ប្រជានេសាទ​​​ឃុំ​កែវ​ផុស​ចោទ​ថា​ឈ្មួញ​ចូល​បោះ​បង្គោល​ហ៊ុំ​ព័ទ្ធ​ដី​ឆ្នេរ​សមុទ្រ​​ធ្វើ​អាជីវ​កម្ម​ប៉ះ​ពាល់​​ជីវិត​ប្រចាំ​ថ្ងៃ

ប្រជានេសាទ​រស់​នៅ​ភូមិ​កែវ​ផុស ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ ចំនួន​​២៦២​នាក់ ទាម​ទារ​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន ទប់​ស្កាត់​ឈ្មួញ​មក​បោះ​បង្គោល​ហ៊ុំ​ព័ទ្ធដី​ឆ្នេរ​សមុទ្រ​ធ្វើ​អាជីវ​កម្ម​ចិញ្ចឹម​ខ្យង លើ​ផ្ទៃ​ទឹក​ជាង​៣០​ហិកតា ដែល​ថា បង្ក​ផល​ប៉ះ​ពាល់​ដល់​ការ​រក​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

ការជំរុ​ញនេះ​ ធ្វើ​ឡើង​តាម​រយៈ​ស្នាម​មេដៃ​នៅ​លើ​លិខិត​​មួ​យ​​ច្បាប់ ​​​កម្រាស ១៦​ទំព័រ ​ដែល​វីអូឌី​ទទួល​បាន​នៅ​ថ្ងៃ​ទី​៣ខែ​មីនា​នេះ ពួក​គេ​ស្នើ​មេ​ឃុំ​កែវ​​ផុស​ជួយ​អន្តរា​គមន៍​ទប់​ស្កាត់​នូវ​ទ​ង្វើ​របស់ លោក ប៊ុយ​ ផៃ ​ប្រធាន​​សហគមន៍​កែវ​ផុស​ដែល​ថា ​​បាន​អនុញ្ញាត​ឱ្យ​បុគ្គល​​​រ​ស់​​នៅ​​​មូ​ល​ដ្ឋា​ន​ផ្សេង ចុះ​មក​បោះ​បង្គោល​របង​​ហ៊ុំ​ព័ទ្ធ​​យក​ដី​ឆ្នេរ​សមុទ្រ​​​ធ្វើ​ជា​អាជីវ​​កម្ម​​​ចិញ្ចឹម​ខ្យង​លើ​ផ្ទៃ​ដី​​ជាង​ ៣០​​ហិ​ក​តា​។

បើតាម​លិខិត​នោះ ការ​ធ្វើអាជីវកម្ម​ចិញ្ចឹម​ខ្យង​នេះ ធ្វើ​ឱ្យ​ប្រជា​នេសាទ​ពួក​គាត់ ដែល​មាន​មុខ​​របរ​ដើរ​​រក​ ​ក្តាម​ខ្យង អូស​មង និង​​ចូល​​ទូក​​​​​​​ជា​ដើម ពិបាក​រក​កម្រៃស​ម្រាប់​​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

​​​​លិ​ខិតដដែល ឱ្យ​ដឹងទៀតថា ក្រុម​ប្រជា​នេសាទ​បាន​ចោទ លោក ប៊ុយ ផៃ ថា​ជា​អ្នក​​អនុ​ញ្ញាត​ឲ្យ​​ឈ្មួញ​មក​ពី​​មូល​ដ្ឋាន​ខាង​ក្រៅ ចុះ​មក​ហ៊ុំព័​ទ្ធ​ដី​ឆ្នេរ​សមុទ្រ​បើក​​អាជីវ​​កម្ម​ដោយ​​ខុស​ច្បាប់។ ហើយ​ថា ទីតាំ​ង​​​ដី​ឆ្នេរ​សមុទ្រ​៣១​ហិកតា នៅ​ឃុំ​កែវ​ផុស​នេះ គឺ​​ពួក​គាត់​​ធ្លាប់​ធ្វើ​របរ​នេសាទ​តាំង​ពី​ដើម​រៀង​មក ពោល​គឺ​​តាំ​ង​ពី​​​ដូន​តា​​​​មក​ម៉្លេះ​។

ដែលការណ៍នេះ​ពួក​គេជំរុញឱ្យមេឃុំ ជួយ​អន្ត​រាគម​​​ន៍​បញ្ឈប់​​សកម្ម​​ភាព​ឈ្មួញ និង​ត្រូវ​ដក​បង្កោល​របង​ ដែល​ហ៊ុំ​ព័ទ្ធ​ដីឆ្នេ​រ​សមុទ្រ​​ទាំ​ង​​​នោះ​ចេញ​ឱ្យ​​អស់​ ដើម្បី​ទុក​​តំបន់​​នេះ ឱ្យ​ពួក​គាត់​​​ធ្វើ​របរ​​​​នេសាទ​​​​ជា​​លក្ខ​ណៈ​គ្រួសារ ដើម្បី​​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​​ដូច​ដើម​​វិញ។

វីអូឌី មិនអាចទាក់ទង លោក ប៊ុយ ផៃ ​ប្រធាន​សហគមន៍កែវផុស និង​លោក ផេង ម៉ីន ​​មេឃុំ​កែវ​ផុស ដើ​ម្បី​បំ​ភ្លឺ​ជុំ​វិញ​​វិវាទ​ខាង​​​លើ​​បាន​​​ទេ គិតត្រឹមម៉ោងផ្សាយ​​​នេះ។

ប៉ុន្តែ​យោង​តាម​ការ​បញ្ជាក់​​ពី​មន្ត្រីអា​ជ្ញាធរ​​​ឃុំ​​កែ​​វ​​ផុស​មិន​​បញ្ចេញ​​​ឈ្មោះ ឱ្យដឹង​ថា បញ្ហា​នៅ​​សហគមន៍​កែវ​ផុស​នេះ ថ្នាក់​ដឹក​នាំ​រដ្ឋ​បាល​​ស្រុក​ស្ទឹង​ហាវ កំពុ​ង​​រក​ដំណោះ​ស្រាយ​ធ្វើ​​យ៉ាង​ណា​ឲ្យ​ភាគី​ទាំង​ពីរ​ អាច​ទទួល​យក​​បាន​​ទាំង​​​អស់​គ្នា។ ហើយ​ថា អាច​នឹង​​​​ដោះ​​ស្រាយ​បញ្ចប់​នៅស​ប្តាហ៍​ខាង​មុខ​នេះ ។

​ទាក់ទិនបញ្ហានេះដែរ ​លោក ឯម ភា ប្រធាន​ជល​​ផល​​កំពង់​សោម ត្រូវ​បាន​សារ​ព័​​ត៌មាន​ក្នុង​​ស្រុ​ក​ដក​ស្រ​ង់​សំដី​មក​​ចុះ​​ផ្សាយ​​​ថា ករណី​វិវាទ​ផ្តើម​​ពី​ការ​​​បោះ​​បង្គោល​​របង​​​ហ៊ុំ​ព័ទ្ធដី​​​ឆ្នេរ​សមុទ្រ ដើម្បី​​​ធ្វើ​អា​ជីវ​កម្ម​​ចិញ្ចឹម​​ខ្យង នៅ​​តំបន់​កែវ​ផុស​​នេះ​។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ពាក់​ព័ន្ធ​កំពុង​ជួប​ប្រជុំ​ដោះ​ស្រាយ​។ លើសពីនេះ លោកថា ​ក្នុង​នា​ម​ជំនាញគឺ​មិន​​ហាមឃាត់​​ចំពោះកា​រ​ធ្វើអា​ជីវ​កម្ម​​ចិញ្ចឹម​ខ្យង​នៅ​មូល​ដ្ឋាន​​នេះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​​ភាគី​​បើក​ធ្វើ​​អាជី​វ​កម្ម ត្រូវ​រក​ទីតាំង​ណា​មួយ ដើម្បី​​​កុំ​ឲ្យ​​​ប៉ះ​ពាល់​​​​​​ដល់​ផល​ប្រយោជន៍ របស់​​​​ប្រ​ជា​នេសាទ ដែល​​រ​ក​​អាស្រ័​យ​​ផ​ល​​​នៅ​តំបន់​នោះ ។

ម្យ៉ាងទៀត រាល់ការបើក​ធ្វើអាជីវកម្ម​អ្វីមួយ ក៏ត្រូវរៀបចំ​ស្នើសុំ​ច្បាប់ទម្លាប់ ឲ្យ​បាន​ត្រឹម​​ត្រូវ​ជា​មុន​​ដែរ​ ព្រោះ​គម្រោង​​បើក​ធ្វើ​អាជីវ​កម្ម​ចិញ្ចឹម​ខ្យង​នៅ​ឆ្នេរ​សមុទ្រ​​តំបន់កែវផុស មិនទាន់មានច្បាប់អនុញ្ញាត​ទេ​។

លោក​បន្តថា ចំពោះ​ទំនាស់​រវាងអ្នកនេសាទ ជាមួយអ្នក​​ធ្វើអាជីវកម្មចិញ្ចឹមខ្យង​ នៅ​​ឆ្នេរ​សមុទ្រ​​ឃុំ​កែវ​ផុ​ស​នេះ​ ​ក្រុម​ការ​ងារ​អាជ្ញាធរ​​​ឃុំ​ស្រុក ក៏​​​ធ្លាប់​​បានអញ្ជើញ​​ភាគី​​ពាក់​​​ព័ន្ធមកជួប្រជុំ ដើម្បីបំភ្លឺរឿងនេះដែរ ប៉ុន្តែ​ប្រ​ជា​​ពលរដ្ឋ អ្នក​​ប្រកប​របរ​នេសាទ​មិន​បាន​​ចូល​រួម​ទេ គឺ​ឃើញ​​មា​ន​តែស​ហគមន៍ និង​​​​តំណាង​​សហគមន៍​​តែង​​ចូល​រួម​​តែប៉ុណ្ណោះ​​។

លោកថា៖ «ក្នុង​នាម​ជំនាញ​សូម​ស្នើដល់អាជ្ញាធរ​​ជួយ​រក​វិធី​ធ្វើ​​ម៉េច​កន្លែ​ង​​ណា​ ​មាន​ផ​ល​ប៉ះ​​ពាល់​ជាមួយ​ប្រ​ជា​​នេសាទ ដែល​​​កន្លែង​​​ពួក​គាត់​អាស្រ័យផល ​យើងកុំ​ចិញ្ចឹម​​កន្លែង​ហ្នឹង គឺ​យើង​ងាក​​​ទៅ​​ក​​ន្លែង​ណា​​ដែល​មិន​មាន​បញ្ហា​ប្រឈម​ជាមួយ​ពួក​គាត់។ អាហ្នឹង​វា​ជា​​ដំណោះ​ស្រាយ​​ឈ្នះៗ។ ហើ​យ​ក្នុង​​នា​ម​​​ជំនាញ យើង​​សា​ទរ ដែល​គាត់បានចូលរួម​អភិវឌ្ឍន៍​វារីវប្បកម្ម ស្របទៅ​តាមយុ​ត្តិសា​​ស្ត្រ​រប​ស់​ក្រ​សួងដែរ» ។

សម្រាប់​មន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធ ​លើការងារថែរក្សាធនធានធម្មជាតិ​ប្រចាំ​ខេត្ត​ព្រះ​សីហនុ ក៏បា​ន​សំ​ណូម​ពរ​ថា វិវាទ​ខាង​លើ​នេះ​​ អាជ្ញាធរ​ពាក់​ព័ន្ធ​​ត្រូវ​​​ពិនិត្យ​ដោះ​ស្រាយ​​ច​ប់​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​​​ឲ្យ​វិវាទ​​រីក​​ធំ និង​អូសបន្លាយ​ដល់​​ការ​​ប្រកប​របរ​រក​ទទួល​ទាន​របស់​ប្រជា​នេសាទ​នៅ​ឃុំ​កែវ​ផុស​។

លោក ​សុខ សុខុម ប្រធាន​អង្គការស្រឡាញ់​ធនធាន​ធម្មជាតិកម្ពុជា ហៅ​កាត់ ស៊ីអ៊ិនរ៉ូ (CNRO) បាន​ឲ្យ​ដឹង​នៅ​​ថ្ងៃ​ពុធ ទី​​០៤ ខែ​មីនា​ថា លោក​​​ក៏ទ​ទួល​​បាន​​លិខិត​ផ្តិត​ស្នាម​មេដៃ​របស់​ប្រជា​​នេសាទ​ឃុំ​កែវ​ផុស ស្នើ​​ជួយ​​ស្វែង​រក​ដំណោះ​ស្រាយ លើ​ករណី​មាន​​​ឈ្មួញ​​ចូល​មក​​​បោះ​បង្គោល​របង ហ៊ុំព័ទ្ធ​ដី​ឆ្នេរ​​សមុទ្រ​​ធ្វើ​អាជីវ​កម្ម​​ចិញ្ចឹ​ម​ខ្យង​នេះ​ដែរ។

​លោកបន្តថា រូបលោក បានត្រឹមស្នើសុំបន្ត​ទៅអាជ្ញាធរ​ឃុំ​កែវ​ផុស ឲ្យ​​ជួ​យ​ស​ម្រប​​សម្រួល​បញ្ចប់​វិវាទ​នេះ​​ឲ្យ​​បាន​​ឆាប់ ដើម្បី​​​កុំ​ឲ្យ​​ប៉ះ​​ពាល់​​​ដល់ការ​ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ​របស់​ប្រជា​ពល​រដ្ឋ ហើយ​ព្យាយាម​ដោះ​​ស្រាយធ្វើ​យ៉ាង​ណា ឲ្យ​​ភាគីទាំង​សង​ខាង អាច​​​ទទួល​​យក​បាន​​ទាំង​​អស់​គ្នា ។

​យ៉ាងណាក៏ដោយចុះ ​ប្រជានេសាទរស់នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏បាន​សំណូម​ពរ​បន្ថែម​​ទៅ​​ដល់ លោក ម៉ាង ស៊ីណេត អភិបាល​​ខេត្ត​ព្រះ​សីហនុ ឲ្យ​​ជួយ​​ពន្លឿន​​ដោះ​ស្រាយ​កង្វល់​ពួក​គាត់​ ចប់​​​ឲ្យ​បា​​នឆាប់​ផង។ ដ្បិត​សកម្មភាព​ឈ្មួញចូល​​មកបោះ​បង្គោល​របង​ហ៊ុំព័ទ្ធ​ដី​​ឆ្នេរ​​សមុទ្រ ក្នុង​​ឃុំ​​កែវ​ផុស បាន​​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ ដល់​ការ​ធ្វើ​របរ​នេសាទ​​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។ ហើយ​ថា អាជ្ញាធ​​រ​​ឃុំ​កែវ​ផុស ហា​ក់មិ​​​នសូវយកចិត្តទុកដាក់ ជួយ​​​ដោះ​​ស្រាយ​​កង្វល់​​ជូន​ពួក​គាត់​​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ