ស្របពេលដែលវិស័យកសិកម្មកម្ពុជាញ៉ាំញីឥតល្ហែដោយសារតម្លៃកសិផល និងបញ្ហាប្រព័ន្ធធារាសាស្ត្រ ពេលនេះវិបត្តិតម្លៃប្រេងឥន្ធនៈ កំពុងក្លាយជាបន្ទុកធំមួយបន្ថែមទៀតដល់កសិករ។
យោងតាមតារាងតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៨ ខែមីនា ប្រេងសាំងធម្មតាបានហក់ដល់ ៤៤០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងដល់តម្លៃ ៥១៥០រៀល ក្នុងមួយលីត្រ។ បើធៀបទៅនឹងមុនពេលមានសង្គ្រាម សាំងធម្មតា និងម៉ាស៊ូតមានតម្លៃក្រោម៤ពាន់រៀលប៉ុណ្ណោះ។
កសិករនៅតំបន់ក្រាំងងៀត ស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកស្រី ច្រែង ថូ ប្រាប់វីអូឌីថា ខណៈដែលតម្លៃឡើងថ្លៃ អ្នកស្រីក៏កំពុងជួបបញ្ហាគ្មានអ្នកលក់សាំង និងម៉ាស៊ូតឱ្យ។ អ្នកស្រីឱ្យដឹងថា ម្ចាស់ការ៉ាស់សាំងទាំងអស់បារម្ភខ្លាចខុសគោលការណ៍របស់អាជ្ញាធរ ទាំងដែលអ្នកស្រីតែងតែទិញដាក់ធុងយកមកប្រើប្រាស់នៅចម្ការ។ ស្ត្រីកសិកររូបនេះ ឱ្យដឹងថា ប្រេងសាំងនិងម៉ាស៊ូតដែលធ្លាប់ទិញស្តុកទុក គឺនៅសល់តែពីរបីថ្ងៃទៀតប៉ុណ្ណោះ ហើយបើនៅតែរកទិញមិនបានទេ នោះចម្ការអ្នកស្រីនឹងត្រូវស្វិតខាតបង់ទាំងស្រុង ដោយសារគ្មានប្រេងដាក់ម៉ាស៊ីនបូមទឹក។
អ្នកស្រី ច្រែង ថូ និយាយថា៖ «មិនដឹងថាយ៉ាងម៉េចទេដល់ពេលអញ្ចេះ ម្នាក់ៗស្រែកគ្រប់តែគ្នាអត់មានធ្វើអីនោះ[…] ចង់ឲ្យអាជ្ញាធរហ្នឹងចុះមកពិនិត្យដល់ក្នុងចម្ការទៅ ព្រោះអ្នកចម្ការត្រូវការប្រើប្រេងប្រើសាំងប្រើម៉ាស៊ូតសាំងហ្នឹងក៏ត្រូវការបូមត្រូវការកាត់ស្មៅ ម៉ាស៊ីនកាត់ស្មៅម៉ាស៊ូតហ្នឹង ត្រូវការបូមប្រចាំការ។ តែបើសិនជាគាត់មិនទុកចិត្តទេ ឲ្យអាជ្ញាធរហ្នឹងចុះតាមចម្ការមកឲ្យមកមើលផ្ទាល់មក ឲ្យផ្ទៀងផ្ទាត់មកហើយគាត់ដាក់កំណត់ឲ្យម្នាក់ប៉ុន្មានធុងៗប្រើមក បើមិនអញ្ចឹងទេប្រជាពលរដ្ឋអត់មានអីប្រើទេ»។
មិនខុសពីកសិករខាងលើ លោក ណាត់ អឿន កសិករនៅភូមិព្រែកត្រប់ កំពុងបារម្ភថាគ្មានប្រេងឥន្ធនៈសម្រាប់ដឹកកសិផលដែលត្រៀមប្រមូល ស្របពេលដែលប្រេងនិងសាំងដែលធ្លាប់ស្តុកទុកក៏ជិតអស់។ លោកបន្តថា ប្រសិនបើបញ្ហានេះនៅតែបន្ត និងគ្មានការសម្របសម្រួលពីអាជ្ញាធរទេ នោះកសិករនឹងខាតបង់ធំជាមិនខាន។
លោក ណាត់ អឿន និយាយថា៖ «នៅតែថ្ងៃអស់ហ្នឹង នេះ[កំពុង]បារម្ភ […] ការសំណូមពររបស់ខ្ញុំមានតែចង់ឲ្យខាងក្រសួងហ្នឹង គាត់ធ្វើការយ៉ាងម៉េចសម្រួលឲ្យប្រេងហ្នឹង ដំណើរការឡើងវិញគ្រប់ការ៉ាស់សាំងទាំងអស់ ព្រោះការ៉ាស់សាំងខ្លះក៏ឃើញមានបិទអីចឹង ហើយកុំឲ្យថ្លៃពេក»។
បញ្ហាតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងគំហុកនៅដើមខែមីនានេះ បណ្ដាលមកពីសង្គ្រាមនៅប៉ែកដើមបូព៌ា ដែលជាបណ្ដុំប្រទេសផលិតប្រេងដ៏ធំរបស់ពិភពលោក។ បញ្ហានេះត្រូវបានអ្នកតាមដានប៉ាន់ស្មានថាអាចធូរស្បើយមកវិញ លុះត្រាសហរដ្ឋអាមេរិកទទួលបានជ័យជំនះលើប្រទេសអ៊ីរ៉ង់។
វិបត្តិប្រេងឥន្ធនៈនៅពេលនេះ បានធ្វើឱ្យប៉ះពាល់គ្រប់វិស័យ ក្នុងនោះកសិកម្មក៏ជាវិស័យមួយដែលមានតម្រូវការប្រេងខ្ពស់ ក្នុងការផ្ដល់ថាមពលដល់ម៉ាស៊ីនអូសទាញ ម៉ាស៊ីនដឹកជញ្ជូន និងម៉ាស៊ីនបូមទឹកជាដើម។
អ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ បានបង្វែរសំណួរពាក់ព័ន្ធបញ្ហានេះទៅកាន់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ដោយបញ្ជាក់ថានេះគឺជារឿងទូទៅ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ថ្លែងក្នុងវេទិកាសាធារណៈ នៅថ្ងៃទី៨ ខែមីនាថា កម្ពុជាមានស្តុកប្រេងចំនួន២១ថ្ងៃដែលអាចប្រើប្រាស់បាន ទោះបីគ្មានការនាំចូលប្រេងមួយតំណក់។ លោកបន្តថា កម្ពុជានៅតែបន្តនាំប្រេងចូលរាល់ថ្ងៃ តែតម្លៃឡើងថ្លៃដោយសារជាស្តុកប្រេងថ្មី ក្រោមការកំណត់របស់ក្រសួងពាណិជ្ជកម្មតាមអត្រាទីផ្សារនាំចូល។ លោកបន្ថែមថា ប្រសិនបើអាជ្ញាធររកឃើញថា មានអ្នកចែកចាយ ឬម្ចាស់ការ៉ាស់សាំងណាមួយលក់ឡើងថ្លៃហួសការកំណត់នោះ ក្រសួងនឹងដកអាជ្ញាបណ្ណមួយជីវិត។
លោក កែវ រតនៈ ថ្លែងថា៖ «ដូច្នេះហាមការធ្វើអាជីវកម្មខុសច្បាប់ដែលឆ្លៀត ហើយបើគាត់ឆ្លៀតគាត់អាចធ្វើអញ្ចេះ គាត់អាចថា ខ្ញុំចាក់ស្តុកខ្ញុំក្រោមដីហ្នឹង ១ ម៉ឺនលីត្រ ខ្ញុំមិនលក់ ខ្ញុំបិទការ៉ាស់សាំងហ្នឹង បើបិទអញ្ចឹងចាប់បាន ដកសិទ្ធិហ្នឹងឈប់ឲ្យលក់មួយជីវិត បើថាចង់បិទៗមួយជីវិតទៅ អាហ្នឹងនិយាយគ្នាឲ្យហើយ។ សូមបងប្អូនការ៉ាស់សាំងសូមជួយសហការ នេះជាកាតព្វកិច្ចក្នុងការអនុវត្តច្បាប់ ជាលក្ខខណ្ឌនៃអាជ្ញាបណ្ណដែលរដ្ឋអនុញ្ញាតឲ្យ ហើយជាកាតព្វកិច្ចសីលធម៌របស់បងប្អូនយើងដើម្បីជួយជាតិឯង»។
ទន្ទឹមគ្នានេះ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវការកំណត់តម្លៃប្រេងឥន្ធនៈពី១០ថ្ងៃម្ដង មកជា៣ថ្ងៃម្ដងវិញផងដែរ។
ជុំវិញរឿងនេះ នាយកកម្មវិធីតស៊ូមតិនៃអង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក សេង វណ្ណលី បានសរសេរនៅលើគណនីបណ្ដាញសង្គមរបស់លោកថា ការកំណត់តម្លៃប្រេងរៀងរាល់ ៣ថ្ងៃម្តង ត្រូវបានមើលឃើញថាជាការរុញបន្ទុក និងហានិភ័យនៃទីផ្សារសេរីឱ្យទៅពលរដ្ឋដោយផ្ទាល់ ជាជាងការដែលរដ្ឋដើរតួនាទីការពារស្ថិរភាពសេដ្ឋកិច្ចគ្រួសារ។ លោកបន្តថា រដ្ឋាភិបាលខ្វះសមត្ថភាពក្នុងការទប់ស្កាត់អតិផរណា ហើយនៅតែបន្តពឹងផ្អែកខ្លាំងលើការប្រមូលពន្ធពីប្រេងឥន្ធនៈ ដើម្បីបំពេញថវិកាជាតិ ដែលធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាខ្ពស់ជាងប្រទេសជិតខាង ខណៈយន្តការនេះផ្តល់អាទិភាពដល់ផលចំណេញរបស់ក្រុមហ៊ុនប្រេងជាជាងសុខទុក្ខពលរដ្ឋ ហើយឆ្លុះបញ្ចាំងពីបរាជ័យរបស់រដ្ឋាភិបាល ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្តុកប្រេងយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងឥទ្ធិពលតម្លៃលើទីផ្សារពិភពលោក៕









