សកម្មភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយពន្ធគយលើការនាំចូលពីប្រទេសឥណ្ឌា បានបង្កឱ្យមានការងើបឡើងវិញនៃទីផ្សារនៅទូទាំងប្រទេសអាស៊ីមួយនេះ កាលពីថ្ងៃទី៣ខែមករា ដោយបានលើកស្ទួយស្មារតីក្នុងចំណោមអ្នកនាំចេញ និងអ្នកបង្កើតគោលនយោបាយ ទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះនៅមានកម្រិតតិចតួចក៏ដោយ។
លោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា កាលពីថ្ងៃទី២ខែមករា ដើម្បីកាត់បន្ថយពន្ធគយពី៥០%មកត្រឹម ១៨% ជាថ្នូរនឹងការដែលទីក្រុងញូវដេលីបញ្ឈប់ការទិញប្រេងពីរុស្ស៊ី និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម។
ការបង្ហោះលើបណ្ដាញសង្គមរបស់លោក Trump មិនត្រូវបានបន្តដោយព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងពីសេតវិមាន ឬរដ្ឋាភិបាលឥណ្ឌានោះទេ។
មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ បាននិយាយថា ឥណ្ឌាបានយល់ព្រមទិញប្រេងឥន្ធនៈ ទំនិញការពារជាតិ និងយន្តហោះពីសហរដ្ឋអាមេរិក ខណៈមានការបើកចំហរមួយផ្នែកនូវវិស័យកសិកម្មដែលធ្លាប់តែត្រូវបានការពារយ៉ាងតឹងរ៉ឹងរបស់ខ្លួន ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ។
យោងតាមមន្ត្រីរូបនោះ ទីក្រុងញូវដេលីក៏បានកាត់បន្ថយពន្ធគយលើរថយន្តនាំចូល ដើម្បីឆ្លើយតបទៅនឹងការទាមទារបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។ មន្ត្រីឥណ្ឌាម្នាក់ទៀត បានលើកឡើងថា ទីក្រុងញូវដេលីបានយល់ព្រមផ្ដល់ពន្ធសូន្យភាគរយ ចំពោះទំនិញឧស្សាហកម្មដែលនាំចូលមកក្នុងប្រទេសពីសហរដ្ឋអាមេរិក។
បន្ទាប់ពី “ការយល់ដឹងចុងក្រោយ” នៃកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ប្រទេសទាំងពីរនឹងចែករំលែកព័ត៌មានលម្អិត។ លោក Piyush Goyal រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា បានមានប្រសាសន៍កាលពីយប់ថ្ងៃទី៣ខែមករា ដោយបន្ថែមថា សេចក្តីថ្លែងការណ៍រួមមួយនឹងត្រូវចេញផ្សាយក្នុងពេលឆាប់ៗនេះ។
លោក Trump បានមានប្រសាសន៍ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ថា ប្រទេសឥណ្ឌានឹងទិញទំនិញពីសហរដ្ឋអាមេរិកកាន់តែច្រើន ដោយការបញ្ជាទិញនឹងកើនឡើងដល់ជាង ៥០០ពាន់លានដុល្លារ រួមមាន ថាមពល ធ្យូងថ្ម បច្ចេកវិទ្យា និងផលិតផលកសិកម្មនោះទេ។
មន្ត្រីពាណិជ្ជកម្មឥណ្ឌា បាននិយាយថា ប្រទេសឥណ្ឌានឹងសម្រេចបាននូវតួលេខនោះក្នុងរយៈពេល ៥ឆ្នាំ។
លោក Neelkanth Mishra ប្រធានសេដ្ឋវិទូនៃធនាគារ Axis Bank បានលើកឡើងថា “កិច្ចព្រមព្រៀងពន្ធគយរបស់ឥណ្ឌាជាមួយសហរដ្ឋអាមេរិក បានលុបបំបាត់គុណវិបត្តិពីមុនរបស់ខ្លួន បើធៀបនឹងប្រទេសក្នុងតំបន់ផ្សេងទៀត”។
លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ ជួយដល់វិស័យដែលរងផលប៉ះពាល់ ដូចជា ត្បូងមានតម្លៃ និងគ្រឿងអលង្ការ ស្បែក ផ្លាស្ទិក សេរ៉ាមិច និងគ្រឿងបន្លាស់រថយន្តរបស់ឥណ្ឌា រួមទាំងការវិនិយោគបរទេសដែលមិនមែនជាផ្នែកបច្ចេកវិទ្យាផងដែរ។
ទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា បានបង្ហាញថា ការនាំចេញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១៥,៨៨% ធៀបនឹងឆ្នាំមុន ដល់ចំនួន ៨៥,៥ ពាន់លានដុល្លារ ក្នុងចន្លោះខែមករាដល់ខែវិច្ឆិកា ខណៈដែលការនាំចូលមានចំនួន ៤៦,០៨ ពាន់លានដុល្លារ។
លោក Anuradha Thakur លេខាធិការកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា មានប្រសាសន៍នៅទីក្រុងញូវដេលីកាលពីថ្ងៃទី៣ខែមករាថា ការប្រកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានកាត់បន្ថយភាពមិនប្រាកដប្រជានៃសកលលោកយ៉ាងច្រើន។
វាក៏បានលើកស្ទួយស្មារតីអ្នកវិនិយោគផងដែរ។ ទីផ្សារភាគហ៊ុនរបស់ឥណ្ឌាសម្រេចបានលទ្ធផលល្អបំផុតក្នុងរយៈពេល ៩ខែ ហើយរូបិយបណ្ណ រូពី (rupee) បានកើនឡើង ១,៣៦% ដល់ ៩០,២៦៥០ ក្នុងមួយដុល្លារ ដែលជាការកើនឡើងក្នុងរយៈពេលមួយថ្ងៃដ៏ខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨៕









