ជនជាតិ​​ដើម​​កួយ​ខេត្ត​​ព្រះ​វិហារ​​ឱ្យ​រដ្ឋ​ស្តារ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ដើម្បី​សង្គ្រោះ​សត្វ​ដំរី

សកម្ម​ភាព​​កាប់​​ដើម​​ឈើ​​ធំៗ​​ធ្វើ​​អាជីវ​កម្ម ការ​​ទន្ទ្រាន​​ព្រៃ​​អភិរក្ស​​រាន​​យក​​ដី និង​​ការ​​ដាក់​អន្ទាក់​​ចាប់​សត្វ​​ព្រៃ​  រួមទាំ​ង​គ្រាប់​ផ្តោង​របស់​ថៃ​ថ្មីៗ​នេះ បណ្តាល​ឱ្យ​ដំរី​២ក្បាល​ស្លាប់​ផង​នោះ ត្រូវ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ លើក​ឡើង​ថា គឺ​​ជា​​មូល​​ហេតុ​​ចម្បង​​​​ធ្វើ​​ឱ្យ​​សត្វ​​ដំរី​​ព្រៃ​​នៅ​ព្រៃ​ការ​ពារ​ព្រះ​រកា​​​បន្ត​​បា​ត់​បង់​ ហើយ​​អាច​​នឹង​​ផុត​​ពូជ​​នៅ​​ថ្ងៃ​​អនា​គត​ ប្រសិន​​បើ​​រដ្ឋាភិ​បាល​​មិន​​រក​​មធ្យោ​បាយ​​ដោះ​ស្រាយ​​​​ឱ្យ​ទាន់​ពេល​ទេ។

ប្រការ​នេះ​ ប្រជា​សហគមន៍​រស់​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែង​មាន​ជ័យ និង​ស្រុក​ឆែប ជិត ២០០ នាក់ នៅ​ដើម​សប្តាហ៍​​នេះ បាន​រួមគ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដំរី និង​បំបួស​ព្រៃឈើ ​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា-ឆែប  ក្នុង​​បំណង​រំឭក​​ដឹង​គុណ​អ្នក​លះបង់​ការពារ​ព្រៃឈើ ​និង​បង្ហាញ​​​ក្តី​​ស្រឡាញ់​​ចំពោះ​ព្រៃឈើ សត្វព្រៃ ព្រម​ទាំង​បំផុស​ស្មារតី​ពលរដ្ឋ​ និង​អាជ្ញាធរ​សហការ​គ្នា​ថែ​ទាំ​ព្រៃ​ឱ្យ​គង់។

គណៈកម្មការ​បណ្តាញ​ព្រៃ​ព្រះ​រកា ​អ្នកស្រី ជួន ឃឹម  ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​០៥ ខែ​មិនា​​ថា​ ដំរី​​ព្រៃ​​រស់​នៅ​ក្នុង​ដែន​ជម្រក​​សត្វ​ព្រៃ​ព្រះរកា-ឆែប កាន់​តែ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រសិន​បើ​រដ្ឋាភិបាល​មិន​រក​មធ្យោបាយ​អភិរក្ស​ឱ្យ​ល្អ​​នោះ​​ទេ ពួក​វា​នឹង​ផុត​ពូជ​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នកស្រី​ទទូច​ឱ្យ​ក្រសួង​បរិស្ថាន​ និង​ស្ថាប័ន​ពាក់ព័ន្ធ ​ដាំ​កូន​ឈើ​ស្តារ​ព្រៃ​ឡើ​ងវិញ ​និង​ថែទាំ​កូន​ឈើ​ឱ្យ​ល្អ​ដើម្បី​ផ្តល់​ទីតាំង​​ដំរី​ងាយ​ស្រួល​រស់​នៅ។

អ្នកស្រី ជួន ឃឹម និយាយថា៖ «ភូមិ​/ឃុំ​គាត់​អត់​ជួយ​ឈឺ​ឆ្អាល​ទេ​ ហើយ​មេបា​នៅ​កន្លែង​មួយៗ​បើ​គាត់​ចេះ​ផ្សព្វ​ផ្សាយ​​ពលរដ្ឋ​ឱ្យ​ចូលរួម​អី អា​ហ្នឹង​វា​អាច​ព្រៃឈើ​យើង​នៅ​គង់​វង្ស។ បើ​ឃើញ​ដឹក​ឈើ​មួយៗ​ចូល​ទៅ គាត់​ថា បិទ​ភ្នែក​​ច្រមុះ​​ទៅ កុំ​ឱ្យ​​ចាប់​​គ្នា ចាប់​​អី។ ខ្ញុំ​ថា បើ​ធ្វើ​អី​ចុះ​​វា​នៅ​គង់វង្ស​អី ​ព្រៃ​ បើ​ភូមិ​/ឃុំ​ជួយ​ផ្សព្វផ្សាយ ការពារ​ព្រៃ​ឈើ​វា​​មិន​អស់​ទេ»

មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ ​ឱ្យ​ដឹង​ថា គ្រាប់​ផ្លោង​របស់​យោធា​ថៃ​ បាន​សម្លាប់​ជីវិត​សត្វ​​ដំរី​​ម្តាយ និង​កូន ដែល​ទើបនឹង​​កើត ក្នុង​​ដែន​​ជម្រក​​សត្វ​​ព្រៃ​​ព្រះ​​រកា-ឆែប ខេត្ត​ព្រះវិហារ។

អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ លោក ឈុន ឆេង បាន​​​ថ្លែង​ក្នុង​កម្ម​វិធី​នោះ​​ថា​ ពេល​នេះ​​ដែន​​ជម្រក​​សត្វ​​ព្រៃ​​ព្រះ​​រកា-ឆែប រដ្ឋាភិ​បាល​​បាន​​ពង្រីក​​ដែន​​អភិរក្ស​​ទំហំ​​ជាង ៣៤ ម៉ឺន​​ហិកតា​ (៣៤.៨៨៩) ហើយ​​មន្ត្រី​​ឧទ្យានុ​រក្ស​មាន​​តិច​តួច​​នៅ​​ឡើយ ដែល​​ទាម​ទារ​ឱ្យ​ប្រជា​សហគមន៍​សហការ​អភិរក្ស​ព្រៃឈើ។

ក្នុង​ពិធី​បុណ្យ​នោះ លោក ឈុន ឆេង បាន​ដឹក​នាំ​មន្ត្រី​ឧទ្យានុរក្ស​ សហការ​ជាមួយ​ក្រុម​ស្នូល​បណ្ដាញ​ព្រៃ​ព្រះ​រកា រៀប​​ចំ​ពិធី​រំលឹក​ឧទ្ទិស​ដល់​វិញ្ញាណ​​សត្វ​​ដំរី និង​ពិធី​បុណ្យ​ខួប​បំបួស​ព្រៃ​ព្រះ​រកា​រយៈ​​ពេល ៣​ថ្ងៃ នៅ​​ដើម​​ខែ​​មិនា​នេះ។

ពិធី​បុណ្យ​នេះ​មាន​ព្រះ​សង្ឃ ព្រឹទ្ធាចារ្យ សហគមន៍​មូលដ្ឋាន​ ក្រុម​សង្គម​ស៊ីវិល​សរុប​ជិត ​២០០អង្គ/នាក់ ប្រារព្ធ​ឡើង ក្នុង​​បំណង​លើក​កម្ពស់​ទ្រព្យ​សម្បត្តិ​ជាតិ និង​​អភិរក្ស​​​ធនធាន​​ព្រៃ​ឈើ សត្វ​ព្រៃ ជីវ​ចម្រុះ​ និង​​ដើម​​ច្បោះ​​ជ័រ​​ទឹក ដែល​​ជា​​ប្រភព​ចំណូល​របស់​សហគមន៍។

ក្រុម​ស្នូល​បណ្ដាញ​ព្រៃ​ព្រះ​រកា​ ​លោក ស៊ុត សាវ៉ន ប្រាប់​​វីអូឌី​ថា បច្ចុប្បន្ន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​  ក្លាយ​ជា​ទី​វាល​​មួយ​​ផ្នែក​​ធំ ​និង​តំបន់​អភិរក្ស​ខ្លះ​ទៀត​អស់​ដើម​ឈើ​ធំ​ៗ នៅ​សល់​តែ​ព្រៃ​រេចរឹល​ ពិបាក​ដល់​ដំរី​ចិញ្ចឹម​ជីវិត និង​បង្ក​​កំណើត។

លោក​បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​ដាំ​ស្តារ​ព្រៃ​ឡើង​វិញ នឹង​​កាត់​​បន្ថយ​​កម្ដៅ​ទប់​ស្កាត់​​​បម្រែ​បម្រួល​​អាកាស​​ធាតុ​​និង​​លើក​​កម្ពស់​​ជីវ​ភាព​​សហគមន៍។

លោក ស៊ុត សាវ៉ន និយាយ​ថា៖ «កន្លែង​មួយ​ចំនួន​វា​អស់​ដើម​ឈើ​ធំ​ៗ​គេ​កាប់ វា​វាល វា​ក្តៅ​ បើ​សិន​ជា​យើង​ស្ដារ​ឡើង​​វិញ វា​​អាច​ដើម​ឈើ​លូតលាស់​វិញ​ធំៗ​ដែរ។ បើ​យើង​ត្រួសត្រាយ​ដាំ​ដើម​​ឈើ​​ឡើង​​វិញ វា​នឹង​ប្រសើរ​ឡើង​វា នឹង​​ល្អ»។

ជុំវិញ​​រឿង​​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក ​សោភ័ណ សង្កេត​​​ឃើញ​ថា ជន​ជាតិ​ដើម​ភាគ​តិច​​គោរព​​ស្រឡាញ់​​សត្វ​​ព្រៃ និង​​សត្វ​ដំរី ដែល​ពួកគាត់​មាន​ជំនឿ​ថា សត្វ​ដំរី​នាំ​មក​នូវ​ត្រជាក់​ត្រជំ​ និង​ចម្រុង​ចម្រើន។

លោក​ថា រដ្ឋាភិបាល​ធ្លាប់​បង្ហាញ​ឆន្ទៈ​ស្ដារ​ព្រៃឈើ​ឡើង​វិញ​ ហើយ​ក្រសួង​បរិស្ថាន​បាន​ប្ដេជ្ញា​ចិត្ត ប្រឹង​ប្រែង​ការពារ​ព្រៃឈើ​ដែរ ក៏​ប៉ុន្តែ​នៅ​ពុំ​ទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ។

លោក ប៉ឹក សោភ័ណ ថ្លែងថា៖ «អ្វី​ដែល​បារម្ភ​គឺ ក្រសួង​ក៏​ដូច​ជា​មន្ទីរ​ លោក​​លើក​​ឡើង​​ពី​​កង្វល់​​ថា មាន​​មន្ត្រី​​តិច​តួច​​ជួយ​​ការ​ពារ​​មាន​​តែ​​សហគមន៍ និង​​មន្ត្រី​​ឧទ្យានុ​រក្ស​​ជួយ​​ការ​ពារ​​រួម​គ្នា​ វា​​អាច​​នឹង​​ឋិត​​ថេរ​​គង់​​វង្ស​បាន​​យូរ​​អង្វែង»

ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា-ឆែប ​ត្រូវ​ក្រសួងបរិស្ថាន​ដាក់​បញ្ចូល​ជា​ព្រៃ​អភិរក្ស​​មាន​ទំហំ​​ជាង ៩ម៉ឺន​ហិកតា ឋិត​នៅ​​ភូមិ​សាស្ត្រ​​ប្រជុំ​​​បី​​ស្រុក គឺ​​ស្រុក​​ជាំ​ក្សាន្ត ស្រុក​​ត្បែង​​មាន​ជ័យ និង​​ស្រុក​​ឆែប របស់​​ខេត្ត​​ព្រះ​វិហារ ក៏​ប៉ុន្តែ​​ក្រោយ​​មក​​រដ្ឋាភិ​បាល​​ពង្រីក​​ដែន​​អភិរក្ស​​នេះ​ ​រហូត​​ដល់​​ជាង ៣៤ម៉ឺន​ហិកតា​ លាត​​សន្ធឹង​​ជាប់​​ព្រំដែន​​កម្ពុជា-ថៃ រហូត​​ដល់​​ខេត្ត​ស្ទឹង​ត្រែង។  

មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ​​ លើក​ឡើង​ថា សព្វ​ថ្ងៃ ព្រៃ​​អភិរក្ស​​មួយ​​នេះ មាន​​ឆ្មាំ​​អភិរក្ស​​របស់​​ក្រសួង​​បរិស្ថាន​​ជាង ២០​នាក់ ដែល​​ឈរ​​ជើង​ការពារ​ព្រៃ។ រីឯ​សត្វ​ដំរី​ព្រៃ​កំពុង​រស់​នៅ​ក្នុង​ព្រៃ​អភិរក្ស​នេះ​ មាន​ជាង ២០ក្បាល ដែល​ផ្លាស់​​ទី​រក​ចំណី​ជា​ហ្វូង និង​ដំរី​ខ្លះ​ឆ្លង​ដែន​ដល់​ព្រំដែន​កម្ពុជា-ថៃ នេះ​បើ​យើង​តាម​ការ​ស្រាវ​ជ្រាវ​​ក្រុម​ស្នូលព្រៃ​ព្រះរការ-ឆែប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ