សេចក្តី​សម្រេច​របស់​ព្រឹទ្ធ​សភា​អាមេរិក​បាន​បរាជ័យ​ក្នុង​ការ​រឹត​​ត្បិ​ត​អំណាច​សង្គ្រាម​របស់​លោក​ ត្រាំ លើ​ប្រ​ទេស​អ៊ីរ៉ង់

សេចក្តី​សម្រេច​ចិត្ត​របស់​ព្រឹទ្ធ​សភា​អាមេរិក​ដែល​គាំទ្រ​ដោយ​បក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​៤ខែ​មីនា ក្នុង​គោល​បំណង​រឹត​ត្បិត​សមត្ថ​ភាព​របស់​ប្រធានា​ធិបតី Donald Trump ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ង់ បាន​បរាជ័យ ខណៈ​ដែល​ការ​វាយ​ប្រហារ​នៅ​តែ​បន្ត​កើត​មាន។

វិធានការអំណាចសង្គ្រាមនេះ ត្រូវបានបដិសេធក្នុងសំឡេងឆ្នោត ៥៣ ទល់​នឹង ៤៧ ដែល​ភាគ​ច្រើន​បែង​ចែក​ទៅ​តាម​ខ្សែ​បន្ទាត់​បក្ស។ វិធាន​ការ​នេះ នឹង​ផ្អាក​សកម្ម​ភាព​យោធា​អាមេរិក​នៅ​អ៊ីរ៉ង់ ប្រសិន​បើ​គ្មាន​ការ​យល់​ព្រម​ពី​សភា​។

ខាង​គណបក្សប្រជាធិបតេយ្យ បាន​លើក​ឡើង​ថា លោក Trump បាន​ផាត់​សភា​ឱ្យ​នៅដោ​យ​ឡែក និង​បាន​ផ្តល់​ហេតុ​ផល​ផ្លាស់​ប្តូរ​ចុះ​ឡើង​សម្រាប់​ការ​ធ្វើ​សង្គ្រាម។ សមាជិក​បក្ស​សាធារណ​រដ្ឋ​ភាគ​ច្រើន បាន​រារាំង​សេច​ក្តី​សម្រេច​ចិត្ត​នេះ ប៉ុន្តែ​អ្នក​ខ្លះ​បាន​និយាយ​ថា ពួក​គេ​អាច​នឹង​ប្តូរ​ចិត្ត ប្រសិន​បើ​សង្គ្រាម​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សប្តាហ៍​ខាង​មុខ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់​ កាលពីថ្ងៃទី​២៨ខែ​កុម្ភៈ។ សាធារណ​រដ្ឋ​ឥស្លាម​មួយ​នេះ បាន​ឆ្លើយ​តប​វិញ ដោយ​ការ​បើក​ការ​វាយ​ប្រហារ​លើ​អ៊ីស្រា​អែល និង​បណ្តារ​ដ្ឋស​ម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ។

ដោយគ្មានផ្លូវចេញច្បាស់លាស់នៅចំពោះមុខ រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth បាន​និយាយ​ថា សង្គ្រាម​អាច​នឹង​អូសប​ន្លាយ​ពេល ៨ សប្តាហ៍ ដែល​វា​ស្ទើរ​តែ​ទ្វេដង​នៃ​រយៈ​ពេល​ដែល​ លោក Trump បាន​លើក​ឡើង​កាល​ពី​ចុង​សប្តាហ៍។

មានសមាជិកព្រឹទ្ធសភាពីររូប បានបោះឆ្នោតផ្ទុយពីបក្សរបស់ខ្លួន ក្នុងការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​៤ខែ​មីនា។ សមា​ជិក​ព្រឹទ្ធ​សភា​បក្ស​ប្រជា​ធិប​តេយ្យ លោក John Fetterman មក​ពី​រដ្ឋ Pennsylvania បាន​ជំទាស់​នឹង​វិធាន​ការ​នេះ​ ខណៈ​ដែល​សមាជិក​ព្រឹទ្ធ​សភា​បក្ស​សាធារណ​រដ្ឋ​ លោក Rand Paul មក​ពីរដ្ឋ Kentucky បានបោះឆ្នោតគាំទ្រ។

ក្រៅពីនោះ អ្នកផ្សេងទៀតបានបោះឆ្នោតទៅតាមខ្សែបន្ទាត់បក្សរៀងៗខ្លួន។

សមាជិកព្រឹទ្ធសភាលោកស្រី Susan Collins ដែលជាសមាជិកបក្សសាធារណរដ្ឋកណ្តាល​និយម​មក​ពី​រដ្ឋ Maine បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​វិធានការនេះ ដោយបាននិយាយបន្ទាប់ពីការបោះឆ្នោតថា ការអនុម័តច្បាប់នេះនឹងផ្ញើសារខុស​ទៅកាន់ប្រទេសអ៊ីរ៉ង់ និងកងទ័ពអាមេរិក។

លោកស្រីបានមានប្រសាសន៍ថា៖ «នៅចំណុចរបត់នេះ ការផ្តល់ការគាំទ្រយ៉ាង​មុត​មាំដ​ល់​សមា​ជិក​កង​ទ័ព​របស់​យើង​ គឺ​​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ក៏​ដូច​ជា​ការ​ពិគ្រោះ​យោបល់​បន្ត​បន្ទាប់​រវាង​រដ្ឋ​បាល និង​សភា​ផង​ដែរ»

មេដឹកនាំបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាលោក Chuck Schumer បាននិយាយមុន​ពេល​បោះ​ឆ្នោត​គាំទ្រ​វិធាន​ការ​នេះ​ថា៖ «តើ​អ្នក​ឈរ​នៅ​ខាង​ប្រជា​ជន​អាមេរិក​ ដែល​​នឿយ​ហត់​នឹង​សង្គ្រាម​មិ​ន​ចេះ​ចប់​មិន​ចេះ​ហើយ​ នៅ​មជ្ឈិម​​បូព៌ា ឬ​ក៏​ឈរ​នៅ​ខាង​ លោក Donald Trump និង​លោក Pete Hegseth ខណៈ​ដែល​ពួក​គេ​កំពុង​នាំ​យើង​ទាំង​ងងឹត​ងងុល​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​មួយ​ផ្សេង​ទៀត?»។

ច្បាប់នេះ នឹងត្រូវបញ្ជូនទៅបោះឆ្នោតនៅថ្ងៃ៥មីនានៅក្នុងសភាតំណាងរាស្ត្រ ដែល​វា​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង។

ទោះបីជាប្រធានាធិបតីមានអំណាចទូលំទូលាយ ក្នុងការបើកប្រតិបត្តិការយោធា​ ដោយ​មិន​ចាំបាច់​មាន​ការ​ប្រកាស​​សង្គ្រាម​ជា​ផ្លូវ​ការ​ក៏​ដោយ ក៏​សភា​ត្រូវ​តែ​ទទួល​បាន​ការ​ជូន​ដំណឹង​ក្នុង​រយៈ​ពេល ៤៨ ម៉ោង បន្ទាប់​ពី​អរិភាព​បាន​ចាប់​ផ្តើម។

មេដឹកនាំជាន់ខ្ពស់នៃសភាត្រូវបានជូនដំណឹង​មុនពេលការវាយប្រហារដំបូង​បានចាប់ផ្តើម ហើយ​លោក Trump បាន​​ជូន​ដំណឹង​ដល់សភាក្នុងលិខិត​មួយ កាលពីថ្ងៃទី២ខែ​មីនា ទោះបីជាលោក​នៅតែប្រកាន់ជំហរ​ថា​ វាមិនចាំបាច់ក៏​​ដោយ។

កន្លង​មក លោក Trump ធ្លាប់បានបញ្ជាឱ្យមានប្រតិបត្តិការ​យោធាដោយ​គ្មានការយល់​ព្រម​ពីសភា ដូច​ជា ការវាយប្រហារ​របស់​សហរដ្ឋ​អាមេរិក​លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់​ កាលពីឆ្នាំមុន និងការចាប់ខ្លួនប្រធានាធិបតីវេណេ ហ្ស៊ុយ​​​អេឡា លោក Nicolás Maduro កាលពីខែមករាជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ