អ្នកឃ្លាំមើល បន្តរិះគន់វិធានរបស់រដ្ឋាភិបាលក្នុងការចាប់ខ្លួនប្រជាពលរដ្ឋ ដែលបញ្ចេញមតិពីបញ្ហាជម្លោះព្រំដែន និងបញ្ហាសង្គម ថាជាការរំលោភសិទ្ធិបញ្ចេញមតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងជាការបិទបាំងពីភាពកម្សោយ និងអសមត្ថភាពរបស់ខ្លួន ដែលមិនអាចការពារទឹកដីកម្ពុជា ពីការឈ្លានពានរបស់ប្រទេសថៃបាន។
ការរិះគន់នេះ បានធ្វើឡើងបន្ទាប់ពីមានករណីចាប់ខ្លួនគ្រូបង្រៀនសាលាឯកជនម្នាក់ ឈ្មោះ នូ ភារម្យ អាយុ ៤៧ឆ្នាំ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្ទះរបស់លោកក្នុងខេត្តកណ្តាល បន្ទាប់ពីគ្រូបង្រៀនរូបនោះ បានបង្ហោះវីដេអូនៅទំព័រហ្វេសប៊ុករបស់លោក បញ្ចេញមតិជុំវិញករណីនៃជម្លោះព្រំដែនកម្ពុជា-ថៃ ។ នេះបើតាមអត្ថបទខ្លីរបស់អង្គការសិទ្ធិមនុស្សលីកាដូ ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ។
លីកាដូ បន្តថា បន្ទាប់ពីការចាប់ខ្លួន និងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលរួចមក សមត្ថកិច្ចបានបញ្ជូនខ្លួន លោក នូ ភារម្យ ទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីសាកសួរបន្ត ហើយនៅថ្ងៃទី០៤ ខែកុម្ភៈ លោក ភារម្យ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។
បើតាមលីកាដូ លោក ភារម្យ អាចប្រឈមនឹងជាប់ទោសពន្ធនាគាររហូតដល់ ២ ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានលើកឡើងនៅថ្ងៃទី០៥ខែកុម្ភៈនេះថា ការចាប់ខ្លួនលោក នូ ភារម្យ ក៏ដូចជាពលរដ្ឋនិងសកម្មជនជាច្រើននាក់ ជាបន្តបន្ទាប់មកនេះ ជាការរំលោភសិទ្ធិសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងជាការបំបិទមាត់ប្រជាពលរដ្ឋណា ដែលហ៊ាននិយាយរិះគន់ពីភាពកម្សោយរបស់រដ្ឋាភិបាល ដែលមិនអាចការពារទឹកដីពីការឈ្លានពានរបស់ប្រទេសថៃបាន។
លោកថា៖ «ជាការបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ មិនឱ្យសម្តែងមតិស្របទៅតាមរដ្ឋធម្មនុញ្ញ ហើយក៏ជាការបិទបាំងទង្វើឈ្លានពានរបស់យោធាថៃ ហើយក៏ជាការបិទបាំងនូវកម្សោយ ឬអសមត្ថភាពរបស់មេដឹកនាំប្រទេស ដែលមិនអាចការពារទឹកដីខ្មែរបាន ហើយមិនអាចទាមទារទឹកដីខ្មែរដែលបាត់បង់ទៅខាងភាគីថៃ តាមរយៈការធ្វើសង្គ្រាមកន្លងមក។ នៅពេលដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មានចំណាត់ការបែបនេះ វាបង្កឱ្យមានផលប៉ះពាល់ទៅដល់សង្គមជាតិផងដែរ ធ្វើឱ្យសង្គមហ្នឹងមានរឿងអយុត្តិធម៌មិនអាចដោះស្រាយបាន ហើយបើនិយាយពីបញ្ហាទឹកដីហ្នឹង វាធ្វើឱ្យលោក ហ៊ុន ម៉ាណែត ហ្នឹងជិះសេះលែងដៃ អាចនឹងកាត់ទឹកដីហ្នឹងទៅឱ្យថៃ ដើម្បីដូរយកសន្តិភាព និងអំណាចទៅ អ្នកណាដែលនិយាយរិះគន់រឿងបញ្ហាទឹកដីហ្នឹង អាចត្រូវគេចាប់ដាក់ពន្ធនាគារ ឬក៏ធ្វើទុក្ខបុកម្នេញចឹងទៅ អាហ្នឹងក៏វាប៉ះពាល់ដល់ការការពារទឹកដីផងដែរ នៅពេលដែលអត់មានប្រជាពលរដ្ឋណារិះគន់ពីបញ្ហាដែលបាត់បង់ទឹកដី»។
លោក សំអាន យល់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែទាមទារទឹកដីកម្ពុជាទាំង ៤១ទីតាំងពីថៃមកវិញ តាមរយៈការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីធ្វើម៉េចដោះស្រាយបញ្ហាព្រំដែនឱ្យចប់សព្វគ្រប់ ជាជាងចាប់ខ្លួនពលរដ្ឋខ្មែរគ្នាឯងដាក់ពន្ធនាគារ ព្រោះតែការសម្តែងមតិរបស់ពួកគាត់នោះ។
លោក សួន សូរីដា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀត យល់ឃើញស្រដៀងគ្នាដែរថា ជារឿងមិនល្អសោះឡើយ ដែលរដ្ឋាភិបាលទៅចាប់ប្រជាពលរដ្ឋខ្មែរគ្នាឯង ព្រោះតែការបញ្ចេញមតិរឿងសង្គម ឬការបញ្ចេញពីការឈឺចាប់នឹងការឈ្លានពានទឹកដីពីដំណាក់ប្រទេសថៃមកលើកម្ពុជានេះ។ លោកចាត់ទុកការបន្តចាប់ចងប្រជាពលរដ្ឋ ការបន្តបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ពីសំណាក់រដ្ឋាភិបាលនេះ ជាការបំបាក់ស្មារតីមនសិកាស្នេហាជាតិ និងមនសិការជាតិនិយមរបស់ប្រជាពលរដ្ឋ។
ក្នុងកាលៈទេសៈដែលប្រជាជាតិខ្មែរទាំងមូល មានក្តីឈឺចាប់នឹងការឈ្លានពានរបស់ថៃនេះ លោក សូរីដា យល់ថា រដ្ឋាភិបាលគួរតែបន្ធូរបន្ថយ និងបញ្ឈប់នូវវប្បធម៌គំរាមកំហែងខ្មែរគ្នាឯង ដើម្បីឱ្យស្របទៅនឹងសម្តីរបស់ប្រមុខរដ្ឋាភិបាល ដែលអំពាវនាវឱ្យខ្មែររួបរួមសាមគ្គីគ្នា ផ្សះផ្សាជាតិ និងឯកភាពជាតិ។
លោកថា៖ «រដ្ឋាភិបាលគួរតែបន្ធូរបន្ថយ ឬក៏មិនត្រូវមានការចាប់ចង ទៅលើពលរដ្ឋណាដែលបញ្ចេញមតិទៅលើបញ្ហាព្រំដែនទេ ពីព្រោះវានឹងបង្កើតឱ្យមានការបែកបាក់ជាតិកាន់តែខ្លាំង ដែលផ្ទុយពីប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលដែលថា ចង់ឱ្យប្រជាជាតិនៃកម្ពុជា មានការឯកភាពជាតិ មានការផ្សះផ្សាជាតិ ចឹងប្រសិនបើរដ្ឋាភិបាលនៅតែបន្តចាប់ នោះមានន័យថា គោលបំណង ឬស្មារតីឆន្ទៈដែលរដ្ឋាភិបាលចង់បានការផ្សះផ្សា ឬក៏ឯកភាពជាតិ គឺជាការដើរផ្ទុយនឹងពាក្យសម្តីដែលខ្លួនបាននិយាយ[…] សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា បញ្ឈប់ទៅនូវវប្បធម៌គំរាមកំហែង ចាប់ចងប្រជាពលរដ្ឋដែលមានការរិះគន់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល គួរតែបើកសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយនៃគណបក្សប្រឆាំងទៅ»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ថា រដ្ឋាភិបាលកម្ពុជា គួរតែបើកលំហរសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ពីព្រោះវាចំណុចសំខាន់ និងជាការបណ្តុះគំនិតឱ្យមានជាតិនិយមក្នុងស្រទាប់ប្រជាជនកម្ពុជា។ បើសិនជាមានការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ឬការសម្តែងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងបញ្ហាព្រំដែន លោកគិតថា រដ្ឋាភិបាលកម្ពុជា ហាក់ដូចជាចាញ់ប្រៀបភាគីថៃទៅវិញទេ។
លោកនិយាយថា៖ «ពីព្រោះយើងដឹងហើយថា សង្គ្រាមរវាងកម្ពុជា-ថៃ វាមិនមែនគ្រាន់តែជាការផ្ទុះអាវុធតែប៉ុណ្ណោះទេ ប៉ុន្តែយើងឃើញថា សង្គ្រាមពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតពីភាគីថៃ ដែលរំលោភបំពានលើកម្ពុជាហ្នឹង ក៏ជាចំណុចមួយដែលកម្ពុជាត្រូវតែ Challenge កម្ពុជាត្រូវតែស៊ូ ត្រូវតែប្រយុទ្ធប្រឆាំងជាមួយដែរ ចឹងនៅពេលដែលបើកលំហរព័ត៌មានពីបញ្ហាព្រំដែនជម្លោះកម្ពុជា-ថៃ ខ្ញុំគិតថា វាជាចំណុចខ្លាំងរបស់កម្ពុជាមួយដែរ បើមិនដូច្នេះទេ កម្ពុជាហាក់បីដូចជាចាញ់ប្រៀបពាក់ព័ន្ធទៅនឹងបញ្ហាការបើកលំហរជើងមេឃនៃការផ្សាយ ពាក់ព័ន្ធទៅនឹងការរំលោភបំពានភាគីថៃមកលើកម្ពុជា»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា មុនមានការចាប់ខ្លួនគ្រូបង្រៀន លោក នូ ភារម្យ នេះ ក៏មានសកម្មជននយោបាយ និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនទៀត ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ផងដែរ ក្នុងរយៈពេលចុងក្រោយនេះ ក្នុងនោះមាន លោក រ័ត្ន សុធី ជំទប់ទី២ឃុំអន្លង់វិល និងជាប្រធានប្រតិបត្តិស្រុកនៃគណបក្សភ្លើងទៀនស្រុកសង្កែ លោក ហុក រ៉េន អាយុ ៥០ឆ្នាំ ជាជនពិការជើងម្ខាង អ្នកស្រីមុយ យូឡេង អាយុ ៥២ឆ្នាំជាដើម។ ពួកគេទាំងនេះ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបទធ្វើឱ្យខូចទឹកចិត្តកងទ័ព ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គម។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ។
មាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចែងថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈនិងដល់សន្តិសុខជាតិឡើយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការបន្តចាប់ខ្លួនប្រជាពលរដ្ឋដែលបញ្ចេញមតិពីបញ្ហាសង្គម ឬបញ្ហាព្រំដែននេះ នឹងបន្តឱ្យមានការរិះគន់កាន់តែខ្លាំងឡើងទៅលើរដ្ឋាភិបាលកម្ពុជា អំពីការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ។
លោកថា៖ «បើសិនពលរដ្ឋលោកមានការបារម្ភ មានការភិតភ័យ ហើយមិនហ៊ាននៅក្នុងការបញ្ចេញមតិដើម្បីរិះគន់ក្នុងន័យស្ថាបនា ឬក៏រិះគន់ភាពអសកម្មរបស់មន្ត្រី ឬក៏បញ្ចេញមតិដើម្បីចូលរួមផ្តល់យោបល់ ដើម្បីអភិវឌ្ឍន៍នៅក្នុងសង្គមជាតិ អាហ្នឹងវាប៉ះពាល់ដល់សង្គម ព្រោះសង្គមប្រជាធិបតេយ្យត្រូវការចូលរួមអំពីប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគឺជាម្ចាស់ប្រទេស ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត អីចឹងមតិយោបល់របស់ប្រជាពលរដ្ឋក៏ជារឿងសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិយើង»។
ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះ លោក អំ សំអាត យល់ថា រដ្ឋាភិបាលគួរតែបង្កើនការចែករំលែក និងផ្តល់ព័ត៌មានបន្ថែមទៀតដល់សាធារណជន ដូចដែលធ្លាប់ធ្វើកន្លងមក និងបង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅជំរំភៀសសឹក ព្រមទាំងជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ឱ្យមានការសាមគ្គីជាតិ រួបរួមជាតិ ជាជាងការចាប់ខ្លួនពលរដ្ឋដែលសម្តែងមតិរឿងសង្គម ឬរឿងព្រំដែននេះ។
បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ គិតមកដល់ពេលនេះ មានអ្នកនយោបាយ សកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសង្គម និងពលរដ្ឋ ចំនួន ៩៥នាក់ហើយ ដែលត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំ ក្រោមការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដោយសារតែភាពសកម្មនិយម ឬការបញ្ចេញមតិពីបញ្ហាសង្គម និងបញ្ហាព្រំដែននេះ។
បញ្ហានេះ លីកាដូ និងអង្គការសង្គមស៊ីវិលមួយចំនួន ក៏ធ្លាប់បានអំពាវនាវឱ្យមានការដោះលែងអ្នកទាំងនោះជាបន្ទាន់ និងទម្លាក់ចោលបទចោទប្រកាន់ ក៏ដូចជាអនុញ្ញាតឱ្យពួកគេបន្តភាពសកម្មនិយម ដើម្បីឱ្យកម្ពុជាកាន់តែប្រសើរឡើង៕









