អ្នកឃ្លាំមើល បានសម្តែងការខកចិត្តចំពោះការបន្តឃុំខ្លួន និងការបន្តធ្វើទុក្ខបុកម្នេញលើសកម្មជនបរិស្ថាន និងការបន្តឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លីថា បានបង្ហាញឱ្យឃើញពីភាពទន់ខ្សោយនៃនីតិរដ្ឋរបស់កម្ពុជា ដែលជាឱកាសបើកដៃឱ្យមន្ត្រីខិលខូចគប់គិតជាមួយឈ្មួញទុច្ចរិតបំផ្លាញធនធានរបស់កម្ពុជា។
លោក អ៊ុក ម៉ៅ ជាជនជាតិដើមភាគតិចខ្មែរ-កួយ និងជាអ្នកកាសែតបញ្ហាបរិស្ថាននៅខេត្តស្ទឹងត្រែង គឺជាសកម្មជនបរិស្ថានម្នាក់ក្នុងចំណោមសកម្មជនបរិស្ថានផ្សេងទៀត ដែលរងគ្រោះដោយសារតែភាពសកម្មក្នុងការការពារធនធានធម្មជាតិ។ នៅពេលនេះ លោក ម៉ៅ បានជាប់បណ្តឹងនៅតុលាការយ៉ាងតិចចំនួន១៥បណ្តឹង ខណៈសកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិចំនួន ៥នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារ។
កាលពីថ្ងៃទី៤ខែមីនា លោក អ៊ុក ម៉ៅ ត្រូវបានតុលាការខេត្តស្ទឹងត្រែង កោះហៅឱ្យចូលសវនាការពាក់ព័ន្ធនឹងបទចោទ «កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ប៉ុន្តែនៅពេលលោកនិងអ្នកភូមិជនជាតិដើមប្រមាណ ១០នាក់ បានទៅដល់មន្ត្រីតុលាការប្រាប់លោកថា សវនាការត្រូវលើកពេល។ លោក អ៊ុក ម៉ៅ បានសំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការលើកពេលម្តងហើយម្តងទៀតរបស់តុលាការ ដោយឈរស្រែករិះគន់មន្ត្រីតុលាការនៅពីមុខតុលាការខេត្តស្ទឹងត្រែង ជាមួយអ្នកភូមិប្រមាណ ១០នាក់ផ្សេងទៀត។
លោកថា៖ «នេះខ្ញុំបានមកសាលាដំបូងខេត្តស្ទឹងត្រែង តែឥឡូវលើកពេលទៀតហើយអត់មានទេយុត្តិធម៌សម្រាប់ខ្ញុំ។ សូមតុលាការកុំជឿមន្ត្រីបរិស្ថានដែលភូតភរច្រើនពេក។ បើថាតុលាការជឿមន្ត្រីភូតភរច្រើនពេកប្រទេសប្រាកដជារលាយរលត់អស់ហើយ។ ពេលវេលាកោះហៅប្រជាពលរដ្ឋលើកចុះលើកឡើង សូម្បីតែលុយចាក់សាំង ក៏គ្មានផងបាយក៏អត់ហូបដែរនឹងលើកៗ ១០០ដង ១០០០ដងទៀត ក៏លើកទៅចុះពលរដ្ឋស្លាប់អស់ហើយ នៅក្នុងខេត្តស្ទឹងត្រែងនេះ គ្មានទេភាពយុត្តិធម៌។ នឹងហើយសូមតុលាការកុំជឿមន្ត្រីបរិស្ថានច្រើនពេកតែជឿច្រើនពេកអត់មានគុកដាក់ទេ»។
ទាក់ទងនឹងបទចោទ លោក អ៊ុក ម៉ៅ បានចោទសួរថា តើអ្វីទៅជាការញុះញង់? បើគ្រាន់តែលោកប្រាប់ប្រជាពលរដ្ឋឱ្យការពារព្រៃឈើ ហើយលោកក៏មិនដែលទៅកាប់បំផ្លាញព្រៃឈើដូចការចោទប្រកាន់នោះដែរ ខណៈផ្ទះខ្ទមរបស់លោកក៏ធ្លាប់ត្រូវបានគេលួចដុតបំផ្លាញ។
វីអូឌី មិនអាចទាក់ទង លោក លាង តុងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនិង លោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ដែលកាន់សំណុំរឿងលោក អ៊ុក ម៉ៅ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយបានទេនៅថ្ងៃទី៦ខែមីនានេះ។
តុលាការកំពូល កាលពីថ្ងៃទី២ខែមីនា បានប្រកាសសាលដីកាពីការបន្តឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន៥រូប ក្នុងនោះរួមមាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និងលោក យីម លាងហ៊ី។
សកម្មជនទាំងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ចន្លោះពី ៦ ឆ្នាំ ដល់ ៨ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ខណៈលោក យឹម លាងហ៊ី ត្រូវបានកាត់ទោសមួយករណីទៀតពីបទ «ប្រមាថអង្គព្រះមហាក្សត្រ»។
ទាក់ទងនឹងសំណុំរឿងលោក អ៊ុក ម៉ៅ លោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រាមែកឈើ កាលពីថ្ងៃទី៤ខែមីនា បានបង្ហោះរូបថត៣សន្លឹក គឺរូបថត លោក អ៊ុក ម៉ៅ អ្នកស្រី អ៊ុក យីម បងស្រីរបស់ លោក អ៊ុក ម៉ៅ ដែលស្លៀកពាក់ខោអាវអ្នកទោស និងកូនប្រុសរបស់គាត់ គឺលោក ហៀ ហាក់ស៊ីង ក៏ស្លៀកពាក់ខោអាវអ្នកទោសផងដែរ ជាមួយនឹងសំណេរថា កាលពីមុនគេបានចាប់ខ្លួន លោក អ៊ុក ម៉ៅ ដាក់គុកហើយឥឡូវនេះ គេបានចាប់ខ្លួនអ្នកមីង អ៊ុក យីម ដែលជាបងស្រីបង្កើតរបស់ លោក អ៊ុក ម៉ៅ ព្រមទាំងកូនប្រុសរបស់គាត់ឈ្មោះហៀ ហាក់ស៊ីង ដាក់ពន្ធនាគារនៅខេត្តព្រះវិហារដែរ។
សម្រាប់ លោក ផន ផល្លា នៅពេលដែលនិយាយដល់ជនជាតិដើមភាគតិចត្រូវបានរងបណ្តឹង ហើយត្រូវបានគេចាប់ដាក់គុកនោះ គឺវាគ្មានរឿងអ្វីក្រៅពីរឿងដីធ្លីនោះទេ។ លោកបានលើកឡើងថា ជាធម្មតា ការតាំងទីលំនៅនិងការធ្វើចំការរបស់ជនជាតិដើមភាគតិច គឺពួកគាត់បានកាន់កាប់ដីធ្លីរបស់ពួកគាត់តជំនាន់ពីដូនតារបស់ពួកគាត់មក ដោយភាគច្រើនគឺគ្មានប្លង់ឬឯកសារអ្វីបញ្ជាក់នោះទេ។
ប៉ុន្តែលោកថា៖ «ក្រោយមកអស់លោកអ្នកមានលុយ និងមានអំណាចមួយចំនួន ក៏បានប្រែក្រឡាខ្លួនទៅជាម្ចាស់ដីធ្លីទាំងនោះដោយស្របច្បាប់ មានទាំងប្លង់កម្មសិទ្ធិ ទាំងដែលខ្លួនឯងមិនដែលបានទៅជាន់ដីនោះម្តងផង។ លើសពីនេះ គឺពួកគេអាចប្តឹងម្ចាស់ដីដើម ដាក់គុកបានថែមទៀត។ អស់លោកមានខ្សែរយ: មានបណ្តាញមានខ្នង មានលុយ មានអំណាច ហើយមានចំណេះដឹង អស់លោកប្រឹងប្រើគ្រប់មធ្យោបាយ ដើម្បីឱ្យម្ចាស់ដីពិតជាប់គុកបានទៀត»។
ប្រធានមណ្ឌលមែកឈើដែលកំពុងចិញ្ចឹមមើលថែក្មេងកំពា្រ និងក្មេងពីគ្រួសារក្រីក្ររាប់រយនាក់រូបនេះបានសរសេរក្នុងសំណេរដើមដោយចោទសួរថា «តើឯណាទៅភាពជាមនុស្សរបស់អ្នក? តើឯណាទៅ យុត្តិធម៌សង្គម? តើឯណាទៅច្បាប់សម្រាប់ការពារអ្នកទន់ខ្សោយហើយនិងអ្នកល្ងិតល្ងង់? ខ្ញុំនឹងចូលរួមតាមដានករណីរបស់បងប្អូនជនជាតិដើមភាគតិច ដែលត្រូវបានចាប់ដាក់គុកទាំងនេះ»។
កាលពីពេលកន្លងមក លោក ផន ផល្លា ក៏បានធ្វើការរិះគន់ទាក់ទងដីព្រៃកប់សពរបស់ជនជាតិដើមភាគតិចចំនួន៣ភូមិ ដែលនៅសេសសល់ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលត្រូវបានអាជ្ញាធរពាក់ព័ន្ធចេញបណ្ណកម្មសិទ្ធិទៅឱ្យបុគ្គលមានអំណាចកាន់កាប់ ហើយបច្ចុប្បន្នកំពុងត្រូវបានឈូសឆាយ។
លោកថា៖ «ដីកប់សពសោះអានេះបើនិយាយទៅ គឺផ្ទះខ្មោចមកដណ្តើមផ្ទះខ្មោចនៅទៀតឥឡូវនេះវាដល់ម្លឹង។ អ៊ីចឹងហើយគួរគិតផង! បើនិយាយាពីមនសិការនិយាយពីបេះដូងជាមនុស្ស វាមិនអាចធ្វើទៅរួចទេ។បើយើងប្រើពាក្យថាលោភលន់ ហេតុអ្វីក៏លោភលន់ដល់ម្លឹង? បើយើងប្រើពាក្យថាចង់បានហេតុអីក៏ចង់បានដល់ម្លឹង? ឯណាទៅចិត្តមេត្តាធម៌ក្នុងភាពជាមនុស្សរបស់អ្នក? អ៊ីចឹងហើយនេះ គឺការបង្ហាញជូននូវស្ថានភាពទិដ្ឋភាពក៏ដូចជារឿងរ៉ាវដែលកំពុងតែកើតឡើង»។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់វីអូឌីនៅថ្ងៃទី៦ខែមីនានេះ ដោយលើកឡើងថា ដីធ្លីប្រៀបដូចជាឆ្នាំងបាយជាក្រពះរបស់ប្រជាពលរដ្ឋ ដូច្នេះប្រសិនបើប្រជាពលរដ្ឋគ្មានដីធ្លីធ្វើផ្ទះស្នាក់នៅ ឬក៏បង្កបង្កើនផលដើម្បីចិញ្ចឹមជីវិតទេ នោះប្រៀបដូចជាគ្មានអាហារគ្មានផ្ទះស្នាក់នៅយ៉ាងដូច្នោះដែរ។
បើតាម លោក សំអាត បញ្ហាជម្លោះដីធ្លីបានកើតឡើងដោយសារការផ្តល់សម្បទានដីសេដ្ឋកិច្ច និងអ្នកដែលមានទ្រព្យធន ឬក៏អ្នកដែលមានអំណាចបានរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋជាដើម ហេតុដូច្នេះបើទោះបីជាដីជម្លោះនោះ មានប្លង់កម្មសិទ្ធិក៏តុលាការត្រូវធ្វើការត្រួតពិនិតឱ្យបានល្អិតល្អន់ផងដែរ ចៀសវាងការបង្ករឿងអយុត្តិធម៌ទៅលើប្រជាពលរដ្ឋ។
លោកថា៖ «បញ្ហាដីធ្លីមិនមែនឱ្យតែមានបណ្ណកម្មសិទ្ធិហ្នឹងប្រាកដថា អ្នកនោះជាម្ចាស់ដីពិតប្រាកដទេ អ្វីដែលសំខាន់ គឺត្រូវស្វែងរកការពិតថាតើនណាជាម្ចាស់ដីពិតប្រាកដ ពីព្រោះកន្លងមកយើងឃើញហើយ រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួន ក៏បានលុបចោលបណ្ណកម្មសិទ្ធិអ្នកមានទ្រព្យធនមួយចំនួនផងដែរ ដោយសារភាពមិនប្រក្រតីនៃការទទួលបណ្ណកម្មសិទ្ធិនឹង។ បើសិនមានបញ្ហាកើតឡើងត្រូវតែពិនិត្យមើលថាតើបណ្ណកម្មសិទ្ធិទាំងអស់ហ្នឹង បានទទួលដោយស្របច្បាប់តាមលក្ខខណ្ឌនៃច្បាប់ដែរទេហើយបើរកឃើញថា មិនស្របច្បាប់តុលាការត្រូវបដិសេធចោល»។
បញ្ហាដីធ្លី គឺជារឿងរដ្ឋបវេណី ក៏ប៉ុន្តែលោក អំ សំអាត កត់សម្គាល់ឃើញថា កន្លងមកបញ្ហាដីធ្លីជាច្រើនត្រូវបានបង្វែរទៅជារឿងព្រហ្មទណ្ឌ ធ្វើឱ្យមានការចាប់និងឃុំខ្លួនប្រជាពលរដ្ឋរងគ្រោះ។ ទាក់ទងការបន្តឃុំខ្លួនសកម្មជនបរិស្ថាន ជាពិសេសសកម្មជនចលនាមាតាធម្មជាតិ៥រូប លោក អំ សំអាត ក៏បានអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទ និងដោះលែងពួកគេផងដែរ ដោយសារតែសកម្មភាពរបស់ពួកគេធ្វើឡើងនៅក្នុងចេតនាការពារធនធានធម្មជាតិប៉ុណ្ណោះ។
លោកថា៖ «សកម្មភាពអ្នកទាំង៥ គឺជាសកម្មភាពក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ។ហេតុដូច្នេះវាគួរតែត្រូវបានលើកទឹកចិត្តសម្រាប់ពួកគាត់ ពួកគាត់មិនត្រូវជាគោលដៅនៃការចាប់ និងការឃុំខ្លួនទេ។ ចឹងយើងឃើញថា ការចាប់ការឃុំខ្លួនកន្លងមក ក៏មានការរិះគន់ច្រើនទៅលើបញ្ហាទាំងអស់នេះដែរ ហើយទាំងអង្គការជាតិ អង្គការអន្តរជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សផង គឺបានទទូចស្នើសុំឱ្យមានការដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ»។
ជាមួយគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានសរសេរនៅលើបណ្តាញសង្គមថា ការបន្តឃុំខ្លួនសកម្មជនមាតាធម្មជាតិ គឺជាការបើកដៃឱ្យឧក្រិដ្ឋជនបំផ្លាញសម្បត្តិជាតិ ដោយសេរី។ លោកថា ការលះបង់របស់ក្រុមយុវជនចលនាមាតាធម្មជាតិ ក្នុងការការពារធនធានធម្មជាតិ គឺជាវីរភាពដ៏ធំធេង ដែលស្តែងឱ្យឃើញតាមរយៈការហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់ ដើម្បីឧត្តមប្រយោជន៍ជាតិ។
លោកបន្តថា នៅពេលយុវជនដែលជាឆ្មាំការពារធម្មជាតិត្រូវបាត់បង់សេរីភាព ឱកាសក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ការបូមខ្សាច់ ឬការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ក៏ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដែលជាហេតុធ្វើឱ្យក្រុមឧក្រិដ្ឋជនបរិស្ថានអាចបន្តសកម្មភាពរបស់ពួកគេបានយ៉ាងរលូន និងគ្មានការរារាំង។
លោក វណ្ណលី បន្ថែមថា ស្ថានភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវរូបភាពអវិជ្ជមាននៃប្រព័ន្ធដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលមើលទៅហាក់មិនត្រឹមតែមិនផ្តល់តម្លៃដល់សកម្មជនបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទមាត់អ្នកដែលហ៊ានតវ៉ាការពារសម្បត្តិធម្មជាតិថែមទៀត។
អ្នកវិភាគរូបនេះ គូសបញ្ជាក់ថា ការណ៍ដែលរដ្ឋាភិបាលជ្រើសរើសបន្តឃុំខ្លួនយុវជនជំនួសឱ្យការសហការជាមួយពួកគេ ដើម្បីលុបបំបាត់អំពើពុករលួយក្នុងវិស័យបរិស្ថាន គឺជាការបញ្ជាក់ថា របបដឹកនាំបច្ចុប្បន្នកំពុងបណ្តោយឱ្យមហន្តរាយធម្មជាតិកើតឡើងដោយចេតនា ឬដោយមានការរៀបចំទុកជាមុន ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាគតនៃបរិស្ថានជាតិទាំងមូល។
យោងតាមរបាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក បានចាត់ចំណាត់ថ្នាក់កម្ពុជានៅជិតបាតតារាងក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ពោលចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ ដែលជាការរំលាយប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យមក។ ក្នុងឆ្នាំ២០២៤ ស្ថាប័នអន្តរជាតិនេះ បង្ហាញថា កម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាងនៃកម្រិតយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ពោលគឺចំណាត់ថ្នាក់ទី១៤១ ក្នុងចំណោម ១៤២ប្រទេស៕









