នាវាមុជទឹកសហរដ្ឋអាមេរិកមួយគ្រឿង បានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ដោយប្រើគ្រាប់តូរពីដូ (torpedo) នៅតំបន់មហាសមុទ្រឥណ្ឌា ក្បែរឆ្នេរសមុទ្រនៃប្រទេសស្រីលង្កា ដែលនេះជាការបង្ហាញពីការពង្រីកវិសាលភាពនៃប្រតិបត្តិការយោធារបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងកងទ័ពជើងទឹកអ៊ីរ៉ង់។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់កាលពីថ្ងៃទី៤ខែមីនាថា នាវាចម្បាំងដែលរងការវាយប្រហារនោះ គឺជាប្រភេទនាវាហ្វ្រ៊ីហ្កាត់ (frigate) ឈ្មោះ IRIS Dena។ លោកបានពណ៌នាការវាយប្រហារនេះថាជា «សេចក្តីស្លាប់ដ៏ស្ងប់ស្ងាត់» (quiet death) ហើយវាគឺជាលើកដំបូងបង្អស់ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលនាវាមុជទឹកអាមេរិកបានបាញ់ពន្លិចនាវាសត្រូវដោយប្រើគ្រាប់តូរពីដូ។
យោងតាមអាជ្ញាធរស្រីលង្កា មនុស្សយ៉ាងហោចណាស់ ៨៧ នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត ហើយនាវិកចំនួន ៣២ នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលនាវានេះមានផ្ទុកមនុស្សសរុបប្រហែល ១៨០ នាក់។ នាវា IRIS Dena ត្រូវបានគេរាយការណ៍ថា កំពុងធ្វើដំណើរត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ បន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកអន្តរជាតិនៅប្រទេសឥណ្ឌា។
ការបាញ់ពន្លិចនាវានេះ បានកើតឡើងចំពេលដែលសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទីប្រាំ ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងដល់ផ្លូវដឹកជញ្ជូនអន្តរជាតិ និងការផ្គត់ផ្គង់ប្រេងសកល។
គ្រាប់តូរពីដូ (Torpedo) ដែលបាញ់ចេញពីនាវាមុជទឹកអាមេរិក បានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿង នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស្រីលង្កា ខណៈដែលរដ្ឋបាលលោក Trump បានអនុវត្តតាមការគំរាមកំហែងរបស់ខ្លួនក្នុងការកម្ទេចថ្នាក់ដឹកនាំយោធា និងនយោបាយរបស់ទីក្រុងតេអេរ៉ង់។
យ៉ាងហោចណាស់ មាននាវិកអ៊ីរ៉ង់ចំនួន ៨៧ នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារលើនាវា Iris Dena កាលពីថ្ងៃទី៤ខែមីនា។ នាវាហ្វ្រ៊ីហ្កាត់ (Frigate) នេះ កំពុងធ្វើនាវាចរណ៍ក្នុងដែនទឹកអន្តរជាតិ ខណៈពេលធ្វើដំណើរត្រឡប់មកពីសមយុទ្ធកងទ័ពជើងទឹកដែលរៀបចំដោយប្រទេសឥណ្ឌានៅឈូងសមុទ្រ Bengal។ ការវាយប្រហារដោយគ្រាប់តូរពីដូនេះ បានបង្កជាសំណួរពីសំណាក់អតីតមន្ត្រីអាមេរិកថា តើគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការកម្ចាត់យោធាអ៊ីរ៉ង់ទាំងអស់នេះ គឺជាការរំលោភលើច្បាប់អន្តរជាតិដែរឬយ៉ាងណា។
ហេតុការណ៍នេះ បានកើតឡើងចំពេលដែលការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានបន្តចូលដល់ថ្ងៃទីប្រាំ ដោយមន្ត្រីវ៉ាស៊ីនតោនបានព្រមានថា ការវាយប្រហារលើគោលដៅ “កាន់តែជ្រៅ” នឹងធ្វើឡើងក្នុងប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ។ កងកម្លាំងអាមេរិកក៏បានកំណត់គោលដៅលើក្រុមជីវពលគាំទ្រអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ ខណៈដែលកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ខ្លួននឹងបន្តការវាយប្រហារដោយមីស៊ីល និងដ្រូនលើគោលដៅនានានៅទូទាំងមជ្ឈិមបូព៌ា។
យោងតាមរដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក Vijitha Herath បានឱ្យដឹងថា កងឆ្មាំសមុទ្របានទទួលសញ្ញាអាសន្នពីនាវា Iris Dena នៅម៉ោង ៥:០៨ នាទីព្រឹកថ្ងៃ៤មីនា។ សមាជិកនាវិកបានរៀបរាប់ថា ហេតុការណ៍នេះគឺជាការផ្ទុះ។
លោក Herath បានថ្លែងថា៖ «នៅម៉ោង ៦ ព្រឹក យើងបានបញ្ជូននាវាជើងទឹកមួយគ្រឿង ហើយនៅម៉ោង ៧ ព្រឹក យើងបានបញ្ជូននាវាទីពីរ»។
លោកបានបន្តថា ស្រីលង្កាមានកាតព្វកិច្ចឆ្លើយតបនឹងការហៅទូរស័ព្ទសុំជំនួយ ពីព្រោះខ្លួនជាហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្តីពីការស្វែងរក និងសង្គ្រោះតាមសមុទ្រ។
មន្ត្រីស្រីលង្កា បាននិយាយថា ពួកគេបានជួយសង្គ្រោះមនុស្ស ៣២ នាក់ ពីលើនាវា ដែលត្រូវបានគេជឿថាមានផ្ទុកនាវិកចំនួន ១៨០ នាក់។ ក្រុមអ្នកឆ្លើយតបបន្ទាន់បានស្រង់សាកសពចំនួន ៨៧ នាក់ចេញពីទឹក៕









