តំណាង​ពាណិជ្ជ​កម្ម​លោក ត្រាំ ថ្លែង​ថា គោល​នយោបាយ​ពន្ធ​គយ​របស់​អាមេ​រិក «មិន​មាន​ការ​ផ្លាស់​ប្តូរ​ទេ»

តំណាង​ពាណិជ្ជ​កម្ម​របស់​ប្រធានាធិ​បតី​សហរដ្ឋ​អាមេរិក បាន​ទទូច​ថា គោល​នយោ​បាយ​ពន្ធ​គយ​របស់​លោក ដូណាល់ ត្រាំ “មិន​មាន​ការ​ផ្លាស់​ប្តូរ​ទេ” បើ​ទោះ​បី​ជា​តុលាការ​កំពូល​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​២០ខែ​កុម្ភៈ ឱ្យ​លុប​ចោល​នូវ​​សម្អាង​​​ហេតុ​​ផ្លូវ​ច្បាប់​មួយ ដែល​លោក ត្រាំ បាន​ប្រើ​ប្រាស់​ដើម្បី​ដាក់​ពន្ធ​គយ​ជា​ច្រើន​យ៉ាង​ណា​ក្តី។

លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារ​ព័ត៌​មាន ABC News កាល​ពី​ថ្ងៃ​ទី​២២ខែ​កុម្ភៈ​ថា៖ «ឧបករណ៍​ផ្លូវ​ច្បាប់​ដើម្បី​អនុវត្ត​វាអាច​នឹង​ផ្លាស់​ប្តូរ ប៉ុន្តែ​គោល​នយោ​បាយ​មិន​បាន​ផ្លាស់​ប្តូរ​ទេ»

ពន្ធគយ គឺជាពន្ធលើទំនិញនាំចូល។ ពន្ធនេះ ត្រូវ​បាន​បង់ជូន​រដ្ឋាភិ​បាល​ដោយ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា ដែល​នាំ​ចូល​ផលិត​ផល​បរទេស។

តុលាការកំពូល បានសម្រេចថា លោក ត្រាំ បានប្រើប្រាស់អំណាចហួស​ដែន​កំណត់ ចំពោះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ជាក់​លាក់​មួយ ដើម្បី​ដាក់​ចេញ​នូវ​កម្ម​វិធី​ពន្ធ​គយ​ជា​សកល​ដ៏​ទូលំ​ទូលាយ​កាល​ពី​ខែ​មេសា​កន្លង​ទៅ។

សេចក្តីសម្រេចនេះ អនុវត្តចំពោះតែការប្រើប្រាស់ច្បាប់​ស្តីពី​អំណាច​សេដ្ឋ​កិច្ច​ក្នុង​គ្រា​អាសន្ន​អន្តរ​ជាតិ​ឆ្នាំ​១៩៧៧ (IEEPA) របស់​លោក ត្រាំ ប៉ុណ្ណោះ ដែល​ច្បាប់​នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ពន្ធ​គយ​ភាគ​ច្រើន​ដែល​លោក​បាន​ដាក់​ចេញ​ក្នុង​អំឡុង​ពេល​អាណត្តិ​ទីពីរ​របស់​លោក​នៅ​ក្នុង​សេត​វិមាន។

ទន្ទឹមនឹងនេះ ប្រព័ន្ធពន្ធគយចម្រុះដ៏ស្មុគស្មាញ និងជាក់លាក់ជាង​មុន ដែល​កំណត់​គោល​ដៅ​លើ​ការ​នាំ​ចូល​ទំនិញ​មួយ​ចំនួន​មក​សហរដ្ឋ​អាមេ​រិក ឬ​ការ​នាំ​ចូល​ពី​ប្រទេស​ជាក់​លាក់​ណា​មួយ នៅ​តែ​បន្ត​អនុវត្ត​ដដែល។ ចំណែក​ឯផលិត​​ផល​មួយ​ចំនួន​ទៀត ត្រូវ​បាន​លើក​លែង។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានឆ្លើយតបទៅនឹងសេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដោយ​ប្រើ​ប្រាស់​ច្បាប់​​ផ្សេង​មួយ​ទៀត​ភ្លាមៗ ដើម្បី​ប្រកាស​អត្រា​ពន្ធ​គយ​ថ្មី ១០% លើ​ការ​នាំ​ចូល​ទំនិញ​ពី​គ្រប់​ប្រទេស​ទាំង​អស់។​ កាល​ពី​ថ្ងៃ​ទី​២១ខែ​កុម្ភៈ លោក​បាន​តម្លើង​អត្រា​នេះ​ដល់ ១៥%។

អត្រាថ្មីនេះ នឹ​ងចា​ប់​ផ្តើម​មានប្រសិទ្ធភាពចាប់ពីថ្ងៃទី​២៤ខែ​កុម្ភៈ​តទៅ។

លោក Greer បាននិយាយថា ផែនការនេះនឹងមាន “តម្លៃប្រហាក់ប្រហែលទៅ​នឹង​ប្រភេទ​ពន្ធ​គយ​ដែល​យើង​បាន​ដាក់​អនុវត្ត​នៅ​ក្រោម​ច្បាប់ IEEPA”។

ច្បាប់ដែលលោក ត្រាំ កំពុងប្រើប្រាស់នាពេលនេះ អាចអនុវត្តបាន​ត្រឹម​តែ​រយៈ​ពេល ១៥០ ថ្ងៃ​ប៉ុណ្ណោះ ដែល​បន្ទាប់​ពី​នោះ ត្រូវ​តែ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយសភា ដើម្បីសុំការបន្តសុពលភាព។

ជាមួយគ្នានេះដែរ រដ្ឋបាលរបស់លោក ក៏កំពុងសិក្សាលើយន្តការផ្លូវច្បាប់ផ្សេងៗទៀត ដែល​ខ្លួន​អាច​ប្រើ​ដើម្បី​តម្លើង​​ពន្ធ​បន្ថែម​ទៀត​ផង​ដែរ ដែល​ចំណុច​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក Greer នៅ​ក្នុង​មតិ​យោបល់​របស់​លោក​ទៅ​កាន់ ABC។

លោក Greer បានពន្យល់ថា៖ «យើងបានរកឃើញវិធីដើម្បីកសាងអ្វីដែ​ល​យើង​កំពុង​ធ្វើ​ឡើង​វិញ។ ឥឡូវ​នេះ វា​មិន​មាន​ភាព​បត់​បែន​ដូច​អ្វី​ដែល​ប្រធានា​ធិបតី​ ធ្លាប់​មាន​នៅ​ក្រោម​អំណាច​មុន​ ដែល​លោក​បាន​ប្រើ​ប្រាស់​នោះ​ទេ ប៉ុន្តែ​វា​ផ្តល់​ឱ្យ​យើង​នូវ​ឧបករណ៍​ដែល​មាន​និរន្តរ​ភាព​ខ្លាំង»

ប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងជាយូរមកហើយថា ពន្ធគយនឹងជំរុញផលិតកម្ម​ក្នុង​ស្រុក និង​បង្កើត​ការ​ងារ ហើយ​លោក​ក៏​បាន​ប្រើ​ប្រាស់​វា​ ដើម្បី​សម្រេច​គោល​ដៅន​យោបាយ​ផ្សេងៗ​ទៀត​ផង​ដែរ។

ប៉ុន្តែ អ្នករិះគន់ បាន​ព្រមាន​ថា ពន្ធគយបណ្តាលឱ្យតម្លៃទំនិញខ្ពស់សម្រាប់អ្នក​ប្រើ​ប្រាស់ និង​ខូច​ខាត​ដល់​សេដ្ឋ​កិច្ច​​សកល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ