បក្សកម្លាំងជាតិរកព្រះមហាក្សត្រ​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិ​បាល​ប្រើ​ច្បាប់​អន្តរ​ជាតិ​ទាម​ទារ​ដី​ខ្មែរ​ពី​ថៃ​ឈ្លាន​ពាន

គណបក្ស​កម្លាំង​ជាតិ ដែល​ជា​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ បាន​រក​កិច្ច​អន្តរា​គមន៍​ពី​មហា​ក្សត្រ ក្រោម​ហេតុ​ផល​ថា ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​បើក​ផ្លូវ​ឱ្យ​មាន​ការ​ផ្សះ​ផ្សា​ជាតិ រួម​ទាំង​ត្រូវ​ប្រើ​ច្បាប់​អន្តរ​ជាតិ​ប្រឆាំង​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​​ថៃ ខណៈ​បក្ស​កាន់​អំណាច​ធ្វើ​ឱ្យ​របូត​ដី​​ខ្មែរ​ជាង​៤០​កន្លែង​ទៅ​ថៃ ក្រោយ​ថៃ​បើក​ការ​ឈ្លាន​ពាន​ត្រឹម​២១​ថ្ងៃ។

គណបក្សកម្លាំងជាតិ​ និយាយ​ក្នុងលិខិតចំហមួយ កាល​ពីថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ក្នុង​អំឡុង​ពេល​ដែល​យោធា​ថៃ​បើក​ការ​វាយ​ប្រហារ​ មក​លើអ​ធិប​តេយ្យ​ភាព​បូរណ​ភាព​ទឹក​ដី​កម្ពុជា​ទាំង​ពីរ​លើក​នេះ ជា​លក្ខណៈ​សង្គ្រាម​ឈ្លាន​ពាន​ទាំង​គំរោល មិ​ន​គោរព​គោល​ការ​ណ៍​ច្បាប់អ​ន្តរ​ជាតិ​សោះ​ឡើយ។

បើតាមប្រភពនោះ ការបង្កសង្គ្រាមដ៏មហន្តរាយយ៉ាងធ្ងន់ធ្ងររបស់ថៃនេះ ធ្វើឱ្យប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ស៊ីវិល​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​រាប់​សែន​នាក់ ពី​សំណាក់​កង​កម្លាំង​យោធា​ថៃ ដែល​បាន​បង្ក​ឈ្លាន​ពាន​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​យ៉ាង​អមនុស្ស​ធម៌ ដោយ​មិន​អាច​ប្រកែក​បាន។

ការឈ្លានពានរបស់យោធាថៃ បានបើកការវាយប្រហារមិន​រើស​មុខ ដូច​ជា បាញ់​ផ្លោង​ដោយ​សព្វា​វុធ​ធន់​ធ្ងន់​គ្រប់​ប្រភេទ និង​ប្រើ​ប្រាស់​យន្ត​ហោះ F-16 ទម្លាក់​គ្រាប់​បែក​ធ្វើ​ឱ្យ​ខូច​ខាត​ផ្លូវ​ថ្នល់ ស្ពាន សាលា​រៀន មណ្ឌល​សុខភាព អាគារ​​ប៉ុស្តិ៍​នគរបាល អាគារ​ទីស្នាក់​ការ​គយ រដ្ឋាករ​កម្ពុជា ប្រាសាទបុ​រាណ​ខ្មែរ ផ្ទះ​សម្បែង​របស់​ប្រជាព​លរដ្ឋ​ស៊ីវិល​រាប់​រយ​​ខ្នង ជន​ស៊ីវិល​បាន​ស្លាប់​បាត់​បង់​ជីវិត ចំនួន ៣១​នាក់ និង​រង​របួស​ជាង​ចំនួន​ ៩០​នាក់។

ការណ៍នេះ បក្សកម្លាំងជាតិ យល់ថា ប្រទេសកម្ពុជាមានជម្រើសតែមួយ​គត់ គឺ​ប្រើប្រាស់​យន្តកា​រ​ច្បាប់​អន្តរ​ជាតិ ដែល​​អាច​ការ​ពារ​នូវ​អធិប​តេយ្យ​ភាព បូរណ​ភាព​ទឹក​ដី​កម្ពុជា​ពី​ការ​ឈ្លាន​ពាន និង​បណ្តេញ​យោធា​ថៃ ឱ្យ​ចេញ​ពី​ទឹក​ដី​កម្ពុជា​ទៅ​វិញ​បាន។

គណបក្សកម្លាំងជាតិ និយាយថា៖ «ក្នុងនាមគណបក្សកម្លាំងជាតិ ទូល​ព្រះបង្គំ​ខ្ញុំ​ព្រះ​ករុណា សូម​ព្រះ​បរមរាជា​នុ​ញ្ញាត​​ទូល​ថ្វាយ​ស្នើ​សុំ​ព្រះ​រាជ​អន្តរា​គមន៍​ដល់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ឱ្យ​ប្រើ​ប្រាស់​យន្ត​ការ​ច្បាប់​អន្តរ​ជាតិ​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ថៃ​លើ​ទឹក​ដី​កម្ពុជា និង​ដោះ​លែង​អ្នក​នយោ​បាយ សកម្ម​ជន​នយោ​បាយ​សកម្ម​ជន​សង្គម ក្រុម​យុវជន​​មាតា​ធម្មជាតិ សកម្ម​ជន​ដីធ្លី សកម្ម​ជន​២៣​តុលា និង​អ្នក​ជាប់​ឃុំ​មនសិការទាំង​អស់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ជាកា​រប​ង្ហាញ​ថា ខ្មែ​ររួប​រួម ខ្មែរ​ខ្លាំង សាមគ្គី​ជាធ្លុ​ង​មួយ តាម​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​គ្រប់​និន្នាការ​នយោបាយ»។

បន្ថែមលើនេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់VODនៅថ្ងៃ​ទី៥ ខែ​កុម្ភៈ​នេះ​ថា លោក​សង្ឃឹម​ថា ព្រះ​មហាក្សត្រនៃ​យើ​ង នឹង​ព្រះរា​ជទា​ន​ទទួល​លិខិត​នេះ ដើម្បី​ប្រាប់​ទៅ​រដ្ឋាភិ​បាល​ឱ្យ​ប្រើ​យន្ត​ការ​ច្បាប់​អន្តរ​ជាតិ ទាម​ទារ​នឹង​ការ​ពារ​ទឹក​ដី​ខ្មែរ ពី​សត្រូវ​ថៃ​ឈ្លាន​ពាន។

លោកសង្កត់ធ្ងន់ថា ទង្វើយ៉ាងគឃ្លើន និងអមនុស្សធម៌របស់យោធាថៃនេះ ធ្វើឱ្យ​ពលរដ្ឋ​និង​គណបក្ស​នយោ​បាយ​ខ្មែរ​មិន​អាច​ឈរ​ឱប​ដៃ​មើល​ទេ ព្រោះជា​កា​រ​ឈឺចាប់ និង​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ជា​ខ្លាំង។

លោកថា៖ «ចឹងហើយបានជាទូលថ្វាយព្រះអង្គសុំឲ្យព្រះ​អង្គ​ ជួយ​អន្តរា​គមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ប្រើ​ប្រាស់​យ​​ន្តការ​ច្បាប់​អន្តរ​ជាតិ ជាពិសេស​ប្ដឹង​ទៅ​តុលាការ ICJ ICC និង​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​២៣​តុលា​១៩៩១ នឹង​លើស​ពី​ហ្នឹង ក៏​ដើម្បី​ស្ដារ​នូវ​មុខ​មាត់​កម្ពុជា ដែល​យើង​គិត​ថា​ស្ដារ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តេយ្យ ភ្ជាប់​ទៅ​នឹ​ង​​ការ​​ស្នើ​សុំឲ្យ​មា​នកា​រ​ដោះ​លែង​អ្នក​នយោបាយ​ជា​ដើម»។

សម្រាប់ លោក រ៉ុង ឈុន នៅ​តែអះអា​ងថា​ មាន​តែ​យន្តការ​ច្បាប់អ​ន្តរជា​តិ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស ២៣​តុលា និងតុ​លាការ​អន្តរ​ជាតិ​ទេ ទើប​អាច​ជួយ​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ជម្លោះ​ព្រំដែន។

ការណ៍នេះ លោក​ទទូច និង​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​យល់​បញ្ហា​នេះ ត្រូវ​ពន្លឿន​ប្រើយ​ន្ត​ការ​ច្បាប់​អន្តរ​ជាតិ​ដែល​ពាក់​ព័ន្ធ​ទាំង​អស់ ដាក់​ពាក្យ​ប្តឹង​ថៃ ដើម្បី​ការ​ពារ និង​ទាមទា​រ​ទឹក​ដី​ខ្មែ​រត្រឡប់​មក​វិញ។

លោកថា៖ «ក្នុងនាមគណបក្សកម្លាំងជាតិ យើង​ចង់​ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា ទី១​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​​អន្តរ​ជាតិ ហើយ​ក៏​ស្នើ​ឱ្យ​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ កោះប្រ​ជុំប​ន្ទាន់​ទាក់​ទង​ទៅ​នឹង​ករណី​សៀម​ឈ្លាន​ពាន ទី​២​ចង់​ឲ្យរា​ជ​រដ្ឋាភិបាល​ត្រូវ​តែ​ស្ដារ​ឡើង​វិញ ការ​ស្តារ​ឡើង​វិញ នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តេយ្យ ហើយ​ដោះលែ​ង​ដោះលែ​ង​អ្នក​ដែល​អ្នក​នយោបា​យ​ ដែល​កំពុង​ជាប់​ឃុំ​មនសិការ​ទាំង​សកម្ម​ជន​ដីធ្លី​អី​ទាំង​​អស់​​ហ្នឹង ឲ្យ​គាត់​មាន​សេរីភាព​ឡើង​វិញ ហើយ​បើក​លំហ​សេរី​ភាព​សារ​ព័ត៌​មាន លំហ​សេរី​ភាព​បញ្ចេញ​មតិ លំហ​សេរីភាព​នយោ​បាយ»។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែ​កុម្ភៈ​នេះ បាន​បញ្ចេញ​លិខិត​មួយ​ច្បាប់​ឆ្លើយ​​តប​ទៅ​នឹង​ប្រធានាធិបតី​បារាំង ដែលធ្លាប់បង្ហាញ​ជំហរជួយផ្តល់​ឯកសារ​ផែនទី ពាក់ព័ន្ធនឹង​បន្ទាប់​ព្រំដែន​កម្ពុជា ថៃ ដែល​ទទួល​ស្គាល់​ឱ្យ​អន្តរជាតិ។

លោក ហ៊ុន ម៉ាណែត បាននិយាយថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់​បារាំង ក្នុង​នាម​បារាំង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។

លើសពីនេះ លោកស្នើសុំឱ្យប្រទេស​បារាំង «ពិចារណា​ផ្តល់​ការ​គាំទ្រ និង​បច្ចេក​ទេស​ពាក់​ព័​ន្ធ​នឹង​ព្រំដែន​អន្តរ​ជាតិ​រវាង​កម្ពុជា និង​ថៃ ដែល​ជា​មរតក​នៃ​សម័យ​អាណា​ព្យាបាល»។ ប៉ុន្តែ​មេដឹក​នាំ​រូប​នេះ មិន​បាន​បញ្ជាក់​ពី​ជំហរ​ប្តឹង​ថៃ​នៅពេ​ល​ណាពិ​ត​ប្រាកដ​ទេ ខណៈ​ថៃ​កំពុង​សម្រុក​​​ធ្វើហេ​ដ្ឋា​រចនា​សម្ព័ន្ធ​លើ​ដីខ្មែរ​ដែល​ថៃ​គ្រប់​គ្រង ព្រម​ទាំង​រូប​ភាព​វីដេអូ​ជាច្រើន​ត្រូវ​បាន​គេទ​ម្លាយ​ថា កង​ទ័ព​ថៃ​ជួរ​មុខ​កំពុង​ ព្យាយាម​រុល​ចូល​ដើម្បី​គ្រប់​ដី​ខ្មែរ​បន្ថែម​ទៀត​ក្តី។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត គាំទ្រចំ​ពោះ​លិខិត​ផ្លូវ​ការ​របស់​គណបក្ស​កម្លាំង​ជាតិ ដែល​ស្នើ​សុំ​ព្រះ​មហា​ក្សត្រ ជួយ​ព្រះរា​ជ​អន្តរា​គមន៍ រឿង​ថៃ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​នេះ។

សម្រាប់លោក ម៉ែន ណាត ក៏សង្ឃឹមថា ព្រះមហាក្សត្រខ្មែរ នឹង​កោះហៅ​រ​ដ្ឋាភិ​បាល មក​សួរ​នាំ​រឿង​ការ​បាត់​បង់​ទឹក​ដី​នេះ ដើម្បី​រួម​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ ការ​ពារ​ និង​ទាម​ទារ​ទឹក​ដី​ខ្មែរ​ត្រឡប់​មក​វិញ។

លោកថា៖ «និយាយដោយខ្លី គឺជាលិខិតល្អមានទម្ងន់ហើយ​សរសេរ​ត្រូវ​គោល​ដៅ​ ទាំង​ផ្ញើ​ទៅ​ព្រះ​មហា​ក្សត្រទាំ​ង​ផ្ញើ​ទៅ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ដូច្នេះ​លិខិត​ទាំង​ពីរ​ហ្នឹង គឺ​ជា​លិខិត​បែប​អន្តរា​គមន៍​ទេ ជំរុ​ញ​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិ​បាល​ ទោះ​បី​លិខិត​ទៅ​ព្រះ​មហា​ក្សត្រ​ក៏​ទៅ​ជំរុញ​​រដ្ឋាភិ​បាល​ដូច​គ្នា អ៊ីចឹង​ក្នុង​គោល​ដៅ​តែមួយ គឺ​ជំរុ​ញ​ឲ្យរ​ដ្ឋាភិបាល​ធ្វើ​ការ​ងា​រ​ឲ្យស​កម្ម​ឡើង ទាំង​ផ្នែក​ការ​ទូត ទាំង​ផ្នែក​រៀប​ចំ​ឯកសា​រ​ប្ដឹង ប្ដឹង​ថៃ​ទៅតុ​លាការ​អន្តរ​ជាតិ ឲ្យ​យើង​ចូល​រួម​អបអរ​សាទរ​អី ក្រៅ​ពី​ហ្នឹង​ ក៏​យើង​អំពាវ​នាវ​ដែរ​ ឲ្យ​គ្រប់​ភាគី​ទាំង​អស់​នៃ​ទាំង NGO ទាំង​គណបក្ស​ក្រៅរ​ដ្ឋាភិ​បាល រួម​ទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ហ្នឹង រួម​គ្នា​ដើម្បី​ធ្វើ​លិខិត​ធ្វើ​ញត្តិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា»។

គូររំឮកថា កាលពីថ្ងៃទី​​០៤​ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ចំនួ​ន​​១៥ បា​ន​ធ្វើ​សន្និ​សីទ​​សារ​ព័ត៌​មា​ន​ ស្ដី​​ពី «ការ​​វាយ​​​តម្លៃ​​រហ័ស​រួមគ្នា​លើក​ទីពីរ ស្ដីពី ផល​ប៉ះ​ពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និង​សកម្ម​​ភាព​​រួម​គ្នា​បន្ទាប់»។

ក្នុងសន្និសីទនេះ តំណាង​ឱ្យ​បណ្តាញ​សង្គម​ស៊ីវិល​រាប់រយ​​អង្គការ​​នៅ​កម្ពុជា ​និង​អន្តរជាតិ បាន​ចុះ​ធ្វើ​ការ​ស្រាវ​​ជ្រាវ​​ដោយ​​​ផ្ទាល់ និង​បានសម្ភាសន៍​​​​ផ្ទាល់ និង​តាមអនឡាញ​ជាមួយ​ពលរដ្ឋ​រង​គ្រោះ​ ដោយសារ​សង្គ្រាម​​ឈ្លាន​ពាន​របស់​ថៃ អាជ្ញា​ធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន នាពេល​ថ្មីៗនេះ ​នៅ​​ខេត្ត​ចំនួន៦ នៃ​​​​តំបន់​ដែល​មាន​​ជម្លោះព្រំដែន​ ដូច​​ជា ខេត្ត​​ព្រះវិហារ ​ឧត្តរ​មានជ័យ បន្ទាយ​មានជ័យ ពោធិ៍សាត់​ បាត់​​​ដំបង និងកោះកុង។

ប្រភព និយាយថា សង្គ្រាម​ឈ្លាន​ពាន​របស់​កង​កម្លាំង​​​ថៃ​​​មក​លើ​ដែន​អធិប​តេយ្យ​​ភាព​​​កម្ពុជា រយៈ​ពេល​​២១​ថ្ងៃក​ន្លង​ទៅ​​នេះ បាន​ធ្វើ​​ឱ្យ​​ពលរដ្ឋ​​ស៊ីវិល​​ជួប​​បញ្ហា​​វិបត្តិ​ផ្លូវ​​ចិត្ត​ បញ្ហា​សុខភាព ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ផ្ទះ​សម្បែង ដីធ្លី ការ​អប់រំ និងខូចខាត​​ហេដ្ឋារចនាសម្ព័ន្ធ​​ជាច្រើន រួម​​ទាំង​ប្រាសាទខ្មែរ​​​ ដែលការណ៍​​​​នេះ ពួក​គេ​នឹ​ងចងក្រងនូវ​ឯកសារនិង​បណ្តឹង​​​ ដើម្បីដាក់​​​ទៅ​ស្ថាប័ន​​អន្តរជាតិ និង​​​​តុលាការ​ ICJ ដើម្បី​ទាម​ទារ​​ឱ្យ​មាន​​​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ។​

ជាមួយគ្នានេះ កាលពីថ្ងៃទី៤ ខែ​កុម្ភៈនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ​២៣តុលា​ ដឹកនាំដោយលោក សម រង្ស៊ី បានដាក់​​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ (ICC) ប្តឹងករណីយោធាថៃទម្លាក់គ្រាប់​បែក​លើ​ប្រជាពលរដ្ឋខ្មែរ និងប្រាសាទបុរាណខ្មែរ។

ប្រភពបន្តថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាប្តឹងថៃទៅ ICC អំពីយោធាថៃបានបាញ់គ្រាប់បែកចង្កោម​មកលើទឹកដីកម្ពុជា ការប្រើ​ប្រាស់​គ្រាប់បែកចង្កោមនេះ ជាការបំពានលើច្បាប់អន្តរជាតិ និងបំពាន​លើ​ការ​ហាម​ឃាត់​នៃអ​នុស​ញ្ញាស្តី​ពី​គ្រាប់​បែក​ចង្កោម​អន្តរ​ជាតិ​នៅ​ទី​ក្រុង​អូស្លូ និង​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ក៏កំពុងធ្វើការជាមួយមេធាវី​អន្តរ​ជាតិ​ក្នុង​រៀប​ចំ​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ដើម្បី​ប្តឹង​ថៃ​ទាម​ទារ​យក​ទឹក​ដី​កម្ពុជា​ចំនួន ៤៥​ទីតាំង​រួម​ទាំង​២/៣​នៃ​កោះគុត និង​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ទំហំ ២៦០០០​គីឡូ​ម៉ែត្រ​ការ៉េ​មក​វិញ​ផង​ដែរ។

បើតាមក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មាន​ពលរដ្ឋ​ភៀស​សឹក​ជាង ៦ពាន់​នាក់(៦ ២២១នាក់​)​បន្ថែម​​ទៀត បាន​បន្ត​វិល​ត្រឡប់​ទៅ​លំនៅ​​ឋាន​វិញ។ ក្នុង​ចំណោម​ពលរដ្ឋភៀស​សឹក​សរុបជាង​ ៦សែន​៤ម៉ឺននាក់ មាន​​ជាង ​៥សែន​៥ម៉ឺន​នាក់ ឬ​ជិត​៨៥% បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​​ហើយ ខណៈ​មាន​ពលរដ្ឋ​ភៀស​សឹក​ចំនួន​ជាង ៩ម៉ឺន​នាក់​ (៩៧ ៨៧៨នាក់​)​ទៀត កំពុង​បន្ត​ស្នាក់​នៅ​តាម​ជំរំ​នានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ