កម្ពុជាតវ៉ាជំទាស់នឹងថៃពង្រីកការគ្រង់គ្រោងដោយយោធា​​នៅ​​តំបន់​អាន​សេះនិ​ង​ទីតាំង​ផ្សេង​ទៀត

កម្ពុជា​បាន​តវ៉ា​ថា ការ​ដែល​ថៃ​ដាក់​កុង​តឺន័រ​ចំនួន​បី​នៅ​ភូមិ​​អាន​សេះ ខេត្ត​ព្រះ​វិហារ ជា​ការ​ពង្រីក​ការ​គ្រប់​គ្រង​​​ដោយ​​កម្លាំង​​យោធារំលោភ​បំពាន​យ៉ាង​ជាក់​ច្បាស់​លើ​អធិប​តេយ្យ​ និង​បូរណ​ភាព​ទឹក​ដីរ​បស់​កម្ពុជា​ ធ្វើ​ឱ្យ​ប៉ះពា​ល់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង កាត់​បន្ថយ​​ភាព​តាន​តឹង និង​រារាំង​ដល់កា​រ​វិល​ត្រឡប់​ដោយ​សុវត្ថិ​ភាព និង​ថ្លៃថ្នូរ​របស់​ប្រជាជន​ស៊ីវិល​ ទៅ​កាន់​ផ្ទះស​ម្បែង និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​វិញ។

ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាននិយាយក្នុងលិខិតតវ៉ា​មួយ​ចុះ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈនេះ​ថា ខ្លួន​សូម​តវ៉ា​ជា​ផ្លូវ​ការ​ប្រឆាំង​នឹង​ការ​ដាក់​កុង​តឺន័រ​ចំនួ​ន​បី នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដោយក​ង​កម្លាំង​ប្រដាប់​អាវុធ​ថៃ នៅ​ក្នុង​ភូមិ​អាន​សេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​រារាំង​ដល់​ការ​ចូល​ទៅ​កាន់​ច្រក​ព្រំដែន​អន្តរ​ជាតិ​អាន​សេះ។

សម្រាប់កម្ពុជា សកម្មភាពនេះ ជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើ​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី របស់​កម្ពុជា អាច​នឹង​ធ្វើ​ឱ្យមា​ន​ការ​ផ្លាស់​ប្តូរ​បរិយាកាស​សន្តិសុខ​នៅ​ក្នុង និង​ជុំវិញ​តំបន់​ស៊ីវិល ពង្រឹង​ការ​ គ្រប់​គ្រង​ដោយ​យោធា ឬ​បង្កើត​ស្ថាន​ភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់​ស្តែង ដែលធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ ប្រែង​កាត់​បន្ថយ​​ភាព​តាន​តឹង និង​រារាំង​ដល់កា​រ​វិល​ត្រឡប់​ដោយ​សុវត្ថិ​ភាព និង​ថ្លៃថ្នូរ​របស់​ប្រជា​ជន​ស៊ីវិល​ទៅ​កាន់​ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​វិញ។

កម្ពុជាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់នេះ ដែល​ជាកា​រ​ពង្រឹង​ការ​កាន់​កាប់​លើ​ទឹក​ដី​កម្ពុជា​ដោយ​ប្រទេស​ថៃ។ ហើយ​ថា សកម្ម​ភាព​នេះ ផ្ទុយ​នឹង​វិធាន​ការ​កាត់​បន្ថយ​ភាព​តាន​តឹង ដែល​មាន​ចែង ក្នុង​ចំណុច​ទី១ នៃ​សេចក្តី​ប្រ​កាស​រួម នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​៣ រប​ស់គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​ ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ព្រម​ទាំង​បំពាន​ទៅ​នឹង​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ធម្មនុញ្ញ​អាស៊ាន។

លើសពីនេះ លិខិតដាច់ដោឡែកមួយទៀត ចុះថ្ងៃទី៤ខែ​កុម្ភៈ​ដូច​គ្នា កម្ពុជាតវ៉ាជំទាស់​នឹង​ទស្សន​កិច្ច​ត្រួត​ពិនិត្យ​ទីតាំង​ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​អនុ​ព័​ន្ធយោ​ធា​បរទេស​មួយ​ក្រុម និង​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ដឹក​នាំដោយ​ប្រធាន​​ចារកម្ម​កង​ទ័ពថៃ​ នៅ​សណ្ឋាគា​រ​ពីរ​កន្លែង ស្ថិត​នៅ​ក្នុង​ស្រុក​អូរស្មាច់ ខេត្ត​ឧត្តរ​មាន​ជ័យ នៃប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដោយ​គ្មាន​ការ​យល់​ព្រម​ពីរា​ជ​រដ្ឋាភិបាល​កម្ពុជា ជា​ការ​រំលោភ​លើ​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា។

កម្ពុជា គូសបញ្ជាក់ថា សណ្ឋាគារ និង​ទីតាំង ដែលត្រូវបាន​ធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិត​​នៅចម្ងាយ ​៣៩៧​ម៉ែត្រ​ ពី​ច្រក​អន្តរ​ជាតិ​អូរ​ស្មាច់ ដែល​ស្ថិត​នៅ​ក្បែរ​បង្គោល​ព្រំដែន​លេខ​១៥។ តំបន់​នេះ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ប្រើ​កម្លាំង និង​កាន់​កាប់​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​លុក​របស់​ពួក​គេ​មក​​លើ​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី៧-២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

កម្ពុជា បដិសេធ និង​ជំទាស់យ៉ាងដាច់អហង្ការ​ចំពោះប្រតិបត្តិការ ដែល​ធ្វើឡើងដោយកង​កម្លាំង​យោធា​ថៃ​ រួម​ទាំង​​ការ​អនុវ​ត្តអ​ធិប​តេយ្យ​របស់​ថៃដោ​យ​ខុស​ច្បាប់ តាម​រយៈ​ការ​រៀប​ចំ​ទស្សន​កិច្ច​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ដែល​ជា​ការ​រំលោភ​លើ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ធម្មនុញ្ញ​អាស៊ាន និង​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឱ្យ​ស្រប​ច្បាប់​នូវ​ការ​កាន់​កាប់​របស់​ខ្លួន​លើ​ទឹក​ដី​អធិបតេយ្យ​របស់​កម្ពុជា។

ជាការកត់សម្គាល់ ក្រោយថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាចំនួន២១ថ្ងៃ រហូតមាន​បទឈប់​បាញ់​ចុះ​ថ្ងៃ​ទី២៧ ខែ​​​ធ្នូ ឆ្នាំ​២០២៥ អ្នក​តាម​ដាន​ថា ថៃ​បាន​ដណ្តើម​គ្រប់​គ្រង​ដី​ខ្មែរ​ចំនួន​៤១​ទីតាំង នៅ​ក្នុ​ង​ខេត្ត​ចំនួន​៤ជាប់​ព្រំដែ​​ន មាន​ខេត្ត​​ពោធិ៍​​សាត់ ​បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​ព្រះវិហារ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ឱ្យ​ដឹ​ងតែ​១​៤​ទីតាំង និង​តំបន់​ប៉ុណ្ណោះ ដែល​ថា ថៃ​បាន​ដណ្តើម​គ្រង់​គ្រង​រហូត​បច្ចុប្បន្ន ដែល​ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ បាត់​បង់​ផ្ទះ​សម្បែង មុខ​របរ​ បន្ត​ស្នាក់​នៅ​ជំរំ​ជនភៀ​សសឹ​ក​រហូត​បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ