តុលាការក្រុងភ្នំពេញ បដិសេធសំណើសុំដោះលែងរបស់លោក ធី ថន អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ខណៈលោកកំពុងរងចាំនីតិវិធីនៃការជំនុំជម្រះលើក្នុងសំណុំរឿងដែលតុលាការបានចោទប្រកាន់ ពីបទ រួមគំនិតក្បត់។
អត្ថបទខ្លីរបស់លីកាដូ បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណើសុំដោះលែងរបស់លោក ធី ថន នៅរសៀលថ្ងៃទី០២ ខែមីនា ដោយបានបដិសេធចោលសំណើរនេះ ហើយលោកត្រូវនៅបន្តជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី១(ព្រៃស) រងចាំតុលាការបន្តនីតិវិធីសវនាការជំនុំជម្រះក្នុងសំណុំរឿងរបស់លោក។
សមត្ថកិច្ច បានចាប់ខ្លួន លោក ធី ថន កាលពីខែសីហា ឆ្នាំ២០២៤ ទាក់ទងនឹងការតវ៉ាជំទាស់នឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) និងត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចធ្វើឱ្យលោកជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ប្រសិនបើតុលាការផ្តន្ទាទោសលើរូបលោក។
ប្រភពដដែល បន្តថា កន្លងមក សាលាឧទ្ធរណ៍ភ្នំពេញ ក៏ធ្លាប់បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោកផងដែរ ដែលគិតរហូតមកដល់ពេលនេះ ទាំងសំណើសុំដោះលែងពីពន្ធនាគារ និងសំណើសុំនៅក្រៅឃុំរបស់លោក តែងតែត្រូវបានតុលាការបដិសេធ។
បើតាមលីកាដូ លោក ធី ថន ស្ថិតក្នុងចំណោមមនុស្សចំនួន ១០០នាក់ នៅទូទាំងប្រទេស ដែលត្រូវបានចាប់ខ្លួន អំឡុងពេលមានការតវ៉ាជំទាស់នឹងកិច្ចព្រមព្រៀង CLV ហើយក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបន្តជាប់ឃុំក្នុងពន្ធនាគារ ទោះជាក្រោយពីការតវ៉ា រដ្ឋាភិបាលកម្ពុជាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងតំបន់នេះក៏ដោយ។
ក្រៅពីនោះ លោក ធី ថន ក៏ស្ថិតក្នុងចំណោមអ្នកជាប់ឃុំដោយប្រើសិទិ្ធចំនួន ៩៧ នាក់ ដែលបានចងក្រងដោយអង្គការលីកាដូ។ អ្នកជាប់ឃុំទាំងនោះ រួមមានសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសហជីព និងអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែភាពសកម្មនិយមរបស់ពួកគេ ក្នុងការបញ្ចេញមតិ ឬការពារសិទ្ធិមនុស្សនៅក្នុងប្រទេស។
កាលពីចុងឆ្នាំ២០២៥ អង្គការសារព័ត៌មានគ្មានព្រំដែន (Freedom House) បានចាត់ថ្នាក់កម្ពុជាថា «ពុំមានសេរីភាព»។ អង្គការនេះ មើលឃើញថា កម្ពុជាស្ថិតក្រោមការគ្រប់គ្រងឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា ហើយថា រដ្ឋាភិបាលតែងតែដាក់សម្ពាធលើគណបក្សប្រឆាំង បណ្ដេញសារព័ត៌មានឯករាជ្យ និងកាត់ទោសសកម្មជនបរិស្ថាន ក្រោមហេតុផលនយោបាយ។
រីឯរបាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក (World Justice Project )ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌ក្នុងសង្គម ដោយមានចំណាត់ថ្នាក់លេខ១៤១ ក្នុងចំណោម១៤២ប្រទេស។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ចែងថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈនិងដល់សន្តិសុខជាតិឡើយ»៕









