សមត្ថកិច្ចខេត្តព្រះសីហនុ បានទម្លាយឱ្យដឹងថា ជនបរទេសចំនួន៧៧នាក់ទៀត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញ ដែលការទម្លាយពីករណីចាប់ខ្លួនជនសង្ស័យថ្មីទៀតនេះ ក្រោយពី លោក ហ៊ុន ម៉ាណែត រំឭកពីការមិនលើកលែងចំពោះអ្នកដែលពាក់ព័ន្ធ រួមទាំងម្ចាស់ទីតាំង។
លោក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន ៧៧នាក់ រួមនិងវត្ថុតាងកុំព្យូទ័រចំនួន ៧៧គ្រឿង និងទូរស័ព្ទដៃមួយចំនួនទៀត។ នេះបើតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្ត ឱ្យដឹងថា ប្រតិបត្តិការបង្ក្រាប Scam Online នេះ ធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តខ្លឹមសារអនុក្រឹត្យលេខ០៣របស់រដ្ឋាភិបាល ដែលបានចុះបង្ក្រាបករណី Scam Online និងជនបរទេសដែលស្នាក់នៅខុសច្បាប់ នៅលើទីតាំងបុរីស៊ីឡុងប៊េ ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្រាប់កាសែតក្នុងស្រុកថា វិធាននេះ ជាសកម្មភាពដ៏សំខាន់មួយក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល។
លោកថា៖ «បានរៀបចំអនុវត្តនីតិវិធី ដើម្បីបញ្ជូនទៅច្រកបណ្តេញចេញ។ ហើយចំពោះឧបករណ៍សម្ភារៈវត្ថុតាង គឺយកមករៀបចំទុកនៅកន្លែង ដែលមានសុវត្ថិភាព។ ហើយដើម្បីឲ្យខេត្តព្រះសីហនុរបស់យើង គ្មាន Scam Online សូមអំពាវនាវដល់ពុកម៉ែពូមីង បងប្អូនទាំងអស់ អ្នករស់នៅខេត្តព្រះសីហនុរបស់យើង សូមជួយរួមគ្នា តាមរយៈការផ្តល់ព័ត៌មាននូវគោលដៅណា ដែលគាត់សង្ស័យថា មានស្គែមអនឡាញ។ ជួយផ្តល់មកអាជ្ញាធរណាដែលនៅជិតគាត់ ដើម្បីយើងបានដឹង និងដាក់ក្រុមការងារចុះទៅត្រួតពិនិត្យ »។
លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៦ ខែមីនា បានក្រើនរំលឹកជាថ្មីទៀតដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងអស់ ឱ្យបន្តចាត់វិធានការលើបទឧក្រិដ្ឋអនឡាញនេះ ដោយបន្តព្រមានថា រដ្ឋាភិបាលនឹងមិនលើកលែងចំពោះអ្នកពាក់ព័ន្ធ រួមទាំងម្ចាស់ទីតាំង។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «បច្ចុប្បន្ននេះ យើងកំពុងរៀបចំច្បាប់ប្រឆាំង Scam Online ហើយច្បាប់នេះនឹងចងកាតព្វកិច្ចមួយចំនួន ម្ចាស់ទីតាំងក៏ទទួលខុសត្រូវដែរទៅថ្ងៃក្រោយ កុំថា ខ្ញុំ ជួលផ្ទះអត់ដឹង។ វាមានលក្ខខណ្ឌរបស់វា ត្រូវគិតគូរ។ អ្នកដើរប្រមូលគេ គៀងគរគេមកធ្វើការនៅហ្នឹង ក្នុងរូបភាពណាមួយ ក៏មកទទួលខុសត្រូវដែរ ត្រូវប្រឈម ដើម្បីយើងរួមគ្នា គឺមានការចូលរួមទាំងអស់។ បើមិនអញ្ចឹងទេ យើងអត់មានប្រសិទ្ធភាព នៅមានកំរិត និងនិរន្តរភាព នៅមានកំរិត »។
យ៉ាងណា ប្រជាពលរដ្ឋម្នាក់ស្នើមិនបង្ហាញអត្តសញ្ញាណ រស់នៅខេត្តព្រះសីហនុ ជំរុញឱ្យសមត្ថកិច្ច បង្ក្រាបបទល្មើស Scam Online នេះ ឱ្យមានប្រសិទ្ធភាព កុំចាំដល់មានបទបញ្ជារបស់នាយករដ្ឋមន្ត្រី ទើបបញ្ជូនកម្លាំងចុះបង្ក្រាប ។
ពលរដ្ឋថា៖ «អ្វីដែលជាអំពើខុសច្បាប់ ជាអំពើមិនល្អក្នុងខេត្តយើង សូមរដ្ឋាភិបាលជួយបង្ក្រាបឲ្យអស់ ព្រោះវាបង្កឲ្យមានហានិភ័យដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ »។
អាជីវករម្នាក់ទៀត ស្នើមិនបញ្ចេញឈ្មោះ រស់នៅក្រុងព្រះសីហនុ លើកឡើងថា ដើម្បីឲ្យការអនុវត្ត យុទ្ធនាការបង្ក្រាបបទល្មើស Scam Online ឲ្យមានប្រសិទ្ធភាព សមត្ថកិច្ចត្រូវឈប់គប់គិតជាមួយពួកឧក្រិដ្ឋជន។
លោកថា៖ «តាមរយៈការជួលទីតាំងដែលមានការចុះបញ្ជីវត្តមានរបស់អ្នកជួល ឧទាហរណ៍ថា ផ្ទះមួយមានអ្នកជួលមានគ្នា ៨នាក់ តម្រូវឲ្យម្ចាស់ផ្ទះ មានការប្រកាសទៅអាជ្ញាធរភូមិសង្កាត់ ត្រូវឲ្យមានប៉ាស្ព័រត្រឹមត្រូវ ពោលគឺទាំងប៉ាស្ព័រ និងវីសារ ត្រូវមានសុពលភាព »។
ឡោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បាននិយាយថា យុទ្ធនាការលុបបំបាត់ ឬបង្ក្រាបបទល្មើស Scam Online អាចមានផលលំបាក ដរាបណាមានអំពើពុករលួយ ។
លោកថា៖ «ដូច្នេះនៅក្នុងករណីបោសសំអាត គឺមិនមានភាពងាយស្រួលទេសម្រាប់កម្ពុជា ហើយបើសិនជា កម្ពុជាហ៊ានវះកាត់បញ្ហានេះ ខ្ញុំជឿជាក់ថា កម្ពុជា នឹងទទួលបានការសាទរទាំងក្នុង និងក្រៅប្រទេស ឬពីសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមួយ មានលក្ខណៈរឹងមាំនៅក្នុងការអនុវត្តច្បាប់ យើងហៅថា នីតិរដ្ឋ។ ហើយក៏ជាមធ្យោបាយមួយ ដែលអាចធ្វើឲ្យសង្គមយើង រួចចាកផុតពីបញ្ហាផ្សេងៗ នៅក្នុងការដាក់គំនាបពីសហគមន៍អន្តរជាតិ ទាំងសេដ្ឋកិច្ច នយោបាយ ការទូត និងទំនាក់ទំនងផ្សេងៗ »៕









