អតីតនាយកខុទ្ទការល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា និងអតីតតំណាងរាស្រ្តគណបក្សនេះ គឺលោក សួន សូរីដា បានបង្ហាញទស្សនៈផ្ទុយពីគ្នា ជុំវិញការសម្រេចចិត្តចូលប្រលូកក្នុងឆាកនយោបាយឡើងវិញ ក្រោមចំណងលោក ហ៊ុន សែន។
លោក មុត ចន្ថា បាននិយាយលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣១ខែមករា ដោយចោទជាសំណួរថា តើបក្សប្រឆាំងអាចធ្វើនយោបាយដោយសេរីបានដោយបៀបណា បើដៃជាប់ចំណង និងមាត់ត្រូវគេបិទស្កុតនោះ?។
បើតាម លោក មុត ចន្ថា ការធ្វើនយោបាយត្រូវការទីលានប្រកួតប្រជែង ដោយស្មើភាព និងយុត្តិធម៌ ហើយនឹងសេរីភាពពេញលេញ ជាពិសេសស្ថាប័នរៀបចំការបោះឆ្នោតមួយ ដែលឯករាជ្យ អព្យាក្រឹត និងមិនលម្អៀង។
ប៉ុន្តែថា កម្ពុជាបច្ចុប្បន្ននេះ មិនមានឱកាសបែបនេះទេ ព្រោះអ្វីៗស្ថិតក្រោមកណ្តាប់ដៃរបស់ លោក ហ៊ុន សែន។ កន្លងមក លោក ហ៊ុន សែន បានប្រកាសរួចហើយ គឺ”ងើបមួយវៃមួយ“ និង “កម្ទចការប្រមូលផ្តុំសកម្មជនបក្សប្រឆាំងនៅមូលដ្ឋាន” មិនឱ្យចូលរួមបោះឆ្នោតឃុំ/សង្កាត់ នៅខែមិថុនា ឆ្នាំ២០២៧។
បច្ចុប្បន្ន មេដឹកនាំបក្សប្រឆាំងដូចជា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ កំពុងជាប់ឃុំ លោក ថាច់ សេដ្ឋា អនុប្រធានបក្សភ្លើងទៀន ត្រូវបានកាត់ទោស និងជាប់ឃុំ លោក សុន ឆ័យ អនុប្រធានបក្សភ្លើងទៀន កំពុងជាប់បណ្តឹងបក្សប្រជាជនកម្ពុជា លោក ទាវ វណ្ណុល ប្រធានបក្សភ្លើងទៀនកំពុងជាប់បណ្តឹង លោក សុន ចន្ធី ប្រធានបក្សកម្លាំងជាតិ ដែលបំបែកពីបក្សភ្លើងទៀន ត្រូវបានកាត់ទោស ដកសិទិ្ធនយោបាយ និងជាប់ឃុំ រីឯលោក រ៉ុង ឈុន ទីប្រឹក្សាបក្សកម្លាំងជាតិ ត្រូវបានកាត់ទោសរង់ចាំឧទ្ធរណ៍ ត្រូវចូលបង្ហាញខ្លួនដល់អាជ្ញាធរ ១ខែម្តងហើយ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី កំពុងជាប់បណ្តឹង ដែលត្រូវចូលបង្ហាញខ្លួនចំពោះមុខអាជ្ញាធរ ១ខែម្តង។ រីឯសកម្មជនជាច្រើនទៀតត្រូវបានចាប់ខ្លួន កាត់ទោស និងជាប់ឃុំ។
លើសពីនេះ លោកថា ចំណែកបក្សនយោបាយខ្លះទៀត ត្រូវបានបង្កើតឡើង ដើម្បីហែរហមបក្សប្រជាជនកម្ពុជា ចូលរួមបោះឆ្នោតមួយ ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិជឿថា មិនយុត្តិធម៌ គ្មានតម្លាភាព និងមិនអាចជឿទុកចិត្តបាន។
ក្នុងន័យនេះ លោកថា «បក្សថ្មីទាំងនោះក្លាយជាសួនលម្អប្រជាធិបតេយ្យក្លែងក្លាយ ជួយបន្លំភ្នែកការបោះឆ្នោតមួយ ដែលត្រូវបានគេកំណត់លទ្ធផលបោះឆ្នោតឈ្នះចាញ់ទុកជាមុន»។ គណបក្សថ្មីខ្លះ បង្កើតឡើង ក្រោមហេតុផល ដើម្បីប្រមូល និងរក្សាកម្លាំងកុំឱ្យបែកខ្ញែក និងមានតួនាទីនយោបាយ ដែលគ្មានសង្ឃឹមអាចដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោត ដែលស្មើនឹងគណបក្សបញ្ឆោតជាដើម។
លោកគូសបញ្ជាក់ថា សរុបមកវិញ ការចូលរួមបោះឆ្នោត ដោយដៃជាប់ចំណង និងមាត់ត្រូវគេបិទស្កុត គឺស្មើនឹងការគាំទ្រប្រជាធិបតេយ្យក្លែងក្លាយ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេមិនអាចទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឡើយ។
ពួកគេអាចឈ្នះត្រឹមសំឡេងឆ្នោតមិនគ្រប់កៅអី ដែលនឹងត្រូវបានស្រូបយកវិញដោយបក្សប្រជាជនកម្ពុជា ព្រោះរូបមន្តបែងចែកអាសនៈសភា គឺបក្សណានៅសល់សំឡេងឆ្នោតច្រើនជាងគេ បន្ទាប់ពីបែងចែកអាសនៈរួច បក្សនោះនឹងស្រូបយកសំឡេងឆ្នោតពីបក្សផ្សេង នៅក្នុងមណ្ឌលបោះឆ្នោតខេត្ត-រាជធានីដូច្នេះបក្សប្រជាជនកម្ពុជានឹងស្រូបយកទាំងអស់។ ពួកគេនឹងក្លាយជាបក្សប្រឆាំងអត់ក្រឹត្យ ឬបក្សប្រឆាំងគ្មានកៅអីក្នុងសភា ប៉ុន្តែពួកខ្លះអាចទទួលបានតំណែងក្នុងឧត្តមប្រឹក្សាយោបល់ បើសិនជាពួកគេចង់លេបនោះ។
ចំណែក អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលកំពង់ស្ពឺ កូតាពីគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា គឺលោក សួន សូរីដា ដែលទើបទៅចូលរួមជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន របស់លោក យ៉ែម បុញ្ញឬទ្ធិ បានលើកឡើងលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ខែមករា ហាក់ផ្ទុយពីនេះ ដោយសំអាងថា ការណ៍ដែលស្រែកឱ្យអ្នកប្រជាធិបតេយ្យ នៅស្ងៀមមិនខ្វល់នឹងនយោបាយ ដូចជួយគណបក្សប្រជាជនកម្ពុជាដោយប្រយោល ព្រោះនឹងឈ្នះយ៉ាងស្រួលដូចឆ្នាំ២០១៨ ។
លោកថា គួរណាស់លោកអំពាវនាវ និងលើកទឹកចិត្តឱ្យអ្នកប្រជាធិបតេយ្យរួបរួមគ្នា ទើបជារឿងត្រឹមត្រូវ ដូចប្រសាសន៍ លោក កឹម សុខា បានលើកឡើងថា «សេរីភាពគ្មាននរណាដាក់ជើងពានឱ្យយើងទេ ដរាបណាយើងមិនទាមទារ»។
ក្នុងន័យនេះ លោកចោទជាសំណួរសួរត្រឡប់ទៅវិញថា តើអត់មានគម្រាម ចាប់ចងសម្លាប់អ្នកនយោបាយប្រឆាំងទេឬ តាំងពីឆ្នាំ១៩៩៣មក? បើមានដូចគ្នា ហេតុអ្វីឥឡូវធ្វើមិនបាន?
តើស្ថាប័ន គ.ជ.ប .ឯករាជ្យឬទេ តាំងពីឆ្នាំ១៩៩៣មក? បើអត់ទេ ហេតុអ្វីឥឡូវធ្វើមិនបាន?។ ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនៅឆ្នាំ២០១៧មក អវត្តមានគណបក្សប្រឆាំងចូលរួមការបោះឆ្នោត ពេលនោះគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត១០០% តើរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ អត់ទទួលស្គាល់ដែរឬទេ? បើទទួលស្គាល់ តើមានរឿងអ្វីដែលគណបក្សប្រឆាំង បន្តពហិការមិនចូលរួមប្រកួតការបោះឆ្នោតបន្តទៅទៀត?
មួយទៀត លោកថា «បើយើងរងគ្រោះ ហើយយើងបន្តនៅស្ងៀម តើមានវិធីអ្វីសម្រាប់ជួយខ្លួនយើងបានឬទេ? ជួយប្រាប់ផង ក្រៅពីចូលរួមប្រកួតការបោះឆ្នោត»។
វីអូឌី មិនអាចរកការបញ្ជាក់បន្ថែមពី លោក មុត ចន្ថា បានទេគិតត្រឹមនៅថ្ងៃអង្គារ៍នេះ ដើម្បីចង់ដឹងថា ហេតុអ្វីបានជាលោកបង្ហោះសារពេលនេះ ខណៈមានមន្ត្រីបក្សប្រឆាំងជាច្រើនបានចេញមកបង្កើតគណបក្សថ្មីជាបន្តបន្ទាប់ យូរណាស់មកហើយក្ដី ចំពេលតុលាការនៅបន្តបិទខ្ទប់ជីវិតនយោបាយមេដឹកនាំកំពូលៗរបស់គណបក្សសង្គ្រោះជាតិ ដូចជា លោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម។
ចំណែកលោក សួន សូរីដា វិញក៏មិនអាចរកការពន្យល់បន្ថែមបានដែរ ដើម្បីចង់ដឹងថា ប្រសិនបើគណបក្សប្រជាធិបតេយ្យជឿនលឿន ត្រូវបានគណបក្សប្រជាជនប្រើតុលាការទប់ស្កាត់ មិនឱ្យចូលរួមការបោះឆ្នោត ឬ ត្រូវបក្សប្រជាជនប្តឹងឱ្យតុលាការរំលាយ ដូចគណបក្សសង្គ្រោះជាតិ តើគណបក្សនេះ នឹងត្រូវធ្វើបែបណា ដើម្បីការពារសន្លឹកឆ្នោត កុំឱ្យដូចគណបក្សសង្គ្រោះជាតិ?
យ៉ាងណា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ក្នុងក្របខណ្ឌនយោបាយ បើអ្នកនយោបាយរងគ្រោះ មិនហក់ចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ ដើម្បីទាមទារយុត្តិធម៌ ប្រៀបបាននឹងការចុះញ៉ម ឬសុំចុះចាញ់ ដែលលោកថាជាកិច្ចការមួយដែលអ្នកនយោបាយគួរជៀសវាង ។
លោកគូសបញ្ជាក់ថា ក្នុងនាមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល គួរតែមានទស្សនៈមួយការពារសង្គមប្រជាធិបតេយ្យ គួរលើកទស្សនៈជារួម ដើម្បីឱ្យមានបរិយាកាសប្រជាធិបតេយ្យ ទើបមានបរិកាសល្អ ទើបមានសង្ឃឹមលើការជំរុញឱ្យមានការផ្លាស់ប្តូរ ប៉ុន្តែថាបើការលើកឡើង ដើម្បីតែវាយប្រហារគ្នាលោកគិតថា ជារឿងមិនល្អសម្រាប់បក្សក្រៅរដ្ឋាភិបាល។
យ៉ាងណា លោកគិតថា ការលើកឡើងរបស់លោក មុត ចន្ថា ក៏ជាកត្តាមួយដែលអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល គួរតែមានមធ្យោបាយ តម្រង់ទិស កៀរគរ សំឡេងរួមគ្នា ដើម្បីឱ្យមានបរិយាកាសពិតប្រាកដ ដើម្បីចូលរួមការបោះឆ្នោត កុំឱ្យគ្រាន់តែជាសួនផ្កាលម្អរបស់គណបក្សកាន់អំណាច ដែលលោកគិតថា មិនមែនជាកិច្ចការត្រឹមត្រូវទេ។
សម្រាប់លោក ឯម សុវណ្ណរ៉ា គិតថា គណបក្សកាន់អំណាចនឹងមិនបន្ធូរដៃក្នុងការផ្តល់ឱកាសឱ្យគណបក្សក្រៅរដ្ឋាភិបាល ដណ្តើមប្រជាប្រិយភាព ឬដណ្តើមសិទ្ធិអំណាចក្នុងការមកជំនួសខ្លួននោះទេ។
ការណ៍នេះ លោកថា មានតែបក្សក្រៅរដ្ឋាភិបាល ឬអ្នកប្រជាធិបតេយ្យធ្វើចលនាចងសម្ព័ន្ធភាពគ្នាឱ្យខ្លាំង ទាមទារឱ្យផ្លាស់ប្ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទាមទារឱ្យ គជប មានលក្ខណៈ ប្រជាធិបតេយ្យ ឯករាជ្យ អព្យាក្រឹត គួរទុកចិត្តបាន មានការសង្កេតការណ៍ពីសហគមន៍អន្តរជាតិ នៅក្នុងក្របខ័ណ្ឌអន្តរជាតិ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា។
លើសពីនេះ បក្សក្រៅរដ្ឋាភិបាលត្រូវមានប្រជាធិបតេយ្យក្នុងផ្ទៃក្នុងបក្ស មិនមានបក្សពួក សែស្រឡាយទើបអាចទាក់ទាញការចូលរួមពីយុវជន និងពលរដ្ឋ។
លោកគូសបញ្ជាក់បន្ថែមដូចនេះថា៖ «ក្នុងចរន្តហ្នឹងគឺត្រូវកៀងគរការគាំពារពីសហគមន៍អន្តរជាតិ ជាពិសេសប្រហែលការសម្រេចចិត្តហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយនឹងថាគណបក្សទាំងអស់ឲ្យមានស្មារតីធ្វើម៉េចជំរុញឲ្យ គ.ជ.ប ឯករាជ្យពិតប្រាកដ ទើបអាចចោលសមរភូមិ នយោបាយ វាមានលក្ខណៈប្រជាធិបតេយ្យ អាហ្នឹងបើសិនជានៅក្នុងក្របខ័ណ្ឌហ្នឹងក្របខ័ណ្ឌដដែលទេ គ្រាន់តែជាសួនដូចអ្នកនយោបាយមួយចំនួនលើកឡើង ហ្នឹងក៏វាជាកិច្ចការមួយដែលអ្នកនយោបាយក្រៅរដ្ឋាភិបាលគួរចៀសវាងដែរ»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា ក៏បានបង្ហាញការយល់ឃើញមិនខុសពីការលើកឡើងរបស់ លោក មុត ចន្ថា ដែរដោយថា ការធ្វើនយោបាយដោយពេញលេញ ត្រូវការទីលានប្រកួតប្រជែង ដែលអនុវត្តនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដោយស្មើភាព និងយុត្តិធម៌ សេរី ជាពិសេសត្រូវធានាថា ឱ្យមានស្ថាប័នរៀបចំការបោះឆ្នោតមួយដែលឯករាជ្យ អព្យាក្រឹត និងមិនលម្អៀង។
តាមការសង្កេតរបស់លោក ក្រោយមានការបោះឆ្នោតលើកដំបូង១៩៩៣ ដោយមានការប្រកួតប្រជែង ក្នុងឆាកនយោបាយនៅកម្ពុជា ហើយបន្ទាប់មកមានភាពមិនប្រក្រតី នៅក្នុងដំណើរការបោះឆ្នោត កាលពីឆ្នាំ២០១៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ ស្ដែងឱ្យឃើញថា កម្ពុជាកំពុងបង្ហាញពីភាពមិនមានលទ្ធិប្រជាធិបតេយ្យពេញលេញ និងមិនមានតម្លាភាពឡើយ ។
លោកថា៖ «គឺមិនមែនជាទីលានមួយដែលប្រកួត ដោយផ្តល់អាទិភាពដល់អ្នកនយោបាយមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងទេ អ្វីដែលយើងមើលឃើញ គឺគណបក្សកាន់អំណាចមិនបណ្ដែតបណ្ដោយឲ្យគណបក្សណាមួយ ដែលមានភាពលេចធ្លោទៅប្រកួតប្រជែង ដណ្តើមកាន់អំណាចពីគណបក្សរបស់ខ្លួនបានឡើយ ឃើញជាក់ស្ដែងគឺមានមធ្យោបាយធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង គ្រាន់តែគណបក្សកម្លាំងជាតិមានប្រជាប្រិយភាពកើនឡើង យើងឃើញមេដឹកនាំគណបក្សកម្លាំងជាតិ ត្រូវបានចាប់ខ្លួន ហើយបើយើងងាកទៅអតីតកាល ឃើញមានការកម្ចាត់លោក សម រង្ស៊ី ចេញពីប្រទេសទៅ ហើយនៅសល់ លោក កឹម សុខា ដែលព្យាយាមធ្វើនយោបាយដោយសន្តិវិធី ដោយអហិង្សា និងក៏មិនរួចខ្លួនដែរ ត្រូវបានចាប់ខ្លួនចុងក្រោយឃុំខ្លួននៅក្នុងផ្ទះមិនអាចធ្វើនយោបាយទៀត»។
ទោះជាបែបណា លោកផ្ដល់ជាអនុសាសន៍ថា ក្រុមអ្នកនយោបាយក្រៅរដ្ឋាភិបាលទាំងអស់ គួរតែធ្វើការតស៊ូមតិរួមគ្នា ក្នុងការធ្វើឱ្យមានការផ្លាស់ប្ដូរ ឬកំណែទម្រង់លើប្រព័ន្ធលទ្ធិប្រជាធិបតេយ្យពេញលេញជាមុនសិន ទើបទីលានប្រកួតប្រជែងមួយ បែបប្រជាធិបតេយ្យអាចធ្វើទៅ ដោយគ្មានបញ្ហារាំងស្ទះ។
លោកថា៖ «តែធ្វើនយោបាយដោយគ្រាន់តែធ្វើនយោបាយ ដោយមិនហ៊ានរិះគន់ចំៗទៅលើការដឹកនាំរបស់រដ្ឋាភិបាល គ្រាន់តែមានគណបក្សសម្រាប់តែឲ្យមានឈ្មោះ ស៊ីអីមិនមានសកម្មភាពអី ហ៊ានធ្វើឲ្យជាក់ស្ដែងក្នុងការប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាច ខ្ញុំគិតថា វាស្មើនឹងការ គោលនយោបាយមួយដែលបង្គ្រប់ឲ្យមានកូរ៉ុម សម្រាប់ការដឹកនាំប្រទេសឲ្យគេមើលឃើញថា ប្រជាធិបតេយ្យ ប៉ុន្តែប្រជាធិបតេយ្យដែលបានផ្តល់សេរីភាពពេញលេញ ទៅដល់គូប្រកួតប្រជែង ឬក៏ទៅដល់ប្រជាពលរដ្ឋដែលបានចូលរួមនាពេលកន្លងមក »។
លោកបន្ថែមទៀតថា៖« អ្នកនយោបាយទាំងអស់ នៅក្នុងគណបក្សទាំងអស់ហ្នឹង បើគាត់អាចរួបរួមគ្នាបាននៅក្នុងគោលដៅតែមួយ ជាមួយគ្នាសិន គឺរាបទីលានប្រកួតប្រជែងនយោបាយឲ្យមើលឃើញថាប្រទេសកម្ពុជាមានប្រព័ន្ធប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ ហើយអាហ្នឹងចាំយើងធ្វើការប្រកួត ការបោះឆ្នោតប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យហ្នឹង ឲ្យបានត្រឹមត្រូវ ដោយសេរី អ៊ីចឹងបានយើងអាចធ្វើទៅបាន»។
គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ លោក សម រង្ស៊ី និងលោក កឹម សុខា បានហក់ឡើងប្រជាប្រិយភាពខ្លាំងជាបន្តបន្ទាប់ ដែលគណបក្សនេះ ដណ្តើមបានអាសនៈចំនួន៥៥ ក្នុងសភា ក្នុងឆ្នាំ២០១៣ និងដណ្តើមបានអាសនៈឃុំ-សង្កាត់ ចំនួន ៥០០៧ ក្នុងឆ្នាំ២០១៧។ ចំនួននេះ ប្រហាក់ប្រហែលនឹងអាសនៈរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច ។
ប៉ុន្តែក្រោយមក លោក សម រង្ស៊ី និងមេដឹកនាំកំមួយចំនួនរបស់គណបក្សសង្ក្រោះជាតិ ត្រូវបាននិរទេស ដើម្បីគេចខ្លួនពីការតាមចាប់ខ្លួនពីតុលាការកម្ពុជា ក្រោមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។ រីឯលោក កឹម សុខា ដែលមិនព្រមគេចខ្លួនទៅក្រៅប្រទេស ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
ប្រមាណជា៣ខែក្រោយមក គណបក្សសង្គ្រោះជាតិ ដែលទទួលបានសន្លឹកឆ្នោតជិតពាក់កណ្តាលប្រទេស ត្រូវបានតុលាការកំពូលរំលាយចេញពីឆាកនយោបាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនំាដោយ លោក ហ៊ុន សែន។
ចៅក្រមកាន់ក្តីឱ្យរំលាយគណបក្សសង្គ្រោះជាតិ ពេលនោះមាន៩រូប ក្នុងនោះមានទាំងលោក ជីវ កេង ផងដែរ ដែលលោក ជីវ កេង ពេលនេះឡើងកាន់តំណែងជាប្រធានតុលាការកំពូល និងក៏ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់បក្សកាន់អំណាច មានលោក ហ៊ុន សែន ជាប្រធាន និងលោក ហ៊ុន ម៉ាណែត ជាអនុប្រធាន ។
សាលដីការរំលាយរបស់តុលាការកំពូលនោះ បានបើកផ្លូវឱ្យបក្សកាន់អំណាចរឹបអូសយកអាសនៈរបស់គណបក្សប្រឆាំងទាំងអស់ក្នុងសភានិងឃុំសង្គាត់។
ចំណែក ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការបន្តបិទខ្ទប់មិនឱ្យធ្វើនយោបាយ ដោយកាត់ក្តីឱ្យឃុំ នៅក្នុងផ្ទះ ចំនួន២៧ឆ្នាំ ។
រីឯកលោក សម រង្ស៊ី និងមេដឹកនាំបក្សប្រឆាំងមួយចំនួនទៀត នៅបន្តនិរទេសនៅឡើយ។ ចំណែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះ បានបែកចែកផ្លូវគ្នាមកបង្កើតគណបក្សថ្មីៗជាច្រើន ក្រោមហេតុផលថា ដើម្បីចូលរួមប្រកួតការបោះឆ្នោតជាមួយបក្សកាន់អំណាច តាមគន្លងចាស់ដដែល បើទោះគេដឹងថា គណបក្សកាន់អំណាចនៅបន្តគ្រប់គ្រង គជប និងប្រព័ន្ធតុលាការនៅឡើយ៕









