សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបន្តយុទ្ធនាការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៥ខែមីនា ដែលបានឈានចូលដល់ថ្ងៃទី៦ហើយ។ អ្នកស្រុកនៅទីនោះបានរៀបរាប់ថា ការទម្លាក់គ្រាប់បែកមានសភាពកាន់តែខ្លាំងក្លា ខណៈដែលអ៊ីរ៉ង់បានប្តេជ្ញាសងសឹកគ្រប់ទីកន្លែង ចំពោះការវាយប្រហាររបស់អាមេរិកទៅលើនាវាដែលស្ថិតនៅចម្ងាយរាប់ពាន់ម៉ាយពីតំបន់ប្រយុទ្ធ។
នៅក្នុងប្រទេសអ៊ីរ៉ង់ ការពន្យារពេលភ្លាមៗនៃកម្មវិធីកាន់ទុក្ខរយៈពេលបីថ្ងៃ សម្រាប់មេដឹកនាំកំពូលដែលត្រូវបានគេធ្វើឃាត លោក Ali Khamenei បានធ្វើឱ្យរំខានដល់ផែនការក្នុងការតែងតាំងកូនប្រុសរបស់លោក ដែលជាអ្នកនិយមតឹងរ៉ឹង ឱ្យឡើងកាន់តំណែងបន្ត។
លោក Mohammadreza អាយុ ៣៦ ឆ្នាំ បាននិយាយតាមទូរស័ព្ទពីទីក្រុងតេហេរ៉ង់ ក្នុងសំឡេងញ័ររន្ធត់ ខណៈដែលមានសម្លេងផ្ទុះចេញពីអ្វីដែលអ៊ីស្រាអែល ហៅថាជារលកនៃការវាយប្រហារចុងក្រោយលើគោលដៅរដ្ឋាភិបាលអ៊ីរ៉ង់ថា៖ «ថ្ងៃនេះអាក្រក់ជាងម្សិលមិញទៅទៀត។ ពួកគេកំពុងវាយប្រហារទីក្រុងតេហេរ៉ង់ភាគខាងជើង។ យើងគ្មានកន្លែងត្រូវទៅទេ វាដូចជាតំបន់សង្គ្រាមអញ្ចឹង ជួយពួកយើងផង»។
ទោះបីជាទីផ្សារហិរញ្ញវត្ថុអន្តរជាតិមួយចំនួន បានងើបឡើងវិញពីការធ្លាក់ចុះកាលពីដើមសប្តាហ៍ក៏ដោយ ក៏ផលប៉ះពាល់សេដ្ឋកិច្ចនៃយុទ្ធនាការនេះកាន់តែខ្លាំងក្លាឡើង ដោយបណ្តាប្រទេសជុំវិញពិភពលោកត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ចំនួនមួយភាគប្រាំនៃកម្រិតសកល។
អ៊ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារដោយគ្រាប់បែកទឹក (torpedo) របស់សហរដ្ឋអាមេរិក លើនាវាចម្បាំងអ៊ីរ៉ង់នៅឆ្នេរសមុទ្រស្រីលង្កា កាលពីថ្ងៃ៤ខែមីនា ដែលបានសម្លាប់នាវិកជាង ៨០ នាក់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថា វ៉ាស៊ីនតោននឹង “ស្តាយក្រោយយ៉ាងខ្លាំង” ចំពោះការបង្កើតបុរេវិនិច្ឆ័យ (precedent) តាមរយៈការបាញ់ពន្លិចនាវានៅក្នុងដែនទឹកអន្តរជាតិដោយគ្មានការព្រមានទុកជាមុន។
មេបញ្ជាការកងឆ្មាំបដិវត្តន៍ លោកឧត្តមសេនីយ៍ Kioumars Heydari បានប្រាប់ទូរទស្សន៍រដ្ឋថា៖«យើងបានសម្រេចចិត្តប្រយុទ្ធជាមួយជនជាតិអាមេរិក នៅគ្រប់ទីកន្លែងដែលពួកគេស្នាក់នៅ»។
សពរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងម៉ោងដំបូងនៃយុទ្ធនាការផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាការធ្វើឃាតមេដឹកនាំកំពូលរបស់ប្រទេសមួយ តាមរយៈការវាយប្រហារតាមអាកាសជាលើកដំបូង ត្រូវបានគ្រោងនឹងតម្កល់ទុកក្នុងសាលបន់ស្រន់ក្នុងទីក្រុងតេហេរ៉ង់ ចាប់ពីល្ងាចថ្ងៃទី៤ខែមីនា ដើម្បីចាប់ផ្តើមការកាន់ទុក្ខរយៈពេលបីថ្ងៃ។
ប៉ុន្តែពិធីរំលឹកវិញ្ញាណក្ខន្ធ ដែលរំពឹងថានឹងមានអ្នកកាន់ទុក្ខរាប់ពាន់នាក់ចូលរួមនៅលើដងផ្លូវ ត្រូវបានពន្យារពេលភ្លាមៗ និងដោយគ្មានកាលកំណត់ មុនពេលកម្មវិធីចាប់ផ្តើមបន្តិច។
នៅក្នុងរយៈពេលប៉ុន្មានម៉ោងមុនការប្រកាសពន្យារពេល មន្ត្រីអ៊ីរ៉ង់ បាននិយាយថា ពួកគេជិតនឹងប្រកាសឈ្មោះអ្នកបន្តតំណែងរបស់លោក Khamenei ហើយ ហើយបេក្ខជនឈានមុខគេ គឺកូនប្រុសរបស់លោក គឺលោក Mojtaba ដែលជាអ្នកនិយមតឹងរ៉ឹងដ៏មានឥទ្ធិពល ដែលការជ្រើសរើសរូបលោកនឹងក្លាយជាកាយវិការនៃការមិនចុះញ៉មដ៏ខ្លាំងក្លាមួយ។
មន្ត្រីអ៊ីរ៉ង់ មិនបានផ្តល់ហេតុផលសម្រាប់ការពន្យារពេលពិធីរំលឹកវិញ្ញាណក្ខន្ធនោះទេ ប៉ុន្តែប្រភពមួយបានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថា មូលហេតុមួយផ្នែកគឺដោយសារការព្រួយបារម្ភពីការធ្វើឃាតលើអ្នកដែលចូលរួម ខណៈដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតែបន្តហោះហើរលើផ្ទៃមេឃ៕









