លោក សេង វណ្ណលី វិភាគ​ពី​សេណា​រីយ៉ូ​ឃុំ​ខ្លួន​លោក កឹម សុខា និង​ផល​ចំណេញ​ពី​កា​រ​ផ្សះ​ផ្សា​ជាតិ

លោក សេង វណ្ណលី អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​អាស៊ី-ប៉ាស៊ី​ហ្វិក បាន​បង្ហោះ​សារ​វិភាគ​បែប​ ស៊ី​ជម្រៅ​ថ្មី​មួយ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ អំពី​ស្ថាន​ភាព​នយោបា​យ​កម្ពុជា​នៅ​ដើម​ឆ្នាំ​២០២៦ ដោយ​ផ្តោត​សំខាន់​លើ​ករណី លោក កឹម សុខា និងផ​ល​ប៉ះ​ពាល់​ដល់​ការ​គ្រប់​គ្រង​អំណាច​របស់​រដ្ឋាភិ​បាល​ឯកបក្ស។

លោក​បានសង្កេតឃើញថា បើទោះបីជា លោក កឹម សុខា ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈ​ពេល​ ២៧ឆ្នាំ តាំង​​ពី​​ឆ្នាំ​២០២៣ ក៏​ដោយ ប៉ុន្តែ​ការ​លើក​ពេល​សវនា​ការ​ឧទ្ធរណ៍​ម្តង​ហើយ​ម្តង​ទៀត រហូត​មក​ដល់​ដើម​ឆ្នាំ​២០២៦​នេះ បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​នយោបាយ​ក្នុង​ការ​រក្សា​មេដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​មន្ទិល​ផ្លូវ​ច្បាប់​ជា​អចិន្ត្រៃយ៍។

តាមរយៈការវិភាគរបស់លោក ការប​ន្ត​ឃុំខ្លួននេះ គឺជាយុ​ទ្ធ​សាស្ត្រ «រឹត​ផង បន្ធូរ​ផង» របស់​លោក ហ៊ុន សែន ដើម្បី​ធានា​ថា ការ​ផ្ទេរ​អំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត អាចប្រព្រឹត្ត​ទៅ​បាន​ដោយ​គ្មាន​ការ​រារាំង ឬ​ការ​ត្រួត​ពិនិត្យ​ពី​កម្លាំង​​ប្រឆាំង ខណៈ​ដែល​អ្នក​គាំ​ទ្រ លោក កឹម សុខា និង​លោក សម រង្ស៊ី ត្រូវ​បាត់​បង់​តំណាង និងសិ​ទ្ធិ​អំណាច​ក្នុង​ការ​ចូល​រួម​សម្រេច​ចិត្ត​លើ​ជោគ​វាសនា​ប្រទេស​ជាតិ។

លោក សេង វណ្ណលី បានបង្ហាញនូវសេណារីយ៉ូសំខាន់ចំនួនបី ដែលរដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ទទួល​បាន​ផល​ចំណេញ​​យ៉ាង​​ធំធេង ប្រសិន​បើ​មាន​ការ​ដោះ​លែង លោក កឹម សុខា។

សេណារីយ៉ូដំបូង គឺការស្តារឡើងវិញនូវទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយ​សហរដ្ឋ​អាមេ​រិក និង​សហភាព​អឺរ៉ុប ដែល​អាច​ជួយ​ឱ្យ​កម្ពុជា​ចរ​ចា​ស្តារ​ប្រព័ន្ធ​អនុ​គ្រោះ​ពាណិជ្ជ​កម្ម EBA ពេញ​លេញ និង​ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ពន្ធ​​ខ្ពស់​​ពី​អាមេរិក ដែល​ជា​កត្តា​ចាំបាច់​សម្រាប់​សង្គ្រោះ​ការ​ងារ​កម្មករ​រាប់​លាន​នាក់ និង​ជំរុ​ញ​កំណើន​សេដ្ឋ​កិច្ច​ដែល​​កំពុង​មាន​សភាព​ថម​ថយ។

សេណារីយ៉ូទីពីរ ដែលកាន់តែមានសារៈសំខាន់នៅក្នុងឆ្នាំ​២០២៦​នេះ គឺ​ការ​ប្រើ​ប្រាស់​ការ​ដោះ​លែង​ លោក កឹម សុខា ជា​ឧបករណ៍​សម្រាប់​កសាង​សាមគ្គី​ភាព​ជាតិ ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​ព្រំដែន​ជាមួយប្រ​ទេស​ថៃ។ លោក​បាន​បញ្ជាក់​ថា នៅក្នុងកាលៈទេសៈដែលកម្ពុជារងការគំរាមកំហែងពីខាង​ក្រៅ ការ​ផ្សះ​ផ្សានយោ​បាយ​ផ្ទៃ​ក្នុង​ នឹង​ក្លាយ​ជា «ខែល​​ការ​​ពារ​ជាតិ» ដ៏​រឹង​មាំ ដែល​ជួយ​បង្កើន​ប្រជា​ប្រិយ​ភាព និង​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិ​បាល​ លោក ហ៊ុន ម៉ា​ណែត នៅ​​លើ​​ឆាក​​អន្តរ​ជាតិ។

ចំណែក​សេណារីយ៉ូទីបី គឺការបង្កើតនូវប្រព័ន្ធប្រជាធិបតេយ្យបែប​ចម្រុះពណ៌ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ ដោយ​ការ​អនុញ្ញាត​ឱ្យ​លោក កឹម សុខា វិល​ត្រឡប់​មក​ដឹក​នាំ​កម្លាំង​ប្រឆាំង​ក្នុង​ស្រុក​វិញ ក្នុង​កម្រិត​មួយ ដែល​មិន​បង្ក​ហានិភ័យ​ដល់​អំណាច​របស់​គណបក្ស​កាន់​អំណាច។

យុទ្ធសាស្ត្រនេះ នឹងជួយឱ្យរដ្ឋាភិបាលកាត់បន្ថយសម្ពាធពីអន្តរជាតិ និង​ជួយកាត់​បន្ថយ​ភាព​ស្រប​ច្បាប់​របស់​កម្លាំង​​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។

លោក សេង វណ្ណលី ឱ្យដឹងបន្ថែមថា ជាការពិតណាស់បើពិនិត្យទៅ​លើការលើកពេ​លស​វនា​ការ​ កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២៥ វា​បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ប្រព័ន្ធ​យុត្តិ​ធម៌​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​គ្រប់​គ្រង​ស្ថាន​ការ​ណ៍​នយោ​បាយ ហើយ​ថា​ការ​រក្សា​ លោក កឹម សុខា ឱ្យ​ស្ថិត​ក្នុង​មន្ទិល​ផ្លូវ​ច្បាប់​ជា​អចិន្ត្រៃយ៍​បែប​នេះ ជា​​កា​រ​ផ្តល់​លទ្ធ​ភាព​ឱ្យ​ថ្នាក់​​ដឹក​នាំ​គណបក្ស​ប្រជា​ជន អាច​រឹត​បន្តឹង ឬ​បន្ធូរ​បន្ថយ​តាម​ស្ថាន​ការណ៍​ជាក់​ស្តែង ជាពិសេស​គឺ​ដើម្បី​ធានា​ថា ក្នុអំ​ឡុង​ពេល​អន្តរ​កាល​អំណាច លោក ហ៊ុន ម៉ាណែត គ្មាន​កម្លាំង​ប្រឆាំង​ណា​មួយ​អាច​ងើប​ឡើង​បាន​ទេ និង​មួយ​ទៀត​ការ​មិន​ចង់​បញ្ចប់​រឿង​នេះ ​ក៏​ដោយសារ​តែ លោក ហ៊ុន សែន ចង់​ជៀ​សវាង​ការ​កាត់​ទោស លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនា​គារ​ទាំង​ស្រុង​ដែល​អាច​ធ្វើ​ឱ្យ​ លោក កឹម សុខា ក្លាយ​ជា​មនុស្ស​ដែល​គេ​អាណិត និង​គោរព​ខ្លាំង​ពេក​ក្នុង​នាម​ជា​អ្នក​រង​គ្រោះ ដោយ​សារ​តែ​នយោ​បាយ ដែល​អាច​នាំ​ឱ្យមា​ន​ការ​តវ៉ា ឬ​សម្ពាធ​ពី​អន្តរជាតិ​កាន់​តែ​ធ្ងន់​ធ្ងរ។

ប៉ុន្តែផ្ទុយទៅវិញ លោកថា ការដោះលែងលោក កឹម សុខា ជាខែលការពារ​ក្នុងប​រិបទ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ដែល​លោក​គិត​ថា មាន​សារ​សំខាន់​ខ្លាំង​ណាស់ ព្រោះ​នៅ​ក្នុង​វិវាទ​ជាមួយ​ថៃ​នៅ​ក្នុង​​ឆ្នាំ​២០២៥ និង​២០២៦​នេះ កម្ពុជា​ត្រូវ​ការ​ភាព​ស្រប​ច្បាប់ និង​ការ​គាំទ្រ​ពី​អន្តរ​ជាតិ ដើម្បី​ការ​ពារ​អធិប​តេយ្យ​ភាព​របស់​ខ្លួន​។

ត្រង់ចំនុចនេះ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត បន្ត​ផាត់​ចេញ​កម្លាំង​នយោ​បាយ​ក្នុង​ស្រុក និង​បន្ត​ឃុំ​ខ្លួន​អ្នក​ទោស​មនសិកា រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រឈម​នឹង​គម្លាត​នៃ​ភាព​ស្រប​ច្បាប់​ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ មាន​ការ​រារែក​ក្នុង​ការ​ជួយ​ជ្រុំ​ជ្រែង​កម្ពុជា។

ប៉ុន្តែផ្ទុយទៅវិញ ការដោះលែងលោក កឹម សុខា នឹង​ក្លាយ​ជា​សកម្ម​ភាព បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​បង្រួ​ប​បង្រួម​​ជាតិ​ ដែល​វានឹ​ង​ជួយ​ពង្រឹង​កម្លាំង​ការ​ទូត​របស់ លោក ហ៊ុន ម៉ាណែត ឱ្យ​កាន់​តែ​មាន​ឥទ្ធិ​ពល​ និង​អាច​និយាយ​​ក្នុង​នាម​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោ​បាយ។

លោកថា៖ «ផ្ទុយទៅវិញបើសាមគ្គីភាពជាតិ មានត្រឹមតែលើវោហាសាស្ត្រ វា​នឹង​ក្លាយ​ជា​ចំនុច​ខ្សោយ​ដែល​សត្រូវ​ខាង​​ក្រៅ​​អាច​យក​មក​ប្រើ​ប្រាស់ ដើម្បី​វាយ​ប្រហារ​មក​លើ​រូប​ភាព​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត បាន​។ ចំពោះប​ញ្ហា​សេដ្ឋ​កិច្ច​វិញ​ ទោះ​បី​មាន​កិច្ច​ព្រម​ព្រៀង​បញ្ចុះ​ពន្ធ​មក​ត្រឹម​១៩%​ក៏ដោយ ក៏​ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នេះ មាន​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខ​ខណ្ឌ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​តែង និង​តឹង​រឹង​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការ​ងារ​ពី​សហរដ្ឋ​អាមេ​រិក»។

ការណ៍នេះ លោកគិតថា ការបន្តឃុំខ្លួន លោក កឹម សុខា នៅ​តែ​ជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​ការ​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​​អនុ​គ្រោះ​ពាណិជ្ជ​កម្ម​(EBA)​ពេញ​លេញ ពីសហគមន៍អឺរ៉ុបផង និង​ការ​កសាង​ទំនុក​ចិត្ត​ ជាមួយ​រដ្ឋាភិបាល លោក ដូណាល់ ត្រាំ ផង​ដែរ។ ការណ៍​នេះ លោក​គិត​ថា ការ​ដោះ​លែង​លោក កឹម សុខា នឹង​ជួយ​ឱ្យ​លោក ហ៊ុន ម៉ា​ណែត មាន​ជំហរ​រឹង​មាំ​ក្នុង​ការ​ចរចា និង​មាន​ការ​លើក​លែង​ពន្ធ​បន្ថែម​ទៀត។

លើសពីនេះ លោកថា នឹងជួយទាក់ទាញអ្នកវិនិយោគិតបរទេស ឱ្យវិលត្រឡប់មកវិញ​ដែល​វា​ជួយ​ទប់​ទល់​នឹង​កំណើន​សេដ្ឋ​កិច្ច​ដែល​កំពុង​ថយ​ចុះ​មក​ត្រឹម​៤%​នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ។

លើសពីនេះ លោក វណ្ណលី គិតថា ការប្រើប្រាស់ច្បាប់សញ្ជាតិថ្មីកំពុង​បង្ក​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ជាពិសេស​អនុ​ក្រឹត្យ កាល​ពី​ខែ​មករា ឆ្នាំ​២០២៦ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដក​សញ្ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​ចោទ​ថា​ជា​អ្នក​បង្ក​គ្រោះ​ថ្នាក់​ដល់​​សន្តិ​សុខ​ជាតិ។

ត្រង់ចំនុចនេះ លោកថា សម្រាប់អ្នកគាំទ្រ លោក កឹម សុខា និងលោក សម រង្ស៊ី ជា​សម្ពាធ​ដ៏​ធ្ងន់​ធ្ងរ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​បាត់​បង់​នូវ​ក្តី​សង្ឃឹម​ និង​ភាព​ជា​អ្ន​ក​តំណាង។ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​រដ្ឋាភិ​បាល​ជ្រើស​រើស​យក​សេណា​រី​យ៉ូ​នយោបាយ​ពហុ​និយម​ ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​អនុញ្ញាត​ឱ្យ​ លោក កឹម សុខា មាន​សេរី​ភាព មាន​តួនាទី​នៅ​ក្នុង​សង្គម វា​នឹង​​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ផ្ទៃ​ក្នុង នៅ​ក្នុង​ស្រុក​ផង និង​ផ្តល់​សន្ទុះ​សុវត្ថិភាព​សម្រាប់​ការ​បញ្ចេញ​មតិ។

លោកថា៖ «ខ្ញុំគិតថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវតែប្រើប្រាស់​ឱកាស​ដែល​ជាតិ​កំពុង​តែ​ជួប​ការ​លំបាក​នេះ ដើម្បី​ធ្វើ​ការ​ពិចារណា​នូវ​បរិយា​កាស​នយោ​បាយ​នេះ​ឡើង​វិញ ព្រោះ​សន្តិសុ​ខ​ជាតិ​ដ៏​រឹង​មាំ គឺ​ត្រូវ​ផ្អែក​លើ​ការ​ផ្សះ​ផ្សា​ជាតិ ការ​គោរព​នីតិ​រដ្ឋ​ពិត​ប្រាកដ​ ជាជាង​ការ​បង្ក្រាប​និង​ការ​ប្រើ​ប្រាស់​វោ​ហា​សាស្ត្រប្រជាភិថុតិ​ជា​រឿយៗ​បាទ»

លើសពីនេះ ​លោកថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែប្រើប្រាស់វិបត្តិព្រំដែនជាឱ​កាស​មាស​សម្រាប់​ការ​ផ្សះ​ផ្សា​ជាតិ និង​ពង្រឹង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ ដើម្បី​កសាង​គ្រឹះស​ន្តិ​សុខ​សេដ្ឋ​កិច្ច និង​អធិប​តេយ្យ​ភាព​ជាតិ​ឱ្យ​បាន​​រឹង​មាំ​សម្រាប់​ថ្ងៃ​អនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ