ការវាយតម្លៃផលប៉ះពាល់របស់ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា បង្ហាញថា សង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពកម្ពុជា រយៈពេល២១ថ្ងៃកន្លងទៅនេះ បានធ្វើឱ្យពលរដ្ឋស៊ីវិលជួបបញ្ហាវិបត្តិផ្លូវចិត្ត បញ្ហាសុខភាព ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ផ្ទះសម្បែង ដីធ្លី ការអប់រំ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងប្រាសាទខ្មែរ ដែលការណ៍នេះ ពួកគេនឹងចងក្រងនូវឯកសារនិងបណ្តឹង ដើម្បីដាក់ទៅស្ថាប័នអន្តរជាតិ និងតុលាការ ICJ ដើម្បីទាមទារឱ្យមានយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែររងគ្រោះ។
នេះបើតាមការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការវាយតម្លៃរហ័សរួមគ្នាលើកទីពីរ ស្ដីពី ផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងសកម្មភាពរួមគ្នាបន្ទាប់» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
សន្និសីទនេះធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលចំនួន១៥ តំណាងឱ្យបណ្តាញសង្គមស៊ីវិលរាប់រយអង្គការនៅកម្ពុជានិងអន្តរជាតិ បានចុះធ្វើការស្រាវជ្រាវដោយផ្ទាល់ និងបានសម្ភាសន៍ផ្ទាល់ និងតាមអនឡាញជាមួយពលរដ្ឋរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួន នាពេលថ្មីៗនេះ នៅខេត្តចំនួន៦ នៃតំបន់ដែលមានជម្លោះព្រំដែន ដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងកោះកុង។
ក្នុងសន្និសីទនោះ លោក ស្រី កុសល ប្រធានវេទិកាមនុស្សធម៌កម្ពុជា និងជានាយកប្រតិបត្តិអង្គការសហការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា បានថ្លែងថា ជាលទ្ធផលបឋមនៃការវាយតម្លៃនោះ សង្គមស៊ីវិលបានរកឃើញថា ការឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជា បានបង្កផលប៉ះពាល់ជាច្រើនដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងប្រាសាទបុរាណខ្មែរ។
លោកបន្តថា សម្រាប់ផលប៉ះពាល់លើជនស៊ីវិលកម្ពុជា មានដូចជា ប៉ះពាល់ទៅលើសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសស្រ្តី មនុស្សវ័យចំណាស់ និងកុមារ ខណៈការអប់រំ មកដល់ពេលនេះ មានតែក្មេងវ័យជំទង់ៗប្រមាណ៦០ទៅ៧០ភាគរយ ដែលបានត្រឡប់ចូលសាលាវិញ ខណៈកុមារតូចៗត្រូវបានឪពុកម្តាយឱ្យនៅផ្ទះ ដោយសារតែបារម្ភខ្លាចថៃបាញ់ប្រហារជាថ្មី។
ក្រៅពីនោះ លោកថា ពលរដ្ឋស៊ីវិលជាង ១០ម៉ឺននាក់ទៀត នៅបន្តរស់នៅជំរំជនភៀសសឹក ដោយសារទាហានថៃបានឈូសផ្ទះសម្បែង និងដាក់បន្លាលួសហ៊ុំព័ទ្ធយកដី ហើយអ្នកដែលត្រឡប់ទៅផ្ទះវិញ ក៏នៅមិនទាន់អាចបង្កបង្កើនផល ឬប្រមូលផល ឬប្រកបរបររកស៊ីវិញនៅឡើយ ហើយសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទាជាដើមក៏បាត់បង់ ដែលធ្វើឱ្យពួកគាត់ជួបបញ្ហាក្នុងជីវភាព និងគ្មានប្រាក់ដោះបំណុល។
លោក កុសល និយាយថា៖ «តាំងពីខែ៦ខែ៧មកណោះ ស្រូវនៅណុងគឺទុកឱ្យក្របី ឱ្យគោជាអ្នកប្រមូលផល ស្រូវទុំ អាស្រូវដែលប្រមូលដាក់ក្រោមផ្ទះហើយ អត់ទាន់បានរោយបានអីទេ បាញ់គ្នាប្រាវ ទាញតែកន្ទេលគ្រប ទាញដុំឈើសង្កត់ រត់! […] ដំឡូងទុកចោលអត់បានទៅដកទេ ព្រោះដំឡូងនៅតាមព្រំដែនជិតៗគ្នាហ្នឹង អត់ហ៊ានទៅទេ ចឹងសេដ្ឋកិច្ចធ្លាក់ចុះ អត់លុយបង់ធនាគារ ចឹងបានថា ខ្ញុំបានលើសម្ភាសន៍ប្តីទេ ប៉ុន្តែប្រពន្ធអង្គុយយំ ព្រោះជំពាក់ធនាគារ»។
ចំពោះផលប៉ះពាល់ផ្នែកសង្គមវិញ លោកថា ក្រោយសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ២លើកមកនេះ ក៏ធ្វើឱ្យមានការបំផុសគំនិតស្អប់ជនជាតិថៃផងដែរ ជាពិសេសពលរដ្ឋស៊ីវិលខ្មែរដែលបាត់បង់ផ្ទះសម្បែង ដីធ្លី ស្រែចម្ការ និងគ្រួសារដែលមានសាច់ញាតិពលី និងស្លាប់។
បើតាម លោក ស្រី កុសល ក្រោយទទួលបាននូវលទ្ធផលវាយតម្លៃរហ័សពីផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃនេះ ក្រុមអង្គការសង្គមស៊ីវិល នឹងយកទៅផ្ទៀងផ្ទាត់ជាមួយរដ្ឋាភិបាលកម្ពុជា ហើយនិងដាក់ពាក្យប្តឹងទៅអន្តរជាតិ ក្នុងនោះមានតុលាការអន្តរជាតិ ICJ ផងដែរ។
លោកថា៖ «យើងនឹងដាក់ពាក្យប្តឹង ប្តឹងទៅអន្តរជាតិ ទៅ ICJ ឬទៅខាងណាទៀត ដែលយើងត្រូវតែមានតួលេខហ្នឹងឱ្យវាដូចគ្នា ផ្ទៀងផ្ទាត់ស៊ីគ្នាជាមួយខាងរដ្ឋាភិបាលដែរ ព្រោះខាងរដ្ឋាភិបាលគាត់មានព័ត៌មានច្បាស់ណាស់ ថ្នាក់ក្រោមគាត់ឱ្យមក ហើយយើងក៏ទទួលព័ត៌មានហ្នឹងដែរ ហើយយើងចង់ប្តឹងដែរ ខាងសង្គមស៊ីវិលយើងមិនចាំតែរដ្ឋាភិបាលទេ ចឹងអង្គការសង្គមស៊ីវិលក៏យើងប្តឹងដែរ»។
លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បានថ្លែងដែរថា ការដែលសង្គមស៊ីវិល និងអ្នកជំនាញបច្ចេកទេសបរទេស ចុះទៅប្រមូលនូវឯកសារដោយផ្ទាល់នៅតំបន់ជម្លោះព្រំដែននេះ គឺដើម្បីដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ និងជំរុញឱ្យសហគមន៍អន្តរជាតិ ជួយរកយុត្តិធម៌សម្រាប់ពលរដ្ឋស៊ីវិលខ្មែរដែលរងគ្រោះ ដោយសារការឈ្លានពានរបស់ថៃ។
លោកបានចាត់ទុកទង្វើឈ្លានពានទឹកដីរបស់ប្រទេសថៃ មកលើកម្ពុជា ថាជាសោដនាដកម្មដ៏ធំមួយ ដែលអន្តរជាតិគួរមានការចាត់វិធានការ និងផ្តល់យុត្តិធម៌ដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះ។
លោកថា៖ «ខ្ញុំសូមថ្កោលទោស ហើយក៏ដូចជាសូមចាត់វិធានការផ្លូវអន្តរជាតិឱ្យបានខ្លាំងក្លាចំពោះទង្វើទាំងអស់នេះ»។
បើតាមការចុះសង្កេត និងប្រមូលឯកសារដោយផ្ទាល់ នៅទីតាំងដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម លោក រស់ សុដ្ឋា យល់ថា ទង្វើរបស់កងកម្លាំងថៃ មិនមែនជាការបង្ក្រាបបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅតាមព្រំដែន ដូចដែលថៃបានលើកឡើងនោះទេ តែជាទង្វើឈ្លានពានទឹកដី ដោយសារតែពួកគេបានធ្វើសកម្មភាពនានា ក្នុងការពង្រីកព្រំដែនចូលជ្រៅមកក្នុងទឹកដីកម្ពុជា ដូចជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ តំបន់បឹងត្រកួន ថ្មដា អានសេះ ការឈូសបំផ្លាញផ្ទះសម្បែងជនស៊ីវិល ការបំផ្លាញប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងសកម្មភាពបំផ្លិចបំផ្លាញផ្សេងៗទៀត។
លោកថា៖ «វាអត់ស៊ីគ្នានិងនិយមន័យនៃការសម្អាតឧក្រិដ្ឋកម្មអនឡាញទេ វាទៅជាលក្ខណៈឈ្លានពាន ហើយដែលវាផ្ទុយនឹងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រាងបទឈប់បាញ់គ្នាផងដែរ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានទេ នៅរសៀលថ្ងៃពុធនេះ។
ប៉ុន្តែ លោកបានថ្លែងសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធនេះថា កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ និងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។
លោកបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា មិននៅស្ងៀមឡើយចំពោះមុខសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងកំពុងជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី តាមស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន»។
គួរបញ្ជាក់ថា បន្ទាប់ពីទាហានថៃបានបើកការវាយប្រហារយ៉ាងសន្ធាប់ ចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាអស់រយៈពេល២១ថ្ងៃ ដោយប្រើយន្តហោះទម្លាក់គ្រាប់ ដ្រូនអត្តឃាត បាញ់ផ្សែងពុល និងកាំភ្លើងយន្តគ្រប់ប្រភេទ បាញ់ផ្លោងជញ្ជ្រុំដែលបានបណ្តាលឱ្យស្លាប់ និងរងរបួសប្រជាពលរដ្ឋខ្មែរជាង ១០០នាក់ និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នង ព្រមទាំងបំផ្លាញសំណង់អគារ វត្តអារាម និងផ្លូវស្ពានជាច្រើនមក កម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ប៉ុន្មានថ្ងៃក្រោយមកគឺនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា បានចេញមកប្រកាសថា កងទ័ពថៃបានដណ្តើមកាន់កាប់ទឹកដីកម្ពុជានៅ១៤ទីតាំង ហើយបានទាមទារឱ្យរដ្ឋាភិបាលថៃដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា។
យ៉ាងណាក្តី ទាក់ទងនឹងចំនួនទីតាំងទឹកដីខ្មែរដែលទាហានថៃបានដណ្តើមកាន់កាប់ ទាំងនៅពេលសង្គ្រាម និងនៅក្រោយពីមានបទឈប់បាញ់ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានជំនាញខាងកិច្ចការព្រំដែន បានធ្វើការបូកសរុបបញ្ជាក់ជាថ្មីទៀត ដោយផ្អែកលើព័ត៌មានដែលលោកបានទទួលពីកងទ័ពកម្ពុជាជួរមុខថា គិតត្រឹមថ្ងៃទី២៧ ខែមករា កងទ័ពថៃ បានដណ្តើមកាន់កាប់ទឹកដីកម្ពុជាចំនួន៤១ទីតាំង និងកំពុងបន្តចូលមករាយបន្លាលួសព័ទ្ធយកទឹកដីខ្មែរនៅតាមទីតាំងផ្សេងទៀត ក្នុងនោះរួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ប្រាសាទខ្នារ ភ្នំទ្រព្យ ច្រកអានសេះ ភូមិព្រៃចាន់ ភូមិជោគជ័យ បឹងត្រកួន តាថាវ ជាំតែ និងអូរផ្កាស្នេហ៍ជាដើម។ល។៕









