លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃទី០៣ ខែកុម្ភៈ បានដាក់ញត្តិតាមសារប្រព័ន្ធអេឡិចត្រូនិក (អ៊ីមែល) ទៅស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញរួចហើយ ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាមផ្តល់សេរីភាពពុទ្ធសាសនា ស្របតាមគោលការណ៍សេរីភាពសាសនារបស់អង្គការសហប្រជាជាតិ។
លើសពីនេះ ពួកគេក៏ទទូចឱ្យរដ្ឋសភាវៀតណាមកែប្រែ (វិសោធនកម្មច្បាប់) ខ្លឹមសារក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៣៣១ ដែលមានលក្ខណៈរឹតបន្តឹងសេរីភាពសម្ដែងមតិ និងសិទ្ធិទទួលបានព័ត៌មាន រំលោភបំពានធ្ងន់ធ្ងរ លើកតិកាសញ្ញា ស្ដីពី សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលភាគីប្រទេសវៀតណាម ជាម្ចាស់ហត្ថលេខី។
អនុប្រធានសមាគមខ្មែរក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់វីអូឌីនៅថ្ងៃទី០៤ ខែកុម្ភៈថា មកទល់ពេលនេះ តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅមិនទាន់ឆ្លើយតបញត្តិរបស់ពួកលោកនៅឡើយទេ។
លោកបញ្ជាក់ថា បំណងរួមរបស់សមាគមទាមទារឱ្យវៀតណាម ផ្តល់ឯករាជ្យភាពដល់ខ្មែរក្រោម ប្រតិបត្តិព្រះពុទ្ធសាសនា និងស្នើឱ្យវៀតណាមទទួលស្គាល់ពលរដ្ឋខ្មែរក្រោម ជាជនជាតិដើមពេញលេញ។
លោកថា៖ «សកម្មភាពរបស់យើង យើងនៅតែរក្សាអនុវត្តទៅតាមផែនការរបស់យើងដដែល យើងអត់ប្រែប្រួលទេ ក្នុងករណីបើមិនមានការឆ្លើយតបពីរដ្ឋាភិបាលវៀតណាម ទាល់តែមានការដោះស្រាយនូវរាល់បញ្ហាដែលខ្មែរក្រោមប្រឈមទេ ចឹងសកម្មភាពរបស់យើង យើងនៅតែធ្វើការទាមទារមិនត្រឹមតែទៅដល់រដ្ឋបាលវៀតណាមទេ ប៉ុន្តែវាអាចឈានទៅដល់ទាំងតំបន់ អង្គការសហប្រជាជាតិ ទាំងស្ថាប័ន ឬភាគីដែលពាក់ព័ន្ធ ហើយនៅតែរក្សាផែនការតស៊ូមតិទាំងអស់នេះ ដើម្បីឱ្យមានវិធានការដោះស្រាយ»។
ខ្លឹមសារញត្តិ២ទំព័រ ទទូចឱ្យរដ្ឋាភិបាលវៀតណាម អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ពីនីតិវិធីក្នុងសវនាការចំពោះជនត្រូវចោទ ដែលជាពលរដ្ឋខ្មែរកម្ពុជាក្រោម។ រីឯគណៈពុទ្ធសាសនា ថេរវាទខ្មែរក្រោម ត្រូវនៅដាច់ដោយឡែក ឯករាជ្យពីសមាគមព្រះពុទ្ធសាសនាវៀតណាម ហើយត្រូវទទួលស្គាល់ពលរដ្ឋខ្មែរក្រោមជាជនជាតិដើម។ បន្ថែមពីនេះទៀត ត្រូវដោះលែងសកម្មជនខ្មែរក្រោមទាំងអស់ដែលកំពុងជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌។
ពលរដ្ឋខ្មែរក្រោមដែលមានសាច់ញាតិជាប់ពន្ធនាគារដោយសារទាមទារសេរីភាព គឺលោក ថាច់ ថាញ់ ប្រាប់វីអូឌីថា ជិត១០ឆ្នាំកន្លងទៅនេះ អាជ្ញាធរវៀតណាមនៅតែរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម រឹតត្បិតព្រះសង្ឃប្រតិបត្តិជំនឿពុទ្ធសាសនា និងរឹតត្បិតការអប់រំប្រវត្តិសាស្ត្រដល់យុវជនខ្មែរក្រោមតាមវត្តអារាម និងសាលារៀន។
លោកថា ទង្វើអាជ្ញាធរវៀតណាមគំរាមកំហែងធ្ងន់ធ្ងរដល់ព្រះសង្ឃ មិនឱ្យតស៊ូមតិទាមទារសិទ្ធិសេរីភាព ស្របតាមច្បាប់អន្តរជាតិ។
លោកថា៖ «ស្នើទៅដល់អង្គការសហប្រជាជាតិឱ្យទាមទារចង់ឱ្យខ្មែរកម្ពុជាក្រោម មានសិទ្ធិបើកសាលាបង្រៀនប្រវត្តិសាស្រ្តភូមិសាស្រ្តឱ្យ ដើម្បីកូនខ្មែរជំនាន់ក្រោយដឹងអំពីភូមិសាស្រ្តប្រវត្តិសាស្រ្តជាតិឯងបានហើយ»។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
ខ្លឹមសារញត្តិ បន្ថែមថា រដ្ឋសភាវៀតណាម ត្រូវធ្វើវិសោធនកម្មមាត្រា៣៣១ ដែលចែងថា «បទឧក្រិដ្ឋកេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» អ្នករំលោភបទឧក្រិដ្ឋនេះ អាចត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ។
មាត្រា៣៣១នេះ អង្គការសមាគមខ្មែរក្រោម ចាត់ទុកថា រំលោភលើកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលប្រទេសវៀតណាមជាហត្ថលេខី។
ចាប់តាំងពីឆ្នាំ២០២៣ រហូតមកទល់ពេលនេះ ព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមយ៉ាងហោចណាស់ ១៧ អង្គ/នាក់ ត្រូវអាជ្ញាធរវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ៕









