ចលនាមាតាធម្មជាតិ ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការយាយីលើស្រ្តីដែលហ៊ានលះបង់ ដើម្បីការពារបរិស្ថាន និងសង្គម ខណៈពួកគេ៥នាក់ ក្នុងមានទាំងស្ត្រី៣រូបផង កំពុងរកការចោទពីបទរួមគំនិតក្បត់ ដោយសារតែភាពសកម្មតស៊ូមតិ ប្រឆាំងនឹងការបំផ្លិតបំផ្លាញធនធានធម្មជាតិ ។
ការទាមទារនេះ ធ្វើឡើងចំពេលពិភពលោក រួមទាំងសិទ្ធិមនុស្សនៅកម្ពុជាផង ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មិនា ដែលតំណាងរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលមិនដែលទុកស្ត្រីណាម្នាក់ចោលនោះឡើយ ហើយចាត់ទុកស្ត្រីជាស្នូលអភិវឌ្ឍន៍ប្រទេស។
ចលនាមាតាធម្មជាតិបានបង្ហោះសារតាមបណ្តាញសង្គម ដែលជាការផ្ញើសាររំឭក ប្រាប់រដ្ឋាភិបាល និងពលរដ្ឋខ្មែរឱ្យជ្រាបពីការលះបង់របស់ស្ត្រីខ្មែរចំពោះបុព្វហេតុការពារធនធានធម្មជាតិ។
ប្រភពនោះ បន្តថា ចលនាមាតាធម្មជាតិ បន្តតស៊ូទាមទាររកយុត្តិធម៌ជួយការពារបរិស្ថាន និងជួយបន្លឺសំឡេងសហគមន៍ ដែលរងផលប៉ះពាល់ពីការបំផ្លិចបំផ្លាញធនធានធម្មជាតិ ពីសំណាក់ក្រុមឈ្មួញទុច្ចរិត។
យ៉ាងណា សាររបស់ចលនាមាតាធម្មជាតិ ហាក់ផ្ទុយគ្នាទៅនឹងការលើកឡើងរបស់លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងជាតំណាងរបស់រដ្ឋាភិបាល ដែលបានថ្លែងជាសាធារណៈក្នុងពិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនា។
បើតាម លោកស្រី សួស ស៊ីនួន រដ្ឋាភិបាលគាំទ្រចលនារបស់ស្ត្រី ដោយត្រូវពង្រឹងសមត្ថភាពស្ត្រីអភិវឌ្ឍន៍សង្គម និងបង្កើនភាពក្លាហានធ្វើកិច្ចការងារឆ្ពោះទៅមុខ។ លោកស្រីថា រដ្ឋាភិបាលនឹងមិនទុកស្ត្រីណាម្នាក់ចោលនោះឡើយ ហើយចាត់ទុកស្ត្រីជាកម្លាំងស្នូលសំខាន់អភិវឌ្ឍន៍ប្រទេសជាតិ។
អ្នកស្រីថា៖ «រដ្ឋាភិបាលអត់អាចទុកស្ត្រីណាម្នាក់ចោលទេ យើងតែងតែដាក់ស្ត្រីជាស្នូល ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចប្រទេសទាំងមូល។ ក្នុងសុភាសិតខ្មែរតែងនិយាយថា សំណាបយោងដី ស្ត្រីយោងបុរស បុរសរឹងមាំបានដោយសារស្ត្រី ហើយភាគីបុរស និងស្ត្រីតែងនៅជាមួយគ្នា ដើម្បីធ្វើឱ្យគ្រួសារទាំងមូល ឬប្រទេសទាំងមូល អាចរីកចម្រើន»។
តំណាងរដ្ឋាភិបាលថ្លែងបែបនេះ ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ០៨មិនា ធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «សន្តិភាពសម្រាប់ស្ត្រីនិងគ្រួសារ» ដែលរៀបចំដោយក្រុមអង្គការសង្គមស៊ីវិល និងសហព័ន្ធសហជីព។
ចលនាមាតាធម្មជាតិ បានរំលេចរូបភាពស្ត្រី ៣រូប ភ្ជាប់ពាក្យថា «ទិវាសិទ្ធិនារីអន្តរជាតិ» ដែលពួកគាត់គឺជាសមាជិកចលនាមាតាធម្មជាតិ ធ្វើការងារការពារធនធានធម្មជាតិ ក៏ប៉ុន្តែបានក្លាយជាជនរងគ្រោះ ក្នុងនោះមាន កញ្ញា ឡុង គន្ធា និងកញ្ញា ភួង កែវរស្មី កំពុងជាប់ពន្ធនាគារ។ រីឯអ្នកនាង ស៊ុន រដ្ឋា បានភៀសខ្លួនរស់នៅក្រៅប្រទេស ដោយរងការយាយីពីរដ្ឋាភិបាល ដោយសារពួកគេធ្វើការងារការពារធនធានធម្មជាតិ។
បន្ថែមពីនេះ សមាជិកចលនាមាតាធម្មជាតិ អ្នកស្រី ស៊ុន រដ្ឋា ប្រាប់វីអូឌីនៅថ្ងៃទី០៩ ខែមិនាថា រដ្ឋាភិបាលគ្រាន់តែអះអាងថា លើកកម្ពស់សិទ្ធិស្ត្រី តែសកម្មភាពជាក់ស្តែងវិញពុំដូច្នោះទេ ទៀតសោតអាជ្ញាធររដ្ឋតែងតែធ្វើបាបស្ត្រី ដោយប្រើអំពើហិង្សា ការប្រើប្រព័ន្ធតុលាការ និងបិទសិទ្ធិសេរីភាពស្ត្រីមិនឱ្យចូលរួមសកម្មភាពសង្គម និងការពារបរិស្ថាន ជាដើម។
អ្នកស្រីបន្ថែមថា ស្ត្រីដែលធ្វើការងារសង្គម រួមមាន សកម្មជនដីធ្លី សហជីព និងយុវតីជាសកម្មជនការពារធនធានធម្មជាតិ បានក្លាយជាគោលដៅធ្វើទុក្ខបុកម្នេញគំរាមកំហែង ពីសំណាក់អាជ្ញាធររដ្ឋាភិបាល។
បន្ថែមពីនេះទៀត រដ្ឋាភិបាលនៅតែគ្មានយន្តការលើកកម្ពស់សិទ្ធិស្ត្រី ដែលលះបង់ការពារប្រយោជន៍ជាតិ។
អ្នកស្រីថា៖ «រដ្ឋអំណាចបាននិយាយថា កម្ពុជាលើកកម្ពស់សិទ្ធិស្ត្រី ក្នុងសម័យសន្តិភាព តើគេពិតជាលើកកម្ពស់សិទ្ធិស្ត្រីមែន ឬក៏គេគ្រាន់តែនិយាយ តែសកម្មភាពជាក់ស្តែងគឺជាការធ្វើបាបស្ត្រី ក៏ដូចជាប្រើប្រាស់អំពើហិង្សាលើស្ត្រី មិនឱ្យធ្វើសកម្មភាពការងារសង្គម។ ស្ត្រីធ្វើការងារសង្គមរងគ្រោះច្រើនមែនទែន»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការលីកាដូ លោក អំ សំអាត យល់ថា យុវតីចូលរួមការងារសង្គម និងការពារបរិស្ថាន គួរតែត្រូវលើកទឹកចិត្ត ព្រមទាំងផ្តល់កិច្ចគាំពារ ហើយបញ្ឈប់ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង។
លោកបញ្ជាក់ថា សកម្មភាពរបស់ស្ត្រីទាំងនេះ ដើម្បីអភិវឌ្ឍន៍សង្គមជាតិពុំមែនជាបទល្មើសព្រហ្មទណ្ឌនោះទេ ហើយតុលាការត្រូវដោះលែងពួកគេឱ្យមានសេរីភាព។
លោកថា៖ «យុវជនជាស្ត្រីក្នុងកិច្ចការពារបរិស្ថានរឿងមួយ ដែលពួកគាត់យល់ឃើញថា ជារឿងគួរលើកកម្ពស់ ផ្តល់សេចក្តីថ្លែថ្នូរដល់ប្អូនៗជាស្ត្រីដែលការពារបរិស្ថាន និងធនធានធម្មជាតិ។ ការពារបរិស្ថាន និងព្រៃឈើពុំមែនជាបទល្មើសទេ សកម្មភាពទាំងអស់នេះ គួរត្រូវបានលើកទឹកចិត្ត និងគាំពារ»។
ចលនាមាតាធម្មជាតិ បានរលឹកទៅដល់កម្លាំងស្រ្តីដែលតស៊ូដើម្បីយុត្តិធម៌សង្គម ហើយកំពុងតស៊ូជម្នះរាល់ការគាបសង្កត់ឥតឈប់ឈរពីបរិបទសង្គម ដើម្បីភាពថ្លៃថ្នូររបស់ស្រ្តីគ្រប់ៗរូប។
ពួកគេទទូចឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពរារាំងការអនុវត្តសិទ្ធិរបស់ស្រ្តីគ្រប់រូប ហើយយុត្តិធម៌ត្រូវតែមានសម្រាប់ស្រ្តីដែលខិតខំតស៊ូ រហូតដល់ទីបញ្ចប់។
ជុំវិញបញ្ហានេះ អ្នកតាមដានបញ្ហាសង្គម និងភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ធ្លាប់អះអាងថា ការបន្តឃុំខ្លួនសកម្មជនមាតាធម្មជាតិ គឺជាការបើកដៃឱ្យឧក្រិដ្ឋជនបំផ្លាញសម្បត្តិជាតិដោយសេរី។
លោកគូសបញ្ជាក់ថា ស្ថានភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវរូបភាពអវិជ្ជមាននៃប្រព័ន្ធដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ដែលមើលទៅហាក់បីដូចជា មិនត្រឹមតែមិនផ្តល់តម្លៃដល់សកម្មជនបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទមាត់អ្នកដែលហ៊ានតវ៉ាការពារសម្បត្តិធម្មជាតិថែមទៀតផង។
របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌ក្នុងសង្គម ដោយមានចំណាត់ថ្នាក់លេខ១៤១ ក្នុងចំណោម១៤២ប្រទេស៕









