អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​បង្វែរ​លុយ​ពិន័យ​​​ចរាចរណ៍​​ចូល​​រដ្ឋ ឬ​​ជួយ​​កង​ទ័ព​​ច្រើន​​ជាង​​​​ឱ្យ​​មន្ត្រី​​ប៉ូលិស

ពលរដ្ឋ​​ចាប់​ផ្ដើម​​សម្ដែង​​ក្ដី​​បារម្ភ និង​​ជជែក​ពី​​​ផល​ប៉ះពា​ល់​​ដោយ​សារ​​​មន្ត្រី​​ប៉ូលិស​ ​នឹង​​ចុះ​​ផាក​​ពិន័យ​​ឡើង​វិញ បន្ទាប់​​ពី​​អគ្គ​ស្នង​ការ​​នគរបាល​​ជាតិ ​​សម្រេច​​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​​ចរាចរណ៍​​​ផ្លូវ​​គោក ចាប់​​ពី​​ខែ​​កុម្ភៈ ឆ្នាំ​​២០២៦​​នេះ​​តទៅ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​​បណ្ឌិត លោក មាស នី ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​​ បង្វែរ​លុយ​ភាគ​ច្រើន បាន​ពី​​ការ​​ផាក​​ពិន័យ​​ចំពោះ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ចូល​រដ្ឋ​វិញ ជាជាង​ឱ្យ​ទៅ​មន្ត្រី​ប៉ូលិស​ច្រើន​លើសលប់។ លោក​​ស្នើ​នេះ​ ​មិនមែន​មាន​ន័យ​ថា លោក​​រិះគន់​​នឹង​ការ​ផ្ដល់​ប្រាក់​លើក​​ទឹកចិត្ត​ដល់​មន្ត្រី​ប៉ូលិស​​ចរាចរណ៍​ដែល​​ធ្វើ​ការ​ទាំង​ថ្ងៃ​ក្ដៅ​​នោះ​​ទេ ប៉ុន្តែ​​សូម​​ទុក​​តិច​តួច ហើយ​​យក​​ថវិកា​​នោះ​​ភាគ​ច្រើន​​ចូល​​រដ្ឋ​​វិញ និង​​ចាត់​ចែង​​ជួយ​​ដល់​​ទាហាន​ជួរ​មុខ​ដែល​កំពុង​ខ្វះខាត ដើម្បី​បញ្ចៀស​ការ​រិះគន់។

លោក មាស នី ថ្លែង​ថា៖«រឿង​នៅ​ចម្រូង​ចម្រាស​នៅ​ត្រង់​​ថា ទី១ ក្រសួង​មហាផ្ទៃ​​ត្រូវ​បង្ហាញ​ទិន្នន័យ​បែប​វិទ្យា​សាស្ត្រ​​អំពី​ភាព​ខុស​គ្នា​​រវាង​ពេល​​ដាក់​​ពិន័យ និង​​ពេល​​មិន​​ដាក់​​ពិន័យ​ថា មាន​ភាព​ខុស​គ្នា​យ៉ាង​ដូចម្ដេច​​ពី​​ចំនួន​អ្នក​រងគ្រោះ។ ទី២​ការ​ដក​ថវិកា​ហ្នឹង​ ​សុំ​កុំ​ផ្សាយ​ចំហ​ថា ឱ្យ​ទៅ​មន្ត្រី​​ចរាចរណ៍ ៧០-៨០​ភាគរយ​អ៊ីចឹង​​បាទ! បើ​យក​សូម​យក​តិចតួច​ទៅ ហើយ​ទុក​ឱ្យ​កងទ័ព​នៅ​ពេល​កងទ័ព​​កំពុង​ជួប​ប្រទះ​នូវ​ការ​លំបាក​ក្នុង​​ការ​ការពារ​ជាតិ ឬ​ចូល​ទៅ​ជា​ថវិកា​ជាតិ»។

បន្ថែម​ពី​នេះ លោក​​​បណ្ឌិត មាស នី ផ្ដល់​​យោបល់​​ថា ក្រសួង​មហាផ្ទៃ ​គួរ​ផ្ដល់​ទិន្នន័យ​វិភាគ​ជាក់ស្ដែង​​​នៅ​ក្រោយ​​ពេល​ផ្អាក​ការ​ផាក​ពិន័យ និង​មិន​ទាន់​ផ្អាក​ ថា​តើ​តួលេខ​គ្រោះថ្នាក់​​ចរាចរណ៍​​ខុស​គ្នា​កម្រិត​ណា ដើម្បី​​ធ្វើ​ជា​​អំណះអំណាង​​អនុវត្ត​ច្បាប់​ផាក​ពិន័យ​​​ឡើង​វិញ។ ផ្ទុយ​ទៅ​វិញ​ លោក​ថា បើ​គ្មាន​ទិន្នន័យ​បែប​វិទ្យា​សាស្ត្រ​​អាច​ទុក​ចិត្ត​បាន​ទេ នោះ​មន្ត្រី​នគរបាល​នឹង​រង​ការ​រិះ​គន់​បន្ត​ទៀត។

ចំណែក​ពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន ​​បាន​ស្នើ​ទុក​ដាក់​ប្រាក់​ពិន័យ​ទាំង​នេះ​​ចូល​រដ្ឋ​វិញ និង​ផ្ដល់​ជូន​​ទៅ​ទាហាន​​​ជួរ​មុខ ដូច​​ទស្សនៈ​លោក​​បណ្ឌិត មាស នី ដែរ។ អ្នក​ខ្លះ​ទៀត ​បាន​រិះគន់​យ៉ាង​ខ្លាំង​​ពី​ការ​អនុវត្ត​​នេះ​​ឡើង​វិញ ដោយ​ចោទ​ចំ​ៗ​ថា ជា​ការ​បង្កើត​មុខ​របរ​ដល់​មន្ត្រី​ប៉ូលិស ពុក​រលួយ ជាន់​ក​រាស្ត្រ ហើយ​ពុំ​បាន​​កាត់​បន្ថយ​ការ​កក​ស្ទុះ ឬ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម​នោះ​ទេ។

លិខិត​របស់​អគ្គស្នងការ​នគរបាល​ជាតិ ​កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ចេញ​​ផ្សាយ​​ថា ខ្លួន​បាន​បន្ធូរបន្ថយ​ការ​អនុវត្ត​ច្បាប់​​​ចរា​ចរណ៍​​ផ្លូវ​​គោក​ជាង​​កន្លះ​ឆ្នាំ​ហើយ តាំង​ពី​ផ្ទុះ​សង្គ្រាម​ដែល​ថៃ​ឈ្លានពាន​កម្ពុជា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៥ ដល់​​ចុង​​ឆ្នាំ។

ក្នុង​រយៈពេល​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​កើន​ឡើង ៣៤​​​លើក និង​​ស្លាប់​​កើន ៦២​នាក់ បើ​​ប្រៀបធៀប​​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៤។ ចំណែក រយៈពេល ១​ខែ​មករា ឆ្នាំ​២០២៦​នេះ មាន​ករណី​គ្រោះថ្នាក់​​​ចរាចរណ៍​កើន​ឡើង ៤២​លើក ស្មើ​១៩​​ភាគរយ និង​ស្លាប់​កើន ២៥​​នាក់ ស្មើ​​១៨​​ភាគរយ។ អគ្គស្នងការ​នគរបាល​ជាតិ ​អះអាង​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​រួមមាន បើក​​លើស​​ល្បឿន ៤៧​ភាគរយ មិន​​គោរព​​សិទ្ធិ ២១​ភាគរយ មិន​ប្រកាន់​ស្ដាំ ១០​ភាគរយ ប្រជែង​គ្រោះថ្នាក់ ៧ភាគរយ​ជាដើម។

វីអូឌី ​ពុំ​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ ​លោក ទូច សុឃៈ នៅ​​ថ្ងៃ​ទី៤ ខែ​កុម្ភៈ​​នេះ​បាន​​ទេ ទាក់ទង​នឹង​របាយការណ៍​លម្អិត​ដែល​បង្ក​​ជា​គ្រោះថ្នាក់​​ចរាចរណ៍ នៅ​ពេល​​ផាក​​ពិន័យ និង​ពេល​លើក​លែង​​ជាង​កន្លះ​ឆ្នាំ​មក​នេះ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា IDEA លោក វន់ ពៅ គាំទ្រ​​ការ​រឹត​​បន្តឹង​​​ច្បាប់​​ចរាចរណ៍ ប៉ុន្តែ​លោក​​ថា ការ​ផាក​ពិន័យ​ឡើង​វិញ​នេះ មិនមែន​បង្កើត​ជា​រូបភាព​ពុករលួយ​ដល់​​មន្ត្រី​​ប៉ូលិស ហើយ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ដដែល​នោះ​ទេ។ លើស​ពី​នេះ​ លោក​ក៏​ស្នើ​ឱ្យ​ការ​អនុវត្ត​​នេះ ដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់។

លោក វន់ ពៅ ថ្លែង​ថា៖«ទាល់​តែ​ការ​អនុវត្ត​នឹង​ទៀត​សោត មិន​​អនុវត្ត​រើស​មុខ មាន​​​ន័​យ​​ថា ឋានៈ​​បុណ្យ​ស័ក្តិ​​ប៉ុណ្ណា​​ក៏​​ដោយ ត្រូវ​អនុវត្ត​ដោយ​ស្មើៗ​គ្នា​ដែរ។ ជាពិសេស ការ​បើកបរ​ប្រើប្រាស់​គ្រឿង​ស្រវឹង​​ពេល​យប់​ជាដើម។ យើង​មើល​គ្មាន​ប្រទេស​ណា​សេរី​ជាង​​ប្រទេស​កម្ពុជា​ទេ ក្នុង​ការ​បើកបរ។ នៅ​ប្រទេស​គេ ​ជនជាតិ​ចិន ភ្ញៀវ​ទេសចរ​​គេ​មិន​ឱ្យ​បើកបរ​ផ្ដេស​ផ្ដាស​​ទេ។ ប៉ុន្តែ​ស្រុក​យើង​ជនជាតិ​ចិន​ជួល​​ឡាន​មន្ត្រី​គ្រាក់ៗ ​​បើកបរ​​ដោយ​​អំពើ​ចិត្ត​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា បង្ក​គ្រោះថ្នាក់​ចរាចរណ៍»

របាយការណ៍​អង្គការ​យូនីសេហ្វ (UNICEF) ចេញ​ផ្សាយ​កាល​ពី​ខែ​​ឧសភា ឆ្នាំ​​២០២៥ បង្ហាញ​​ថា គ្រោះថ្នាក់​​ចរាចរណ៍​​ផ្លូវ​គោក​​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់ និង​ពិការ​ក្នុងចំណោម​កុមារ និង​មនុស្ស​វ័យ​ជំទង់​នៅ​​កម្ពុជា ដែល​មាន​ប្រមាណ ២០% នៃ​អ្នក​ស្លាប់​សរុប​ដោយសារ​គ្រោះថ្នាក់។ របាយការណ៍​នេះ ​បន្ត​ថា ប្រទេស​​កម្ពុជា​ប្រឈម​មុខ​នឹង​បន្ទុក​​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​យ៉ាងច្រើន ដែល​មាន​តម្លៃ​ប្រមាណ ៤៦៦,៨ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ (​ស្មើ​​នឹង ១,៧% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ឬ GDP)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ