ្ឋជាដើមចមនៃការជួយដល់ប្រជាពលរដ្ឋយើង ដើម្បីឱ្យមានមុខរបរគ្រប់គ្រាន់។ បើសិនជាពួកគាត់ខ្វះខាត ពួកគាត់គ្មាន អ៊ីចឹងតួនាទីរបស់រដ្ឋហ្នឹង ត្រូវចាប់ផ្ដើមធ្វើយ៉ាងណាជួយសម្រួលដល់ពួកគាត់ហ្នឹង ឱ្យគាត់ហ្នឹងអាចប្រកបមុខរបរបាន អាចរកអ្វីបានទៅតាមសម្មាជីវោ ទៅតាមវិជ្ជាជីវៈរបស់គាត់ដែលអាចធ្វើបាន»។
បច្ចុប្បន្ន ពលរដ្ឋនៅក្រុងប៉ោយប៉ែត កំពុងរង់ចាំមើលការវិវត្តថ្មីៗនៃវិវាទព្រំដែនកម្ពុជា-ថៃ ដោយសង្ឃឹមថាស្ថានភាពនឹងត្រលប់មកដូចដើមវិញ ដើម្បីឱ្យដង្ហើមសេដ្ឋកិច្ចគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង៕









