អង្គការសមាគម និងសហជីពឯករាជ្យ និយាយថា ពួកគេជួបការលំបាកយ៉ាងខ្លាំងក្នុងការរៀបចំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនាខួបលើកទី១១៥ នៅឆ្នាំនេះ ដោយសារការរិតត្បិតយ៉ាងខ្លាំងរបស់អាជ្ញាធររាជធានីភ្នំពេញ បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាបានបោះជំហ៊ានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ យ៉ាងណាក្តី។
ដោយសារតែការរិតត្បិតរបស់សាលារាជធានីភ្នំពេញ បានធ្វើឱ្យការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិរបស់អង្គការសមាគម និងសហជីពឯករាជ្យនានា កាលពីថ្ងៃទី៨ខែមីនានេះ មិនបានប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុក ដែលគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវនោះទេ ដោយកិច្ចប្រជុំចុងក្រោយកាលពីយប់ថ្ងៃទី៧ខែមីនា អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចឱ្យតំណាងអង្គការសមាគម មកធ្វើនៅសួនCDC ក្បែរវត្តភ្នំវិញ។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានហៅការប្រារព្ធទិវាសិទ្ធិនារី ដែលធ្វើឡើងដោយកញ្ឆក់កណ្តៀតកាលពីថ្ងៃទី៨ខែមីនាថា ជាការប្រើ«សេរីភាពសេសសល់របស់ក្រុមអង្គការសង្គមស៊ីវិល» ខណៈមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយថា ការប្រារព្ធទិវានារីអន្តរជាតិ ត្រូវបានធ្វើឡើង«ក្រោមកាលៈទេសៈដ៏លំបាក»។
កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្រុមអង្គការសង្គមស៊ីវិល រួមមាន អង្គការ សមាគម សហជីព និងសហព័ន្ធសហជីព ដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី រួមទាំងប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់ បានមកជួបជុំគ្នានៅចំណុចសួនច្បារ ខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”CDC” ដើម្បីសម្តែងមតិក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី» ។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី៨ខែមីនា ក្នុងសំណេរដើមថា «ជារួមកម្មវិធីនៃទិវានារីអន្តរជាតិ នាព្រឹកនេះ គឺគេសង្កេតឃើញមានការប្រព្រឹត្តទៅក្នុងបរិយាកាសរិតត្បិតសេរីភាព ទាំងមុនពេលរៀបចំ និងក្នុងអំឡុងពេលដំណើរការព្រឹត្តិការណ៍»។
ជាមួយគ្នានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនផងដែរថា ការប្រារព្ធទិវាសិទ្ធិនារីឆ្នាំនេះ «ត្រូវបានធ្វើឡើងក្រោមកាលៈទេសៈដ៏លំបាក ខណៈដែលក្រុមការងាររៀបចំបានប្រឈមនឹងបញ្ហាស្មុកស្មាញ ក្នុងការអនុវត្តសកម្មភាពរបស់ពួកគេដែលបានគ្រោងទុក ការបញ្ជាក់ទីតាំង និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា រោង កន្លែងអង្គុយ ឆាក និងបន្ទប់ទឹក ដែលជាបញ្ហាប្រឈម ជាពិសេសសម្រាប់អ្នកចូលរួមជាស្ត្រី និងកុមារ»។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល ដែលបានចូលរួមស្នើសុំទីតាំងទីលានប្រជាធិបតេយ្យប្រារព្ធទិវានារីអន្តជាតិ បានថ្លែងថា ស្ថានភាពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងឆ្នាំ២០២៥ និងរហូតមកដល់បច្ចុប្បន្ន នៅតែមានការរិតត្បិត ការចាប់ចង ការចោទប្រកាន់ និងការលាបពណ៌មកលើសកម្មជនគ្រប់វិស័យ ជាពិសេសសកម្មជនជាស្ត្រី សូម្បីការរៀបចំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ក៏ជួបការលំបាកដែរ។
កញ្ញាថា៖ «ការរៀបចំធ្វើទិវាសិទ្ធិនារីឆ្នាំហ្នឹង ក៏យើងមានជួបប្រទះបញ្ហាច្រើនដែរ បើទោះបីជានៅក្នុងច្បាប់បាតុកម្មកូដកម្មដោយសន្តិវិធី មិនតម្រូវឱ្យមានការស្នើសុំ ឬក៏ត្រូវចាំការអនុញ្ញាតពីសាលាក្រុងទើបយើងអាចធ្វើបានទេ យើងគ្រាន់តែជូនដំណឹងទេ ប៉ុន្តែជាក់ស្តែងម្តងជាពីរដង គឺសាលារាជធានីភ្នំពេញតែងតែបដិសេធរួច ហើយប្តូរជំហរវិញនៅនាទីចុងក្រោយ ម្តងថាឱ្យ ម្តងថាមិនឱ្យ ព្រមានចាត់វិធានការផ្សេងៗ ដូចជាលិខិតរបស់សាលាក្រុង កាលពីថ្ងៃទី៤ខែមីនាចឹង គ្រាន់តែយើងរៀបចំសំដែងមតិ នៅក្នុងទិវានារីអន្តរជាតិនេះ យើងប្រឈមបញ្ហាច្រើនណាស់ ហើយទីបំផុត យើងបង្ខំចិត្តដូរពីទីលានប្រជាធិបតេយ្យ មកធ្វើនៅសួនCDC អត់រោង អត់ឆាក អង្គុយហាលថ្ងៃ»។
ប៉ុន្តែយ៉ាងណាក្តី នៅក្នុងសារលិខិតអបអរទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ» លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានបោះជំហ៊ានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវបានការពារយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ។ បន្ថែមពីនេះ លោកថា រាជរដ្ឋាភិបាលបានលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យ ដោយចាត់ទុក «ស្ត្រីគឺជាស្នូល»នៃសង្គម។
ប៉ុន្តែយ៉ាងណាក្តី អង្គការសិទ្ធិមនុស្សលីកាដូ បានធ្វើការកត់សម្គាល់កាលពីពេលថ្មីៗនេះថា ឆ្នាំ២០២៥ដែលទើបកន្លងផុតមកនេះ គឺជាឆ្នាំដែលអាក្រក់បំផុតលើស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពបញ្ចេញមតិ ខណៈសកម្មជននយោបាយ សកម្មជនសង្គម និងអ្នកកាសែតជិត១០០នាក់ កំពុងជាប់ឃុំ ដោយសារតែការប្រើសិទ្ធិតាមច្បាប់។
នៅក្នុងស្ថានភាពនេះ កញ្ញា ឈឹម ស៊ីថរ បានអំពាវនាវឱ្យអ្នកធ្វើការនៅក្នុងវិស័យការងារ និងវិស័យផ្សេងៗទៀត ត្រូវរួបរួមគ្នាចូលរួមចងក្រងបង្កើតជាសហជីព សមាគម សហគមន៍ ដើម្បីផ្លាស់ប្តូរគំនិតគ្នា ធ្វើឱ្យមានសំឡេងខ្លាំង ដើម្បីអាចដាក់ការទាមទារទាំងឡាយ ទៅរដ្ឋាភិបាលឱ្យធ្វើការដោះស្រាយ ដោយកញ្ញាថា «បើសិនជាយើងនៅរាយប៉ាយគ្នា គឺមិនងាយអាចដោះស្រាយបញ្ហាយើងបានទេ»។
ទាក់ទងទៅនឹងការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត ដែលថា «ស្ត្រីគឺជាស្នូលនៃសង្គម» កញ្ញា ស៊ីថរ ទទួលស្កាល់ថា គឺជាការត្រឹមត្រូវ ពីព្រោះបរិបទសង្គមបច្ចុប្បន្ននេះ គេឃើញស្ត្រីបានចូលរួមគ្រប់ផ្នែកមិនថាការងារ សេដ្ឋកិច្ច ឬនយោបាយនោះទេ។ ប៉ុន្តែយ៉ាងណាក្តី កញ្ញាបញ្ជាក់ថា ជាក់ស្តែងអ្វីដែលជាការកត់សម្គាល់ បញ្ហារបស់ស្ត្រីជាច្រើន នៅមិនទាន់ត្រូវបានដោះស្រាយ ដូចជាពាក់ព័ន្ធនឹងវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានអូសបន្លាយជាង៤ឆ្នាំហើយ។
ស្រ្តីមេដឹកនាំសហជីពដែលធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ដោយសារតែភាពសកម្មក្នុងការដឹកនាំការតវ៉ាការពារសទ្ធិ និងទាមទារអត្ថប្រយោជន៍ជូនកម្មកររូបនេះ បញ្ជាក់ថា ការដាក់ចេញនូវវិធានការរបស់រដ្ឋាភិបាល គឺជារឿងល្អ ប៉ុន្តែវាមិនចប់ត្រឹមតែដាក់ចេញនូវរវៀបវារៈ ឬក៏សេចក្តីថ្លែងទាំងអស់ដែលអត់មានសកម្មភាពនោះទេ។ កញ្ញាថា ការលើកឡើងទាំងឡាយណា ដែលគ្មានសកម្មភាពវាស្មើនឹងការនិយាយចោល។ ក្នុងន័យនេះ កញ្ញាថា បើបញ្ហាទាំងឡាយ ជាពិសេសវិវាទរបស់កម្មករក្រុមហ៊ុនណាហ្គាវើលដ៍ មិនត្រូវបានដោះស្រាយ វាអត់អាចបង្ហាញថា សង្គមនឹងរដ្ឋាភិបាលនឹងផ្តល់តម្លៃពិតប្រាកដថាស្ត្រីគឺជាស្នូលនោះទេ។
បើទោះបីជាសាលាក្រុងភ្នំពេញ រិតត្បិតមិនឱ្យអង្គការសមាគមសហជីពប្រារព្ធទិវានារីអន្តរជាតិ ក្រោមហេតុផលបញ្ហាសន្តិសុខ និងធ្វើឱ្យស្ទះចរាចរណ៍ក្តី ប៉ុន្តែកាលពីថ្ងៃទី៣-៤ ខែមីនា គេឃើញជនជាតិវៀតណាម និងជនជាតិចិន បានធ្វើការហែអ្នកតា និងបិទផ្លូវសាធារណៈ សង់រោងធ្វើបុណ្យអ្នកតានៅតាមខណ្ឌមួយចំនួន ជាពិសេសនៅខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ដោយមានការការពារពីអាជ្ញាធរធ្វើឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី៩ខែមីនានេះថា សាលារាជធានីភ្នំពេញ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចេតនា ក្នុងការរារាំងមិនឱ្យអង្គការសមាគមឯករាជ្យ រៀបចំប្រារព្ធទិវានារីអន្តរជាតិ៨មីនា ធ្វើឱ្យក្រុមអង្គការសមាគមសហជីពដែលជាអ្នករៀបចំប្រារព្ធពិធីនេះ ជួបការលំបាក ប៉ុន្តែហាក់ដូចជាបើកទូលាយឱ្យមានការហែអ្នកតាចិនតាមផ្លូវសាធារណៈទៅវិញ។
លោកថា៖ «ការអនុវត្តជាក់ស្តែងរបស់អាជ្ញាធររដ្ឋាភិបាល បែរទៅជាប្រើលេសនេះលេសនោះ ដើម្បីបង្កការរំខានការប្រារព្ធពិធីរបស់ប្រជាពលរដ្ឋ របស់អង្គការសមាគមសហជីពអីជាដើម ដែលមាននិន្នាការឯករាជ្យ។ ចំណែកឯក្រុមគ្នាគេ បក្ខពួកគ្នាគេ គេធ្វើតាមកន្លែងណាក៏បាន គេចង់ដើរពេញទីក្រុងភ្នំពេញឬដើរកន្លែងណានៅក្នុងប្រទេសកម្ពុជាក៏បានដែរ គឺគេគ្មានការហាមឃាត់ទេ។ ចំណែកឯអ្នកជាជនរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះ ប្រើវេទិកាហ្នឹងដើម្បីបញ្ចេញមតិយោបល់ត្រូវបានហាមប្រាម។ អាហ្នឹងហើយជារឿងអយុត្តិធម៌សង្គម នៅក្នុងចំណោមរឿងអយុត្តិធម៌សង្គមជាច្រើនទៀត សព្វថ្ងៃក្រោមការដឹកនាំរបស់ក្រុមគ្រួសារលោកហ៊ុន សែន ដែលជារដ្ឋាភិបាលផ្តាច់មុខរបស់គ្រួសារគាត់»។
ជាមួយគ្នានេះ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី៩ខែមីនានេះថា លោកមិនយល់ពីចេតនារបស់រដ្ឋាភិបាល ក្នុងការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំរបស់អង្គការសមាគម និងសហជីពឯករាជ្យនោះទេ ខណៈកន្លងមកគេសង្កតឃើញហាក់បីដូចជាមានការបើកទូលាយឱ្យមានការហែអ្នកតា ឬលោតម៉ុងសាយដែលជាប្រពៃណីរបស់ជាតិសាសន៍ដទៃទៅវិញ។
លោកថា៖ «យើងឃើញហើយសកម្មភាពកាលពីចូលឆ្នាំចិន ចូលឆ្នាំយួន សកម្មភាពម៉ុងសាយ កាលពីលើកមុនមានហែអ្នកតាហែអីព្រោងព្រាត។ ប៉ុន្តែសកម្មភាពពាក់ព័ន្ធរឿងការបញ្ចេញមតិក្នុងសង្គមរឿងសិទ្ធិនារី រឿងសិទ្ធិមនុស្ស រឿងប្រជាធិបតេយ្យ ហាក់ដូចមិនមានការលើកទឹកចិត្តមិនមានការគាំទ្រ ហើយចេះតែបន្ទុចបង្អាក់រិតត្បិតជាដើម។ ខ្ញុំក៏មិនយល់ពីចេតនាដែរ ក៏ប៉ុន្តែប្រទេសមួយ បើនៅតែរិតត្បិតឬក៏រិតបន្តឹងសេរីភាពបញ្ចេញមតិខ្លាំងពេក វាធ្វើឱ្យប្រទេសហ្នឹងអភិវឌ្ឍន៍យឺតទៅវិញទេ មិនមានប្រយោជន៍អីទេការអភិវឌ្ឍមិនបានជឿនលឿនដូចគេ»។
អតីតតំណាងរាស្ត្រីគណបក្សសង្គ្រោះជាតិរូបនេះ លើកឡើងថា ជាទូទៅ មនុស្សនៅក្នុងសង្គមតែងតែត្រូវការសេរីភាពបញ្ចេញមតិ ដើម្បីទាមទារនូវអ្វីដែលពួកគេត្រូវការ លើកឡើងពីបញ្ហាយុត្តិធម៌ ឬអំពើមិនយុត្តិធម៌នៅក្នុងសង្គមដែលជារឿងធម្មតា ដល់មានការរិតត្បិតវាធ្វើឱ្យមនុស្សជួបការលំបាក ហើយត្រូវការទ្រាំជាមួយសង្គមហ្នឹង។
បើតាម លោក ច័ន្ទរ័ត្ន បើកាលណានៅតែមានការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ឬសិទ្ធិជួបជុំ គឺមានតែកាន់តែធ្វើឱ្យរដ្ឋាភិបាលបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋទៅវិញទេ គឺវាពុំមានប្រយោជន៍អ្វីដល់រដ្ឋាភិបាលឡើយ។ លើសពីនេះ ការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ នាំឱ្យមានការបែកបាក់ជាតិ ដែលវាផ្ទុយទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលតែងតែជំរុញឱ្យមានការរួមរួមសាមគ្គីផ្ទៃក្នុងជាតិ៕









