ការដែលគណបក្សអភិរក្សនិយមថៃ របស់លោក អនុទីន មានសំឡេងឆ្នោតនាំមុខគេ ដឹកនាំរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ក្រុមអ្នកតាមដាននិយាយថា នេះគឺជាសញ្ញាអាសន្ននៃបូរណភាពទឹកដីខ្មែរ បើកម្ពុជា មិនប្រញាប់ប្តឹងថៃទៅតុលាការអន្តរជាតិ ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលទេនោះ។
លោក អនុទីន ត្រូវគេដឹងថា ជាមេដឹកនាំថៃមួយរូប បានប្រកាសសង្គ្រាមឈ្លានពានកម្ពុជា មុខការបោះឆ្នោតមកដល់រហូតទាហានថៃ បើកការវាយប្រហារមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយដណ្តើមគ្រប់គ្រងដីខ្មែរបានជាង ៤០កន្លែង រហូតបច្ចុប្បន្ននេះ។
ការណ៍នេះ ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់ រងគ្រោះដោយបាត់បង់ផ្ទះសម្បែង ដីធ្លី និងទ្រព្យសម្បត្តិ។ ហើយដល់ពេលនេះ ជនភៀសសឹកខ្មែរទំាងនោះ កំពុងបន្តស្នាក់នៅក្នុងជំរំភៀសសឹក ប្រឈមនឹងបញ្ហាជីវភាពនៅឡើយ ខណៈមេដឹកនាំកម្ពុជាកំពុងតស៊ូលើសមរភូមិការទូត មិនទាន់ប្រើយន្តការតុលាការអន្តរជាតិ។
បើតាមសេចក្តីរាយការណ៍នានា ឱ្យដឹងថា គណបក្សអភិរកក្សនិយមភូមិចៃថៃរបស់ លោក អនុធិន ចាន់វិរៈគុល កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈនេះ បានប្រកាសទទួលបានជ័យជំនៈសំឡេងឆ្នោត១២១សំឡេង ដើម្បីបង្កើតរដ្ឋាភិបាលថៃថ្មី។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី៩ ខែកុម្ភៈនេះថា ការឈ្នះឆ្នោតរបស់លោក អនុទីន ជាថ្មីនេះ គឺមានន័យថាពលរដ្ឋថៃគាំទ្រគាត់ឱ្យបន្តមហិច្ចតាឈ្លានពានដីខ្មែរ។
លោកបារម្ភថា ក្រោយលោក អនុទីន បង្កើតរដ្ឋាភិបាលថ្មី អាចនឹងប្រើនយោបាយជាតិនិយម ដើម្បីឈ្លានពានយកទឹកដីខ្មែរបន្ថែមទៀត ហើយនឹងមិនប្រគល់ទឹកដីខ្មែរចំនួន៤១ទីតាំងឱ្យមកខ្មែរវិញទេ។
លោកសង្កត់ធ្ងន់ថា ការឈ្នះឆ្នោតរបស់លោក អនុទីន ជាថ្មីនេះ សបញ្ជាក់ឱ្យឃើញថា ប្រជាជនថៃនិងក្រុមអភិរក្សនិយមថៃស្រឡាញ់សង្គ្រាមចង់បន្តមហិច្ចតាឈ្លានពានដីខ្មែរ មិនចេះចប់ មិនចេះហើយទេ។
លោកថា៖ «នៅពេលដែល អនុទីន ចាប់ឆ្នោតនេះ មានន័យថា ប្រជាពលរដ្ឋថៃគេគាំទ្រ អនុទីន ដើម្បីច្បាំងយកទឹកដីខ្មែរយើងតាមពិត អនុទីន យើងដឹងហើយថាគ្នាហ្នឹង អត់មានប្រជាប្រិយភាពទេ ហើយការស្ទង់មតិហ្នឹង ឃើញថា គាត់ជាប់រហូតដល់លេខ៣ ក៏ប៉ុន្តែនៅពេលបោះឆ្នោតបែរជាជាប់លេខ១ មានន័យថា ប្រជាជនថៃគេគាំទ្រដែល អនុទីន ហ៊ានធ្វើសង្គ្រាមដណ្តើមបានទឹកដីខ្មែរយើងចំនួន ៤១ទីតាំង»។
សម្រាប់ លោក សំអាន ផ្តល់យោបល់ឱ្យមេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត ត្រូវពន្លឿនប្តឹងថៃទៅតុលាការអន្តរជាតិ ពង្រឹងយន្តការច្បាប់អន្តរជាតិ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស២៣តុលា។
លោកអះអាងថា ក្នុងកាលៈទេសៈនេះ បើលោក អនុទីន បន្តដឹកនាំប្រទេសថៃមែន ជៀសមិនផុតទេ សង្រ្គាមលើកទី៣ អាចនឹងផ្ទុះឡើង ព្រោះយោធាថៃមិនទាន់សម្រេចមហិច្ចតាលេបទឹកដីខ្មែរអស់ទេ។
សម្រាប់លោក សំអាន ផ្តល់ជម្រើសមួយទៀតថា លោក ហ៊ុន ម៉ាណែត ត្រូវតែលាលែងពីតំណែង ដើម្បីបើកផ្លូវឱ្យមានមេដឹកនាំថ្មី ដែលមានសមត្ថភាពអាចទាមទារទឹកដីខ្មែរចំនួន៤១ទីតាំងត្រឡប់មកវិញ។
លោកថា៖ «នៅពេលដែល អនុទីន បន្តកាន់អំណាចបន្តទៀត ហើយត្រកូលហ៊ុនកាន់អំណាចនៅស្រុកខ្មែរម្តងទៀត ដីខ្មែរយើងបានបន្ថែមទៀតលើសពី៤១ទីតាំងហ្នឹង ហើយមិនត្រឹមតែបាត់ដីគោកប៉ុណ្ណឹងទេ គឺថានៅបាត់ដែលសមុទ្រថែមទៀតរហូតដល់ ២៦០០០គីឡូម៉ែត្រការ៉េ ហើយបាត់កោះគុតដែលជាចំណែករបស់ខ្មែរ ដែលយ៉ាងហោចណាស់ ពាក់កណ្ដាលនៃកោះគុតជារបស់ខ្មែរហ្នឹង នឹងបាត់ទៅថៃ មិនអាចទាមទារបានវិញនោះទេ»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងនាថ្ងៃទី៩ ខែកុម្ភៈនេះថា កម្ពុជាបានសម្តែងការតវ៉ាជាផ្លូវការ និងយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដោយបានជំទាស់យ៉ាងដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់។
លោកបន្តថា សកម្មភាពទាំងនេះ បានរារាំងបន្ថែមទៀតដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ វាជាការប៉ុនប៉ងដោយចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ បង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។
លោកថា៖ «ដូច្នេះកម្ពុជាអំពាវនាវឲ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្ទាន់ ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី តាមកិច្ចព្រមព្រៀងដែលមានស្រាប់ស្របតាមគោលបំណងចង់បានរបស់សហគមន៍តំបន់ ក៏ដូចជាអន្តរជាតិ»។
ដោយឡែក នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរនៅអូស្ត្រាលី លោក សេង វណ្ណលី និយាយថា ជ័យជំនះរបស់លោក អនុទីន ច្បាស់ណាស់ជាចេតនាឬបំណងពលរដ្ឋថៃ ដើម្បីជំរុញឱ្យលោក អនុទីន ត្រូវបន្តមហិច្ចតាឈ្លានពាន និងការពារទឹកដីដែលថៃបានឈ្លានពានកម្ពុជាកន្លងមក។
លោកថា៖ «លោក អនុទីន បានជោគជ័យនៅក្នុងការប្រើប្រាស់រូបភាពលោកជាមេដឹកនាំ ការពារបូរណភាពទឹកដីតែធ្វើឲ្យអ្នកបោះឆ្នោតថៃ មានអារម្មណ៍ថា មានសុវត្ថិភាពក្រោមការដឹកនាំដែលមានកណ្តាប់ដៃដែក ជាពិសេសនៅក្នុងបរិបទដែលទំនាក់ទំនងព្រំដែនមានភាពរកាំរកូស ចំពោះហានិភ័យនៃការផ្ទុះសង្គ្រាមឡើងវិញ គឺស្ថិតនៅក្នុងកម្រិតគួរឲ្យព្រួយបារម្ភ ប៉ុន្តែខ្ញុំគិតថាអាចគ្រប់គ្រងបានជាធម្មតា នៅពេលដែលមេដឹកនាំឡើងកាន់អំណាច តាមរយៈយុទ្ធនាការជាតិនិយម ពួកគេត្រូវតែរក្សាកម្ដៅនយោបាយតាមព្រំដែន ដើម្បីបន្តរក្សាសំឡេងគាំទ្រពីអ្នកអភិរក្សនិយម»។
សម្រាប់ លោក វណ្ណលី នៅតែជំរុញឱ្យមេដឹកនាំកម្ពុជា បន្តអនុវត្តយុទ្ធសាស្រ្តបីយ៉ាង ទី១ត្រូវពន្លឿនដាក់សំណុំរឿងព្រំដែនប្តឹងថៃទៅតុលាការអន្តរជាតិ និងសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា។
ទី២ ពង្រឹងទំនាក់ទំនងការទូតជាមួយសហគមន៍អន្តរជាតិ ប្រទេសលោកសេរី គឺស្តារប្រជាធិបតេយ្យ គោរពសិទ្ធិ ដោះលែងអ្នកទោសនយោបាយ សកម្មជនសង្គម ផ្សះផ្សា បង្រួបបង្រួមជាតិខ្មែរឡើងវិញ។
ទី៣ ពង្រឹងវិស័យការពារជាតិ ត្រៀមព្រមក្នុងការទប់ស្កាត់ និងការពារសត្រូវឈ្លានពានទឹកដី កុំឱ្យពួកសត្រូវជិតខាងបន្តគឃ្លើនឈ្លានពាន ប្រមាថជាតិសាសន៍ខ្មែរ ឬធ្វើបាបខ្មែរ តាមទំនើងចិត្តបន្តទៀត។
លោកថា៖ «ដោយឡែក ការត្រៀមលក្ខណៈរបស់កម្ពុជាជាមួយរដ្ឋាភិបាលថៃថ្មីវិញ កម្ពុជាត្រូវតែប្រើប្រាស់យុទ្ធសាស្ត្រទន់ភ្លន់ តែម៉ឺងម៉ាត់ដើម្បីទប់ទល់នឹងរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក អនុទីន ទី១កម្ពុជាគួរតែលើកយកបញ្ហាព្រំដែនមកជជែក នៅក្នុងក្របខ័ណ្ឌអាស៊ានឲ្យបានកាន់តែសកម្ម ជាពិសេសក្រោមប្រធានប្តូរវេនហ្វីលីពីន ដើម្បីដាក់សម្ពាធឲ្យថៃគោរពតាមវិធានការតំបន់ និងចៀសវាងការដោះស្រាយជម្លោះដោយអាវុធ ទី២បើទោះបីជាកម្ពុជាមិនទាន់ប្ដឹងតុលាការ ICJ ជាផ្លូវការក៏ដោយ ក៏កម្ពុជាត្រូវតែបង្ហាញភ័ស្តុតាងនៃផែនទីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ»។
ក្រោយថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាចំនួន២១ថ្ងៃ រហូតមានបទឈប់បាញ់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកតាមដានថា ថៃបានដណ្តើមគ្រប់គ្រងដីខ្មែរចំនួន៤១ទីតាំង នៅក្នុងខេត្តចំនួន៤ជាប់ព្រំដែន មានខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។
ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យដឹងតែ១៤ទីតាំង និងតំបន់ប៉ុណ្ណោះ ដែលថា ថៃបានដណ្តើមគ្រង់គ្រងរហូតបច្ចុប្បន្ន ដែលធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់ បាត់បង់ផ្ទះសម្បែង មុខរបរ បន្តស្នាក់នៅជំរំជនភៀសសឹករហូតបច្ចុប្បន្ន។
យ៉ាងណា បើតាម មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
រីឯក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









