លោក ស៊ី ជីនពីង និង ពូទីន សរសើរ​ពី​ចំណង​ទាក់​ទង​គ្នា ខណៈ​អ៊ុយ​ក្រែន​រង​ការ​ឈ្លាន​ពាន​ជិត​៤​ឆ្នាំ

ប្រធានាធិបតី​ចិន លោក Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​លើក​សរ​សើរ​ពី​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​អំឡុង​ពេល​នៃ​ការ​សន្ទនា​តាម​វីដេអូ​នានា​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុន​ការ​ឈាន​ចូល​មក​ដល់​នៃ​ខួប​លើក​ទី​បួន នៃ​សង្គ្រាម​ឈ្លាន​ពាន​​របស់​ទីក្រុង​មូស្គូ​លើ​​ប្រទេស​អ៊ុយ​ក្រែន។

នៅក្នុ​ង​ការ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី អំពី​កិច្ច​ពិភាក្សា​នេះ លោក Putin បាន​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​ទីក្រុង​​​មូស្គូ-ទីក្រុង​ប៉េកាំង គឺ​ជា​កត្តា​ស្ថិរភា​ព​ដ៏សំ​ខាន់​មួយ​ក្នុង​អំឡុង​ពេល​ដែល​ពិភព​លោក កំពុង​មាន​ភាពវឹក​វរ​កើន​ឡើង ហើយ​លោក​បាន​កោត​សរសើរ​ចំពោះ​ភាព​ជាដៃ​គូ​ថាមពល​ដ៏​ជិត​ស្និទ្ធ​របស់​ប្រទេស​ទាំង​ពីរ​ថា ជា​យុទ្ធ​សាស្ត្រ​ និង​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក Xi ដែល​បាន​ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ទាំង​ពីរ​រៀប​ចំ «ផែន​ការ​ដ៏​អស្ចារ្យ» ដើម្បី​បន្ត​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី ដែល​លោក​បាន​បញ្ជាក់​ថា កំពុង​បោះជំ​ហាន​ទៅ​មុខ​ក្នុង​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ។

យោង​តាមការដកស្រង់សម្តីដោយស្ថានីយទូរទស្សន៍រដ្ឋចិន CCTV លោក Xi បាន​មាន​ប្រសាសន៍​ថា៖ «ភាគី​ទាំង​ពីរ​គួរ​​តែ​ចាប់​យក​ឱកាស​ប្រវត្តិ​សាស្ត្រ​នេះ រក្សា​ការ​ផ្លាស់​ប្តូរ​កម្រិត​ខ្ពស់​ឱ្យ​បាន​ជិត​ស្និទ្ធ និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាក់​ស្តែង​លើ​វិស័យ​ផ្សេងៗ»។

ចិន និង​រុស្ស៊ី បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ «គ្មាន​ដែន​កំណត់» ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ លោក Putin បញ្ជូន​កង​ទ័ព​រាប់​ម៉ឺន​នាក់​ ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។

ចាប់តាំងពីពេល​នោះមក ប្រទេស​ចិន បាន​ក្លាយ​ជា​ខ្សែ​ជីវិត​សេដ្ឋ​កិច្ច​សម្រាប់​រុស្ស៊ី តាម​រយៈ​ការ​ប​ង្កើន​ពាណិជ្ជ​កម្ម​ជាមួយ​អ្នក​ជិត​ខាង​ភាគ​ខាង​ជើង​របស់​ខ្លួន ខណៈ​ដែល​មហា​អំណាច​លោក​ខាង​លិច​បាន​ដាក់​ទណ្ឌ​កម្ម​យ៉ាង​ធ្ងន់​ធ្ងរ​លើទី​ក្រុង​មូស្គូ។

ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បានមានប្រសាសន៍ថា លោក Putin និងលោក Xi បាន​ជជែក​គ្នាអស់​រយៈ​ពេល ១ ម៉ោង និង ២៥ នាទី ហើយលោក Putin បានទទួលយកការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេស​ចិន ក្នុងឆមាសទីមួយនៃឆ្នាំនេះ។

លោក Ushakov បានមានប្រសាសន៍ថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើការពង្រីកពាណិជ្ជកម្ម រួមទាំងក្នុងវិស័យថាមពលផងដែរ ហើយជំហររបស់រុស្ស៊ី និងចិនគឺមានភាពជិតស្និទ្ធ ឬស្របគ្នាលើបញ្ហាអន្តរជាតិភាគច្រើន។

លោក Xi និងលោក Putin បានជួបគ្នាលើកចុងក្រោយនៅទីក្រុងប៉េកាំង នៅពេលដែលប្រទេសចិនបានរៀបចំក្បួនព្យុហយាត្រាយោធាដ៏ធំមួយកាលពីខែកញ្ញា ដែលមានការចូលរួមពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ផងដែរ។

ក្នុងអំឡុង​ជំនួបនោះ លោក Xi បានមានប្រសាសន៍ថា ទំនាក់ទំនងចិន-រុស្ស៊ី បាន «ស៊ូទ្រាំនឹង​ភាពចលាចល​អន្តរ​​ជាតិ» ហើយ​បាន​សន្យា​ថា​នឹងសម្របសម្រួលជាមួយទីក្រុងមូស្គូ​លើបញ្ហានានា ដែលពាក់ព័ន្ធនឹងផលប្រយោជន៍​ស្នូល​​របស់ពួកគេ។

អ៊ុយ​ក្រែន និងសហភាពអឺរ៉ុប បានចោទប្រកាន់ទីក្រុងប៉េកាំងថាបានផ្តល់ជំនួយយោធាដោយផ្ទាល់ ដល់កិច្ចខិតខំប្រឹង​ប្រែងសង្គ្រាមរបស់រុស្ស៊ី។ ទីក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់​នេះ ដោយលើកឡើងថាខ្លួនមិនមែនជាភាគី​នៃជម្លោះនោះឡើយ។

ការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី​៤ខែ​កុម្ភៈ​នេះ ត្រូវ​បាន​ធ្វើឡើ​ង​ចំពេលដែល​សន្ធិ​សញ្ញា​កាត់​ប​ន្ថយ​អាវុធ​នុយ​ក្លេ​អ៊ែរ​រវាង​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​ផុត​កំណត់​នៅ​សប្តាហ៍​នេះ។

កាលពីថ្ងៃទី​៣ខែ​កុម្ភៈ ក្រុមអ្នកការទូតជាន់ខ្ពស់ចិន និងរុស្ស៊ី បានជួបគ្នានៅទីក្រុងប៉េកាំង ដើម្បីពិភាក្សា​អំពី​ស្ថាន​ភាព​សន្តិ​សុខ​ពិភព​លោក ការ​គ្រប់​គ្រង​អាវុធ​ពហុភា​គី និង​បញ្ហា​ផ្សេងៗ​ទៀត ហើយ​បាន​ឈាន​ដល់ «ការ​ឯកភាព​​​គ្នា​យ៉ាង​ទូលំ​ទូលាយ»។ នេះបើយោងតាមក្រសួងការបរទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ