តម្លៃប្រេងបានហក់ឡើងខ្ពស់ប្រហែល ២០% កាលពីថ្ងៃទី៩ខែមីនា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០២២មក ខណៈដែលសង្គ្រាមរីករាលដាលរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបណ្តាលឱ្យផលិតករប្រេងធំៗមួយចំនួន នៅមជ្ឈិមបូព៌ា កាត់បន្ថយការផ្គត់ផ្គង់ និងដោយសារការភ័យខ្លាចចំពោះការរំខានអូសបន្លាយដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។
ប្រទេសអ៊ីរ៉ាក់ និងកូវ៉ែត បានចាប់ផ្តើមកាត់បន្ថយទិន្នផលប្រេង ដែលបន្ថែមលើការកាត់បន្ថយឧស្ម័នធម្មជាតិរាវពីមុនរបស់ប្រទេសកាតា ខណៈដែលសង្គ្រាមបានរារាំងការដឹកជញ្ជូនពីមជ្ឈិមបូព៌ា។
អ្នកវិភាគបានព្យាករណ៍ថា ប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ក៏នឹងត្រូវកាត់បន្ថយទិន្នផលក្នុងពេលឆាប់ៗនេះដែរ ដោយសារពួកគេអស់កន្លែងសម្រាប់ស្តុកទុកប្រេង។
សង្គ្រាមនេះអាចធ្វើឱ្យអ្នកប្រើប្រាស់ និងអាជីវកម្មប្រេងទូទាំងពិភពលោក ប្រឈមមុខនឹងតម្លៃប្រេងឥន្ធនៈខ្ពស់ក្នុងរយៈពេលច្រើនសប្តាហ៍ ឬច្រើនខែ ទោះបីជាជម្លោះដែលបានអូសបន្លាយពេលមួយសប្តាហ៍នេះ បញ្ចប់ទៅយ៉ាងឆាប់រហ័សក៏ដោយ ខណៈដែលអ្នកផ្គត់ផ្គង់កំពុងជួបការលំបាកជាមួយមូលដ្ឋានស្តុកទុកដែលរងការខូចខាត ប្រព័ន្ធភស្តុភារដែលរងការរំខាន និងហានិភ័យខ្ពស់ចំពោះការដឹកជញ្ជូនតាមនាវា។
លោក Daniel Hynes ដែលជាអ្នកយុទ្ធសាស្ត្រទំនិញជាន់ខ្ពស់នៅ ANZ បានលើកឡើងថា៖ «ខ្ញុំគិតថា តម្លៃបានងើបឡើងវិញនៅព្រឹកថ្ងៃទី៩ខែមីនា តាមសេចក្តីរាយការណ៍ដែលថា ផលិតករនៅមជ្ឈិមបូព៌ាកំពុងកាត់បន្ថយទិន្នផល ដោយសារកន្លែងស្តុកទុកកំពុងពេញយ៉ាងឆាប់រហ័ស»។
លោក Hynes បានបន្ថែមទៀតថា៖ «សញ្ញាបន្ទាប់ដែលត្រូវតាមដាន គឺថាតើវានឹងឈានដល់ចំណុចមួយដែលពួកគេត្រូវបិទអណ្តូងប្រេងដែរឬទេ ដែលវាមិនត្រឹមតែប៉ះពាល់ដល់ទិន្នផលកាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យមានការពន្យារពេលក្នុងដំណើរការផលិតឡើងវិញ នៅពេលដែលជម្លោះបានធូរស្រាល។ កត្តានោះនឹងអាចធ្វើឱ្យតម្លៃប្រេងបន្តស្ថិតក្នុងកម្រិតខ្ពស់បែបនេះក្នុងរយៈពេលយូរជាងមុន»។
ប្រភពពីឧស្សាហកម្មចំនួនបី បាននិយាយកាលពីថ្ងៃទី៨ខែមីនាថា ផលិតកម្មប្រេងរបស់អ៊ីរ៉ាក់ពីវាលប្រេងភាគខាងត្បូងដ៏សំខាន់របស់ខ្លួន បានធ្លាក់ចុះ ៧០% មកត្រឹមតែ ១,៣ លានបារ៉ែលក្នុងមួយថ្ងៃ ដោយសារប្រទេសនេះមិនអាចនាំចេញប្រេងតាមរយៈច្រកសមុទ្រ Hormuz បាន ព្រោះតែសង្គ្រាមនៅអ៊ីរ៉ង់។ មន្ត្រីម្នាក់មកពីក្រុមហ៊ុនប្រេង Basra (Basra Oil Company) ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយថា ការស្តុកទុកប្រេងឆៅបានឈានដល់សមត្ថភាពអតិបរមាហើយ។
ក្រុមហ៊ុនប្រេងកូវ៉ែត (Kuwait Petroleum Corporation) បានចាប់ផ្តើមកាត់បន្ថយទិន្នផលប្រេងកាលពីថ្ងៃទី៧ខែមីនា និងបានប្រកាសពីស្ថានភាពបង្ខំ (force majeure) លើការដឹកជញ្ជូន ទោះបីជាខ្លួនមិនបានបញ្ជាក់ពីចំនួនផលិតកម្មដែលត្រូវផ្អាកក៏ដោយ។
ការវាយប្រហាររបស់អ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅទូទាំងតំបន់នៅតែបន្ត។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Fujairah បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅក្នុងតំបន់ឧស្សាហកម្មប្រេង Fujairah របស់អារ៉ាប់រួម បណ្តាលមកពីកម្ទេចកម្ទីធ្លាក់ចុះ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួសនោះទេ៕









