ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនិងព្រំដែន និយាយថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពទាមទារទឹកដីខ្មែរ៤៥ទីតាំងដែលថៃដណ្តើមគ្រប់គ្រង យកត្រឡប់មកវិញបានទេ បើនៅតែមិនព្រមប្តឹងថៃ ហើយបែរជាបង្កើតព្រឹត្តិការណ៍ផ្សេង ដើម្បីគេចចេញពីការទទួលខុសត្រូវ ខណៈថៃកំពុងសម្រុកមិនដកដៃ ក្នុងការធ្វើហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកព្រំដែនរំលោភយកដីខ្មែរជាបន្តបន្ទាប់ ដោយគ្មានការរំខានពីកម្ពុជានោះ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រពីគណបក្សប្រឆាំង ប្រាប់វីអូឌីនៅថ្ងៃទី៩ខែមីនានេះថា បើសិន លោក ហ៊ុន ម៉ាណែត ចង់ទាមទារទឹកដីដូចសន្យាជាមួយពលរដ្ឋ ម្ល៉េះរដ្ឋាភិបាលប្រញាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
លោកថា ផ្ទុយទៅវិញ ពួកគេបែរបង្កើតទៅជា «នគរសង្ក្រាន្ត» សប្បាយៗ នៅពេលដែលទាហានខ្មែរជួរមុខបានស្លាប់ ខណៈគ្រួសារនៅកាន់ទុក្ខនៅឡើយ។ លោកចោទជាសំណួរថា តើសប្បាយរាំច្រៀង យ៉ាងម៉េច បើជនភៀសសឹកបន្តរស់នៅក្រោមតង់នៅឡើយ?
លោក អ៊ុំ សំអាន ថ្លែងថា៖ «អីចឹងគាត់ឲ្យប្អូនគាត់ លោក ហ៊ុន ម៉ានី ហ្នឹង បង្កើត «នគរសង្ក្រាន្ត» ឬ «បុណ្យចូលឆ្នាំថ្មី» ហ្នឹង ដើម្បីបង្វក់ប្រជាពលរដ្ឋខ្មែរឲ្យសប្បាយៗទៅ ភ្លេចទាមទារទឹកដីមកវិញ។ ភ្លេចដែលលោក ហ៊ុន សែន ដើម្បីទាមទារទឹកដីថៃមកវិញ ភ្លេចជំរុញឲ្យលោក ហ៊ុន សែន ដើម្បីទាមទារទឹកដីមកវិញ ហើយក៏ភ្លេចជំរុញឲ្យ លោក ហ៊ុន សែន ដើម្បីប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីយកទឹកដីមកវិញ។ អាហ្នឹងជាគោលនយោបាយប្រជាភិថុតិ ដើម្បីធ្វើម៉េចឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត។ ឃើញទេ? អាហ្នឹងគោលដៅរបស់គាត់គឺអីចឹងឯង»។
ការរិះគន់នេះបន្ទាប់ពី លោក ហ៊ុន ម៉ាណែត ថ្លែងសារយ៉ាងវែងអន្លាយកាលពីថ្ងៃទី៦ខែមីនា តែលោកមិនបាននិយាយដល់ការប្ដឹងថៃទៅតុលាការអន្តរជាតិឡើយ។ លើសពីនេះ លោកបានប្រកាសគាំទ្រគម្រោងរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី ដែលលោក ហ៊ុន ម៉ានី គ្រោងរៀបចំ ទោះពលរដ្ឋរិះគន់ពីពលរដ្ឋយ៉ាងណាក្ដី។
លោក ហ៊ុន ម៉ាណែត ថ្លែងថា លោកពុំបានចាត់ទុករឿងព្រំដែនជារឿងតូចតាចទេ ព្រោះវាជាផ្នែកមួយនៃពលរដ្ឋ ១៧លាននាក់ និងប្រទេសជាតិយើងទាំងមូល។ ប៉ុន្តែលោកថា រដ្ឋាភិបាលមិនអាចឱ្យផ្នែកផ្សេងទៀត ទាំងវប្បធម៌ ទាំងសាសនា ទាំងសេដ្ឋកិច្ច ត្រូវបានផ្ដួល ឬដើរទៅមុខលែងរួចនោះទេ។
លោកចោទជាសំណួរថា តើការលំបាក របួសដៃរបួសជើង គឺយើងត្រូវដេកស្ដូកឬយ៉ាងណា នៅពេលដែលកងទ័ពនៅខាងមុខ ខំប្រឹងការពារទឹកដី ដើម្បីឱ្យប្រទេសជាតិ?។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «បើសិនជាគាត់ការពារនៅខាងមុខ នៅខាងក្រោយមនុស្សលែងធ្វើអីអស់ហើយ តើយ៉ាងម៉េច? អ្វីដែលសំខាន់ គឺការថ្លឹងថ្លែង និងវិធីសាស្ត្រក្នុងការរៀប។ តើការរៀបនេះ… សំណួរសួរថា ហើយមានការលើកឡើងបងប្អូនជាច្រើននៅខាងក្នុង ខ្ញុំមិនជំទាស់ ហើយខ្ញុំមិនវាយប្រហារថាមតិណាខុសមតិណាត្រូវ សុទ្ធតែជាការបង្ហាញនូវអ្វីដែលជាទស្សនៈនៅក្នុងការគិតគូរអំពីទឹកដី និងប្រជាពលរដ្ឋ។ ប៉ុន្តែអ្នកមិនចង់ឱ្យរៀប គាត់គិតថាពេលនេះមិនសមរម្យក្នុងការរៀបទេ មិនចង់ឃើញការហ៊ោសប្បាយអីរញ៉េរញ៉ៃ ដែលថានៅពេលដែលអ្នកមួយផ្នែកនៃប្រជាពលរដ្ឋយើង កងទ័ពកំពុងតែលំបាកខាងមុខ វីរកងទ័ព វីរប៉ូលិសជាតិ អាវុធហត្ថយើងនៅខាងមុខ។ នេះបងប្អូនដែលព្រួយបារម្ភខ្លាចថាយើងភ្លេចអំពីរឿងទឹកដី»។
វីអូឌី ពុំអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា បានទេ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងនៅថ្ងៃទី៩ ខែមីនានេះថា រដ្ឋាភិបាលបន្តការពារបូរណភាពទឹកដី និងពលរដ្ឋពីការឈ្លានពានពីថៃ តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិជាអាទិភាពខ្ពស់បំផុត។
លោក ប៉ែន ប៉ូណា ថ្លែងថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នា។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង»។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អះអាងថា ការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត ពីចរន្តសេដ្ឋកិច្ចឲ្យមានចលនាតាមរយៈព្រឹត្តិការណ៍នានា គឺគ្រាន់តែហេតុផលដើម្បីបង្វែរស្ថានការណ៍ទេ ប៉ុន្តែជាក់ស្ដែងគឺលោកមិនចង់ឲ្យពលរដ្ឋរំលឹកអំពីរឿងឈឺចាប់ច្រើនជាង។
លោកគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មកដល់ថ្ងៃនេះ មិនចង់និយាយរឿងប្ដឹងផ្ដល់ថៃទេ ដោយសារខ្លាចថៃមិនចូលតុចរចា បើទោះបីខ្លួនបកអាក្រាតថៃទៅលើវេទិកាអន្តរជាតិ ហើយបែរជានៅតែបន្តយន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) ទោះដែលថៃចូលឈ្លានពានហួសខ្សែបន្ទាត់ព្រំដែន និងបង្គោលបណ្ដោះអាសន្ន ដូចជា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ព្រមទាំងជីកប្រឡាយ ដាក់បន្លាលួស ដាក់ទូកុងតឺន័ររំកិលចូលមកជ្រៅយ៉ាងណាក៏ដោយ។
លោក ម៉ែន ណាត ថ្លែងថា៖ «ហើយឲ្យតែថៃមកព្រមចរចា ដកបន្លាលួស ដកទូកុងតឺន័រ លុបប្រឡាយ ទឹកម៉េចបាន? វាអីចឹងហា! ប៉ុន្តែជំហរកម្ពុជានៅរក្សាអីចឹង តែមិនទាន់ឃើញប្រើសិទ្ធិស្វ័យការពារខ្លួនទេ ឃើញតែនិយាយលួងលោមៗ តាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលរាល់ថ្ងៃហ្នឹងអីចឹង។ ចំណែកឯថៃពង្រីកលេណដ្ឋាន ថៃពង្រីកការវាតទីហ្នឹង ក៏មិនទាន់ឃើញរដ្ឋាភិបាល ជាពិសេសក្រសួងការពារជាតិបោះឲ្យទាហានខ្មែរ ឬក៏ពលរដ្ឋរងគ្រោះខ្មែរដែលជាម្ចាស់ដីម្ចាស់ធ្លី តវ៉ាទប់ស្កាត់មិនឲ្យថៃពង្រីកឈ្លានពានទេ។ តែថែមទាំងខាងកម្ពុជាហ្នឹងបិទខ្ទប់ព័ត៌មានដែលផ្សព្វផ្សាយអំពីរឿងហ្នឹងទៅវិញ ហើយបំពានលើប្រជាពលរដ្ឋខ្មែរ បំបិទសិទ្ធិគាត់មិនឲ្យនិយាយ និងគំរាមកំហែងពួកគាត់ ព្រមានដាក់ចាប់ដាក់គុកអីចឹងជាដើម»។
ទាំងអ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញភាពកម្សោយជាមួយបរទេសឈ្លានពាន ដោយមិនហ៊ានប្តឹងថៃទៅតុលាការអន្តរជាតិ ដើម្បីទាមទារដីខ្មែរដែលថៃឈ្លានពានយកត្រឡប់មកវិញទេ តែខ្លាំងជាមួយខ្មែរគ្មាឯង តាមរយៈប្រើតុលាការចាប់ចង ចោទប្រកាន់ខ្មែរណាដែលហាននិយាយពីទង្វើបរទេសឈ្លានពាន។
ពួកគេថា ជាទម្លាប់រដ្ឋាភិបាល តែងតែបង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរព្រឹត្តិការណ៍ ទោះថៃបន្តរំកិលចូលទឹកដីកម្ពុជាជាបន្តបន្ទាប់ ដូចជា នៅបឹងត្រកួន អូរស្មាច់ ជីកប្រឡាយកំណត់ព្រំដែននៅអូរខ្លាឃ្មុំ តំបន់ជាំតែ នៅជិតផ្ទះតាម៉ុក ខេត្តព្រះវិហារ និងភូមិជោគជ័យជាដើម។
ការណ៍នេះ ពួកគេបារម្ភថាដីខ្មែរជាង៤០ទីតាំងនៅជាប់ព្រំដែន ក្នុងខេត្តចំនួន៤ មានខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារជាដើម និងបាត់បង់ទៅថៃរហូត បើគ្មាចរន្តជំរុញឱ្យរដ្ឋាភិបាលប្តឹងថៃទៅកាន់តុលាការអន្តរជាតិឱ្យបានទាន់ពេលទេនោះ៕









