តុលាការគ្រោងសវនាការ​លើ​សំណុំរឿង​ថ្មី​មួយ​ទៀត​លើលោក ស៊ុន ចន្ធី នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ

សាច់ញាតិ​​​អតីតប្រធានគណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ឱ្យ​ដឹង​ថា តុលា​ការ​ក្រុង​ភ្នំពេញ គ្រោង​​នឹង​បើក​សវនាការ​​​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ថ្មី​មួយ​ទៀត របស់​អ្នក​នយោបាយ​រូប​នេះ នៅពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០២៦នេះ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពីបទ រួមគំនិត​ក្បត់។

លោក ស៊ុន ចន្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​កាលពី​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ២០២៤ នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​​​​ភ្នំពេញ ក្រោយ​លោក​ត្រឡប់​មក​ពីប្រទេស​ជប៉ុន​វិញ ក្រោយ​លោក​បាន​បញ្ចេញ​​មតិ​​រិះ​គន់​​រដ្ឋាភិបាល ក្នុង​ការ​​ចែក​​ប័ណ្ណ​​​ក្រីក្រ ថា​មាន​ការ​រើស​អើង។

ក្រោយ​មក​​នៅ​​ថ្ងៃទី​២៦​​ ខែ​ធ្នូ ឆ្នាំ​២០២៤ សាលា​ដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​រូបនេះ ចំនួន ២ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​ចំនួន ១ពាន់​ដុល្លារ និង​​ដក​សិទ្ធិ​ទាំង​ស្រុង​ពី​ការ​បោះ​ឆ្នោត នៅ​ក្នុង​បទ​ចោទ​ប្រកាន់ «ញុះ​ញង់​បង្ក​ឱ្យ​មាន​​ភាព​​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុ​ខ​សង្គម»។

ភរិយា​លោក ស៊ុន ចន្ធី គឺ​អ្នកស្រី យាន ស្រីយ៉ាន បានលើកឡើង​​​នៅក្នុងទំព័រ​ហ្វេសប៊ុក​​របស់​ខ្លួន​​នៅ​ថ្ងៃទី​០២​ខែ​កុម្ភៈ​ថា អ្នក​ស្រីបាន​ទទួល​ដំណឹង​ថ្មី​បន្ថែម​ពី​មេធាវី​ការ​ពារ​ក្តី​ឱ្យ​ស្វាមី​របស់​អ្នក​ស្រី ពីរឿង​ក្តី​ថ្មី​មួយ​ទៀត ដែលផ្ទេរ​​​មកពីសាលា​ដំបូង​ខេត្ត​កំពង់ធំ ដោយ​តុលាការ​ចោទ​​​ប្រកាន់​ពីបទ រួមគំនិត​ក្បត់ ហើយ​សាលា​ដំបូង​រាជធានីភ្នំពេញ នឹង​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ខាង​មុខ​នេះ។

អ្នកស្រីបាន​សរសេរក្នុង​ន័យ​ថាដើម​បន្ថែមថា៖ «គ្រួសារ​ខ្ញុំ​បាន​ក្បត់​អ្វី?»។ អ្នកស្រីបន្តថា៖ ​​«មើល​ទៅប្រុ​ង​ដាក់​គុក​ប្តី​ខ្ញុំ រហូត​ដល់​កូន​ប្រុស​ខ្ញុំ​ពេញ​កំលោះ​ទេ​​ដឹង​លោក​ព្រះ យូរៗ​ទៅ​ខ្ញុំ​​ដូច​ជា​អស់​សំណើច​ទៅ​វិញ ហួស​ថ្លែង​គ្រប់​រឿង»។

អ្នកស្រី យាន ស្រីយ៉ាន ធ្លាប់បាន​លើកឡើងដែរថា អ្នក​នយោ​បាយ​បក្សប្រឆាំង សំណុំរឿង​ចាស់​មិន​ទាន់​ចប់​ ចូល​រឿង​ថ្មី​បន្តដូច​រឿង​ភាគ។ ហើយ​យុត្តិ​ធម៌​នឹង​មាននៅពេល​​ប្រទេស​កម្ពុជា មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ។

លោក ជូង ជូងី មេធាវីការពារក្តីលោក ស៊ុន ចន្ធី មិន​អាច​សុំ​ការ​បញ្ជាក់បន្ថែម​​បានទេ ​នៅ​​​ថ្ងៃ​ទី​០៣ ខែ​​កុម្ភៈ​​​នេះ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ