ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់គ្មាន​អគ្គិសនី​ប្រើ​ក្នុង​ស្ថាន​ភាព​ដ៏​ត្រជាក់​ដោយ​ការ​វាយ​ប្រហារ​ថ្មី​ពី​រុស្ស៊ី

ប្រធានាធិបតី​អ៊ុយ​ក្រែន លោក Volodymyr Zelensky បាន​មាន​ប្រសាសន៍​ថា ក្រុម​ការ​ងារ​ជួស​ជុល​ជាង​ ២០០​ក្រុម កំពុង​ធ្វើកា​រ​ដើម្បី​​ស្ដារ​ប្រព័ន្ធ​អគ្គិសនី​ឡើង​វិញ​ក្នុង​ទីក្រុង​គៀវ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​រុស្ស៊ី ដែល​បាន​កំណត់​គោល​ដៅ​លើ​វិស័យ​ថាមពល​របស់​ប្រទេស​នេះ។

លោក Zelensky បានបន្តថា អគារស្នាក់នៅជាង ១ ១០០ ខ្នង​ នៅ​ក្នុ​ងរ​ដ្ឋ​ធានី នៅ​តែ​មិន​ទាន់​មាន​អគ្គិស​នី​ប្រើ​ប្រាស់​​នៅ​ឡើយ​ទេ ហើយ​លោក​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​នានា អំពី​ការ​គាំទ្រ​ដល់​សហគមន៍​នៅ​ក្នុង​តំប​ន់​រង​គ្រោះ​ផ្សេង​ទៀត​នៃ​ប្រទេស។

ថ្មីៗនេះ រុស្ស៊ីបានចាប់ផ្ដើមធ្វើការវាយប្រហារជាថ្មីឡើងវិញ បន្ទាប់​ពី​ការ​ផ្អាក​រយៈ​ពេល​មួយ​សប្តាហ៍​ដែល​ប្រធានា​ធិប​តី​​អាមេរិក លោក Donald Trump បាន​ស្នើ​សុំ​ឱ្យ​លោក Vladimir Putin អនុ​វត្ត ខណៈ​ដែល​ភាព​ត្រជាក់​ខ្លាំង​បាន​វាយ​លុក​ពាស​ពេញ​ប្រទេស​អ៊ុយ​ក្រែន។

ទន្ទឹមនឹងនេះ មន្ត្រីអាមេរិក អ៊ុយក្រែន និងរុស្ស៊ី កំពុងជួបប្រជុំគ្នាម្តងទៀត​នៅក្នុង​ទីក្រុង Abu Dhabi ដើម្បី​ពិភាក្សា​​អំពី​ព័ត៌​មាន​លម្អិត​នៃ​ផែន​ការ​សន្តិភាព។

«គិតត្រឹមថ្ងៃនេះ ស្ថានភាពដែលលំបាកបំផុត​គឺស្ថិតនៅក្នុងទីក្រុងគៀវ និង​តំបន់​ជុំវិញ, ខេត្ត Kharkiv និងតំបន់​ជុំវិញ, ខេត្ត Sumy និងខេត្ត Poltava» នេះ​ជា​​អ្វី​ដែល​លោក Zelensky បាន​សរ​សេរ​នៅ​លើ​បណ្តាញ​សង្គម​នា​ថ្ងៃ​ទី៤ខែ​កុម្ភៈ។

លោកថា៖ «វាក៏មានការលំបាកផងដែរនៅក្នុងផ្នែកផ្សេងទៀត​នៃភា​គក​ណ្តាល​អ៊ុយ​ក្រែន រួម​មាន ខេត្ត​ Dnipro និង​ខេត្ត Cherkasy »

លោកបានបន្ថែមថា ក្រុមការងារជួសជុលបន្ថែមទៀត នឹង​ត្រូវ​បញ្ជូន​មក​ជួយ​ស្ដារ​ថាមពល​អគ្គិសនី​ឡើង​វិញ «ដើម្បី​​ធានា​ឱ្យ​មាន​ការ​ប្តូរ​វេន​ត្រឹម​ត្រូវ​សម្រាប់​សមាជិក​ក្រុម​ការ​ងារ – ព្រោះ​ពួក​គាត់​មាន​ការ​នឿយ​ហត់​យ៉ាង​ខ្លាំង»។

អាជ្ញាធរបានបង្កើតមជ្ឈមណ្ឌលនានានៅជុំវិញទីក្រុង សម្រាប់ឱ្យប្រជាជនមកកំដៅខ្លួន។ ពួក​គេ​ក៏​កំពុង​នាំ​ចូល​ម៉ាស៊ីន​ភ្លើង​បន្ថែម​ទៀត ដើម្បី​ទប់​ទល់​នឹង​រយៈ​ពេល​ដាច់​ភ្លើង​យូរ ខណៈ​ដែល​វិស្វករ​ព្យាយាម​ជួស​ជុល​ការ​ខូច​ខាត។

នៅក្នុង​ទីក្រុង Kharkiv ភាគខាងកើត រោងចក្រអគ្គិសនីមួយកន្លែងត្រូវបាន​ខូចខាតយ៉ាង​ធ្ងន់​ធ្ងរ រហូត​មិន​អាច​ជួស​ជុល​បាន​ឡើយ។

រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន លោក Denys Shmyhal បានមានប្រសាសន៍ថា ប្រព័ន្ធ​ថាមពល​របស់​ប្រទេស​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ​ដើម្បី​ជួស​ជុល ក្នុង​នោះរួ​ម​មាន​រោងច​ក្រផ​លិត​កម្ដៅ និង​អគ្គិសនី​រួម​គ្នា (CHP) Darnytsia ក្នុង​ទីក្រុង​គៀវ ដែល​លោក Shmyhal បាន​បញ្ជាក់​ថា បាន​រង​«ការខូ​ច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ»។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានមានប្រសាសន៍ថា ការវាយប្រហាររបស់រុស្ស៊ី​លើ​វិស័យ​ថាម​ពល​របស់​​អ៊ុយ​ក្រែន​ កាល​ពី​យប់​ថ្ងៃ​ទី​២ខែ​កុម្ភៈ ខណៈដែ​ល​សីតុណ្ហ​ភាព​ធ្លាក់​ចុះ​ដល់ -20 អ​ង្សា​សេ គឺ​ជា​ទង្វើ «សាហាវ​យង់​ឃ្នង» និង «ថោក​ទាប​ជា​ទី​បំផុត»។

លោកបានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយ​ លោក Trump ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​រោង​ចក្រ​អគ្គិសនី និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ក្នុង​ទីក្រុង​គៀវ និង​កន្លែង​ផ្សេង​ទៀត។

លោក Trump បានប្រាប់អ្នកយកព័ត៌មានថា លោក Putin បាន «រក្សា​សម្តីរបស់​គាត់» ចំពោះកា​រ​ផ្អាក​វាយ​ប្រហារ​រយៈ​ពេល​មួយ​សប្តាហ៍។

នៅពេលត្រូវបានសួរថា តើលោកមានការខកចិត្តចំពោះការវាយប្រហារសារជាថ្មីរបស់​រុស្ស៊ីដែរ​ឬទេ​ លោក Trump បាន​ឆ្លើយ​ថា កិច្ច​ព្រម​ព្រៀង​នោះ «គឺ​នៅ​ថ្ងៃ​អាទិត្យ ហើយ​គាត់ [Putin] បាន​អនុវត្ត​ពី​ថ្ងៃអា​ទិត្យ​ ដល់​ថ្ងៃ​អាទិត្យ»។

លោកបន្តថា៖ «វាច្រើនណាស់ ដឹងទេ រយៈពេលមួយ​សប្តាហ៍ យើង​ទទួល​យក​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ ពីព្រោះ​នៅ​ទី​នោះ​ពិត​ជា​ត្រជាក់​ខ្លាំង​ណាស់»

ប្រធានាធិបតីអាមេរិករូបនេះ បាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បី​បញ្ចប់​សង្គ្រាម ប៉ុន្តែ​សម​ភាគី​រុស្ស៊ី​របស់​លោក បាន​បដិសេធ​ការ​អំពាវ​នាវ​ឱ្យមានការឈប់បាញ់។

កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងថា ខ្លួនត្រូវបានវាយប្រហារដោយដ្រូន​ជាង ១០០ គ្រឿង កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៤ខែ​កុម្ភៈ។ ខណៈពេ​ល​ដែល​ពួក​គេបា​ន​ស្ទាក់​ចាប់​បាន​ភាគ​ច្រើន ក៏​មាន​សេច​ក្តី​រាយ​ការណ៍​អំពី​ការ​វាយ​ប្រហារ​ដោយ​​ដ្រូន​ចំ​គោល​ដៅ​ចំនួន ១៤ កន្លែង រួម​ជាមួយ​ការ​ធ្លាក់​កម្ទេច​កំទី​ផង​ដែរ។ ការ​វាយ​ប្រហារ​នេះ បាន​បណ្តាល​ឱ្យម​នុស្ស​យ៉ាង​ហោច​ណាស់​៧នាក់​​ស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ