អ្នក​ឃ្លាំមើល​​ខក​ចិត្ត​​នឹ​ង​​មេដឹក​នាំ​​បន្ត​​វេន​ដែល​គេ​រក​ឃើញ​​ការ​​ដឹក​នាំ​​​ពុ​ក​​រលួយ​​​ខ្លាំង​​ជាង​​​មុន

អ្នក​​ឃ្លាំមើល​ ​សម្ដែង​​ការ​​ខក​​ចិត្ត​​​យ៉ាង​ខ្លាំង​​ចំពោះ​​​ស្ថា​ន​ភាព​​អំពើ​​ពុក​រលួយ​​​នៅ​​កម្ពុជា ដែល​​ពុំ​​បាន​​ល្អ​​ប្រសើរ​​នោះ​​ទេ បើ​​ទោះ​បីជា​​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ដែល​​រៀន​​ពី​​បរទេស​​ហើយ​​ កាន់​​អំណាច​​ពេញ​​ដៃ​​ជាង ២​ឆ្នាំ​​មក​​ក្ដី។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​លោក សេង វណ្ណលី លើក​​ឡើង​​ថា ប្រព័ន្ធ​​បក្ខ​ពួក​​និយម និង​កង្វះ​ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច គឺជា​ដើម​ចម​នៃ​អំពើពុករលួយ​នៅ​កម្ពុជា។

លោក​​ចោទ​ជា​សំណួរ​ថា តើ​ចំណេះដឹង​ខ្ពង់ខ្ពស់​របស់​មេដឹកនាំ​​បន្តវេន អាច​​ជួយ​​កម្ពុជា​​បាន​ពិត​ប្រាកដ​​ដែរ ឬ​ទេ បើ​ពិន្ទុ​ពុករលួយ​នៅតែ​បន្ត​ធ្លាក់ចុះ​បែប​នេះ? ដោយ​លោក​​ភ្ជាប់​នឹង​​របាយការណ៍​សន្ទស្សន៍​ការ​យល់ដឹង​​ពី​អំពើពុករលួយ (CPI) ឆ្នាំ​២០២៥ របស់​​អង្គ​ការ​​តម្លា​ភាព​​អន្តរ​ជាតិ ព្រម​ទាំង​​សំណួរ​​ថា តើ​​ហេតុ​អ្វី​​បាន​​​ជា​​មហាជន​ចាប់អារម្មណ៍​លើ​របាយការណ៍​នេះ?។

លោកថា៖ «រដ្ឋាភិបាលគួរជំរុញឱ្យមានតម្តាភាពកម្រិតខ្ពស់ តាមរយៈការបង្កើនទំនើបកម្មប្រព័ន្ធរដ្ឋបាលឌីជីថល ដោយកាត់បន្ថយការជួបមុខគ្នាផ្ទាល់រវាងមន្ត្រី និងពលរដ្ឋដែលជានិរន្តភាពទាមទារលុយទឹកតែក្រៅផ្លូវការ»។

យោង​តាម​ទិន្នន័យ​ចុងក្រោយ​បង្អស់​នៃ​សន្ទស្សន៍​ការ​យល់ដឹង​ពី​អំពើពុករលួយ (CPI) ឆ្នាំ​២០២៥ ដែល​ទើប​តែ​ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញ​​ថា កម្ពុជា​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន ម៉ាណែត បាន​ធ្លាក់​មក​ដល់​​ចំណុច​ទាប​បំផុត​​មិន​ធ្លាប់​​មាន ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ ដោយ​ទទួល​​បាន​ពិន្ទុ​​ត្រឹម​តែ ២០ លើ​​១០០ ដែល​​ធ្លាក់​ចុះ​មួយ​លេខ​​ទៀត គឺ ២១ លើ​១០០ កាល​ពី​២០២៤។ ចំណែក​ចំណាត់​ថ្នាក់​​ក៏​ធ្លាក់​ចុះ​ ៣លេខ គឺ​លេខ​១៦៣ ក្នុង​ចំណោម ១៨២ប្រទេស។

តួលេខ​នេះ មិនមែន​គ្រាន់តែ​ជា​លេខ​សម្រាប់​វាស់វែង​ប្រព័ន្ធ​នីតិរដ្ឋ​ធម្មតា​នោះ​ទេ ប៉ុន្តែ​វា​ជា​សញ្ញា​អាសន្ន​ដែល​​បង្ហាញ​​ថា បញ្ហា​អំពើពុករលួយ​នៅ​កម្ពុជា​លែង​​ជា​បញ្ហា​បុគ្គល​ទៀតហើយ ប៉ុន្តែ​វា​បាន​ក្លាយជា​ជំងឺ​ជា​ប្រព័ន្ធ​​ដែល​ចាក់ឫស​យ៉ាង​ជ្រៅ​តាមរយៈ​បណ្ដាញ​បក្ខពួក​និយម។

ក្នុង​ចំណោម​ប្រទេស​អាស៊ាន កម្ពុជា​​ស្ថិត​នៅ​លេខ​រៀង​លើ​តែប្រទេស​​មីយ៉ាន់ម៉ា ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​​ជម្លោះផ្ទៃក្នុង​​ប៉ុណ្ណោះ។ ចំណែក​សិង្ហបុរី​រក្សា​បាន​តំណែង​កំពូល​ក្នុង​តំបន់ និង​ម៉ាឡេស៊ី​កំពុង​បង្ហាញ​ពី​សន្ទុះ​កែទម្រង់​យ៉ាង​ខ្លាំង​ក្លា រីឯ​វៀតណាម​បាន​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ​តាមរយៈ​យុទ្ធនាការ​កម្ចាត់​មន្ត្រី​ពុករលួយ​កម្រិត​ខ្ពស់។

លោក សេង វណ្ណលី បន្ត​ថា កន្លង​មក ​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ​រំពឹង​ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត និង​ក្រុម​រដ្ឋមន្ត្រី​ជំនាន់​ថ្មី​ដែល​សុទ្ធ​តែ​ជា​បញ្ញវន្ត​រៀនសូត្រ​ខ្ពស់​ពី​បរទេស នឹង​អាច​នាំ​កម្ពុជា​​ឆ្ពោះ​ទៅ​រក​ភាព​​ស្អាតស្អំ និង​នីតិរដ្ឋ​រឹងមាំ។ ប៉ុន្តែ​លទ្ធផល CPI ឆ្នាំ​២០២៥​នេះ បង្ហាញ​ពី​ការ​ពិត​ផ្ទុយ​ស្រឡះ។ ទន្ទឹម​នឹង​នេះ ​​លោក​គូស​បញ្ជាក់​ថា មេដឹកនាំ​ខ្សោយ​ការគ្រប់គ្រង ទោះ​រៀន​ខ្ពស់ និង​គ្មាន​ឆន្ទៈ​នយោបាយ​​កែទម្រង់​ប្រព័ន្ធ​បក្ខពួក​និយម​​ទេ ជំងឺ​ពុករលួយ​នៅតែ​បន្ត​ស៊ី​រូង​ជ្រៅ។ ចំណែក​ប្រព័ន្ធ​យុត្តិធម៌​ពុក​ផុយ នឹង​ធ្វើ​ឱ្យ​តុលាការ​​ក្លាយ​ជា​ឧបករណ៍​ការ​ពារ​អ្នក​មាន​អំណាច ជាជាង​ការពារ​ច្បាប់។ មួយ​វិញ​ទៀត វា​បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ធំៗ​រារែក​មិន​ចង់​មក​បណ្ដាក់​ទុន ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ទាំងមូល។

វីអូឌី ​ពុំ​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​លោក សយ ច័ន្ទវិចិត្រ បាន​នៅ​ថ្ងៃ​ទី១១ ខែ​កុម្ភៈ។ ប៉ុន្តែ​លោក​ប្រាក់​កាសែត​ក្នុង​ស្រុក​ថា ការ​រក​ឃើញ​របស់​អង្គការ​តម្លាភាព​អន្តរ​ជាតិ ពុំ​ឆ្លុះ​បញ្ចាំង​​ការ​ពិត​នៅ​កម្ពុជា​ទេ។

លោក​ថា ស្ថាប័ន​លោក​អាច​យក​របាយការណ៍​នេះ ​គាំទ្រ​ការងារ​របស់​ខ្លួន តែ​លោក​​ថា ការ​ខំ​ប្រឹងប្រែង​​ប្រឆាំង​​អំពើ​ពុករលួយ​​មិន​ស្ថិត​លើ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​នេះ​ទេ។ ទន្ទឹម​នឹង​នេះ ​លោក​ថា កម្ពុជា​​ទទួល​បាន​លទ្ធផល​វិជ្ជមាន​​ក្នុង​ឆ្នាំ​២០២៥ លើ​​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ​លើ​វិស័យ​អប់រំ សេវាកម្ម​សាធារណៈ លទ្ធកម្ម និង​ការ​ប្រមូល​ចំណូល។

ចំណែក ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​​សង្គម លោក​​បណ្ឌិត មាស នី មើលឃើញ​ថា ការ​លុប​បំបាត់​អំពើ​ពុករលួយ​​នៅ​​កម្ពុជា បាន​ដោយ​អន្លើ គឺ​សំដៅ​តែ​លើ​បុគ្គល​ណា ដែល​មាន​ខ្នង​តូចតាច​​​ប៉ុណ្ណោះ។

លោក​អះអាង​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា​ ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ មាន​ន័យ​ថា ខាង​ក្រោម និង​ខាង​លើ​ធ្វើ​ការ​​រួម​គ្នា ដោយ​ពួកគេ​បែង​ចែកផលប្រយោជន៍​​ចូល​ហៅ​ប៉ៅ​ខ្លះ ចែក​ទៅ​ក្រុម​ខ្លះ និង​ចូល​ទៅ​រដ្ឋ​ខ្លះ ពិសេស​វិស័យ​គយ​តែម្ដង។

មួយ​វិញ​ទៀត លោក​ថា អំពើពុករលួយ​ធ្វើ​ឡើង​​តាមរយៈ​បក្ខពួក​និយម និង​គ្រួសារ​និយម។ លោក​លើក​ឧទាហរណ៍​​ករណី​​អង្គភាព​មាន​បងប្អូន​សាច់ញាតិ​ធ្វើ​ការ​ជាមួយ​គ្នា ប្រធាន​ស្ថាប័ន​នឹង​​ច្បាម​យក​គម្រោង​នានា​​​ឱ្យ​បក្ខពួក​ខ្លួន​ដែល​ទុក​ចិត្ត ដើម្បី​កេង​យក​ផល​ប្រយោជន៍​សម្រាប់​ក្រុម​ខ្លួន​។ លោក​យល់​ថា កត្តា​ទាំង​នេះ​នាំ​ឱ្យ​ពិបាក​កម្ចាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា។

លោក​​បណ្ឌិត មាស នី ថ្លែងថា៖ «ខ្ញុំ​មើល​ទៅ​គ្រួសារ​និយម បក្ខ​ពួក​និយម​នៅ​កន្លែង​ហ្នឹង ដែល​ការ​បំបាត់​អំពើ​​ពុករលួយ​បាន​ដោយ​ដុំៗ​ដោយ​អន្លើ​ទេ អ្នកណា​កន្លែង​ណា​គ្មាន​ខ្នង​គ្មាន​ខ្សែ​នឹង​អាច​បំបែក​បាន​ហើយ​។ ប៉ុន្តែ​​បើ​កន្លែង​មាន​ខ្សែ​ធ្ងន់​ខ្នង​ធ្ងន់ ខ្នង​​ច្រើន ខ្នង​ខ្លាំង ប៉​មិន​បាន​ទេ​បាទ! យើង​ធ្លាប់​ពី​ដើម​មក​ក៏​មាន​គណៈ​​កម្មការ​ជាតិ​​ប្រឆាំង​​អំពើ​ពុករលួយ​សាកល្បង​ប៉ះ​​អ្នក​ធំ​ខ្លះ​ដែរ។ ប៉ុន្តែ ប៉ះ​ហើយ​បាន​ថយ​ទៅ​ក្រោយ​វិញ​ទៅ ស្ងាត់​លែង​និយាយ​អ៊ីចឹង​ទៅ»។

លោក​​បណ្ឌិត មាស នី បន្ត​ថា សម្រាប់​ដំណោះស្រាយ​​កាត់​បន្ថយ​អំពើ​ពុករលួយ គឺ​ត្រូវ​គោរព​ច្បាប់​គោរព​តួនាទី។ ផ្ទុយទៅវិញ​ លោក​ថា បើ​ប្រព័ន្ធ​បច្ចុប្បន្ន​នៅ​តែ​អាច​ឆ្លៀត​​​ឱកាស​រៀបចំ​ចិញ្ចឹម​គ្នា​​ពី​លើ​ដល់​ក្រោម​បែប​​នេះ អំពើ​ពុករលួយ​​នឹង​បន្ត​កាន់​ជ្រៅ និង​កែ​មិន​ឡើង​នោះ​ទេ។

ចំណែក​លោក សេង វណ្ណលី ក៏​បង្ហាញ​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​ចូលរួម​លុប​បំបាត់​អំពើ​ពុករលួយ​ដូចគ្នា។ លោក​​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​បញ្ឈប់​វោហារសាស្ត្រ​ប្រជាភិថុតិ រួច​ផ្ដោត​លើ​ការ​វះកាត់​ជាក់ស្តែង និង​ជា​​បន្ទាន់។ ក្នុង​នោះ​ត្រូវ​ធ្វើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) និង​តុលាការ​មាន​ឯករាជ្យភាព​ពិតប្រាកដ បើក​លំហ​សេរីភាព​ឱ្យ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​រាយការណ៍​ពី​ការ​ពិត ព្រម​ទាំង​បញ្ឈប់​វប្បធម៌ «អ្នកមាន​ខ្សែរយៈ​ធ្វើ​អ្វី​ក៏​មិន​ខុស»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ