ក្រុមអ្នកឃ្លាំមើល សន្និដ្ឋានថា យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញរបស់រដ្ឋាភិបាល គ្មានប្រសិទ្ធភាពឡើយ ដរាបណាមេខ្លោងធំៗមានសេរីភាព និងទទួលបានការការពារដោយសម្ងាត់។ ពួកគាត់ជំរុញឲ្យមានការបោសសម្អាតចេញពីផ្ទៃក្នុងរដ្ឋ និងសមាជិកគ្រួសារអ្នកមានអំណាច ជាជាងដាក់បន្ទុកទៅលើរដ្ឋបាលខេត្តដែលមានឋានៈតូចជាងបុគ្គលទាំងនោះ។
ជ្រុងមួយនៃបញ្ហានេះ ប្ដូរពីពាក្យបង្ក្រាប មកប្រើពាក្យថា បោសសម្អាត នេះគឺជាសម្ដីរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានអះអាងពីយន្តការតាមបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឱ្យស្អាតអស់ពីលទ្ធភាព ត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦នេះ។
យន្តការនេះត្រូវបានបែងចែកជា៣ធំៗ រួមមាន យន្តការថ្នាក់ជាតិ យន្តការថ្នាក់ក្រសួងមហាផ្ទៃ និងយន្តការថ្នាក់រាជធានីខេត្ត។ ចំពោះប្រតិបត្តិការចុងក្រោយ ដែលដាក់បន្ទាត់ក្រហម ក្នុងកំឡុងខែមេសា ឆ្នាំ២០២៦ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅទូទាំងប្រទេស ក្រសួងមហាផ្ទៃបានឱ្យឈ្មោះថា «ប្រតិបត្តិការ XXL»។
ក្នុងប្រតិបត្តិការនេះ លោក ទូច សុខៈ បានបង្អុលចំៗថា គឺផ្ដើមចេញពីកម្លាំងរបស់រដ្ឋបាលខេត្ត ដោយកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នឹងចូលទៅជួយ ប្រសិនបើមានការសំណូមពរ។
លោក ទូច សុខៈ និយាយថា៖ «ប្រសិនបើក្នុងប្រតិបត្តិការ XXL កំឡុងខែមេសា ឆ្នាំ២០២៦ បណ្តាខេត្តណា ដែលបន្សល់ទុកឱ្យមានសេសសល់ ហើយត្រូវបានរកឃើញថា មានការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ តទៅទៀត ខេត្តនោះ គឺទទួលខុសត្រូវ ចំពោះមុខរាជរដ្ឋាភិបាល ទទួលខុសត្រូវចំពោះមុខតំណែងរបស់ខ្លួន ហើយនឹងទទួលខុសត្រូវចំពោះច្បាប់ផងដែរ។ នេះគឺជាគោលការណ៍ដាច់ណាត់បាទ»។
បើទោះបីនេះជាការប្ដេជ្ញាចិត្តធំជាងពេលកន្លងមក និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានទូទៅ ប៉ុន្តែអ្នកឃ្លាំមើលថា ការទម្លាក់ប្រតិបត្តិការ «XXL»នេះ ឱ្យទៅរដ្ឋបាលថ្នាក់ខេត្ត គឺមិនសមមាត្រនឹងឧក្រិដ្ឋជនដែលជាអ្នកមានលុយមានអំណាចគ្រាក់ៗនោះឡើយ។
ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា រដ្ឋបាលថ្នាក់ខេត្តមានលទ្ធភាពបោសសម្អាតត្រឹមទីតាំង និងឧក្រិដ្ឋជនតូចតាចតែប៉ុណ្ណោះ ខណៈមេខ្លោងធំៗ គឺស្ថិតនៅកៀកនឹងថ្នាក់ដឹកនាំឯណោះ។ លោកបន្តថា ការបោសសម្អាតដែលមានប្រសិទ្ធភាព គឺត្រូវផ្ដើមចេញពីការស៊ើបអង្កេតរកមេខ្លោងដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក។
លោក ម៉ែន ណាត ថ្លែងថា៖ «ម្ល៉ោះហើយ បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានការប្តេជ្ញាចិត្តអញ្ចឹងមែន ហើយក្រសួងមហាផ្ទៃ មានការប្តេជ្ញាចិត្តក្នុងការពង្រាបពួកឧក្រិដ្ឋជនហ្នឹងមែន ជារឿងដែលល្អ ប៉ុន្តែត្រូវតែចាប់ផ្តើមពីមនុស្សដែលមាននៅក្នុងបញ្ជីឈ្មោះអាស្រូវរបស់សហរដ្ឋអាមេរិកមុនគេ។ ហើយក្នុងហ្នឹងមិនតែសហរដ្ឋអាមេរិកទេ មានទាំងចិន មានទាំងកូរ៉េខាងត្បូង មានទាំងសិង្ហបុរី និងអង់គ្លេសជាដើម ក៏គេមានបញ្ជីឈ្មោះមនុស្សអស់ហ្នឹងមួយចំនួនដែរ»។
ជាក់ស្ដែង ប្រធានសមាគមឧកញ៉ា និងជាសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ ម្ចាស់រមណីយដ្ឋានអូរស្មាច់ ដែលត្រូវបានយោធាថៃលុកលុយ បានរកឃើញថាភស្តុតាងជាច្រើនដែលបញ្ជាក់ថា អគារនៅក្នុងតំបន់នោះ ប្រើប្រាស់ជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដ៏ធំមួយនៅតំបន់ព្រំដែន។
ក្រោយកម្ពុជាដាក់ចេញយន្តការបោសសម្អាតទ្រង់ទ្រាយធំ ឧបការីរងអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI លោក ស្កុត ស្កែលប៊ល (Scott Schelble) បានចូលជួបពិភាក្សាជុំវិញការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះ ជាមួយទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ នៅថ្ងៃទី៤ ខែកុម្ភៈ។
មន្ត្រីជាន់ខ្ពស់ FBI រូបនេះ បានបង្ហាញឆន្ទៈច្បាស់លាស់ពីការពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ ដោយកត់សម្គាល់ពីការរីករាលដាលនៃបទល្មើសនេះ។ តាមរយៈយន្តការនេះដែរ លោក ឆៃ ស៊ីណារិទ្ធិ អះអាងថា សមត្ថកិច្ចកម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ដើម្បីស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុរបស់បណ្តាញឧក្រិដ្ឋជន។
ទាក់ទិនរឿងនេះ នាយកកម្មវិធីតស៊ូមតិអង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក សេង វណ្ណលី លើកឡើងថា ឧក្រិដ្ឋកម្មទាំងនោះ នឹងត្រូវរលាយបាត់រូបភាពពិតប្រាកដយ៉ាងណានោះ គឺអាស្រ័យទាំងស្រុងទៅលើការហ៊ានប៉ះពាល់ដល់ឫសគល់នៃបញ្ហា ដែលត្រូវបានគេជឿថា មានការពាក់ព័ន្ធនឹងបុគ្គលមានអំណាច ឬខ្សែស្រឡាយអ្នកមានឥទ្ធិពលនៅកម្ពុជា។ លោកបន្តថា ការចូលរួមរបស់ FBI មកពីសហរដ្ឋអាមេរិក ក៏ជាកត្តាលីករមានឥទ្ធិពល ជួយជំរុញឱ្យឆន្ទៈបោសសម្អាតនេះកាន់តែមានតម្លាភាព ដោយរដ្ឋាភិបាលកម្ពុជាសហការតាមរយៈការបើកចំហឱ្យមានការស៊ើបអង្កេតលើខ្សែបណ្តាញហិរញ្ញវត្ថុ និងលំហូរលុយដែលបានមកពីការឆបោក។
លោក សេង វណ្ណលី ថ្លែងថា៖ «សរុបមក ជោគជ័យនៃយន្តការ XXL មិនស្ថិតនៅលើការប្រកាសបញ្ចប់ត្រឹមខែមេសានោះទេ ប៉ុន្តែស្ថិតនៅលើការដែលថា តើកម្ពុជាហ៊ានប្រើប្រាស់ជំនួយបច្ចេកទេសពី FBI ដើម្បីវះកាត់បុគ្គលមានអំណាចក្នុងស្រុក ដែលមានមេខ្លោងពិតប្រាកដដែរឬទេ? ការផ្សារភ្ជាប់កម្លាំងបង្ក្រាបក្នុងស្រុកជាមួយស្តង់ដារស៊ើបអង្កេតអន្តរជាតិ គឺជាមធ្យោបាយតែមួយគត់ ដើម្បីលាងជម្រះឈ្មោះកម្ពុជាចេញពីបញ្ជីខ្មៅនៃបទល្មើសអនឡាញ និងការលាងលុយកខ្វក់។ បើកិច្ចសហការនេះ ធ្វើឡើងដោយភាពស្មោះត្រង់ វានឹងក្លាយជាការចាប់ផ្តើមនៃយុគសម័យថ្មី ដែលគ្មានការយោគយល់ចំពោះឧក្រិដ្ឋជន ទោះបីជាពួកគេមានឋានៈខ្ពស់យ៉ាងណាក៏ដោយ»។
កម្ពុជាបានជាប់ឈ្មោះថា ជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញធំមួយ នៅតំបន់អាស៊ី ក្រោយមានលំហូរជនបរទេសចម្រុះជាតិសាសន៍ ពិសេសជនជាតិចិនចូលមកកាន់តែច្រើន និងបង្កភាពអាណាធិបតេយ្យនៅតាមតំបន់ព្រំដែន និងកណ្ដាលរាជធានីភ្នំពេញ។
ត្រឹមអគារមួយទីតាំងនៅក្រុងបាវិត ខេត្តស្វាយរៀង សមត្ថកិច្ចចាប់បានឧក្រិដ្ឋជនដល់ទៅជាង២ពាន់នាក់ ក្នុងប្រតិបត្តិការបង្ក្រាបនៅចុងខែមករានេះ។ យ៉ាងណា ប្រតិបត្តិការនេះ មិនមែនលោកអភិបាលខេត្ត ប៉េង ពោធិ៍សា ម្នាក់អាចធ្វើបានឡើយ ដោយមានការចូលរួមពីរអង្គភាពបន្ថែមទៀត រួមមាន អគ្គស្នងការនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
អ្នកឃ្លាំមើលថា ក្រុមឧក្រិដ្ឋជនបរទេសទាំងនោះ អាចចូលមកធ្វើការដោយខុសច្បាប់ក្នុងទំហំធំបែបនេះបាន លុះត្រាមានការបើកដៃពីអ្នកមានអំណាច និងមន្ត្រីរដ្ឋាភិបាលធំៗ ដែលក្រុមមនុស្សទាំងនោះ គួរតែជាគោលដៅពិតប្រាកដដែលរដ្ឋាភិបាលត្រូវបោសសម្អាត៕









