ក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រនេះ បានអះអាងថា យុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមបច្ចេកវិទ្យា ជាង១ខែកន្លះមកនេះ កំពុងដំណើរទៅដោយមានប្រសិទ្ធភាព និងស័ក្តិសិទ្ធ និងឈានទៅកាត់ផ្តាច់ឫសគល់បណ្តាញឧក្រិដ្ឋកម្ម ត្រឹមខែមេសាតាមការគ្រោងទុក ក្រោមពាក្យស្លោកបិទទីតាំងបិទប្រព័ន្ធបញ្ជា។
នេះបើតាមការធ្វើសេចក្ដីសង្ខេបព័ត៌មាន ស្ដីពី លទ្ធផលបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសប្ដាហ៍ទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ដែលបានធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ។
លោក ទូច សុខៈ បាននិយាយថា លទ្ធផលនៃយុទ្ធនាការបង្ក្រាប និងបោសសម្អាត បទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានទីតាំងចំនួន២០បន្ថែមទៀតត្រូវបានបិទដំណើរការ។
លោកថា បើគិតពីដើមខែមករាឆ្នាំនេះ យុទ្ធនាការដែលមានរយៈពេលជាង១ខែកន្លះមកនេះ ទីតាំងសង្ស័យដែលត្រូវបានបញ្ជាឱ្យបិទ សរុបមានចំនួន ១៣៦ទីតាំង និងកាស៊ីណូចំនួន១៦ ត្រូវបានបិទបន្ថែមទៀត ដែលនាំឱ្យកាស៊ីណូត្រូវបានបិទសរុបកើនឡើងដល់១១៣កាស៊ីណូ និងមនុស្សរាប់រយនាក់ ចម្រុះជាតិសាសន៍ត្រូវបានចាប់ខ្លួន ក្នុងនោះមានទាំងជនជាតិចិន និងជនជាតិខ្មែរផងដែរ។
សម្រាប់ លោក ទូច សុខៈ លទ្ធផលនេះ ធ្វើឱ្យមានការប្រែប្រួលយ៉ាងសំខាន់ លើស្ថានភាពសន្តិសុខឌីជីថលក្នុងសង្គមកម្ពុជា និងធ្វើឱ្យសកម្មភាពឧក្រិដ្ឋកម្ម មានការថមថយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធ។
លោកថា៖ «ដោយសារតែមូលដ្ឋានប្រតិបត្តិការណ៍ និងបណ្តាញគាំទ្រឧក្រិដ្ឋកម្ម ឆបោកតាមបច្ចេកវិទ្យានេះ គឺថាត្រូវបានយើងបំបែក យើងបង្ក្រាប និងបោសសម្អាតជាបន្តបន្ទាប់ នៅក្នុងសន្ទុះមួយយ៉ាងលឿនៗ គួរឱ្យកត់សម្គាល់»។
លើសពីនេះ លោកថា ជាទិសដៅបន្ទាប់ មន្ត្រីក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ នឹងរួមគ្នាបន្តបំបែក បង្ក្រាប និងបណ្តេញ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យបានដល់ឫសគល់ តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីចាប់ខ្លួនមេខ្លោង ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងទៅកាន់តុលាការ ក្រោមពាក្យស្លោកថា «បិទទីតាំង បិទប្រព័ន្ធបញ្ជា»។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ បុគ្គលសំខាន់ៗ ក្នុងជួររដ្ឋាភិបាល រួមទាំងសែស្រឡាយលោក ហ៊ុន ម៉ាណែត ដែលស្ថាប័នអន្តរជាតិរកឃើញថា ជាមេខ្លោងពាក់ព័ន្ធយ៉ាងជ្រៅ ក្នុងបទឧក្រិដ្ឋឆបោកតាមបច្ចេកវិទ្យានេះ និងបទឧក្រិដ្ឋលាងលុយកខ្វក់ ដូចជា អ្នកឧកញ៉ា ហ៊ុន តូ ឧកញ៉ា លី យ៉ុងផាត់ និងលោក កុក អាន ជាដើម មិនមានព័ត៌មានពីវិធានការចាប់ខ្លួនពួកគេទេ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ និយាយថា ជាដំណឹងល្អ បើដូចទៅនឹងអ្វីដែលមន្ត្រីរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ បានទម្លាយឱ្យដឹង។ លោកថា វិធានបោសសម្អាតនិងផ្តាច់ឫសគល់មេឧក្រិដ្ឋជនឆបោក ជាបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរ និងបំណងអន្តរជាតិ។
ក៏ប៉ុន្តែផ្ទុយទៅវិញ លោកថា បើយុទ្ធនាការនេះ ធ្វើឡើងមិនដូចទៅនឹងអ្វីដែលក្រសួងបានលើកឡើង ឬមិនមានចំណាត់ការទៅលើមេខ្លោងដែលអន្តរជាតិចង្អុលមុខចំៗ ដោយឈរលើមូលដ្ឋាននីតិរដ្ឋ និងច្បាប់ទេនោះ ក្រសួងក៏ដូចជារដ្ឋាភិបាលមិនទទួលបានការសាទរពីការបើកយុទ្ធនាការនេះឡើយ។
លោកថា៖ «លុះណាតែមានឆន្ទៈទាំងអស់ ទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល ក្រសួងមហាផ្ទៃ ហើយនឹងអាជ្ញាធរមានសមត្ថកិច្ចដោយសហការជាមួយដៃគូរសហគមន៍អន្តរជាតិ ដើម្បីលាងជម្រះបញ្ហាទំាងអស់ហ្នឹង ដោយឈរទៅលើគោលការណ៍នីតិរដ្ឋនិងច្បាប់ បើមិនដូច្នេះទេនៅតែមានមន្ទិល និងចោទប្រកាន់»។
បើតាម លោក សេក សុជាតិ យុទ្ធការបោសសម្អាតបទឧក្រិដ្ឋនៅកម្ពុជា ដែលមិនផ្អែកលើគោលការណ៍នីតិរដ្ឋ និងច្បាប់ កម្ពុជានឹងមិនអាចលាងជម្រះកេរ្តិ៍ឈ្មោះ ដើម្បីទាញការគាំទ្រពីមហាជន និងសហគមន៍អន្តរជាតិបានឡើយ។ ហើយថា ជំងឺចាស់វានឹងរើឡើងវិញនៅថ្ងៃណាមួយ បើរដ្ឋាភិបាលជីកមិនអស់ឬស។
លោកថា៖ «យើងទៅលើលក្ខណវិទ្យាសាស្ត្រយើងថាជីកមិនអស់ឫសគល់ វានឹងអាចដុះពន្លកនៅក្នុងនៅពេលណាមួយ នៅពេលដែលមានបរិយាកាសអំណោយផលសម្រាប់កិច្ចការទាំងអស់ហ្នឹង»។
ស្ថាប័នអន្តរជាតិជាច្រើន បានលើកឡើងថា រដ្ឋាភិបាលថ្មីរបស់កម្ពុជា ទំនងជាមិនអាចកម្ទេច និងទប់ស្កាត់ឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាពបាននោះទេ ដោយសារតែឥស្សរជននយោបាយជាន់ខ្ពស់សំខាន់ៗរបស់រដ្ឋាភិបាល និងគណបក្សប្រជាជនជាប់ពាក់ព័ន្ធដោយត្រង់ និងដោយប្រយោលជាមួយឧស្សាហកម្មកខ្វក់នេះ។
របាយការណ៍ «ស្តីពីការជួញដូរមនុស្ស ឆ្នាំ២០២៥ (TIP)» ចុះផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ដោយរកឃើញថា មន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សារដ្ឋាភិបាលទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើការ រួមទាំងជាម្ចាស់កម្មសិទ្ធនៃទីតាំងប្រតិបត្តិការឆបោកទាំងនោះ។ ការគប់គិតគ្នាជាផ្លូវការនៅគ្រប់កម្រិតរហូតដល់មន្ត្រីជាន់ខ្ពស់ បានរារាំងសកម្មភាពអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលនៅតែរីករាលដាលនៅឆ្នាំនេះ៕









