ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានមានប្រសាសន៍នៅថ្ងៃទី៣ខែកុម្ភៈថា ប្រទេសអ៊ីរ៉ង់នឹងបន្តការចរចាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមានការស្នើសុំពី “រដ្ឋាភិបាលជាមិត្តក្នុងតំបន់” ដើម្បីឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការពិភាក្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម X លោក Pezeshkian បាននិយាយថា លោកបានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ឱ្យបន្តការចរចា “ក្នុងលក្ខខណ្ឌដែលមានបរិយាកាសសមស្របមួយ ពោលគឺបរិយាកាសដែលមិនមានការគំរាមកំហែង និងការរំពឹងទុកមិនសមហេតុផល”។
សម្ដីរបស់ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលនៃប្រទេសនេះ គឺលោក Ayatollah Ali Khamenei បានព្រមានថា ការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ នឹងបង្កឱ្យមានជម្លោះក្នុងតំបន់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមអន្តរាគមន៍ក្នុងប្រទេសអ៊ីរ៉ង់ ចំពោះមហិច្ឆតានុយក្លេអ៊ែរ និងការបង្ក្រាបយ៉ាងសាហាវលើក្រុមបាតុករ ដោយលោកបាននិងកំពុងបង្កើនកម្លាំងទ័ពនៅក្បែរនោះ។
លោក Pezeshkian បន្ថែមថា៖ «ការចរចាទាំងនេះនឹងត្រូវធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃផលប្រយោជន៍ជាតិរបស់យើង»។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក កិច្ចពិភាក្សានឹងត្រូវធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី៦ខែមករានេះ។
ការប្រកាសរបស់លោក Pezeshkian បានធ្វើឡើងបន្ទាប់ពីបទសម្ភាសន៍របស់ លោក Araghchi ដែលក្នុងនោះលោកបានប្រាប់ CNN ថា លោកមាន «ទំនុកចិត្តថា យើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយ»។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី២ខែមករា លោក Trump បាននិយាយថា «ប្រសិនបើយើងអាចរកវិធីដោះស្រាយអ្វីមួយបាន» វានឹងជាការ «ប្រសើរណាស់» ប៉ុន្តែលោកបានព្រមានថា «រឿងអាក្រក់នឹងកើតឡើង» ប្រសិនបើមិនអាចធ្វើបាន។
សហរដ្ឋអាមេរិក បានវាយប្រហារគោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីឆ្នាំមុន នៅក្នុងអ្វីដែលខ្លួនហៅថា ប្រតិបត្តិការ Midnight Hammer។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីប្រតិបត្តិការទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល ដើម្បីកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោក Trump បានបន្ថែមថា មាន «កម្លាំងដ៏មហិមា» កំពុងឆ្ពោះទៅកាន់អ៊ីរ៉ង់ រួមទាំងនាវាដែល «ធំបំផុត និងល្អបំផុត» ផងដែរ។ ការបង្កើនកម្លាំងយោធា និងកងទ័ពជើងទឹកអាមេរិក រួមមាន នាវាផ្ទុកយន្តហោះ USS Abraham Lincoln ដែលមានយន្តហោះចម្បាំងប្រហែល ៧០ គ្រឿង។
សកម្មភាពនេះ បានកើតឡើងបន្ទាប់ពីការបង្ក្រាបដោយកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ដែលក្រុមបាតុករបានប្រាប់ BBC ថា មិនដូចអ្វីដែលពួកគេធ្លាប់បានឃើញពីមុនមកនោះទេ។
អាជ្ញាធរអ៊ីរ៉ង់ ធ្លាប់បាននិយាយថា មនុស្ស ៣,១១៧ នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលតវ៉ា ប៉ុន្តែក្រុមសកម្មជន និងក្រុមឃ្លាំមើលនិយាយថា ចំនួនអ្នកស្លាប់មានកម្រិតខ្ពស់ជាងនេះឆ្ងាយណាស់។
ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និយាយថា ខ្លួនបានបញ្ជាក់ពីការស្លាប់របស់បាតុករចំនួន ៦,៤៣០ នាក់ កុមារ ១៥២ នាក់ និងមនុស្សពាក់ព័ន្ធនឹងរដ្ឋាភិបាលចំនួន ២១៤ នាក់។ ស្ថាប័ននេះ កំពុងស៊ើបអង្កេតករណីប្រហែល ១១,២៨០ ផ្សេងទៀត។
អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសន័រវេស បាននិយាយថា ចំនួនអ្នកស្លាប់ចុងក្រោយអាចលើសពី ២៥,០០០ នាក់។
បាតុកម្មរីករាលដាលត្រូវបានផ្ទុះឡើង ដោយសារការខកចិត្តចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេស ប៉ុន្តែវាបានប្រែទៅជាការទាមទារឱ្យមានការផ្លាស់ប្តូរនយោបាយ៕









