ពលរដ្ឋ​បារម្ភ​ពី​វិបត្តិ​ជីវភាព​ក្រោយ​កត់​សម្គាល់​ឃើញ​ទំនិញ​​ឡើង​ថ្លៃ​តាម​តម្លៃ​ប្រេង​ឥន្ធនៈ

ការ​ហក់​ឡើង​នូវ​តម្លៃ​ប្រេង​ឥន្ធនៈ​យ៉ាង​គំហុក​ក្នុង​សប្ដាហ៍​ទី១ ដើម​ខែ​មីនា​នេះ កំពុង​ធ្វើ​ឱ្យ​ប្រជា​​ពលរដ្ឋ​ ប្រកប​របរ​គ្រប់​វិស័យ​រង​ផល​ប៉ះ​ពាល់ ខណៈ​ទំនិញ​មួយ​ចំនួន​​​នៅ​លើ​ទី​ផ្សារ​ ត្រូវ​បាន​កត់​​សម្គា​ល់​ឃើញ​មាន​ការ​ឡើង​ថ្លៃ​ផង​ដែរ។

អាជីវករលក់ភេសជ្ជៈនៅខេត្តបាត់ដំបង អ្នកស្រី ស៊ុន ស្រីនិច ប្រាប់​វីអូឌី​នៅថ្ងៃ​ទី​១​០ ខែ​មីនា​ថា គ្រឿង​​ផ្សំ​ភេសជ្ជៈ​មួយ​ចំនួន​ ចាប់​ផ្ដើម​ឡើង​ថ្លៃ ជាក់​ស្ដែង​កាហ្វេ​កិន​ឡើង​ដល់ ២ម៉ឺន​៤ពាន់​រៀល​ ខណៈ​អ្នក​ស្រី​​ធ្លាប់​ទិញ​តែ​២ម៉ឺន​១ពាន់​​រៀល​​ប៉ុណ្ណោះ។ អ្នក​ស្រី​បន្ត​ថា ទោះ​វត្ថុ​ធាតុ​ដើម​ថ្លៃ តែ​អ្នក​​​ស្រី​នៅ​​តែ​​លក់​​ភេ​ស​ជ្ជៈ​តម្លៃ​ដដែល​ដើម្បី​រក្សា​អតិថិ​ជន ជា​ហេ​​តុ​ធ្វើ​ឱ្យ​អ្នក​​ស្រី​កំពុង​បារម្ភ​ថា​ប្រាក់​ចំណេញ​ខែ​នេះ​​​នឹង​​ធ្លាក់​​​​​ចុះ​ប៉ះ​​ពាល់​ដល់​ជីវភាព។

អ្នកស្រី ស៊ុន ស្រីនិច និយាយថា៖ «សព្វថ្ងៃ​ហ្នឹង តម្លៃ​សាំង​ឡើង​ថ្លៃ អត់​សូវ​មាន​ធ្វើ​អ្នក​ដំណើរ​​​ប៉ុន្មាន​ទេ ហើយ​អ្នក​​ល​​ក់​ប្រកួត​ប្រជែង​គ្នា អ្នក​លក់​ច្រើន។ បើ​លក់​ថ្លៃ អត់​មាន​អ្នក​ទិញ ហើយ​បើ​អត់​មាន​អ្នក​ទិញ​​ផង​​ហ្នឹង​ឥឡូវ។ តម្លៃ​យើង​ទិញ​ពី​គេ​ថ្លៃ ប៉ុន្តែ​អត់​បាន​លក់​ថ្លៃ​ទេ គឺ​ម្នាក់ៗ គឺ​ម្នាក់ៗ វ័ណ្ឌ​ក​អស់​​ហើយ​​គ្រាន់​តែ​​ល​ក់​​អា​ហ្នឹង លក់ៗ​បិទ​តូប​អស់»។

យ៉ាងណា​តម្លៃទំនិញឡើងថ្លៃនៅពេលនេះ​ ហា​ក់​នៅមា​ន​កម្រិត​ទាប និង​ទៅ​តាម​តំបន់​ ខណៈ​នៅ​រាជ​ធា​​នី​ភ្នំ​ពេញ ពុំ​ទាន់​​មាន​ការ​ឡើង​ថ្លៃ​គួរ​ឱ្យកត់​សម្គាល់នៅ​ឡើ​យ​ទេ។ អាជីវករ​លក់​បន្លែ​នៅ​ផ្សារ​ព្រែក​ព្នៅ រាជ​ធានី​ភ្នំពេញ អ្នក​ស្រី ពេជ្រ មុំ ឱ្យ​ដឹង​ថា​ បន្លែ​មួយ​ចំនួន​ឡើង​ថ្លៃ តែ​ទៅ​តាម​ប្រភេទ ខណៈ​តម្លៃ​នៅ​​អាច​​ទ​ទួ​ល​យក​បាន​នៅ​ឡើយ។

អ្នកស្រីថា៖ «(សាំង)ឡើងថ្លៃ​ប៉ុន្មាន​ថ្ងៃហ្នឹ​ង ម្ហូបប​ន្លែអី​វា​​ឡើង​ដោយ​មុខ។ មុខ​ណា​ត្រូ​វ​ឡើង​ក៏​​ឡើង​ មុខ​ណា​នៅ​ចុះ​ក៏​ចុះ​ទៅ អាណា​នៅ​ដដែល​ក៏​នៅ​ទៅ វាមិ​ន​មែន​ឡើង​ស្រឺត​ភ្លាម​ទេ»។

កម្ពុជាក៏មិនខុសពីបណ្ដាប្រទេសដទៃទៀត​លើពិភព​លោក ដែល​កំពុង​ប្រឈម​បញ្ហា​កង្វះ​ប្រេង​ឥន្ធនៈ បន្ទាប់​ពី​ការ​ផ្ទុះ​​សង្គ្រាម​នៅ​តំបន់​ដើម​បូព៌ា ដែល​ជា​រោង​ចក្រ​ប្រេង​ធំ​របស់​ពិភព​លោក។ កង្វះ​​ប្រេ​ង​​ឥន្ធ​​នៈ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​​វិស័យ​​ជា​ច្រើន​ ក្នុង​នោះ​វិស័យ​ដឹក​ជញ្ជូន​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ ព្រោះ​វា​ជា​​ចរន្ត​សរ​សៃ​ឈាម​ដ៏​សំខាន់​ក្នុង​ការ​ចែក​ចាយ​​ទំនិញ​ទៅ​គ្រប់​ទិស​ទី។

បើទោះបីរដ្ឋាភិបាលអះអាងថា កម្ពុជាមានស្តុក​ប្រេង​ឥន្ធនៈ​២១​ថ្ងៃ​ ប៉ុន្តែ​កម្ពុជា​បាន​ប្រទះ​បញ្ហា​ខ្វះ​​ប្រេ​ង​​​ប្រើ​​ប្រាស់ក្នុង​​រយៈ​​ពេ​ល​ត្រឹម​តែ​៥ថ្ងៃ​ដំបូង នៃ​ការ​ផ្ទុះ​សង្គ្រាម។ បញ្ហា​នេះ​បាន​នាំ​ឱ្យ​តម្លៃ​​ប្រេង​​ឥន្ធ​​នៈ​​នៅ​​កម្ពុជា​ហក់​ឡើង​ភ្លាមៗ ខណៈ​​ស្ថានី​យ​ជា​ច្រើន​បាន​បិទ​​ទ្វារ​ក្រោម​ហេតុ​ផ​ល​គ្មា​ន​ប្រេ​ង​ផ្គត់​​ផ្គង់។

ទោះយ៉ាងណា បញ្ហានេះត្រូវបានមហាជន​សង្កេត​ឃើញ​ថា​ កង្វះ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ពេល​នេះ កើត​​ឡើ​ង​ដោយ​សារ​ឈ្មួញ​ឱកាស​និយម ជាជាង​បញ្ហា​សកល។

អតីតនិស្សិតវិទ្យាសាស្ត្រនយោបាយ លោក ជុំ ឧទិត្យ យល់​ឃើញ​ថា​ ការ​រក​ស៊ី​បែប​ឱកាស​និយម និង​ភាព​គ្មាន​សាមគ្គី នៅ​តែ​បន្ត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ខណៈ​ស្មារតី​ខ្មែរ​តែ​មួយ​មាន​តែ​នៅ​លើ​បបូ​រ​មាត់ និង​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ លោក​​បន្ត​ថា ក្នុង​កាលៈ​ទេសៈ​នេះ ​ភាព​ចលា​ចល និង​ការ​​កេ​ង​ចំ​ណេញ​របស់​ឈ្មួញឱ​កាស​និយម​ នឹង​រុញ​កម្ពុជា​ឱ្យ​ជួប​​វិបត្តិ​សេដ្ឋ​កិច្ច​ដែល​ពិបាក​ស្ដារ​មក​វិញ។

លោក ជុំ ឧទិត្យ និយាយថា៖ «វាធ្វើឱ្យសេដ្ឋកិច្ចខ្មែរយើង​ហ្នឹង រង​ផល​ប៉ះ​ពាល់​ និង​អតិ​ផរណា​ខ្ពស់ លឿន​ជា​ង​ប​ណ្ដា​​​ប្រទេស​ផ្សេងៗ​ដែល​គេ​មាន​លំនឹង ឬ​គេមិ​ន​ជ្រួល​ច្របល់។​ ហើយ​វិបត្តិ​សេដ្ឋ​កិច្ច​ហ្នឹង នៅ​ពេ​ល​ដែ​ល​តម្លៃ​​ប្រេង​ធ្លាក់​ចុះហើ​យ ​គេ​នឹង​វិល​ទៅ​រក​សភាព​ដើម​វិញ។ ដល់​ពេល​យើង វា​នៅ​តែ​​អូស​បន្លា​យ​អញ្ចឹង។ ដោយ​សារ​អី?​ ដោយ​សារ​តម្លៃ​ប្រេង​យើង​ហ្នឹង វា​មិន​ឡើ​ង​ចុះ​ទៅ​តាម​ធម្ម​ជាតិ ឬ​ក៏​ទីផ្សា​រ​ពិភ​ព​លោក​ទេ។ វា​ឡើង​ចុះ​ខ្លាំង​ ឬ​ក៏​ប្រែ​ប្រួល​ខ្លាំង តក់​ក្រហ​ល់​ខ្លាំង ដោយ​សារ​លើ​ត​ម្លៃ​មក​ពី​ឈ្មួញ​ជ្រុ​ល​និយ​ម​ហ្នឹង​ឯង»។

ប្រឈមនឹងបញ្ហានេះ គេមិនទាន់ឃើញរដ្ឋាភិបាលដាក់​ចេ​ញ​យន្ត​ការ​ដោះ​ស្រាយ​បន្ទាន់​ទៅ​​លើ​ជីវភាព​​ពលរដ្ឋ​នៅ​ឡើយ​​ទេ ក្រៅ​តែ​ពី​គម្រាម​ដក​អាជ្ញា​បណ្ណ​អាជីវ​កម្ម​តំណាង​ចែក​ចាយ​ និង​ម្ចាស់​ស្ថានី​យ​ណា​​ដែ​ល​​ស្តុក​​ប្រេង​មិន​លក់​ចេញ​ ឬ​លក់​ថ្លៃ​លើស​ពី​ការ​កំណត់​របស់​ក្រសួង។ យន្ត​ការ​នេះ​ ក៏​ហាក់​​ពុំ​មាន​ប្រ​សិទ្ធ​ភាព​នោះ​​ដែរ​ ដោយ​តំបន់​ខ្លះ​មាន​អ្នក​លក់​ប្រេង​សាំង ៦ពាន់​រៀល​ក្នុង​មួយលី​ត្រដ​ដែល ខណៈ​តម្លៃ​​ដែ​ល​​ក្រ​សួង​កំណត់​នៅ​ពេល​នេះ​គឺ​ ៤៤០០​រៀល។

ផ្ទុយពីកម្ពុជា បណ្ដាប្រទេសមួយចំនួន ដូចជា វៀត​ណាម និងហ្វី​លីពីន បាន​ដាក់​ចេញ​​យន្ត​ការ​ស​ង្គ្រោះ​ភ្លាមៗ តាម​រយៈ​ការ​ទម្លាក់​ពន្ធ​នាំ​ចូល​ប្រេង​មក​សូន្យ​ភាគ​រយ​ និង​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​ការ​ងារ​ពី​ផ្ទះ ដើម្បី​កាត់​បន្ថយ​តម្លៃ និង​តម្រូវ​ការ​ប្រេង​ឥន្ធនៈ។ ទន្ទឹម​គ្នា​នឹង​បញ្ហា​នេះ​ សហរដ្ឋ​អាមេ​រិក ក៏ត្រូ​វ​បាន​អ្នក​​វិភាគ​ស​​ន្និដ្ឋាន​ថា កំពុង​អនុ​វត្ត​ គោល​​នយោ​បាយ​សង្គ្រោះ​បន្ទាន់​ផ្ទៃ​ក្នុង​ផង​ដែរ ក្រោយ​តម្លៃ​ប្រេង​នៅ​​ប្រទេស​នេះ​​ធ្លាក់​មក​នៅ​ត្រឹម​៩០​ដុល្លារ​ក្នុង​មួយ​បារ៉ែល។

ជុំវិញរឿងនេះ សមាជិកព្រឹទ្ធសភាមកពី​គណបក្សឆន្ទៈ​ខ្មែរ លោក គង់ មុនីកា បាន​បញ្ចេញ​មតិ​លើប​ណ្ដាញ​សង្គម​ថា កម្ពុជា​ពុំ​​គួ​រ​បន្ទោស​​តែ​លើ​វិបត្តិ​ពី​ខាង​ក្រៅ​ពេក​ទេ តែ​ត្រូវ​ផ្តោត​លើ​ការ​ត្រៀម​ខ្លួន​ក្នុង​ករណី​​មាន​វិ​បត្តិ​​បែប​នេះ។ លោក​លើក​ឡើង​​ថា រាជ​រដ្ឋាភិ​បាល​គួរ​ពិ​ចារណា​កាត់​បន្ថយ​ពន្ធ​​​លើ​ប្រេង​ឥន្ធ​​នៈ​​សម្រាប់​រយៈ​​ពេល​ខ្លី ព្រម​ទាំង​តម្រូ​​វឱ្យ​ក្រុ​ម​​ហ៊ុន​ប្រេង​​កំណត់​អាត្រា​​នៃ​ប្រាក់​ចំណេញ​​ដុល​រ​បស់​ខ្លួន។ ផ្អែក​លើ​​បទ​ពិសោធន៍​នៅ​ពេល​នេះ ​លោក​ក៏​បាន​លើក​ឡើង​ពី​គោល​​នយោ​បាយ​រយៈ​វែង​ផង​ដែរ ដោយ​រដ្ឋាភិ​បា​ល​ត្រូវ​បង្កើត​ទុន​បម្រុង​ប្រេង​ឥន្ធនៈ​ជាតិ​ជា​យុទ្ធ​សាស្ត្រ កា​រ​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចូល​ថាម​ពល និង​ប្រេង​​ឥន្ធនៈ​ និង​ការ​វិនិយោគ​លើ​ថាម​ពល​កកើត​ឡើង​វិញ​បន្ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ