អ្នកឃ្លាំមើលចាត់ទុកការលើកឡើងរបស់ លោក ហ៊ុន ម៉ានី ថ្មីៗនេះដែលថា សព្វាវុធវិស័យការពារជាតិកម្ពុជានៅខ្សោយជាងប្រទេសថៃថា ជាការបើកកកាយការសម្ងាត់វិស័យការពារជាតិ តែថាសារនេះជាការទទួលស្គាល់ការពិត ដែលចាំបាច់ត្រូវធ្វើកំណែទម្រង់ ដើម្បីបុព្វហេតុការពារទឹកដី។
ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ក្រោយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ធ្វើឱ្យដីខ្មែរជាង៤០ទីតាំងនៅតាមបណ្តាខេត្តជាប់ព្រំដែន ត្រូវយោធាថៃវាយបណ្តើមគ្រប់គ្រង ចាប់ពីចុងខែធ្នូឆ្នាំ២០២៥មក ទោះរដ្ឋាភិបាលទទួលស្គាល់ថា ការបាត់បង់ទឹកដីទៅប្រទេសថា មានត្រឹម១៤ទីតាំងក្តី។
បច្ចុប្បន្នថៃកំពុងសម្រុកធ្វើផ្លូវចាក់ប៉េតុង សំណង់ផ្សេងៗ រួមទាំងជីកប្រឡាយ រាយលួសបន្លា ពង្រីកព្រំដែនថ្មី លើដីខ្មែរលើដីខ្មែរតាមព្រំដែនទាំងគ្មានការរំខានពីក្រសួងការពារជាតិកម្ពុជា ជិត៣ខែមកនេះ។
ការរិះគន់ លោក ហ៊ុន ម៉ានី បានកើតឡើងបន្ទាប់ពីកូនប្រុស លោក ហ៊ុន សែន រូបនេះ បានថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ៣មីនា កាលពីថ្ងៃទី៣ខែមីនាថា សមរភូមិយោធាកម្ពុជា មិនមានប្រៀបលើប្រទេសថៃនោះទេសូម្បីចំនួនប្រជាជនកម្ពុជាក៏តិច ទំហំសេដ្ឋកិច្ច អាវុធយុទ្ធភណ្ឌរបស់កម្ពុជា ។
លោកថា៖ «អ្វីដែលជាសព្វាវុធយុទ្ធភណ្ឌដទៃទាំងចម្បាំង ក៏យើងមិនស្មើគេ។ បច្ចេកវិទ្យាក៏យើងមិនលើសគេ។ ក៏ប៉ុន្តែទោះយ៉ាងណាក្តីមកដល់ពេលនេះ ម៉ោងនេះ កម្ពុជានៅតែឈររឹងមាំ និងថែរក្សាសិទ្ធិក្នុងការការពារអធិបតេយ្យរបស់ខ្លួនហើយទៅលើ១៤ចំណុច គោលដៅដែលយោធានៃប្រទេសជិតខាងកំពុងតែឈរជើងដោយខុសច្បាប់ ខ្ញុំគ្រាន់តែទាញចំណាប់អារម្មរណ៍អង្គប្រជុំ ទៅលើសារសម្តេចបវរធិបតីដែលបានលើកឡើងថា ទាំង១៤ទីតាំងនេះ មិនមានមួយទីតាំងណាមួយ ដោយមិនមានការខំប្រឹងប្រែងពុះពារនិងដាក់ជីវិតជាដើមទុនគួបផ្សំ និងតំណក់ឈាម និងការពលីកម្មរបស់វីរៈកងកម្លាំងរបស់យើងនៅទីនោះនោះទេ។ ១៤ទីតាំងនេះមិនមែនជាកន្លែងដែលកងកម្លាំងរបស់កម្ពុជាបាក់ស្បាត ហើយរត់ចោលសមរភូមិនោះទេ។ តែផ្ទុយទៅវិញវាចេញនិងបង្ហាញនូវឆន្ទៈដ៏មោះមុត ក្នុងការការពារបូរណភាពទឹកដី។ ក៏ប៉ុន្តែក៏ខ្ញុំបានបញ្ជាក់ពីដើមទីហើយ ចំពោះសមរភូមិយោធាកម្ពុជា មិនមានប្រៀបទៅលើប្រទេសជិតខាងនោះទេ»។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី នេះត្រូវបានក្រុមអ្នកឃ្លាំមើលចាត់ទុកថា ជាការបើកកកាយការសម្ងាត់របស់កងទ័ពដែលច្បាប់បានហាម ខណៈអ្នកកាសែត២នាក់ គ្រាន់តែបង្ហោះរូបថតជាមួយកងទ័ពជួរមុខនៅប្រាសាទតាក្របី កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ត្រូវបានតុលាការខេត្តសៀមរាបកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១៤ឆ្នាំក្នុងម្នាក់ៗ។
លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគ បានថ្លែងថា ការលើកឡើងរបស់ លោក ហ៊ុន ម៉ានីជាការបង្ហាញពីការបំពានអំណាចខុសពីមុខងាររបស់ខ្លួន ដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ លោក ហ៊ុន ម៉ានី មិនគួរយកមកនិយាយជាសាធារណៈ ទាក់ទងទៅនឹងភាពទន់ខ្សោយចាញ់ប្រៀប និងសព្វាវុធរបស់កងទ័ពកម្ពុជានោះទេ បើទោះបីវាជាការពិតក៏ដោយ។
លោកថា៖ «ទោះបីវាជាការពិតក៏ដោយ ហើយបើសិនត្រូវមានការលើកឡើងនោះ ច្បាស់ណាស់គឺជាសមត្ថកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាអ្នកគួរសមទំនងក្នុងការលើកឡើង។ បើយើងមើលទៅលើកម្សោយរបស់កងទ័ពកម្ពុជា ជារួមមិនមែនដោយសារតែរដ្ឋាភិបាលប្រឹងប្រែងធ្វើហើយខ្សោយឬក៏កម្ពុជាមានធនធាន ដែលមិនគ្រប់គ្រាន់ក្នុងការធ្វើទំនើបកម្មមិនមែនទេ កម្សោយក្នុងរយៈកាល៣ទសវត្សរ៍មកនេះ គឺកើតចេញពីអំពើពុករលួយដ៏ក្រាស់ឃ្មឹកនៅក្នុងវិស័យកងទ័ព។ ដោយឡែកគឺកើតចេញពីរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាតែម្តង ដែលជាអ្នកធ្វើឱ្យវិស័យការពារជាតិកម្ពុជាទន់ខ្សោយ»។
បើតាមអ្នកវិភាគរូបនេះ ភាពទន់ខ្សោយរបស់កងទ័ពកម្ពុជា ក្នុងនោះរួមទាំងការគ្មានសព្វាវុធទំនើបប្រើប្រាស់ជាដើម ទាំង លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួមទាំងគណបក្សប្រជាជនកម្ពុជា គឺសុទ្ធតែបានដឹងច្បាស់ ក៏ប៉ុន្តែពួកគេគ្មានចេតនាពិតប្រាកដក្នុងការធ្វើទំនើបកម្មឱ្យកងទ័ពកម្ពុជាខ្លាំងនោះឡើយ។
លោកថា៖ «ពួកគេបានដឹងជាពិសេសនៅពេលដែលរងការឈ្លានពានពីប្រទេសថៃ គឺពួកគេបានដឹងច្បាស់អំពីសមត្ថភាពរបស់កងទ័ពកម្ពុជាតែម្តង។ ក៏ប៉ុន្តែរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនព្រមធ្វើកំណែទម្រង់ ឬក៏គ្មានឆន្ទៈក្នុងការធ្វើកំណែទម្រង់សោះតែម្តង ដោយពួកគេទុកឱ្យកងទ័ពនៅក្នុងសភាពទន់ខ្សោយបែបនេះ ដែលងាយនៅក្នុងការប្រើប្រាស់កងទ័ពក្នុងបុព្វហេតុ ដើម្បីអំណាចផ្ទាល់ខ្លួនដើម្បីការពារនូវអំណាចនៃក្រុមអ្នកកាន់អំណាចបច្ចុប្បន្ន»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី៥ ខែមីនានេះថា ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី គឺជាការទទួលស្គាល់ការពិតដែលថា រដ្ឋាភិបាលកម្ពុជាខ្សោយកងទ័ពកម្ពុជាខ្សោយ ដែលហេតុដូច្នេះចាំបាច់ត្រូវធ្វើកំណែទម្រង់ជាបន្ទាន់ ដើម្បីឱ្យកងទ័ពខ្លាំង។ ជាមួយគ្នានេះ លោកថា រដ្ឋាភិបាលត្រូវតែដោះលែងអ្នកកាសែត និងពលរដ្ឋដែលតិចទៀនរដ្ឋាភិបាល ជុំវិញបញ្ហាកងទ័ពខ្សោយ បញ្ហាថតរូបភាពជាប់រូបមីននៅពីខាងក្រោយ ការនិយាយពីកងទ័ពខ្វះទឹកផឹក និងគ្រូបង្រៀនដែលត្រូវចាប់ឃុំ រួមទាំងអ្នកទោសមនសិការទាំងអស់ ត្រូវដោះលែងឱ្យពួកគាត់មានសេរីភាព។ លោកថា ការដោះលែងអ្នកទោសមនសិការជិត ១០០នាក់ ដែលកំពុងជាប់ឃុំ គឺជាសញ្ញាបង្ហាញពីការធ្វើកំណែទម្រង់ និងការឯកភាពជាតិដែលជាដំណើរឆ្ពោះទៅរកភាពសុខដុមរមនារបស់ប្រជាជាតិខ្មែរ ដែលនឹងធ្វើឱ្យខ្មែររីកចម្រើនហើយខ្លាំង។
លោកថា៖ «យើងមើលមានរឿងច្រើនណាស់ ជុំវិញកម្សោយភាពនៃកងទ័ពនេះ ទី១ គឺរដ្ឋាភិបាលអត់មានយកចិត្តទុកដាក់លើវិស័យការពារជាតិឱ្យបានពេញលេញទេ។ ប៉ុន្តែរដ្ឋាភិបាលយកចិត្តទុកដាក់តែកងទ័ពអង្គរក្សការពារផ្ទាល់ខ្លួន ដូចជា ក្រុមកងអង្គរក្សពិសេសរបស់ លោក ហ៊ុន សែន នៅទួលក្រសាំងអីហ្នឹង គឺថាបំពាក់ដោយសព្វាវុធ ទំនើបការហូបចុកស្លៀកពាក់ គឺថាពេញលេញមិនឱ្យខ្វះខាតទេ។ ចំណែកឯកងទ័ពការពារជាតិ គឺខ្សត់ខ្សោយតាំងពីប្រាក់ខែ ក៏វាមានកម្រិតហើយមានអំពើពុករលួយបក្ខពួកនិយម តែងតាំងគ្នាឯងធ្វើមន្ត្រីធំៗ ហើយមានទាហានខ្មោចក៏ច្រើន។ ពាក្យថាមិនសូវយកចិត្តទុកដាក់លើវិស័យការពារជាតិ គឺវាពាក់ព័ន្ធនឹងអំពើពុករលួយ បក្ខពួកនិយម ហ្នឹងវាក្រាស់ពេកនៅក្នុងជួររដ្ឋាភិបាល ហើយវាធ្វើឱ្យវិស័យការពារជាតិជួបប្រទះបញ្ហា»។
សម្រាប់អ្នកឃ្លាំមើលសង្គមរូបនេះ មើលឃើញថា បច្ចុប្បន្នកងទ័ពកម្ពុជាជួរមុខមានស្មារតីជាតិដ៏ខ្លាំងក្លាក្នុងការការពារទឹកដី។ ប៉ុន្តែអ្វីដែលរដ្ឋាភិបាលចាំបាច់ត្រូវដុតដៃដុតជើងធ្វើ គឺត្រូវធ្វើទំនើបកម្មកងទ័ព រាប់ចាប់តាំងពីការហ្វឹកហ្វឺនបណ្តុះបណ្តាលចំណេះជំនាញកងទ័ព សព្វាវុធ លុបចោលប្រព័ន្ធបក្ខពួកនិយមពុករលួយស៊ីលុយទាហានខ្មោច និងត្រូវបង្កើនកញ្ចប់ថវិកាជាតិយកទៅប្រើឱ្យចំគោលដៅជាដើម។
វីអូឌី មិនអាចទាក់ទងស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះ ពីអ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានទេនៅថ្ងៃទី៥ខែមីនានេះ។
យ៉ាងណាក្តី លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ពីការវិវត្តស្ថានការណ៍រវាងកម្ពុជា-ថៃ នៅថ្ងៃទី៥ខែមីនានេះ ដោយលើកឡើងពីការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែតនាពេលកន្លងមកថា ការការពារបូរណៈភាពទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងខ្ពស់បំផុតរបស់រដ្ឋាភិបាល ដែលការលើកឡើងនេះ មិនមែនគ្រាន់តែជាពាក្យសម្តីទេ តែវាជាការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់រដ្ឋាភិបាល និងបានស្តែងចេញជាសកម្មភាពជាក់ស្តែងជារៀងរហូតមក។
សម្រាប់ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ឱ្យដឹងដែរថា អ្វីដែលលោក ហ៊ុន ម៉ានី លើកឡើងពីរឿងសព្វាវុធកងទ័ពកម្ពុជា មិនអាចប្រៀបស្មើកងទ័ពថៃ ឬក៏ទ័ពកម្ពុជាមិនមានប្រៀបលើកងទ័ពថៃ គឺទាក់ទងនឹងការសម្ងាត់របស់កងទ័ព ដែលមិនគួរត្រូវលើកយកមកនិយាយជាសាធារណៈបែបនេះនោះទេពីព្រោះវាអាចធ្វើឱ្យបាក់ទឹកចិត្តដល់កងទ័ព ខណៈពេលកងទ័ពថៃកំពុងឈរជើងដោយខុសច្បាប់នៅលើទឹកដីកម្ពុជានៅឡើយ។
លោកគូសបញ្ជាក់ថា ឆ្លងកាត់សង្គ្រាម២លើកកាលពីឆ្នាំ២០២៥ វាបានបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កងទ័ពកម្ពុជា ដែលចាំបាច់ត្រូវមានការធ្វើទំនើបកម្ម និងធ្វើកំណែទម្រង់ជាបន្ទាន់ រាប់ចាប់តាំងពីការធ្វើទំនើបកម្មសព្វាវុធ និងការបង្កើនកម្រិតជីវភាពរបស់កងទ័ពនិងគ្រួសារកងទ័ពជាដើម។ ក្រៅពីនេះកងទ័ពត្រូវតែឯករាជអព្យាក្រឹតមិនរងសម្ពាធនយោបាយ។
លោកថា៖ «ចឹងហើយទំនើបកម្មយោធានេះ គឺថាជារឿងចាំបាច់បំផុតក្នុងការបង្កើតនូវសេនារីយោនៃយុទ្ធសាស្ត្រគោលដៅបែបណាៗ គឺទាក់ទងទៅនឹងក្រុមបញ្ជាសេនារីយោ មានន័យថា គំនិតខួរក្បាលយុទ្ធសាស្ត្រចិត្តសាស្ត្រសង្គ្រាម ក្នុងការប្រយុទ្ធជាមួយសត្រូវ គឺថាយើងត្រូវឱ្យមានភាពខ្លាំងមួយដែលទាហានមានក្រមសីលធម៌ឈរនៅលើគោលការណ៍ដាក់ជីវិតនៅក្នុងសមរភូមិ ដើម្បីការពារអធិបតេយ្យភាពបូរណភាពជាមួយនឹងសត្រូវបរទេសឈ្លានពាន។ ចឹងបានន័យថា ទំនើបកម្មយោធាទៅនឹងលក្ខណៈបច្ចេកទេសទៅនឹងចំណេះជំនាញរបស់កងទ័ព ហើយនឹងរបៀបវិន័យសណ្តាប់ធ្នាប់នៃការដឹកនាំរបស់មេបញ្ជាការពីថ្នាក់លើដល់ថ្នាក់ក្រោម ដែលគ្មានបក្ខពួកគ្រួសារនិយមឬក៏អំពើពុករលួយ»។
រដ្ឋាភិបាលឯកបក្សនៃបក្សប្រជាជនកម្ពុជា បានរងការស្តីបន្ទោសយ៉ាងខ្លាំងថា មានភាពទន់ខ្សោយនិងអសមត្ថភាពយ៉ាងខ្លាំង ក្នុងការការពារទឹកដី ខណៈបច្ចុប្បន្នកងទ័ពថៃនៅតែបន្តចូលមករាយបន្លាលួសដាក់ទូរកុងតឺន័រវាទយកដីខ្មែរជារៀងរាល់ថ្ងៃ ធ្វើឱ្យទឹកដីខ្មែរដែលថៃដណ្តើមកាន់កាប់បានកើនឡើងរហូតដល់៤៥ទីតាំង រាប់ចាប់តាំងពីមានបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនត្រឹមតែមិនប្រើកម្លាំងទប់ស្កាត់ទៅនឹងការបន្តឈ្លានពានទឹកដីពីសំណាក់ភាគីថៃប៉ុណ្ណោះទេ ថែមទាំងមិនទាន់ឃើញប្តឹងថៃទៅតុលាការអន្តរជាតិ ឬស្ថាប័នអន្តរជាតិ ដើម្បីទាមទារឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជានោះឡើយ ក្រៅតែពីធ្វើការថ្កោលទោសថៃជារៀងរាល់ថ្ងៃ៕









